មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅស្រុករវៀងខេត្តព្រះវិហារ អះអាងថា សកម្មភាពជីកយករ៉ែមាស នៅតំបន់ភ្នំលុង និងតំបន់ផ្សេងៗ ទៀត ដែលឋិតក្នុងភូមិសាស្ត្រ ឃុំរមទម្យ កើតមានច្រើនឆ្នាំមកហើយ គេពុំឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណាមួយទប់ស្កាត់នោះទេ។
អ្នកភូមិថា អាជីវកម្មរ៉ែមាសនោះ មានក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាមបានបើកការដ្ឋានជីករណ្ដៅចម្រាញ់រ៉ែមាស ជាច្រើនកន្លែងដោយមានសមត្ថកិច្ចយាមល្បាតយ៉ាងប្រុងប្រយ័ត្ន។
ប្រជាសហគមន៍រស់នៅឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារអះអាងនៅថ្ងៃទី៩ ខែធ្នូថា ធនធានរ៉ែមាសមានតម្លៃ ឋិតនៅតំបន់ភ្នំលុង និងតំបន់ផ្សេងទៀតនៃស្រុករវៀង ខេត្តព្រះវិហារ បានទទួលរងការជីកកកាយបែបអនាធិបតេយ្យជាច្រើនឆ្នាំមកហើយ។ អ្នកប្រព្រឹត្តិទាំងនោះច្រើនតែជាជនបរទេសមានជនជាតិវៀតណាម និងក្រុមហ៊ុនចិន បានឃុបឃិតជាមួយអ្នកមានអំណាចកាង អាជីវកម្មឲ្យខ្លួន។
សេចក្ដីរាយការណ៍របស់សហគមន៍អះអាងថា អ្នកមានអំណាចមួយចំនួន ក្នុងរបបលោក ហ៊ុន សែន បានកាងអាជីវកម្មរ៉ែមាសជាច្រើនកន្លែងនៅតំបន់នោះ ក្នុងនោះលោក ហ៊ីង ប៊ុនហៀង ក៏ចេញមុខកាងអាជីវកម្មរ៉ែ មាសឲ្យក្រុមហ៊ុនចិនមួយឈ្មោះ ឌែលខាម ( DELCOM )។ លើសពីនេះមានក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាមជាច្រើនទៀតដែលគេមិនស្គាល់ឈ្មោះប្រើកម្លាំងកម្មកររាប់សិបនាក់កំពុងធ្វើសកម្មភាពខូងយករ៉ែមាសជម្រៅរាប់រយម៉ែត្រ។
សហគមន៍រស់នៅស្រុករមទម្យ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពឲ្យដឹងថា ក្រុមហ៊ុនចិនបានហ៊ុមព័ទ្ធរបង នៅផ្នែកខ្លះនៅតំបន់ភ្នំលុងនិងតំបន់ផ្សេងទៀតក្នុងឃុំរមទម្យ របស់ស្រុករវាងដើម្បីខូងរណ្ដៅ និងជីករុករករ៉ែមាស។ លោកសង្ស័យថា សកម្មភាពជីកយករ៉ែមាសទាំងនោះ ជាអាជីវកម្មខុសច្បាប់ ខណៈអ្នកភូមិរកឃើញចំណុចសង្ស័យជាច្រើនដែលក្រុមហ៊ុនធ្វើដោយលួចលាក់ និងបិទបាំងព័ត៌មាន ថែមទាំងបានបញ្ជូនសមត្ថកិច្ច និងទាហានយាមល្បាតយ៉ាងតឹងរ៉ឹង៖ «ការប្រកបមុខរបប លក្ខណៈគ្រួសាររបស់អ្នកភូមិលែងមានហើយ ព្រោះរាល់ថ្ងៃមានក្រុមហ៊ុន វិស័យឯកជនបានចាប់យក ធ្វើជាកម្មសិទ្ធិអស់ហើយ។ ភ្នំអន្លង់គេមានធ្វើអាជីវកម្មរ៉ែមាសដែរ ចាស់ទំៗតែងរកអនុផលព្រៃឈើនៅតំបន់ភ្នំ និងរ៉ែមាស ដល់ពេលឥឡូវ គេព័ទ្ធរបងមិនឲ្យពួកគាត់ចេញចូលបាន»។
បុរសដដែលបន្ថែមថា អ្នកស្រុកនៅតំបន់នោះភាគច្រើនមិនហ៊ានចេញមុខតវ៉ា និងរិះគន់ អាជីវកម្មរ៉ែមាសនៅតំបន់នោះទេ ខ្លាចក្រែងអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងចាប់ដាក់គុក។ លើសពីនេះ អាជីវកម្មរ៉ែមាសទាំងនោះ មិនបានផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនៅតំបន់នោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនប្រើ ជាតិអាស៊ីត និងគីមី ចាក់ចោលលើដីបំពុលបរិស្ថាន និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋ និងសត្វពាហនៈធ្ងន់ធ្ងររយៈពេលយូរ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរដ្ឋ លោក យស មុនីរ៉ាត់ បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ដោយលោកបានចុចផ្ដាច់ទូរស័ព្ទ និងឈប់ទទួលទូរស័ព្ទនៅថ្ងៃទី៩ ខែធ្នូ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) (ហៅកាត់ អាឡិច) ប្រាប់អាស៊ីសេរីថា កូនទាហានដែលឈរនៅតំបន់នោះ បានប្រាប់ប្រជាជនមូលដ្ឋានថា លោក ហ៊ីង ប៊ុនហៀង គឺជាអ្នកនៅពីក្រោយខ្នងក្រុមហ៊ុនចិនឈ្មោះ ឌែលខាំ ដែលបានជីកចម្រាញ់រ៉ែមាសជាច្រើនឆ្នាំមកហើយ។ លើសពីនេះមានក្រុមហ៊ុនចិន និងវៀតណាមខ្លះទៀត កំពុងធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ ក្នុងនោះក៏មានក្រុមហ៊ុនខ្លះមានភាគហ៊ុន សាច់ញត្តិ លោក ហ៊ុន សែន ដែលជាហេតុធ្វើឲ្យអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជំនាញថ្នាក់ជាតិមិនហ៊ានអនុវត្តច្បាប់៖ «សកម្មភាពរ៉ែមាស ដែលកំពុងកើតឡើងនៅទីនោះ គឺគ្មាននណា ក្រៅពីត្រកូលហ៊ុននៅពីក្រោយខ្នងទេ ប្រសិនជាត្រកូលហ៊ុនមិននៅពីក្រោយក៏មិនអាចធ្វើសកម្មភាពដូចសព្វថ្ងៃបានទេ ព្រោះវាចំណេញច្រើនមែនទែន បង់ពន្ធតិចតូច ហើយធ្វើបែបលួចលាក់ៗ»។

លោក អាឡិច បន្ថែមថា តំបន់ភ្នំអន្លង់ និងតំបន់ផ្សេងទៀត ក្នុងស្រុករវៀង ខេត្តព្រះវិហារ សំបូររ៉ែមាសយ៉ាងច្រើនដែលមានក្រុមហ៊ុនផ្លូវងងឹត និងក្រុមហ៊ុនចិនមួយចំនួនជួលអ្នកមានអំណាចកាងអោយខ្លួន កំពុងធ្វើអាជីវកម្មទាញយករ៉ែមាសទ្រង់ទ្រាយធំនៅកម្ពុជា៖ «ធ្វើសកម្មភាពរ៉ែមាស ខុសច្បាប់ និងប៉ះពាល់បរិស្ថាន ប្រជាជនមូលដ្ឋាន និងរដ្ឋស្ទើរគ្មានចំណេញ និងខាតមែនទែន។ សកម្មភាពរ៉ែមាស គ្មាននិរន្តរភាព និងគ្មានគង់វង្សទេ មានន័យថា ទៅប្លន់ទៅឆក់ ធនធានក្រោមដី មិនយូរទេ ៥ឆ្នាំ យ៉ាងយូរ ឆ្នាំទៀត សល់អីទៀត គឺសល់តែសាធាតុពុលនៅក្នុងដី ក្នុងទឹក ប្រជាជនរស់នៅមិនបាន អស់មាសហើយក្រុមហ៊ុនទៅបាត់ ក្រោមលេសថា ក្ស័យធន»។
អ្នកភូមិកត់សម្គាល់ថា កាលពីអំឡុងឆ្នាំ២០១២ មានកម្មករជាង ២០ នាក់ ស្លាប់ក្នុងរណ្ដៅរ៉ែមាសនៅតំបន់នោះដោយសារបាក់រណ្ដៅ ក៏ប៉ុន្តែតួលេខរបស់អាជ្ញាធរខេត្តព្រះវិហារអះអាងថា មានពលរដ្ឋស្លាប់តែពីរនាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។