សហគមន៍ការពារព្រៃឈើចំនួនពីរ គឺសហគមន៍ស្រែគរ និងសហគមន៍ក្បាលរមាស នៃស្រុកសេសាន ខែត្រស្ទឹងត្រែង បានចាប់ម៉ាស៊ីនអារឈើចំនួន ៧គ្រឿង ពីក្រុមកម្មកររបស់ឈ្មួញដែលបន្តកាប់ព្រៃសហគមន៍។ អ្នកភូមិថា កម្មករសម្រុកកាប់ព្រៃសហគមន៍ស្រែគរ ដើម្បីយកឈើលក់ឲ្យក្រុមហ៊ុនសំអាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២។
ប្រជាសហគមន៍ឃុំស្រែគរ អះអាងថា ម៉ាស៊ីនអារឈើស្វ័យប្រវត្តិចំនួន ៧គ្រឿង ត្រូវបានអ្នកភូមិប្រគល់ជូនអាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់ បន្ទាប់ពីពលរដ្ឋជាង ៣០នាក់ បានចុះល្បាតព្រៃកាលពីថ្ងៃទី៣០ ខែធ្នូ ឃើញកម្មករ ២ក្រុម កំពុងអាររំលំឈើមូលនៅព្រៃសហគមន៍ស្រែគរ ឬព្រៃអ្នកតា ដែលឋិតនៅក្រៅបរិវេណផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២។
តំណាងអ្នកភូមិស្រែគរ លោក ពុធ ឃឿន រៀបរាប់ថា អ្នកភូមិស្រែគរ ជាង ៣០នាក់ ជិះគោយន្តល្បាតព្រៃសហគមន៍ស្រែគរ ត្រៀមបម្រុងសមូហភាពសហគមន៍ ប្រទះឃើញកម្មករជាង ១០នាក់ ប្រដាប់ដោយម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រ ៧គ្រឿង ក្នុងនោះមាន ១គ្រឿង ជារបស់អ្នកភូមិស្រែគរ និង ១គ្រឿងទៀតជារបស់កម្មករក្រុមហ៊ុន អាន ម៉ារ៉ាឌី។ លោកថា កម្មករទាំងនោះ បានលួចចូលកាប់ព្រៃសហគមន៍ដើម្បីលក់ឲ្យក្រុមហ៊ុនសំអាងផ្ទៃអាង៖ «ប្រជាពលរដ្ឋមានការរអ៊ូរទាំច្រើន ដល់ពេលចាប់បានអ្នកភូមិធ្វើកម្មករគេ»។
ចំណែកសមាជិកសហគមន៍ឃុំក្បាលរមាស លោក ដាំ សំណាង អះអាងថា ប្រជាសហគមន៍បានចាប់ត្រង់ស៊ីន័រ ចំនួន ២គ្រឿង កាលពីថ្ងៃទី៣០ ខែធ្នូ ដែលចូលព្រៃកាប់ឈើត្រង់ចំណុចភ្នំរឹង និងមានកម្មករ ៣នាក់ រត់គេចពីក្រុមល្បាតរបស់សហគមន៍ដែលមានគ្នាជាង ៤០នាក់។
លោកថា ត្រង់ស៊ីន័រទាំងនោះសហគមន៍បានប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអនុវត្តតាមច្បាប់៖ «គេកាប់រាប់ខែតែទៅមិនជួប តែគេកាប់ថ្ងៃហ្នឹងទៅជួបដកហូតបានសសរពីរដើម ហើយមានកាប់ចោលដើមឈើប្រហែល ១០ដើម»។
ដីព្រៃសហគមន៍ឃុំក្បាលរមាស ស្រុកសេសាន លាតសន្ធឹងលើផ្ទៃដីចំនួនជាង ១ម៉ឺនហិកតារ ដែលមានព្រំប្រទល់ពីភូមិក្របីជ្រំ ឃុំក្បាលរមាស ជាប់មាត់ទន្លេស្រែពក និងជាប់អូរផ្ដៅ។ ចំណែកព្រៃសហគមន៍ស្រែគរ ឬព្រៃអ្នកតា នៅសងខាងផ្លូវចូលការដ្ឋានក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ មានទំហំជាង ២.៦០០ហិកតារ ជាតំបន់ព្រៃត្រៀមបម្រុងសម្រាប់ការប្រើប្រាស់ជាលក្ខណៈសមូហភាពសហគមន៍ ដែលមិនឋិតក្នុងបរិវេណសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២។
មេឃុំស្រែគរ លោក សៀក មេគង្គ និយាយថា អ្នកភូមិដាក់វេនចុះល្បាតព្រៃសហគមន៍ជាប្រចាំ បន្ទាប់ពីព្រៃសហគមន៍ស្រែគរ រងការគំរាមកំហែងជាច្រើនឆ្នាំកន្លងមក។ លោកថា មេភូមិបានហៅអ្នកពាក់ព័ន្ធមកធ្វើកិច្ចសន្យា និងប្រគល់ម៉ាស៊ីនអារឈើចំនួន ៧គ្រឿងអោយវិញកាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ៖ «ធ្វើកិច្ចសន្យា បើមានថ្ងៃក្រោយទៀតប្រជាពលរដ្ឋនឹងដុតកម្ទេចចោល»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ នៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា មន្ត្រីរដ្ឋបាលព្រៃឈើត្រូវទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ បន្ទាប់ពីអ្នកភូមិចាប់ម៉ាស៊ីនត្រង់ស៊ីន័របាន។ លោកកត់សម្គាល់ថា ការឆ្លើយឆ្លងព័ត៌មានស្ដីពីការចុះអន្តរាគមន៍របស់មន្ត្រីរដ្ឋបាលព្រៃឈើ និងសហគមន៍ហាក់យឺតយ៉ាវ បង្កឲ្យបទល្មើសព្រៃឈើកើតឡើងដដែលៗ ខណៈសហគមន៍ធ្លាប់រាយការណ៍ទៅមន្ត្រីជំនាញតែមិនទទួលលទ្ធផល៖ «ពេលខ្លះសហគមន៍រាយការណ៍ទៅអាជ្ញាធរជំនាញមិនឲ្យចុះមកទៀត ដួចជាមានការបណ្ដែតបណ្ដោយ ឬមានការឃុបឃិតជាមួយក្រុមឈ្មួញ»។
កាលពីចុងខែកញ្ញា ឆ្នាំ២០១៥ អ្នកភូមិស្រែគរ ជាង ១០០គ្រួសារ នាំគ្នាកាប់ឆ្ការសហគមន៍ស្រែគរ ឬព្រៃអ្នកតា តាមបណ្ដោយអមសងខាងផ្លូវចូលក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយសំអាងថា ដីនោះជាបរិវេណដីព្រៃសមូហភាពសហគមន៍ ហើយរហូតមកដល់បច្ចុប្បន្ន ដីព្រៃសមូហភាពសហគមន៍ដែលអ្នកភូមិកាប់ឆ្ការអស់ប្រហែលជិត ១០០ហិកតារ ចាប់តាំងពីចុងឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។