សកម្មជនបរិស្ថាន និងសហគមន៍ការពារព្រៃឈើរកឃើញថា ការរីករាលដាលនៃការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធ គ្រប់តំបន់ទូទាំងប្រទេស ផ្ដើមចេញពីអំពើពុករលួយ។ ទម្រង់នៃអំពើពុករលួយទាំងនោះ ក្រុមឈ្មួញបានខ្ចីដៃសមត្ថកិច្ចគ្រាក់ៗ ឲ្យចេញមុខកាងឈើឲ្យឈ្មួញ និងឲ្យចុះហត្ថលេខា ក្លែងបន្លំឈើខុសច្បាប់ឲ្យទៅជាឈើស្របច្បាប់ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។
សកម្មជនបរិស្ថាន និងសហគមន៍មូលដ្ឋានសង្កេតឃើញថា សមត្ថកិច្ចមូលដ្ឋាន មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានភាគច្រើន គ្មានឆន្ទៈអនុវត្តច្បាប់ព្រៃឈើឲ្យមានប្រសិទ្ធភាពនោះទេ។ ពួកគេបញ្ជាក់ថា បើឈ្មួញនិងអ្នកដឹកឈើទាំងឡាយណាផ្ដល់លុយទៅមន្ត្រីទាំងនោះ គឺអាចដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមបាន។ ពួកគេរកឃើញថា ព្រៃអភិរក្សដែលនៅសល់ដើមឈើធំៗ ត្រូវក្រុមហ៊ុនបើកដេប៉ូទិញ និងដេប៉ូអារច្រៀកឈើនៅក្បែរនោះ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ឲ្យដឹងថា តំបន់ឧទ្យានជាតិភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលឋិតក្នុងចន្លោះខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់កំពុងទទួលរងការកាប់ចោះ យកដើមឈើធំៗ លក់ឲ្យក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេង។ សកម្មភាពកាប់បំផ្លាញដើមឈើ ដែលដុះតាមជ្រលងភ្នំ និងតំបន់ជ្រោះទាំងនោះធ្វើឡើងដោយពលរដ្ឋចំណូលថ្មី និងពលរដ្ឋនៅមូលដ្ឋាន ដឹកលក់ឲ្យក្រុមហ៊ុន។ រីឯឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចដែលដាក់ប៉ុស្តិ៍យាមតាមផ្លូវ តែងទទួលលុយពីអ្នកដឹកឈើទាំងនោះ ជាថ្នូរមិនអនុវត្តច្បាប់៖ «គោលការណ៍ច្បាប់មិនអនុញ្ញាតឲ្យមានការកាប់ឈើ នៅតំបន់អភិរក្សទេ ប៉ុន្តែអានេះគេហៅថា ត្រីងៀត ឆ្លៀតពង។ បើអត់មានផលប្រយោជន៍បទល្មើសទេ គឺអនុវត្តច្បាប់ហើយ ប៉ុន្តែនៅពេល ដែលគាត់បានផលប្រយោជន៍ពីបទល្មើសគាត់មិនអនុវត្តច្បាប់។ ចំណុចត្រង់ហ្នឹងហើយ ធ្វើឲ្យជនល្មើសនៅតែប្រព្រឹត្តបន្តដដែលបាទ » ។
លោក ជា ហ៊ាន បន្ថែមថា ក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុន តាំង អ៊ាង បានបើកការដ្ឋានទិញឈើនៅស្រុកវាលវែងខេត្តពោធិ៍សាត់ ជាង ៣ឆ្នាំមកហើយ ពុំឃើញមានស្ថាប័នណាមួយស៊ើបអង្កេត ក្រុមហ៊ុនទាំងនោះទេ។
សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក ក្រើង តុលា សង្កេតឃើញថា ព្រៃឈើដែលគ្រប់គ្រងដោយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន គឺចៀសមិនផុតរលាយហិនហោចនោះទេ។ លោកថា ក្រុមហ៊ុនភាគច្រើនធ្វើអាជីវកម្មឈើ ដោយដឹកជញ្ជូនឈើពីដែនជម្រកសត្វព្រៃភ្នំណាំលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វស្រែពកជាដើម ចូលការដ្ឋាន ដើម្បីបន្លំជាឈើស្របច្បាប់៖ «មូលហេតុមានតែមួយទេ គឺអំពើពុករលួយជាប្រព័ន្ធ។ នៅប្រទេសកម្ពុជាហ្នឹង គឺមិនទាន់មានច្បាប់មួយណាដែល ទប់ស្កាត់បទល្មើស អំពើពុករលួយហ្នឹងអត់ទាន់មានទេ គ្រាន់តែមានក្នុងក្រដាសតែអត់មានក្នុងការអនុវត្តដូចនៅប្រទេសគេផ្សេងៗ អត់ទាន់មានទេ។ បច្ចុប្បន្នខ្ញុំឃើញមានច្បាប់ព្រៃឈើ។ អូខេខ្ញុំសប្បាយចិត្តនៅពេលឃើញច្បាប់ព្រៃឈើ មានច្បាប់ការពារឧទ្យានជាតិ អូខេខ្ញុំគាំទ្រ ច្បាប់ល្អណាស់ និយាយល្អណាស់ ប៉ុន្តែការអនុវត្តរបស់មន្ត្រីមួយៗ ហ្នឹង កាលពីមិនទាន់ជាបុគ្គលរបស់បរិស្ថាន មិនទាន់ជាបុគ្គលរបស់រដ្ឋបាលព្រៃឈើ ស្គមទេៗ ដល់ពេលក្លាយជាបុគ្គលតែ ៥ទៅ ៦ ខែ ដុះក្បាលពោះស្ពីងៗ។ ខ្ញុំឃើញជាក់ស្ដែងអីចឹង។ តំបន់ណាដែលការពារដែលបរិស្ថាន ដែលការពារដោយរដ្ឋបាលព្រៃឈើ គឺតំបន់ហ្នឹង គឺរលាយតែម្ដង » ។
សកម្មជនបរិស្ថានរកឃើញថា ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់ឧទ្យានជាតិវីរៈជ័យ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំណាំលៀរ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃឡង់តំបន់ឧទ្យានជាតិភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាដើម សុទ្ធសឹងតែទទួលរងការកាប់ចោះ យកឈើមូលធំៗ ធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ។ ពួកគេមើលឃើញថា សមត្ថកិច្ចចម្រុះតែងដាក់ពង្រាយគ្រប់កន្លែងទាំងអស់ ក៏ប៉ុន្តែមិនអនុវត្តច្បាប់ព្រៃឈើ។
សកម្មជនបរិស្ថានដែលសកម្មចុះឃ្លាំមើលបទល្មើសព្រៃឈើ លោក ហេង ស្រស់ អស់សំណើច ដែលក្រសួងកសិកម្មអនុញ្ញាតឲ្យក្រុមហ៊ុនបើកការដ្ឋានអារឈើក្បែរតំបន់ព្រៃការពារធម្មជាតិ។ លោកឆ្ងល់ថា ហេតុអ្វីក្រសួងកសិកម្ម បណ្ដោយឲ្យមានរោងអារច្រៀកឈើខ្នាតធំ នៅតំបន់ព្រៃការពារធម្មជាតិគ្រប់តំបន់? ហើយក្រុមហ៊ុនទាំងនោះ បានប្រើរូបភាពអាជីវកម្មឈើដដែលៗ គឺគេកាប់ឈើធំៗ ក្នុងព្រៃអភិរក្សដឹកចូលការដ្ឋានក្រុមហ៊ុន រួចបម្លែងជាឈើស្របច្បាប់៖ «រូបភាពនៃអំពើពុករលួយគេ គឺខ្ចីដៃរបស់ សមត្ថកិច្ចឲ្យស៊ីញេឲ្យគេ ឲ្យកាងឈើឲ្យគេ ដើម្បីឲ្យគេថ្នូរជាទឹកប្រាក់ ដើម្បីឲ្យមន្ត្រីទាំងអស់នោះ បិទភ្នែកច្រមុះមើលមិនឃើញ ពីការកាប់បំផ្លាញព្រៃឈើ មើលមិនឃើញពីការបទល្មើសរបស់គេទេ គឺគេឲ្យលុយជាថ្នូរ ដើម្បីសម្រួលឲ្យគេ រកស៊ីឈើដោយមិនឲ្យមាននរណាមកក្បែរ និងមិនឲ្យមាននរណាមកយាយីទេ » ។
លោក ហេង ស្រស់ កត់សម្គាល់ថា ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនសំអាតបាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ក្រុមហ៊ុនស៊ីបាយអូថេក (C Biotec) ឋិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ជាប់ដែនជម្រកសត្វព្រៃឡង់ ក្រុមហ៊ុន សំអឿន សុវណ្ណ មានទីតាំង ក្នុងចម្ការអំពៅ ក្រុមហ៊ុនចិន ហេង ហ្វូ ក្នុងខេត្តព្រះវិហារ ដឹកឈើចេញពីព្រៃព្រះរកា និងព្រៃឡង់។ ក្រុមហ៊ុន នីណា និងក្រុមហ៊ុន វិចតូរី បើកការដ្ឋានទិញឈើ និងអារឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាប់ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃលំផាត់។ ក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុន តាំង អ៊ាង ឋិតនៅស្រុកវាលវែង ខេត្តពោធិសាត់ និងមានក្រុមហ៊ុនមួយចំនួនទៀត ដែលពួកគេមិនស្គាល់ឈ្មោះ។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មានប្រសាសន៍ថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានបញ្ជាឲ្យអាជ្ញាធរដែនដី និងអាជ្ញាធរខេត្តខិតខំអនុវត្តច្បាប់ព្រៃឈើគ្រប់រូបភាពផ្អែកតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ សំណួរដែរសួរថា ពលរដ្ឋមូលដ្ឋានព្រួយបារម្ភពីសកម្មភាពក្រុមហ៊ុនមួយចំនួន បើកការដ្ឋានទិញឈើ ជាប់ព្រៃអភិរក្ស តើគណៈកម្មការជាតិស៊ើបអង្កេតក្រុមហ៊ុនគិតយ៉ាងណា ចំពោះក្រុហ៊ុនទាំងនោះទេ លោក អេង ហ៊ី ឆ្លើយថា សូមឲ្យពលរដ្ឋផ្ដល់ព័ត៌មាននេះមកអាជ្ញាធរដែនដី និងស្ថាប័នជំនាញជាមុនសិន៖ «គណៈកម្មការជាតិ គឺអនុវត្តទៅតាមសម្រេចរបស់រដ្ឋាភិបាលកន្លងទៅ លេខ ១២៧ហ្នឹង អីចឹងយើងមានយន្តការច្បាស់លាស់ ជាពិសេសយើងយោងតាមចរាចរណ៍លេខ ០៥ ប្រគល់ឲ្យរាជធានីខេត្តអនុវត្តផ្ទាល់តែម្ដង។ អ្វីដែលដែលអនុវត្តមិនបានខ្វះកម្លាំង ឬមានស្ថានភាពណា ដែលមិនអាចធ្វើបាន អាចស្នើសុំ កម្លាំងគណៈកម្មការជាតិ ហើយគណៈកម្មការជាតិ គឺចុះធ្វើការ » ។
សមត្ថកិច្ចផ្ដាំផ្ញើទៅពលរដ្ឋវិញនេះមិនមែនជារឿងថ្មីទេ គឺជារឿងដដែលៗ ជាយូរឆ្នាំមកហើយ។ អ្នកសង្កេតការណ៍ថា តាមពិតទៅ សកម្មជនការពារធនធានធម្មជាតិ និងប្រជាសហគមន៍ការពារព្រៃឈើ បានបំពេញកាតព្វកិច្ចរបស់ពួកគាត់ជាពលរដ្ឋល្អជាយូរហើយ តាមរយៈការប្រាប់ទៅអាជ្ញាធរផង និងអ្នកសារព័ត៌មានផង ដែលសមត្ថកិច្ចគួរតែយ៉ាងហោចណាស់ចាប់យកព័ត៌មានទាំងអស់នេះជាតម្រុយ ហើយផ្ដើមស៊ើបអង្កេតឧក្រិដ្ឋព្រៃឈើដែលកំពុងកើតឡើងគ្រប់ទីកន្លែង។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ជំរុញឲ្យពលរដ្ឋនៅមូលដ្ឋានត្រូវបង្កើនភាពក្លាហាន ប្រើប្រាស់សិទ្ធិរបស់ខ្លួន ដាក់បណ្ដឹងបរិហារមន្ត្រីនគរបាលយុត្តិធម៌ណា មិនអនុវត្តច្បាប់ព្រៃឈើទៅតុលាការ ដើម្បីទាមទារយកទ្រព្យសម្បត្តិរបស់រដ្ឋមកវិញ និងទាមទារសំណង ការខូចខាតធនធានធម្មជាតិ៖ «កាលណាសកម្មជនបរិស្ថាន និងពលរដ្ឋយើងមើលឃើញថា មានបទល្មើសព្រៃឈើ ហើយឃើញថា ក្នុងរយៈពេលមួយ ១ឆ្នាំ ឬ ៦ខែ វាកាប់រហូតនាំចេញរហូត គ្មានការទប់ស្កាត់ ហើយបើទប់ស្កាត់យកលុយ។ អីចឹងយើងអាចដាក់បណ្ដឹងបរិហារគ្រប់ទីកន្លែង ប្ដឹងមន្ត្រីនគរបាលយុត្តិធម៌ ដែលមិនបានប្ដឹងបរិហារបទល្មើសឧក្រិដ្ឋ ព្រោះក្រមព្រហ្មទណ្ឌមាត្រា ៥២៨ ចែងច្បាស់ » ។
សកម្មជនបរិស្ថានសង្កេតឃើញថា មន្ត្រីគ្រាក់ៗ របស់របបក្រុងភ្នំពេញ និងលោក ហ៊ុន សែន តែងឆ្លើយគេចវេះ មិនទទួលខុសត្រូវ ពីវិនាសកម្មព្រៃឈើ។ ហើយការរំសាយដែនជម្រកសត្វព្រៃស្នួល និងដែនជម្រកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដីជាង ១១ម៉ឺនហិកតារ កាលពីឆ្នាំ២០១៨ ទៀតសោតក្រោមហេតុផលថា តំបន់ទាំងពីរបាត់បង់សក្ដានុពលជាតំបន់អភិរក្សអស់នោះ ធាតុពិត ព្រៃអភិរក្សទាំងពីរនេះរងគ្រោះ ដោយសារតែក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរបបក្រុងភ្នំពេញ រួចបន្លំកាប់ឈើធំៗ លក់នៅប្រទេសវៀតណាមអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។