សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​គ្រោង​ប្ដឹង​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ព្រៃ

ដោយ រដ្ឋា វិសាល
2016.01.30
សហគមន៍​សមុទ្រលើ ក្រុមហ៊ុន រត្ន សាខន ៨៥៥ ក្រុម​សហគមន៍​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ប្រជុំ​គ្នា​នៅ​សាលា​ប្រជុំ​ភូមិ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​ពាក្យ​ប្ដឹង​ក្រុមហ៊ុន រត្ន សាខន រឿង​ឈូស​ឆាយ​ដី​សហគមន៍។
Photo provided

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​សមុទ្រ​លើ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​តាម​ការ​សន្យា ពីព្រោះ​ក្រុមហ៊ុន និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ទាន់​បាន​ចាត់​វិធានការ​កាត់​ដី​ជូន​អ្នក​ភូមិ​តាម​ការ​សម្របសម្រួល​ពី​តំណាង​រាជរដ្ឋាភិបាល​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ភូមិ​សមុទ្រ​លើ​ជាង ៥០​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា បាន​ជួប​ប្រជុំ​គ្នា​នៅ​សាលា​ប្រជុំ​ភូមិ​របស់​សហគមន៍​ដើម្បី​ពិភាក្សា​លើ​គម្រោង​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន រត្ន សាខន ដែល​បាន​រំលោភ​​កិច្ចសន្យា​ឈូស​ឆាយ​ដី​ត្រៀម​បម្រុង​សហគមន៍។

​ការ​ជួប​ប្រជុំ​គ្នា​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន រត្ន សាខន បន្ត​ឈូស​ឆាយ​ដី​ព្រៃ​អស់​ជាង ៣០០​ហិកតារ​បន្ថែម​ទៀត ដើម្បី​ពង្រីក​ដី​សម្បទាន ខណៈ​អ្នក​ភូមិ​កំពុង​រង់ចាំ​ដំណោះស្រាយ​តាម​ការ​សន្យា​​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ការ​កាត់​ចេញ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​ជាង ២​ពាន់​ហិកតារ​ពី​ដី​​​សម្បទាន​របស់​ក្រុមហ៊ុន។

ប្រធាន​សហគមន៍​ភូមិ​សមុទ្រ​លើ លោក ទុយ ញ៉េប អះអាង​ថា អ្នក​ភូមិ​នឹង​រៀបចំ​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​​តាម​រយៈ​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​អន្តរាគមន៍​ស្វែង​រក​ដំណោះស្រាយ និង​បញ្ឈប់​ការ​រំលោភ​បំពាន៖ «ឯកឧត្ដម លី ធុច ចុះ​មក​ហ្នឹង ២​ពាន់​ហិកតារ មិន​ទាន់​បាន​ទេ នៅ​លើ​ក្រុមហ៊ុន​ទាំង​អស់។ ខ្ញុំ​រៀបចំ​ប្រជុំ​នេះ​ដើម្បី​ឲ្យ​សហគមន៍​ធ្វើ​ពាក្យ​ប្ដឹង​ដើម្បី​ពឹង​ពាក់​លើ​អង្គការ​អាដហុក»

​ដូច​គ្នា​នេះ​ដែរ​ចាស់​ទុំ​ប្រចាំ​ភូមិ លោក សល់ ញូ កត់សំគាល់​ដែរ​ថា ការ​អូស​បន្លាយ​ពេល​វេលា​កាត់​​​ដី​ប្រគល់​ជូន​អ្នក​ភូមិ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​អស់​ជំនឿ​លើ​ការ​សន្យា​របស់​ក្រុមហ៊ុន និង​មន្ត្រី​មូលដ្ឋាន។ម្យ៉ាង​វិញ​ទៀត​ដី​ព្រៃ​សហគមន៍​កាន់​តែ​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​ឈូស​ឆាយ៖ «ប្រជាពលរដ្ឋ​មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឈូស​ទេ មិន​យល់​ព្រម​ឲ្យ​បរិស្ថាន​ធ្វើ​ជម្រក​សត្វព្រៃ​ក្នុង​ដី​សហគមន៍​ទេ​ អ៊ីចឹង​ហើយ​បាន​ជា​គេ​មិន​អស់​ចិត្ត​ថា ឲ្យ​មេ​សហគមន៍​ជូន​របាយការណ៍​ទៅ​ថ្នាក់​លើ»

​ក្រុមហ៊ុន រត្ន សាខន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៧​ពាន់​ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ជា​តំបន់​សហគមន៍​ភូមិ​សមុទ្ទ​លើ បាន​រស់​នៅ​នឹង​អាស្រ័យ​ផល​ព្រៃ​​ឈើ​តំបន់​នោះ​តាម​លក្ខណៈ​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ច្រើន​ជំនាន់​មក​ហើយ។ ករណី​នេះ​អ្នក​​ភូមិ​តវ៉ា​រក្សា​ដី​តំបន់​នោះ​ទុក​ជា​ដី​ត្រៀម​បម្រុង​អាស្រ័យ​ផល​របស់​សហគមន៍។

កាល​ពី​ជិត​ពាក់​កណ្ដាល​ខែ​កុម្ភៈ បេសកជន​តំណាង​រាជរដ្ឋាភិបាល លោក លី ធុច ជា​ទេសរដ្ឋមន្ត្រី​រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន រត្ន សាខន ទទួល​យក​រូបមន្ត​ស្បែក​ខ្លា ពោល​គឺ​បង្កើត​ក្រុម​ការងារ​ចុះ​សិក្សា​កាត់​ដី​ត្រៀម​បម្រុង​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ជូន​ប្រជាពលរដ្ឋ​តាម​ការ​តវ៉ា​របស់​ពលរដ្ឋ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ក្រុម​ការងារ​សិក្សា​វាស់វែង​កាត់​ដី​នេះ នៅ​មិន​ទាន់​សម្រេច​លទ្ធផល​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ។

​ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្ដីទី​ស្រុក​លំផាត់ លោក នូ ថេរ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ការងារ​​បាន​រៀបចំ​ឯកសារ​ស្ដីពី​ការ​ស្នើ​សុំ​កាត់​ដី​ជូន​ពលរដ្ឋ​ដាក់​ជូន​ក្រសួង​បរិស្ថាន​ដែល​ជា​អ្នក​គ្រប់គ្រង​​តំបន់​ដែន​ជម្រក​សត្វព្រៃ​សម្រេច ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​បន្ត ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ​វិញ ហើយ​ដោយសារ​តែ​ក្រុមហ៊ុន​ភាន់ច្រឡំ​តំបន់​ឈូស​ឆាយ​ដី​សម្បទាន​ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​​តវ៉ា​ជា​ថ្មី​នេះ៖ «ខ្ញុំ​បាន​ចុះ​ទៅ​ហើយ រឿង​សំណើ​បាន​ដាក់​ដល់​ក្រសួង​ហើយ ប៉ុន្តែ​មិនទាន់​ធ្លាក់​មក។ រឿង​ឈូស​ឆាយ​ខ្ញុំ​បាន​ឲ្យ​ផ្អាក​ហើយ​រឿង​ភ័ន្តច្រឡំ​គ្នា​កន្លែង​ដី ២​ពាន់​ហិកតារ​ហ្នឹង»

រី​ឯ​ប្រធាន​ទីស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​លំផាត់ គឺ​លោក ធិម វិចិត្រ អះអាង​ដែរ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ផ្អាក​មិន​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ទៅ​លើ​តំបន់​ដី​មាន​ទំនាស់​នោះ​ទេ ពីព្រោះ​អាជ្ញាធរ​កំពុង​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​ក្រសួង៖ «មាន​ការ​ច្រឡំ​គ្នា​អ្នក​ចុះ​វាស់វែង និង​អ្នក​នៅ​ផ្សេង​គ្នា អ៊ីចឹង​ពេល​ចុះ​ទៅ​ប្រជាពលរដ្ឋ​ថា​ត្រង់​នេះ​ក្រុមហ៊ុន​ថា ត្រង់​នោះ។ ឥឡូវ​កន្លែង​ហ្នឹង​គេ​ឲ្យ​ផ្អាក​ទាំង​អស់​ហើយ ទាំង​ប្រជាពលរដ្ឋ ទាំង​ក្រុមហ៊ុន​ក៏​អត់»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន រត្ន សាខន សុំ​អធិប្បាយ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​​​ទី​២៩ ខែ​មករា។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក លោក មាស សុភា ដែល​បាន​ចូល​រួម​សង្កេតការណ៍​ករណី​ទំនាស់​ដីធ្លី​សហគមន៍​ភូមិ​សមុទ្ទ​លើ​អះអាង​ថា លោក​នឹង​ចុះ​អង្កេត​ករណី​ឈូស​ឆាយ​ដី​ជា​ថ្មី​របស់​ក្រុមហ៊ុន​រំលោភ​ទៅ​លើ​កិច្ចសន្យា​កាត់​ដី​ជូន​សហគមន៍ លោក​អំពាវនាវ​ផង​ដែរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​មួយ​នេះ៖ «ដំណោះស្រាយ​ហ្នឹង​មាន​ភាព​យឺតយ៉ាវ​ធ្វើ​ឲ្យ​សហគមន៍​កាន់​តែ​អូស​បន្លាយ​ពេល។ ខាង​ខ្ញុំ​នឹង​ចុះ​ទៅ​តាមដាន និង​អង្កេត​រឿង​ហ្នឹង​ឲ្យ​បាន​ឆាប់ ហើយ​ព្យាយាម​ពន្លឺ​គណៈកម្មការ​ហ្នឹង​ឲ្យ​​បាន​ឆាប់»

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា បន្ទាប់​ពី​បញ្ចប់​កិច្ច​ជួប​ពិភាក្សា​គ្នា អ្នក​ភូមិ​សមុទ្រ​លើ​គ្រប់​ក្រុម​គ្រួសារ​បាន​​ផ្ដិត​មេដៃ​លើ​ពាក្យ​ប្ដឹង និង​ប្រគល់​សិទ្ធិ​ជូន​តំណាង​អ្នក​ភូមិ ៥​​នាក់ នាំ​យក​ពាក្យ​ប្ដឹង​ក្រុមហ៊ុន រត្ន សាខន ដាក់​ជូន​ការិយាល័យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។