ប្រទេស​តំបន់​ទន្លេមេគង្គ​ក្រោម​ទាមទារ​ឱ្យ​ចិន​ចែក​រំលែក​ធារទឹក​ពី​ផ្នែក​ខាងលើ ខណៈ​ទន្លេមេគង្គ​ក្រោម​ប្រឈម​និង​ការ​ខ្វះ​ទឹក

0:00 / 0:00

អ្នកឃ្លាំមើល​និង​ស្រាវជ្រាវ​ធនធានធម្មជាតិ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម កំពុង​ប្រឈម​បញ្ហា​ជាច្រើន ដូចជា​លំហូរ​ទឹក​មិន​ទៀងទាត់ ប៉ះពាល់​ដល់​វិស័យ​ជលផល ដីល្បាប់​មាន​ជីជាតិ​សម្រាប់​កសិកម្ម​ធ្លាក់ចុះ បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​យ៉ាង​ធំ​ដល់​ប្រព័ន្ធ​ជីវចម្រុះ និង​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ក្នុង​តំបន់​ជាដើម។

បញ្ហា​ទាំងនេះ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម កំពុង​ព្រួយបារម្ភ​និង​ស្វែងរក​ដំណោះស្រាយ​ជា​ចាំបាច់។

មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ ឱ្យ​ដឹង​ថា ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម មាន​ថៃ​(Thailand) ឡាវ (Lao) កម្ពុជា និង​វៀតណាម​(Vietnam)​នៅតែ​បន្ត​ទាមទារ ឱ្យ​ចិន​ចែករំលែក​ធារទឹក ពី​មេគង្គ​ផ្នែក​ខាងលើ ឱ្យ​បាន​សមស្រប ដើម្បី​គាំពារ​ដល់​អាង​មេគង្គ​ផ្នែក​ខាងក្រោម កុំឱ្យ​រីងស្ងួត​និង​ខូច​បរិស្ថាន។

អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ប្រចាំការ​នៅ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ លោក វ៉ាត់ បុត្តកុសល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១ ខែ​ឧសភា ថា ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ​ក្រោម នៅតែ​បន្ត​ទាមទារ​ឱ្យ​ប្រទេស​ចិន​បង្ហូរ​ធារទឹក ចុះ​មក​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ជួយ​គាំពារ​អាង​ទន្លេ​មេគង្គ កុំឱ្យ​រីងស្ងួត​និង​ប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​ជីវចម្រុះ។

លោក វ៉ាត់ បុត្តកុសល បញ្ជាក់​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០១៥ រហូតមកដល់​បច្ចុប្បន្ន​កាលណា​ដល់​រដូវប្រាំង​ខ្វះ​ទឹក ប្រទេស​ចិន​តែង​បង្ហូរ​ធារទឹក​ប្រមាណ​៥​ភាគរយ​នៃ​ចំនួន​ទឹក​រាប់​លាន​ម៉ែត្រគូប ដែល​គេ​មាន មក​ឱ្យ​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម។

លោក វ៉ាត់ បុត្តកុសល៖ «តាម​ខ្ញុំ​អាន​ឯកសារ ធារទឹក​ដែល​ចិន​បង្ហូរ​ឱ្យមក​ខាងក្រោម​៥%​ហ្នឹង គឺ​ច្រើន​លាន​ម៉ែត្រគូប ដោយសារ​ចិន​ត្រូវ​រក្សាទុក​ធារ​ទឹក​នៅ​ផ្នែក​ខាងលើ​ដែរ ហើយ​ចិន​ត្រូវ​បញ្ចេញ​ដើម្បី​ឱ្យ​មាន​កម្រិត​អប្បបរមា តិច​បំផុត​ដើម្បី​ជួយ​គាំពារ​បរិស្ថាន​នៃ​ទន្លេ កុំឱ្យ​វា​ស្ងួត កុំឱ្យ​វា​ខូច​បរិស្ថាន​ទន្លេ។ ធារ​ទឹក​ប៉ុណ្ណឹង យើង​និយាយ​ថា កម្រិត​ទាប​បំផុត គឺ​អតិបរិមា​នៃ​ធារទឹក​នៅក្នុង​អាង​ទន្លេ ហើយ​ដែល​ប្រជាពលរដ្ឋ មិនមែន​យក​ទៅ​ប្រើ​ស្រោចស្រព​ទេ គឺ​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​តាម​ប្រទេស​ខាងក្រោម»។

ការ​បន្ត​ទាមទារ​នេះ ដោយសារតែ​ការសាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន​នៅ​ផ្នែក​ខាងលើ បាន​ធ្វើ​ឱ្យ​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម កំពុង​ប្រឈម​និង​បញ្ហា​បរិស្ថាន​ជាច្រើន។

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណកម្មការ​ទន្លេ​មេគង្គ លោក​បណ្ឌិត អានូឡាក់ គីទីឃួន​(Anoulak Kittikhoun) ធ្លាប់​បាន​លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​អំពី​ស្ថានភាព​ទន្លេមេគង្គ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​៥​ខែ​មេសា ថា ការ​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ខុស​ប្រក្រតី បាន​ធ្វើ​ឱ្យ​ទន្លេមេគង្គ​មាន​បញ្ហា​ជាច្រើន​។ បញ្ហា​ទាំងនោះ​មាន​ដូចជា ពេលខ្លះ​អាកាសធាតុ​ជួប​គ្រោះ​រាំងស្ងួត និង​ពេល​ខ្លះទៀត​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឱ្យ​ទឹកជំនន់។ ពេលខ្លះ របប​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប តិចតួច​មិន​ទៀងទាត់ ដែល​ធ្វើ​ឱ្យ​មាន​ការ​ថយ​ចុះ​ដីល្បាប់​មាន​ជីជាតិ រួម​ទាំង​ការ​បំពុល​ដោយ​សំរាម​ប្លាស្ទិក ព្រមទាំង​ទឹកប្រៃ​ហូរ​ចូល​មក​ផង ធ្វើ​ឱ្យ​មាន​ការ​គំរាមកំហែង​លើ​វិស័យ​ជលផល​និង​ជីវចម្រុះ។

ទោះជា​យ៉ាងណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការអធិប្បាយ​ជុំវិញ​បញ្ហា​ប៉ះពាល់​ដ៏​ច្រើន​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក ចាន់ យុត្ថា និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ជួប ប៉ារីស បាន​នៅឡើយ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ដោយសារតែ​លោក​ទាំងពីរ​មិន​ទទួល​ទូរស័ព្ទ។

ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ផ្នែក​បរិស្ថាន​និង​ធនធានធម្មជាតិ នៅ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការ​លើកឡើង របស់​អ្នក​ជំនាញ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​នេះ។

អ្នកស្រាវជ្រាវ​និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង យល់​ថា គម្រោង​វារីអគ្គិសនី​របស់​ចិន នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​និង​ផ្នែក​ផ្សេងទៀត គឺជា​មូលហេតុ​នៃ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ចរន្តទឹក ដែល​វា​ហាក់ដូចជា​កាត់ផ្ដាច់​សរសៃ​ឈាម របស់​ទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម។

លោក សេង សុខហេង៖ «អ្វី​ដែល​យើង​បារម្ភ​ពី​ស្ថានភាព​ទន្លេមេគង្គ​នៅ​ផ្នែក​ខាងក្រោម​គឺ​ឃើញថា​នៅ​ផ្នែក​ខាងលើ ប្រទេស​ឡាវ​និង​ចិន​បាន សាងសង់​ទំនប់​វារីអគ្គិសនី ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​ចរន្តទឹក អាច​ថយ​ចុះ ឬក៏​វា​ធ្វើ​ឱ្យ​លំហូរ​មាន​ការ​ប្រែប្រួល​មិន​ដូច​ធម្មជាតិ​។ ដូច្នេះ​ក៏​វា​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ប្រព័ន្ធ​ជីវចម្រុះ ទៅតាម​នោះ​ដែរ​។ ទាំង​ត្រី ទាំង​សត្វ​ផ្សេងៗ ជាពិសេស​ប្រព័ន្ធ​ដីល្បាប់​ក៏​មាន​ការ​ប្រែប្រួល​ខុស​ពី​មុន​ដែរ»។

បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ដំណើរការ​វារីអគ្គិសនី​ធំៗ​ចំនួន​១២​នៅ​លើ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ ដែល​អាច​ស្តុក​ទឹក​បាន​រហូត​ដល់​ទៅ​៥០​ពាន់​លាន​ម៉ែត្រគូប និង​ផលិត​អគ្គិសនី រហូតដល់​ទៅជា​ង​២​ម៉ឺន​មេហ្កាវ៉ាត់។ រីឯ​នៅ​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ​វិញ យ៉ាងហោចណាស់​មាន​វារីអគ្គិសនី​ធំៗ​ជាង​២០០ កំពុង​ត្រូវ​បាន​ប្រតិបត្តិការ សាងសង់​និង​គ្រោង​សាងសង់។

ចំណែក​មន្ត្រី​អង្គការ​ទន្លេ​បី លោក លាង ប៊ុន លាភ មានប្រសាសន៍​ថា បញ្ហា​លំហូរ​ទឹក​មិន​ទៀងទាត់ ព្រមទាំង​ការ​ថយចុះ​នៃ​ដីល្បាប់​មាន​ជីជាតិ នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​មុខរបរ​នេសាទ​និង​ការ​ដាំ​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅ​តាម​ដង​ទន្លេ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

លោក លាង ប៊ុនលាភ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​តាម​ដង​ទន្លេ​សេសាន សេកុង និង​ទន្លេស្រែពក បាន​បោះបង់ចោល​របរ​នេសាទ​និង​ដាំ​ដំណាំ​ហើយ​បង្ខំចិត្ត ទៅ​ធ្វើ​ការ​លក់​កម្លាំង​ពលកម្ម​ជំនួស​វិញ។

លោក លាង ប៊ុនលាភ៖ «ពាក់ព័ន្ធ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ គឺ​គាត់​ត្រូវ​ខិតខំ​រក​ចំណូល​បន្ថែម​។ ខ្លះទៅ​ក៏​ទៅ​ស៊ីឈ្នួល​ក្រុមហ៊ុន ដូចជា​ក្រុមហ៊ុន​ចំការ​ចេក ក្រុមហ៊ុន​កៅស៊ូ នៅ​តាម​ភាគ​ឦសាន​។ ប្រជាពលរដ្ឋ​គាត់​ត្រូវ​បង្ខំចិត្ត​ទៅ​ធ្វើ​ការងារ​ទាំងនោះ ដើម្បី​រក​ចំណូល​បន្ថែម ឬក៏​ស៊ីឈ្នួល តាម​រដូវកាល ដូចជា​ទៅ​រើស​ស្វាយចន្ទី រើស​អី ដែល​អ្នកភូមិ​មួយ​ចំនួន មាន​ចំការ​ខ្លះ​ធំ ខ្លះ​តូច ក៏​ធ្វើតាម​ហ្នឹង​ទៅ​។ នេះ​អ្វី​ដែល​ខ្ញុំ​ឃើញ​ភាគច្រើន គឺ​ធ្វើការ​ងារ​លក់​កម្លាំង»។

លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ​(MRC)​ឱ្យ​ដឹង​ថា ទន្លេមេគង្គ​បាន​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​។ ទន្លេមេគង្គ​ក្រៅ​តែ​ពី​ផ្ដល់​អាហារ ទឹក​ស្អាត ក៏​បាន​ជួយ​ដល់​វិស័យ​សំខាន់ៗ​ដូចជា វារីអគ្គិសនី ការ​ធ្វើ​កសិកម្ម​ស្រូវ វិស័យ​ទេសចរណ៍ នាវាចរណ៍ និង​វារីវប្បកម្ម​ផង​ដែរ។

ទន្លេមេគង្គ ក៏​ជា​ជម្រក​ជលផល​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​បាន​ផ្តល់​ផល​ត្រី និង​សត្វ​ក្នុង​ទឹក​ចន្លោះ​ពី​១​លាន​៥​សែន​ទៅ​១​លាន​៧​សែន​តោន និង​អាច​ឱ្យ​ពលរដ្ឋ​រក​ចំណូល​បាន​ប្រមាណ​ជា​៨​ពាន់​៤​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។