ក្រសួង​រ៉ែ​និង​ថាមពល​នឹង​រឹត​បន្តឹង​លើ​អាជីវកម្ម​ទាញ​យក​រ៉ែ​ធម្មជាតិ​ដោយ​ខុស​ច្បាប់

0:00 / 0:00

ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​ថា ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ជា​ឆ្នាំ​យុទ្ធនាការ​ធំ​ក្នុង​ការ​រឹត​បន្តឹង​លើ​អាជីវកម្ម​ទាញ​យក​រ៉ែ​ពី​ធម្មជាតិ​ដោយ​ខុសច្បាប់ និង​ត្រួតពិនិត្យ​អំពី​ចំណូល​ពី​អាជីវកម្ម​រ៉ែ​ឡើងវិញ។ទាក់ទង​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ​ស្វាគមន៍ ចំពោះ​វិធានការ​នេះ។

មន្ត្រី​ជាន់ខ្ពស់​នៃ ក្រសួង​រ៉ែ និង​ថាមពល​បង្ហាញ​ថា ការ​រឹត​បន្តឹង​លើ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ និង​អាជីវកម្ម​រ៉ែ​ផ្សេងទៀត ព្រមទាំង​មាន​វិធានការ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​លើ​អាជីវ​កម្ម​នេះ គឺជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយ។ តែ​ទោះ​យ៉ាងណា​ក្រសួង​បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​សម​ភូមិ​ក្ដៅ និង​ជា​ចំណុច​អាទិភាព​ទី​មួយ​ដែល​ក្រសួង​ត្រូវ​អនុវត្ត​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​​រ៉ែ​និង​ថាមពល លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ មីនា ​ថា ជំហាន​បន្ទាប់​ទៀត​នោះ គឺ​ឆ្នាំ​២០១៦ ក្រសួង​រ៉ែ​និង​ថាមពល​ នឹង​ត្រួតពិនិត្យ​ទៅលើ​ចំណូល​ដែល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ​ឡើងវិញ​ដោយ​ម៉ត់​ចត់។

ទន្ទឹមគ្នា​នេះ​ដែរ ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​ចំពោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​រ៉ែ ដោយ​តម្លាភាព និង​ចាត់វិធានការ​ចំពោះ​អ្នកលក់​អាជ្ញាប័ណ្ណ​បន្ត​ដោយ​គ្មាន​អនុញ្ញាត​ពី​ក្រសួង៖ «អាជីវករ​ទាំង​អស់​ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ត្រូវ​ទទួល​ខុស​ត្រូវ​ច្បាស់លាស់​ណាស់ ហើយ​មិន​អាច​យក​ទៅ​លក់​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​នោះ​បាន​ទេ»។

លោក​បន្ត​ថា នីតិវិធី​នៃ​ការ​សុំ​អាជ្ញាប័ណ្ណ​ថ្មី​របស់​ក្រសួង​បាន​រៀបចំ​រួចរាល់​ហើយ ហើយ​អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​គម្រោង​ផែនការ​អាជីវកម្ម ផលិតកម្ម​ឲ្យ​ច្បាស់លាស់​ហើយ​ត្រូវ​យក​គម្រោង​នោះ​មក​ការពារ​នៅ​ក្រសួង មុននឹង​ក្រសួង​សម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ​នោះ។ វិធានការ​នេះ​ចាត់ទុកជា​ការកែទម្រង់​ថ្មី​មួយ បន្ទាប់ពី​ក្រសួង​នេះ​បំបែក​ចេញពី​ក្រសួង​ឧស្សហកម្ម​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ និង​ស្រប​ពេល​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ជាពិសេស​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​នឹង​ផុត​កំណត់​នៅ​ចុង​ឆ្នាំ​២០១៥​នេះ។

ទាក់ទង​នឹង​ការកែទម្រង់ ឬ​វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​អានាធិបតេយ្យ​នេះ ប្រធាន​អង្គការ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល លោក ​តឹក វណ្ណារ៉ា ដែល​ធ្វើ​ឃ្លាំមើល​និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ បាន​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ជាថ្មី​នេះ និង​សូម​ឲ្យ​ការអនុវត្ត​ច្បាប់​ធ្វើឡើង​ដោយ​តម្លាភាព ព្រមទាំង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​អនុញ្ញាត​ឲ្យ​មានការ​ទាញ​យក​រ៉ែ​ពី​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព៖ «ជាពិសេស​ទាក់ទង​នឹង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ជា​មុន ហើយ​គួរ​មាន​ផែនការ​មេ​ត្រឹម​ត្រូវ​ថា​គួរ​យក​ប៉ុន្មាន ទុក​ប៉ុន្មាន​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៅ​បាត​ទន្លេ និង​រក្សា​ជីវចម្រុះ​ផង​ដែរ ទន្ទឹម​ហ្នឹង​ត្រូវ​មាន​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន​ជាមុន ដើម្បី​មាន​ទិសដៅ​ច្បាស់លាស់​ក្នុង​ការ​ស្តារ​បរិស្ថាន​ឡើង​វិញ និង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ»។

លោក​បន្ត​ថា ចំពោះ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​នីមួយៗ លោក​សូម​ឲ្យ​ធ្វើជា​ចំហ មាន​ព័ត៌មាន​ច្បាស់លាស់​ដែល​ចាំបាច់​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​ត្រូវ​មាន​ការប្រកួតប្រជែង​គ្នា​តាមរយៈ​ការ​ដេញ​ថ្លៃ​ប្រកបដោយ​យុត្តិធម៌ និង​មាន​តម្លាភាព៖ «ធ្វើ​ឲ្យ​ទិដ្ឋភាព​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ដេញ​ថ្លៃ​យក​អាជ្ញាប័ណ្ណ​នោះ​មាន​ភាព​ល្អ​ប្រសើរ និង​កាន់តែ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ»

កន្លង​មានការ​រិះគន់​ពី​ប្រពល​រដ្ឋ​ជា​ម្ចាស់​អាជីវកម្ម និង​សង្គម​ស៊ីវិល​ថា ការ​ទាញ​យក​រ៉ែ​ពី​ធម្មជាតិ​ធ្វើឡើង​ដោយ​គំហុក និង​ខ្វះ​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ពុំ​មាន​ការ​តាមដាន​សកម្មភាព​ទាញ​យក​រ៉ែ​នោះ​ឲ្យ​បាន​ម៉ត់ចត់​ឡើយ។ ចំណែក​ការ​ដេញ​ថ្លៃ​លើ​អាជីវកម្ម​នីមួយៗ មុន​បាន​អាជ្ញាប័ណ្ណ​នោះ​ ក៏​ធ្វើឡើង​មិន​ចំហ និង​មិន​មាន​ការ​ដេញ​ថ្លៃ​ដោយ​យុត្តិធម៌ និង​តម្លាភាព​ដែរ។ ទាំងនេះ​គឺ​ផ្ទុយ​ពី​ផែន​ការ​កែ​ទម្រង់​ថ្មី​របស់​ក្រសួង​រ៉ែ​និង​ថាមពល ​នៅ​ឆ្នាំ​២០១៥​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។