ក្រុមមេដឹកនាំប្រទេសទន្លេមេគង្គគ្រោងស្នើដំណោះស្រាយថ្មីៗនៅក្នុងកិច្ចប្រជុំកំពូល MRC ខាងមុខ
2023.01.10

ក្រុមមេដឹកនាំមកពីបណ្តាប្រទេសក្នុងតំបន់មេគង្គ នឹងអំពាវនាវឱ្យមានដំណោះស្រាយថ្មីៗប្រកបដោយការច្នៃប្រឌិតដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលតំបន់មេគង្គកំពុងជួបប្រទះ។ ការអំពាវនាវនេះ នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលនឹងប្រព្រឹត្តទៅនៅដើមខែមេសា ខាងមុខនេះ នៅប្រទេសឡាវ ដើម្បីកំណត់ជោគវាសនារបស់អាងទន្លេមេគង្គ។
កិច្ចប្រជុំកំពូលលើកទី៤ និងសន្និសីទអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គ (MRC) នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា នៅទីក្រុងវៀងចន្ទន៍ (Vientiane) ប្រទេសឡាវ (Lao)។
ក្រុមមេដឹកនាំមកពីប្រទេសចំនួន៤ ក្នុងក្របខណ្ឌតំបន់ MRC ក្នុងនោះរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដើម្បីកំណត់ជោគវាសនារបស់អាងទន្លេមេគង្គ។
កិច្ចប្រជុំកំពូលនេះ ធ្វើឡើងស្របពេលដែលអាងទន្លេមេគង្គ កំពុងប្រឈមនូវបញ្ហាសំខាន់ៗមួយចំនួនបណ្តាលមកពីកត្តាមនុស្សដោយសារការសាងសង់ទំនប់វារីអគ្គិសនីដ៏ច្រើននៅតាមប្រទេសមួយចំនួននៅខ្សែទឹកខាងលើទន្លេមេគង្គ ជាពិសេសប្រទេសចិន និងកត្តាប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះ អាចនឹងបណ្តាលឱ្យតំបន់មេគង្គទាំងមូលត្រូវប្រឈមនឹងវិបត្តិសន្តិសុខទឹក សន្តិសុខស្បៀង ដែលអាចឈានទៅដល់ជម្លោះដណ្តើមទឹកគ្នាប្រើប្រាស់រវាងប្រទេសចិន និងប្រទេសនៅតាមខ្សែទឹកខាងក្រោម ប្រសិនបើគ្មានដំណោះស្រាយជាក់លាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀតនោះទេ។
គណៈកម្មការទន្លេមេគង្គ ឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានផ្សាយនៅថ្ងៃទី១០ ខែមករា ម្សិលមិញ ថា ប្រមុខរដ្ឋាភិបាលមកពីប្រទេសសមាជិកទាំងបួនរបស់គណៈកម្មការទន្លេមេគង្គ និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាដៃគូសន្ទនារបស់ MRC ពោលគឺចិន និងមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) នឹងបើកកិច្ចប្រជុំកំពូលមួយនៅដើមខែមេសាខាងមុខ ដើម្បីកំណត់ជោគវាសនារបស់អាងទន្លេមេគង្គ។ បើតាមគណៈកម្មការទន្លេមេគង្គ នេះគឺជាព្រឹត្តិការណ៍កម្រិតនយោបាយខ្ពស់បំផុតរបស់ស្ថាប័ននេះ ដែលនឹងនាំឱ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ជួបពិភាក្សាគ្នាពីការអភិវឌ្ឍថ្មីៗ ស្វែងយល់ពីឱកាស និងដំណោះស្រាយប្រកបដោយការច្នៃប្រឌិតលើបញ្ហាប្រឈមនានា ក្នុងនោះរាប់ចាប់ពីផលវិបាកនៃការអភិវឌ្ឍពាក់ព័ន្ធនឹងទឹករហូតដល់ការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំកំពូលនេះនឹងនាំមុខដោយសន្និសីទអន្តរជាតិមួយ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ដែលនឹងពិភាក្សាជុំវិញប្រធានបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខទឹក និងទន្លេមេគង្គប្រកបដោយចីរភាព»។ សន្និសីទអន្តរជាតិនេះ នឹងមានការចូលរួមពីភាគីពាក់ព័ន្ធ អ្នកជំនាញការ និងអ្នកចាប់អារម្មណ៍ពីកិច្ចការទន្លេមេគង្គនៅទូទាំងពិភពលោក សរុបប្រមាណ ៤០០នាក់ មកពីស្ថាប័នរដ្ឋាភិបាល អង្គការអន្តរជាតិ អ្នកស្រាវជ្រាវ និងសង្គមស៊ីវិល។
នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បណ្ឌិត អានុល័ក ខិធិឃួន (Anoulak Kittikhoun) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា ទន្លេមេគង្គកំពុងឆ្លងកាត់នូវការផ្លាស់ប្ដូរយ៉ាងសម្បើម។ លោកបន្តថា ការណ៍នេះតម្រូវឱ្យមានការច្នៃប្រឌិតឥតឈប់ឈរទាំងក្នុងផ្នែកគោលនយោបាយ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីនាំឱ្យការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គកាន់តែមានទំនួលខុសត្រូវ និងប្រកបដោយចិរភាព។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) បណ្ឌិត អៀ សុផល ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា គេពិបាកនឹងស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត ខណៈសោកនាដកម្មដែលជាបញ្ហារួមនោះ ពោលគឺចិនដែលជាប្រទេសនៅខ្សែទឹកខាងលើទន្លេមេគង្គ កំពុងតែធ្វើមិនដឹងមិនឮចំពោះកង្វល់នានារបស់បណ្តាប្រទេសនៅតាមខ្សែទឹកខាងក្រោម ឬក៏មិនព្រមធ្វើការជាមួយប្រទេសនៅតាមខ្សែទឹកខាងក្រោមមួយចំនួនក្នុងការទទួលយកគោលនយោបាយរបស់ប្រទេសទាំងនោះទាក់ទងនឹងដំណោះស្រាយចំពោះទន្លេមេគង្គ។ លោកថា បញ្ហាដែលជាឆ្អឹងទទឹងកចម្បងបំផុតនោះគឺគេមិនអាចគ្រប់គ្រងទន្លេមេគង្គបានទេ ប្រសិនបើគ្មានការចូលរួមពីភាគីចិន។
អ្នកជំនាញរូបនេះ ពន្យល់បន្តថា ប្រទេសចិនមិនចាប់អារម្មណ៍នឹងការដោះស្រាយបញ្ហាដោយគណៈកម្មការទន្លេមេគង្គនេះទេ ព្រោះថា ការធ្វើបែបនេះគឺជាការធ្វើឱ្យជម្លោះ ឬភាពខ្វែងគំនិតគ្នាក្នុងតំបន់មេគង្គ ក្លាយជាលក្ខណៈអន្តរជាតិ ដែលផ្ទុយទៅនឹងការចង់បានរបស់ចិន គឺដោះស្រាយវិបត្តិទន្លេមេគង្គជាមួយប្រទេសនីមួយៗដាច់ពីគ្នា។ លោកថា បញ្ហានៅក្នុងតំបន់ទន្លេមេគង្គ គឺមិនខុសគ្នាប៉ុន្មានឡើយពីបញ្ហាជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង លើកលែងតែថាភាគីទាមទារនៅក្នុងតំបន់ MRC គឺរួមមានគ្រប់ប្រទេសទាំងអស់ដែលនៅជាប់នឹងទន្លេនេះ។
កិច្ចប្រជុំកំពូលនេះ គឺជាលើកទីបួនហើយដែលត្រូវបានរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំកំពូលលើកទីមួយធ្វើឡើងនៅប្រទេសថៃកាលពីឆ្នាំ២០១០ នៅវៀតណាម ឆ្នាំ២០១៤ និងនៅកម្ពុជាកាលពីឆ្នាំ២០១៨។
ទន្លេមេគង្គ ឬហៅថាទន្លេឡានឆាង (Lancang) នៅប្រទេសចិន គឺជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលមានប្រជាជនសរុបជាង ៧០លាននាក់ ពឹងផ្អែកលើទន្លេនេះ និងដៃទន្លេនេះ សម្រាប់ម្ហូបអាហារ ទឹក ការដឹកជញ្ជូន និងទិដ្ឋភាពដទៃទៀតនៃជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្លេនេះគឺជាទន្លេដែលវែងជាងគេទី១២ នៅលើពិភពលោក មានប្រវែងប្រមាណជិត ៥ពាន់គីឡូម៉ែត្រ។
ក្រុមអ្នកជំនាញមួយចំនួនធ្លាប់ព្រមានថា ប្រសិនបើទន្លេនេះមិនត្រូវបានគ្រប់គ្រងឱ្យបានល្អនោះទេ នោះប្រទេសពាក់ព័ន្ធអាចប្រឈមនឹងជម្លោះដណ្តើមទឹករ៉ាំរ៉ៃជាលក្ខណៈអន្តរប្រទេសនៅក្នុងតំបន់ទាំងមូល មិនខុសពីរឿងរ៉ាវដែលធ្លាប់កើតមាននៅទន្លេនីល (Nile River) នៃទ្វីបអាហ្វ្រិក ជម្លោះដណ្តើមទឹកនៅតំបន់មជ្ឈិមបូព៌ា និងនៅតំបន់អាស៊ីកណ្តាលនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។