ពលរដ្ឋ និងសកម្មជនបរិស្ថាន អះអាងថា ដេប៉ូអារច្រៀកឈើខ្នាតធំ នៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែង ត្រូវបានដុតបំផ្លាញចោលដោយស្ងាត់ៗ។ រីឯចម្រៀក និងគំនរឈើរាប់សិបម៉ែត្រគួប ក៏ត្រូវបំផ្លាញចោលដែរ ដោយមានការយាមល្បាតយ៉ាងប្រុងប្រយ័ត្ន មិនអនុញ្ញាតឲ្យសហគមន៍មូលដ្ឋាន ថតយករូបភាព និងវីដេអូ ចេញពីតំបន់នោះទេ។
ពលរដ្ឋរស់នៅឃុំស្រែគរ និងសកម្មជនបរិស្ថាន ឲ្យដឹងនៅថ្ងៃទី៥ ឧសភាថា រ៉ៃអារច្រៀកឈើជាង ៥០ និងគំនរឈើរាប់សិបម៉ែត្រគូប ក្នុងតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវជនមិនស្គាល់អត្តសញ្ញាណ ដុតកម្ទេចចោលទាំងអស់ដោយពុំដឹងមូលហេតុ។ អ្នកភូមិសង្ស័យថា ការដុតបំផ្លាញការដ្ឋានអារឈើខ្នាតយក្សនេះ ទំនងធ្វើឡើងដោយនគរបាលរបស់ក្រសួងមហាផ្ទៃ ពុំមែនជាមន្ត្រីអាវុធហត្ថ របស់គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ពលរដ្ឋរស់នៅឃុំស្រែគរ (ថ្មី) ថ្លែងសុំលាក់ឈ្មោះ ឲ្យដឹងថា អ្នកភូមិនៅមិនទាន់ប្រាកដថា ស្ថាប័នណាមួយ ចេញមុខដុតកម្ទេច និងរុះរើដេប៉ូអារឈើខ្នាតធំនេះទេ ប៉ុន្តែពួកគេឮថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់ចុះទៅពិនិត្យស្ថានភាពព្រៃឈើនៅតំបន់នោះ កាលពីប៉ុន្មានខែមុន៖ «ឈើឆេះអស់រលីងហើយ រាប់រយម៉ែត្រគូប ឈើក្នុងបាតអាង ទាំងមូល មិនមែនតិចទេ។ មុនហ្នឹងគេរើចេញ ស ខេង ខែមុនមកតើ មកវារីអគ្គិសនីសេសានក្រោមពីរ » ។
សកម្មជនបរិស្ថាន ដែលចុះសង្កេតរឿងនេះ លោក ហេង ស្រស់ ប្រាប់អាស៊ីសេរីថា ក្រុមការងារលោក បានព្យាយាមចុះទៅពិនិត្យទិដ្ឋភាពការបំផ្លាញរោងចក្រអារឈើខ្នាតធំ នៅតំបន់នោះដែរ គឹមានការរារាំងពីសន្តិសុខយាមនៅច្រកចូលឃុំស្រែគរថ្មី។ លោកមន្ទិលថា ការដុតកម្ទេចគំនរឈើជាច្រើនម៉ែត្រគួប និងរ៉ៃអារឈើទាំងនោះ ជាឆន្ទៈអនុវត្តច្បាប់ព្រៃឈើ ឬក៏ដើម្បីបំបាត់ភស្តុតាង? ខណៈដែលអាជីវកម្មឈើទាំងនេះ កើតមានភាពមិនប្រក្រតីជាច្រើន ទាក់ទិនការកាប់បំផ្លាញ ឈើចេញពីតំបន់ព្រៃអភិរក្ស បន្លំជាឈើស្របច្បាប់ បានកើតមានច្រើនឆ្នាំមកហើយ៖ «យើងរីករាយ ក្នុងការសមត្ថកិច្ចធ្វើការត្រឹមត្រូវ ចុះទៅ និងកម្ទេចវត្ថុដែលបង្កឲ្យមានការបង្ក្រាបទីតាំងអារឈើធំៗ ដូច បាតអាងជាដើម វាជាទីក្រុងកាប់ឈើទៅហើយ » ។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បដិសេធមិនអធិប្បាយរឿងនេះ លោករុញឲ្យសួរក្រសួងកសិកម្មវិញ៖ «សូមឲ្យសួរទៅក្រសួងកសិកម្មផ្ទាល់ ទាក់ទងជំនាញ។ ចំពោះគណៈកម្មការជាតិបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ពាក់ព័ន្ធរឿងព្រៃឈើនេះ » ។
អាស៊ីសេរីពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ឧសភា។
ក៏ប៉ុន្តែពលរដ្ឋ និងក្រុមកម្មករដែលធ្វើការក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោមពីរឲ្យដឹងថា ការដុតកម្ទេច និងរុះរើ រោងចក្រអារឈើខ្នាតធំនេះ ធ្វើឡើងជាង ៣សប្ដាហ៍មកហើយ។ ពួកគេអះអាងថា អាជីវកម្មឈើនេះ មានក្រុមឈ្មួញ និងឧកញ៉ាមួយចំនួន បានយកលេសសំអាតបាតអាង ប្រមូលឈើពីតំបន់ឆ្ងាយៗ បន្លំជាឈើស្របច្បាប់ កើតមានជាង ៧ឆ្នាំមកហើយ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើចូលដៃជើង។
ទោះយ៉ាងណាក្ដី មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា តុលាការ និងសមត្ថកិច្ចជំនាញ ត្រូវស៊ើបអង្កេតអ្នកពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះ ឲ្យមកទទួលខុសត្រូវតាមច្បាប់។ លោកបញ្ជាក់ថា សមត្ថកិច្ចជំនាញ និងតុលាការ ក៏ត្រូវស៊ើបអង្កេតមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើណា ដែលចុះហត្ថលេខា ចេញលិខិតអនុញ្ញាត បន្លំឈើខុសច្បាប់ឲ្យទៅជាស្របច្បាប់នៅតំបន់បាតអាងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។