សហគមន៍អភិរក្សផ្សោតខេត្តក្រចេះ អះអាងថា បទល្មើសនេសាទនៅអន្លង់អភិរក្សផ្សោតព្រែកកាំពី នៅតែកើតមានច្រើនដដែល បើទោះបីជាឆ្មាំអភិរក្សរបស់រដ្ឋបាលជលផល និងនគរបាលមូលដ្ឋាន បានដាក់ពង្រាយកម្លាំងចុះល្បាត ដើម្បីទប់ស្កាត់បទល្មើសនេះជាប្រចាំយ៉ាងណាក៏ដោយ។ ពួកគេបារម្ភថា ក្រុមជនល្មើសបានប្រើឧបករណ៍អគ្គិសនីឆក់ក្ដៅ និងត្រជាក់ បំណងចាប់ត្រី ក៏ប៉ុន្តែទីតាំងដែលពួកគេធ្វើសកម្មភាពឆក់នោះ គឺជាតំបន់ដែលផ្សោតឆ្លងកាត់ និងចិញ្ចឹមជីវិត។
អាជ្ញាធរឃុំ និងសហគមន៍អភិរក្សផ្សោតព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របូរី នៅតែបារម្ភ ពីជោគវាសនាសត្វផ្សោត នៅទន្លេមេគង្គខេត្តក្រចេះ កំពុងទទួលរងការគំរាមកំហែងគ្រប់រូបភាព ដោយសារក្រុមជនល្មើស ប្រើឧបករណ៍នេសាទខុសច្បាប់។
រីឯឆ្មាំអភិរក្សផ្សោត និងមន្ត្រីនគរបាលមូលដ្ឋានខ្លះ ក៏មានសេចក្ដីរាយការណ៍ថា ឃុបឃិតជាមួយជនល្មើស ជាថ្នូរមិនទប់ស្កាត់បទល្មើសនេសាទដែរ។ ក្ដីបារម្ភនេះកើតឡើង ដោយសារសត្វផ្សោត ១ក្បាលទម្ងន់ជិត ២រយ គីឡូក្រាម ងាប់ជាថ្មីទៀត នៅអន្លង់អភិរក្សផ្សោត។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី ថ្លែងមិនហានបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី១២ ឧសភាថា ក្រុមជនល្មើសបាន ធ្វើសកម្មភាពឆក់ក្ដៅ និងត្រជាក់ នៅពេលយប់ នៅទីតាំងសំខាន់ៗ ដែលផ្សោតរស់នៅ និងឆ្លងកាត់។ រីឯឆ្មាំអភិរក្សរបស់រដ្ឋបាលជលផល និងនគរបាលមូលដ្ឋាន ពុំបានយកចិត្តទុក ទប់ស្កាត់បទល្មើសនេសាទនោះទេ។ លោកថា ផ្សោតញីទម្ងន់ជិត ២រយគីឡូក្រាម ប្រវែងជាង ២ម៉ែត្រងាប់ថ្មីៗ នេះ ពុំមែនកត្តាអាយុកាល និង ជំងឺនោះទេ គឺដោយសារ ក្រុមជនល្មើសប្រើចរន្តអគ្គិសនីឆក់៖ «ផ្សោតមិនមែនងាប់ដោយសារជំងឺទេ គឺងាប់ដោយសារឆក់ហ្នឹងហ្មង។ អ៊ីចឹងបានថា បើមិនបង្ក្រាបមិនពង្រាបទេ ឲ្យច្បាស់ទេ អស់ហើយផ្សោត អត់មានសល់ទេ។ កូនវាបានពីរឆ្នាំហ្នឹង មិនមែនត្រឹមងាប់ប៉ុណ្ណឹងទេ។ អាហ្នឹងយើងមើលឃើញ បើងាប់អណ្ដែតមកពីលើ បើទាក់បានវាលាក់ជិតហ្មង » ។
បុរសដដែលសង្កេតឃើញថា ក្រុមជនល្មើសឆក់ត្រី នៅអន្លង់អភិរក្សផ្សោត អាចធ្វើទៅបាន ដោយសារមានការបើកភ្លើងខៀវពីឆ្មាំអភិរក្សរបស់រដ្ឋបាលជលផល និងនគរបាលមូលដ្ឋាន ដែលជាហេតុធ្វើឲ្យបទល្មើសនេសាទនៅតែកើតមានឥតឈប់ឈរ៖ «នៅទីហ្នឹង បើគ្មានជលផល គ្មានឆ្មាំអាហ្នឹងអស់ហ្មងអ្នកឆក់ តែបើមានឆ្មាំ មានជលផល និងប៉ូលិសប៉ុស្តិ៍អស់ហើយផ្សោតហ្នឹង នៅតែមានអ្នកឆក់។ ពួកហ្នឹងនៅតែចិញ្ចឹម នៅការពារ នៅតែការពារពួកឆក់ហ្នឹងរហូត មិនមែនការពារផ្សោតទេ ការពារពួកឆក់តែម្តង។ ហួសពីឈឺទេ រាល់ថ្ងៃ មានតែប្រជាការពារទេដែលចាប់បានរាល់ថ្ងៃនេះ។
ឆ្លើយតបរឿងនេះ ប្រធានឆ្មាំទន្លេ និងជាអនុប្រធានរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់៖ « ខ្ញុំមានធុរៈ ខ្ញុំឥឡូវសម្រាកមកផ្ទះហើយ។ ខ្ញុំអត់នៅកន្លែងធ្វើការផង » ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ប្រធានរដ្ឋបាលជលផលខេត្តក្រចេះ លោក សៀន គិន ដើម្បីសុំការបំភ្លឺរឿងនេះបានទេ នៅថ្ងៃដដែលនេះ។
ចំណែកមេឃុំសំបុក លោក ទុយ សុវណ្ណា ក៏បារម្ភ ពីផលប៉ះពាល់អវិជ្ជមានដល់សត្វផ្សោត ដោយសារបទល្មើសនេសាទដែរ ហើយអាជ្ញាធរឃុំបានបញ្ជាឲ្យប្រជាការភូមិ ចុះល្បាតជាប្រចាំ។ លោកថា អំឡុង ២ខែចុងក្រោយនេះប្រជាការពារភូមិ ឃាត់បទល្មើសបាន ១០ករណីនេះ និងរឹបអូសឧបករណ៍ឆក់មានតម្លៃរាប់ពាន់ដុល្លារ ខណៈកន្លងទៅ ឧបករណ៍ឆក់ទាំងនោះ រដ្ឋបាលជនផល មិនដែលឃាត់បាននោះទេ។ លោកថា បទល្មើសនេសាទ បានថយចុះច្រើនជាងមុន ដោយសារប្រជាការភូមិ តែងចុះទប់ស្កាត់បទល្មើសនេសាទជាញឹកញាប់។ ចំពោះសំនួរដែលសួរថា ឆ្មាំអភិរក្ស និងមន្ត្រីនគរបាល តែងតែទទួលលុយពីក្រុមជនល្មើស ជាថ្នូរមិនអនុវត្តច្បាប់ មេឃុំរូបនេះឆ្លើយថា អាជ្ញាធរឃុំនៅមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ៖ «ឥឡូវខ្ញុំកំពុងតែរៀបចំចាត់ចែង បង្កើនសកម្មភាពល្បាត ប្រជាការពារកំពុងរៀបចំដាក់ផែនការ។ រឹតបន្តឹងឲ្យខ្លាំងទៀត កន្លងទៅរឹតបណ្តឹងតែខ្ញុំទាក់ទង ខ្វះមធ្យោបាយ ខ្វះប្រេងខ្វះអីហ្នឹង»។
សហគមន៍រស់នៅឃុំសំបុក បានមូលមតិគ្នាប្រែក្លាយតំបន់ ផ្សោតរស់នៅ ជាកន្លែងទេសចរណ៍ធម្មជាតិបៃតង បម្រើវិស័យទេសចរណ៍ក្នុងតំបន់ ក្នុងទិសដៅអភិរក្សប្រព័ន្ធជីវចម្រុះ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ជាច្រើនឆ្នាំមកហើយ។
តំបន់អភិរក្សផ្សោត ជីវចម្រុះ និងត្រីមេពូជ ព្រែកកាំពី ឋិតនៅដងទន្លេមេគង្គ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់អភិរក្ស កាលពីឆ្នាំ២០១២។ តំបន់នោះ ជាជម្រកត្រីពងកូន និងជាកន្លែង ផ្សោតចាប់ត្រី ចិញ្ចឹមជីវិត ដែលមានមន្ត្រីរដ្ឋបាលជលផល ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម ជាស្ថាប័នស្នូល មានតួនាទី អភិរក្សបរិស្ថាន និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ។ ក្ដៅពីនេះ អង្គការសង្គមស៊ីវិលមួយចំនួន បានផ្ដល់ជំនួយគាំទ្រថវិកា ដល់សកម្មភាពចុះល្បាតដែរ។ ក៏ប៉ុន្តែសហគមន៍មូលដ្ឋាន គ្មានជំនឿលើប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញរដ្ឋបាលជលផល និងសមត្ថកិច្ចនោះទេ ដោយសារក្រុមមន្ត្រីគ្រាក់ៗ ទាំងនោះមួយចំនួនធំ តែងទទួលប្រយោជន៍ពីជនល្មើស ជាថ្នូរអនុញ្ញាតឲ្យប្រើឧបករណ៍ឆក់ខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។