ប្រជា​សហគមន៍​​ព្រៃ​មេត្តា​​ធម្មជាតិ អស់​​ជំនឿ​​ចិត្ត​​លើ​​អភិបាល​ខេត្ត​កំពង់​ស្ពឺ​ក្នុង​​ការ​​ការពារ​ព្រៃ​សហគមន៍

តំណាង​ប្រជា​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ លើក​ឡើង​ថា​ ពួកគេ​អស់​ជំនឿ​លើ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ក្នុង​ការ​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន​នៅ​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ​ទៀត​ហើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា អភិបាល​ខេត្ត​កំពង់ស្ពឺ គួរ​ដោះស្រាយ​បញ្ហា កំពុង​កើត​មាន​នៅ​ព្រៃ​សហគមន៍​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ផ្ដល់​តម្លៃ​ដល់​លោក​ឡើង​វិញ ហើយ​ជៀស​វៀង​ទទួល​បាន​ការ​ស្ដី​បន្ទោស​ពី​ថ្នាក់​លើ។

សមាជិក​សហគមន៍​ការពារ​ព្រៃ​ឧត្ដម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ​លោក សយ សាត បា្រប់វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ថា ប្រជា​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​អស់​សង្ឃឹម ក្នុង​ការ​ទទួល​បាន​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក វ៉ី សំណាង ទៀត​ហើយ ព្រោះ​កន្លង​មក បើ​ទោះ​បី​ជា​លោក​បាន​សន្យា​ជា​ច្រើន​ថា​នឹង​ជួយ​អន្តរាគមន៍ ទប់​ស្កាត់​ការ​កាប់​ព្រៃ​សហគមន៍ និង​រក​យុត្តិធម៌​ដល់​ប្រជា​សហគមន៍​ក្ដី ប៉ុន្តែ​ជាក់​ស្ដែង អភិបាល​ខេត្ត​រូប​នេះ មិន​មាន​ចំណាត់​ការ​អ្វី​ឡើយ។ លោក​បន្ត​ថា ដោយ​យល់​ឃើញ​ថា​អភិបាល​ខេត្ត​រូប​នេះ​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ជួយ​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ ប្រជា​សហគមន៍​បាន​ព្រមព្រៀង​គ្នា យក​ញត្តិ​ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​វិញ៖ « ចាប់​តាំង​ពី​ថ្ងៃ​ឈូស​ឆាយ រហូត​ដល់​បច្ចុប្បន្ន​នេះ តាំង​ពី​ការ​បង្ក​របួស​ស្នាម ដល់​សហគមន៍​ឧត្ដម​ស្រែ​ពស់ មាន​៧រូប មាន​ការ​ដុត​គោយន្ត បាញ់​គោយន្ត វាយ​បង្ករ​របួស​ស្នាម គ្រប់​បែប​គ្រប់​យ៉ាង តាំង​ពី​ព្រះពុទ្ធ​បដិមា​ក​បាក់​បែក​នេះ មិន​ដែល​ឃើញ​អភិបាល​ខេត្ត​ចុះ​អន្តរាគមន៍ ឬ​តាម​ស៊ើប​អង្កេត​ជន​ល្មើស​ទាំង​អស់​នោះ​ទេ។ មិន​ដែល​ឃើញ​អភិបាល​ខេត្ត​ចេញ​មុខ ដើម្បី​ធ្វើ​កិច្ច​ការ​ហ្នឹង​ទេ​ក្មួយ មិន​មាន​ទាល់​តែ​សោះ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កន្លង​មក​លោក​ធ្លាប់​បាន​ចុះ​ទៅ​ដល់​កន្លែង​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ដែរ ហើយ​លោក​ក៏​កំពុង​រក​ដៃ​គូរ​ម្ចាស់​ជំនួយ​ផ្សេង​ៗ​ដើម្បី​បោះ​បង្គោល​ឱ្យ​បាន​ច្បាស់​លាស់​រវាង​ដី​សហគមន៍ និង​ដី​សម្បទាន​ដល់​អង្គភាព ង ៧០​ដែរ។ ទាក់​ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​បំផ្លាញ​បដិមា​ព្រះពុទ្ធ ឬ​អំពើ​ហិង្សា​ផ្សេង​ៗ​ទៅ​លើ​ប្រជា​សហគមន៍ លោក​អភិបាល​ខេត្ត​រូប​នេះ​ថា គេ​នៅ​តែ​អាច​ចាប់​ជន​ទុច្ចរិត​ទាំង​នេះ​មក​ដាក់​ទោស រហូត​ដល់​រយៈ​ពេល​១០​ឆ្នាំ​ឯ​ណោះ ហើយ​លោក​ក៏​កំពុង​ស្វែង​រក​ជន​ទុច្ចរិត​ទាំង​នោះ​ដែរ តែ​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ៖ « អញ្ចឹង​ទៅ​ធ្វើ​រឿង​ហិង្សា​លើ​អ្នក​ដ៏​ទៃ អា​ហ្នឹង​រឿង​មួយ​ទៀត​បទ​ល្មើស​ព្រហ្មទណ្ឌ អា​ហ្នឹង​ចូល​គុក​អា​អូន ហើយ​យើង​អត់​ប្រលែង​ទេ យើង​នៅ​តែ​ធ្វើ​អញ្ចឹង ហើយ​គាត់​ចេះ​តែ​ចង់​បាន​ឱ្យ​យើង​ធ្វើ​ថ្ងៃ​ហ្នឹង មិន​មែន​ទេ អាហ្នឹង​ចង់​និយាយ​ឆន្ទៈ​មនុស្ស​អ្នក​ប្រព្រឹត្តិ​វា​អា​ក្រក់ វា​មាន​អំពើ​ទុច្ចរិត​នៅ​ក្នុង​ហ្នឹង។ យើង​អ្នក​ដើរ​តាម​រក​មិន​មែន​ចេះ​តែ​រក​បាន​ភ្លាម​ៗ​ឯណា បើ​អញ្ចឹង​គេ​បង្កើត​ប៉ូលិស ប៉េ​អឹម ឱ្យ​មក​តែ​មួយ​ថ្ងៃ​គេ​លុប​ចោល​វិញ​បាត់​ហើយ បើ​ថា​បទ​ល្មើស​វា​សាប​រលាប មិន​អញ្ចឹង។ វា​ត្រូវ​តែ​បន្ត និរន្តរ​ភាព​អញ្ចឹង»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស អាដ​ហុក លោក សឹង សែនករុណា យល់ថា ការ​លើក​ឡើង​របស់​លោក​អភិបាល​ខេត្ត​កំពង់ស្ពឺ គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះ​សារ គេចវេះ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​យល់​ថា ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ​គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ ហើយ​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​រក្សា​ព្រៃ​នោះ។ ជាមួយ​គ្នា​នេះ លោក សឹង សែនករុណា បន្ថែម​ថា លោក វ៉ី សំណាង គួរ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ក្នុង​ការ​ស្វែង​រក​ជន​ទុច្ចរិត ដែល​ធ្លាប់​បាន​គំរាម​កំហែង ប្រើ​អំពើ​ហិង្សា និង​បំផ្លាញ ព្រះពុទ្ធ​បដិមា​កន្លង​មក ដើម្បី​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​គោរព​នឹង​ផ្ដល់​តម្លៃ​ដល់​លោក​ឡើង​វិញ៖ « គួរ​តែ​គាត់​ដោះ​ស្រាយ​បញ្ចប់​នៅ​ពេល​ហ្នឹង​ទៅ វា​ល្អ​ប្រសើរ​ជាង ជា​ជាង​ឱ្យ​ពលរដ្ឋ​ឡើង​ទៅ វា​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​ខេត្ត​ផង ហើយ​អាច​រង​ការ​ស្ដី​បន្ទោស​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​អញ្ចឹង»

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ មាន​ទំហំ​ជាង ៨រយ​ហិកតារ (៨០០ហិកតារ) និង​មាន​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​រស់​នៅ រួម​មាន ទោច ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វា​ជា​ដើម។ កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់​មាន​ទំហំ​ជិត ៣រយ​ហិកតារ (២៦២,២៤) ហិកតារ ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ ដើម្បី​បែង​ចែក​ជូន​គ្រួសារ​យោធិន "ង-៧០” កង​រថ​ក្រោះ ៤១​គ្រួសារ និង​ពលរដ្ឋ​ក្រី​ក្រ​ជា​ច្រើន​គ្រួសារ​ទៀត សម្រាប់​សង់​លំនៅឋាន និង​បង្ក​បង្កើន​ផល។ ប៉ុន្តែ​នៅ​ពេល​ចុះ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ជាក់​ស្ដែង អង្គភាព​យោធា ង ៧០ ដែល​ជា​សេនាធិការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ បាន​ធ្វើ​ការ​ឈូស​ឆាយ​លើស​ពី​ទំហំ​ដែល​ត្រូវ​បាន​កាត់​ឆ្វៀល ដែល​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ពី​ប្រជា​សហគមន៍​រហូត​ដល់​មាន​អំពើ​ហិង្សា និង​បាន​ធ្វើ​ឱ្យ​សត្វ​ព្រៃ​ជា​ច្រើន​បាត់​ទី​ជម្រក និង​ងាប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។