ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្ទឹងត្រែង​ថា​ព្រៃ​សហគមន៍​ជាង​១០០​ហិកតារ​ត្រូវ​បាន​កាប់​ជា​ថ្មី​ទៀត

ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចង្អុល​បង្ហាញ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr
ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចង្អុល​បង្ហាញ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr (RFA/Men Sothyr)

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជាង ១០០​ហិកតារ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជា​ថ្មី​ទៀត​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ពាន់​ដើម និង​យាយី​ទីជម្រក​សត្វព្រៃ​តំបន់​នោះ។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង និង​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​កាប់​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ព្រៃឈើ ដែល​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​កាប់ឆ្ការ​ព្រៃ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ។

ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ដែល​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដោយ​ពុំ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ប្រកាន់​ជំហរ​ច្បាស់លាស់ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​អនុលោម​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឡើយ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន​ឡើង​វិញ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ឈ្មួញ​បាន​បន្ត​កាប់​ឈើ​មាន​តម្លៃ​ពី​ព្រៃ​សហគមន៍ និង​កាប់​ព្រៃ​រាន​យក​ដី​អស់​ជាង ១០០​ហិកតារ​ថ្មី​ទៀត ឋិត​នៅ​ចំណុច​ភ្នំ​ធំ អូរ​ឆ្កូត និង​ត្រពាំងព្រៃ ដោយ​ពុំ​មាន​គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​ឡើយ។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ មួយ​ចំនួន​ជា​ពលរដ្ឋ​ចំណូលស្រុក និង​អ្នក​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន​នៅ​ពី​ក្រោយ​ខ្នង។

លោក​បញ្ជាក់​ថា គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​រដ្ឋាភិបាល មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃឈើ​ទេ ថែមទាំង​បណ្ដោយ​ឲ្យ​ចលនា​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​កាន់តែ​រីក​ធំ​ឡើង។ លោក​សង្កត់​ធ្ងន់​ថា អ្នក​ភូមិ​គ្រោង​ប្ដឹង​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ទៅ តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ និង​ផ្ដន្ទាទោស​ជនល្មើស៖ «ក្នុង​ទឹកដី​សហគមន៍​ហ្នឹង មាន​ជន​មក​ពី​ឆ្ងាយ មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​មក​ធ្វើ​ជា​សកម្ម​សិទ្ធិ​ខ្លួន​ឯង​ហ្នឹង ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ទី​១ ខ្លាច​អស់​សត្វ​ព្រៃ ទី​២​ទៀត អស់​ដើម​ឈើ និង​ទី​៣ ក្មេង​សារ​ក្រោយ​អត់​មាន​ឈើ​ធ្វើ​ផ្ទះ វា​នឹង​រលាយ​ហិនហោច»

​បុរស​ដដែល​បន្ត​ថា ដើម​ឈើ​ទាល និង​ត្រាច​ដែល​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​បាត់បង់​បណ្ដើរៗ ដោយសារ​ឈ្មួញ​បាន​សម្រុក​កាប់ និង​អារ​ច្រៀក​ធ្វើ​គ្រឿង​ផ្ទះ។

មុន​ឆ្នាំ​២០១២ ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ គឺ​ជា​ទីតាំង​ជ្រក​របស់​សត្វចតុប្បាទ​ព្រៃ​រស់​នៅ និង​ជា​តំបន់​សំបូរ​ដោយ​ព្រៃស្រោង មាន​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម។ ព្រៃ​សហគមន៍​នោះ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.៤៤៦,១៦) ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​ស្ថាប័ន​ស្នូល។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ប្រធាន​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ស្តីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាល​ពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ស្រុក​បាន​បង្កើត​ក្រុម​ការងារ​ចុះ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ដោយ​រក​ឃើញ​ថា សកម្មភាព​ទន្ទ្រាន​នោះ​ឋិត​នៅ​ក្រៅ​បរិវេណ​ព្រៃ​សហគមន៍។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​ពី​ស្ថានភាព​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ នឹង​ដាក់​ទោសទណ្ឌ​ដល់​បុគ្គល​ណា​ដែល​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​កាប់​រាន​​ដី​ព្រៃ​នៅ​តំបន់​នោះ៖ «កន្លង​មក​ប្រគល់​ការងារ​ទាំង​អស់​ហ្នឹង​ទៅ​ឲ្យ​សហគមន៍​ព្រៃ​ឈើ​ជាមួយ​ជំនាញ​ដោយសារតែ​ឃុំ​ហ្នឹង ត្រូវ​បាន​ចុះ​បញ្ជី​សហគមន៍​ព្រៃឈើ​ហើយ តែ​កន្លង​មក​សហគមន៍​ព្រៃ​ឈើ​ហ្នឹង មិន​មាន​សកម្មភាព​អី​ផុលផុស​ដូចជា​សហគមន៍​មួយ​ចំនួន​ដែល​គេ​បាន​បង្កើត​សហគមន៍​ហើយ​នោះ​ទេ យើង​នឹង​ពិនិត្យ​ឡើង​វិញ​ពី​សហគមន៍​ហ្នឹង ថា​តើ​ដំណើរការ​គាត់​យ៉ាង​ម៉េច»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង (ADHOC) លោក ហូ សំអុល មាន​ប្រសាសន៍​ថា សមាគម​អាដហុក នឹង​ផ្ដល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ ប្រសិនបើ​ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​អ្នក​កាប់​រាន​ដី​ព្រៃ​អភិរក្ស​ទៅ​ស្ថាប័ន​អយ្យការ។ លោក​កត់សម្គាល់​ថា រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ជំនាញ​នៅ​ពុំ​ទាន់​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​មក​ដាក់​ទោសទណ្ឌ​ដែរ បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​អស់​រាប់ពាន់​ហិកតារ​នៅ​តំបន់​នោះ​ក្ដី៖ «ឃុំ​ខ្លួន ឃាត់​ខ្លួន​ឃើញ​តែ​ពលរដ្ឋ​ក្រីក្រ​ហ្នឹង​ឯង គ្មាន​ពី​ណា​ទេ។ ដល់​ពេល​អ្នក​មាន​លុយ​មាន​អំណាច​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ និង​តុលាការ​ធ្វើ​តាម​ផ្លូវ​ច្បាប់​បាន​បន្តិច​ទេ»

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន កន្លង​ទៅ​សំបូរ​ដោយ​ព្រៃស្រោង និង​ដើមឈើ​ផលិត​ជ័រទឹក ព្រមទាំង​ឈើ​មាន​តម្លៃ​គ្រប់​ប្រភេទ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃ​សហគមន៍​នៅ​តំបន់​នោះ​បាន​ក្លាយ​ជា​ទីវាល​ស្ទើរ​ទាំង​ស្រុង ខណៈ​ក្រុម​ឈ្មួញ​បាន​ដណ្ដើម​គ្នា​កាប់​ទន្ទ្រាន​តាំង​ពី​ឆ្នាំ​២០១៣ ក្នុង​នោះ​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​ជាប់​ពាន់​ព័ន្ធ​ដែរ។

លោក​រិះគន់​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ថា គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ និង​ព្រៃ​អភិរក្ស​នោះ​ទេ បែរ​ជា​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​ដដែលៗ ពុំ​មាន​ទទួល​ខុស​ត្រូវ៖ «គ្រប់​ឃុំ​ដូចជា​ឃុំ​សំអាង ក៏​សំបូរ​ឈើ​ដែរ​រលាយ​ដែរ ឃុំ​កាំងចាម និង​ឃុំ​ចម្ការលើ​សុទ្ធ​តែ​មាន​ឈើ​ធំ​រលាយ​ដែរ។ អស់​ហើយ​ស្រុក​ថាឡាបរិវ៉ាត់។ ដល់​សង្ឃឹម​ព្រៃឡង់ គឺ​ឡង់​អី​ណា មាន​តែ​ឡង់​ទទេ តែ​ឡង់​រាល់​ថ្ងៃ​គឺ​ចង់​អស់​ហើយ រដ្ឋបាល​មាន​តែ​ការពារ​ព្រៃឈើ​តាម​ឡាន​ទេ ដល់​ពេល​ឈើ​ឈរ​អត់​មាន​ចេះ​ការពារ​ទេ​ខ្លាច​បាក់​ដាក់»

​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ចាត់​វិធានការ​ក្ដៅ​ចំពោះ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ការពារ​នោះ​ទេ បើ​ទោះ​បី​ជា​ករណី​នេះ​បាន​កើត​ឡើង​ដដែលៗ​ក្ដី។ លោក​កត់សម្គាល់​ថា អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ពុំ​ទាន់​មាន​លទ្ធផល​ជា​វិជ្ជមាន​ដែល​អាច​ឲ្យ​ពលរដ្ឋ​អាច​ទទួល​យក​បាន។

លោក​ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​អ្នក​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស និង​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ លើស​ពី​នេះ ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដែល​ជា​មនុស្ស​សកម្ម និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ថែរក្សា​ព្រៃឈើ៖ «ពិនិត្យ​មើល​ក្នុង​តំបន់​ដែល​ទទួល​រង​ការ​បំផ្លាញ​ហ្នឹង ថ្នាក់​ជាតិ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​កុំ​បណ្ដែតបណ្ដោយ​រឿង​​នេះ​បន្ត​ទៀត ព្រោះ​អី​ការ​ហិនហោច​នេះ​វា​ជា​ការ​កើត​ឡើង​ដដែលៗ អ៊ីចឹង​ហើយ​គួរ​តែ​ថ្នាក់​ជាតិ​ចាត់​វិធានការ​ដាក់​ពិន័យ ឬ​ក៏​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា សារាចរ​នេះ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ គឺ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។