ប្រជាសហគមន៍នៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ លើកឡើងថា ចំណាត់ការរបស់រាជរដ្ឋាភិបាលមិនទាន់មានប្រសិទ្ធភាពនៅតំបន់ព្រៃនៅឡើយ។ ការលើកឡើងបែបនេះ ក្រោយពេលពួកគេតាមដានពីសកម្មភាពបទល្មើសនៅតំបន់ព្រៃឡង់ គឺឃើញមានសកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃនៅតែបន្តកើតមានឡើងដដែល។
បើទោះបីជាគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បង្កើតឡើងបានមួយរយៈពេលហើយក៏ដោយ ប៉ុន្តែប្រជាសហគមន៍ព្រៃឡង់ នៅខេត្តកំពង់ធំ នៅតែបារម្ភចំពោះការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃមួយនេះ។ ក្តីបារម្ភរបស់ពួកគាត់ ពីព្រោះប្រសិទ្ធភាពរបស់គណៈកម្មការជាតិ គឺនៅមិនទាន់អាចទប់ស្កាត់សកម្មភាពកាប់ឈើនៅក្នុងព្រៃបាន។
បណ្ដាញស្នូលព្រៃឡង់ ខេត្តកំពង់ធំ លោក ជុំ យីន មានប្រសាសន៍ថា ត្បិតតែគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរបស់រាជរដ្ឋាភិបាលកំពុងបំពេញសកម្មភាពរបស់ខ្លួនក៏ដោយ ប៉ុន្តែលោកមើលឃើញថា បទល្មើសកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅតែកើតមានឡើង។
លោកបន្តថា គណៈកម្មាធិការជាតិមួយនេះ ត្រូវចេញសកម្មភាពរបស់ខ្លួនឆ្ពោះមកតំបន់ព្រៃឡង់ ដែលជាជម្រកព្រៃឈើយ៉ាងធំ ទើបអាចធានាថា ព្រៃឈើនឹងមិនអាចបាត់បង់បន្ថែមទៀត៖ «ឈ្មួញនិងបុគ្គលមានអំណាចមួយចំនួន គាត់ផ្ដល់ជាថវិកា ឬជាម៉ាស៊ីនអារឈើដល់ប្រជាពលរដ្ឋក្នុងការកាប់បំផ្លាញព្រៃឈើ»។
កាលពីថ្ងៃទី១៥ ខែមករា រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឡើង។ គណៈកម្មាធិការនេះ មានភារកិច្ចសំខាន់ៗមួយចំនួន ដូចជាទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើផ្សេងៗ នៅភាគឦសាននៃប្រទេស ព្រមទាំងស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការកាប់ និងនាំឈើល្មើសច្បាប់។ បន្ថែមពីនេះ ត្រូវចាប់ជនល្មើស និងវត្ថុតាង ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ និងសហការជាមួយភាគីវៀតណាម និងឡាវ ដើម្បីឲ្យមានប្រសិទ្ធភាព។
ក្រោយពេលបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រួចកម្លាំងកងរាជអាវុធហត្ថសហការជាមួយអាជ្ញាធរខេត្ត បានចុះពិនិត្យកន្លែងស្តុកឈើប្រណីតនៅតំបន់មួយចំនួន រួមមាននៅស្រុកមេមត់ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយរកឃើញកំណាត់ឈើរាប់ពាន់ដុំ និងរាប់រយដើម។ មិនតែប៉ុណ្ណោះ កម្លាំងរបស់គណៈកម្មការជាតិមួយនេះ ក៏បានរកឃើញកន្លែងស្តុកឈើរបស់ក្រុមហ៊ុនមួយចំនួននៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាដើម។
ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី២៩ ខែមករា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា នៅពេលបង្កើតគណៈកម្មការជាតិឡើង ប្រធាន ព្រមទាំងសមាជិកទាំងអស់បានប្ដេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាអនុវត្តការងារឱ្យបានជោគជ័យ។ លោកបន្តថា ក្រោយពេលបង្កើតគណៈកម្មការនេះរួច ភាពជោគជ័យគឺមានមួយចំនួន ដូចជា រាល់បទល្មើសឆ្លងដែនចេញទៅក្រៅប្រទេសទាំងអស់ គឺលែងមាន ហើយជនល្មើសនៅក្នុងព្រៃ ក៏ត្រូវបានកាត់បន្ថយដែរ៖ «អ៊ីចឹងយើងឃើញថា ជោគជ័យរបស់យើង គឺមិនមានការនាំឈើចេញនៅតាមព្រំដែនទេ ដោយសារតែយើងបិទមួយរយៈ ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ គឺយើងបិទដើម្បីត្រួតពិនិត្យ»។
បើទោះបីជាមានការលើកឡើងបែបនេះក្តី វិធានការរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន រួមទាំងមន្ត្រីសង្គមស៊ីវិលដែលធ្វើការងាររឿងព្រៃឈើ នៅមិនទាន់មានទំនុកចិត្តនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលខ្លះលើកឡើងថា ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ ធ្វើឡើងអាចគ្រាន់តែល្អមើល ឬគ្រាន់តែលួងចិត្តរាស្ត្រ ដើម្បីប្រមូលប្រជាប្រិយភាពមកវិញប៉ុណ្ណោះ។
ក្រោយពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រកឃើញកន្លែងស្តុកឈើជាច្រើនកន្លែង រួមនឹងកន្លែងលាក់ឈើប្រណីតរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួនក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ គ្មានវិធានការផ្លូវច្បាប់ណាមួយចំពោះក្រុមហ៊ុន និងបុគ្គលមានអំណាចទាំងនោះឡើយ ក្រោមហេតុផលថា មន្ត្រីសមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីទាំងនោះ។ ផ្ទុយទៅវិញ គំនរឈើរបស់ក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន ប៊ិញភឿក រ៉ាប់ប៊ើរ ១ (Binh Phouc Rubber 1) នៅខេត្តមណ្ឌលគិរី ត្រូវបានដុតចោលដើម្បីបំបាត់ដាន ហើយឈើប្រណីតជាច្រើននៅខេត្តត្បូងឃ្មុំ ត្រូវឈ្មួញយកទៅចាក់ចោល ឬកប់ដីជាដើម។
យ៉ាងណាអ្នកសម្របសម្រួលបណ្ដាញស្នូលព្រៃឡង់ ទាំងបួនខេត្ត លោក សេង សុខហេង មានប្រសាសន៍ថា តាមការសង្កេត និងចុះល្បាតព្រៃថ្មីៗនេះ បង្ហាញថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ គ្មានការថយចុះទេ ព្រោះគោលដៅរបស់គណៈកម្មការជាតិ ឆ្ពោះទៅតំបន់ភូមិភាគឦសាន ច្រើនជាងតំបន់ព្រៃឡង់។
លោកបន្តថា ជាយន្តការរបស់រាជរដ្ឋាភិបាលកន្លងមក គឺមិនមានប្រសិទ្ធភាពឡើយ ពោលគឺបានតែមួយរយៈពេលខ្លី ក្រោយមកក៏ស្ងាត់បាត់ទៅវិញ ចំណែកបទល្មើសនៅតែកើតមានឡើងដដែល៖ «បើយើងមើលបណ្ដាញ ឬក្រុមអ្នករកស៊ីឈើតូចៗ នៅក្នុងព្រៃនៅតែរកស៊ីដដែល»។
អ្នកសម្របសម្រួលបណ្ដាញស្នូលព្រៃឡង់ ដដែលនិយាយទៀតថា ដើម្បីឱ្យការងាររបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាព គឺត្រូវមានការចូលរួមពីមន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍តាមមូលដ្ឋាន។ លើសពីនេះ អាជ្ញាធរត្រូវយកច្បាប់មកអនុវត្ត ដូចជាត្រូវចាប់ខ្លួនមន្ត្រីរាជរដ្ឋាភិបាលឯកឧត្ដម ឧកញ៉ា អ្នកមានបុណ្យស័ក្ដិមួយចំនួនដែលជាប់ពាក់ព័ន្ធករណីរកស៊ីឈើនៅស្រុកខ្មែរយកមកផ្ដន្ទាទោស ដើម្បីជាការព្រមានដល់អ្នករកស៊ីឈើផ្សេងទៀត។
ព្រៃឡង់ ត្រូវបានគេបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារសកម្មភាពក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងសកម្មភាពរុករករ៉ែ។ ការកាប់ឈើ និងការទន្ទ្រានព្រៃដោយខុសច្បាប់ ដោយមានពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរខេត្តមួយចំនួន ហើយជារឿយៗ មានទាហានការពារនៅពីក្រោយខ្នងទៀតផង។ ដីសម្បទានសេដ្ឋកិច្ចខ្លះ ត្រូវបានផ្ដល់ដោយមិនស្របច្បាប់ និងខ្លះទៀតមិនបានគោរពតាមច្បាប់ ព្រមទាំងមិនបានវាយតម្លៃផលប៉ះពាល់បរិស្ថាន ឬការពិគ្រោះយោបល់ជាមួយប្រជាសហគមន៍មូលដ្ឋានឡើយ។ សហគមន៍ទាំងនោះ បានបាត់បង់ដីព្រៃប្រពៃណី និងធនធានធម្មជាតិដែលពួកគេធ្លាប់ពឹងអាស្រ័យដើម្បីរស់ប្រចាំថ្ងៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។