នៅឯខេត្តភាគឦសានឯណោះ អ្នកស្រុកខ្វល់ខ្វាយខ្លាំងពីរឿងផលប៉ះពាល់ធនធានធម្មជាតិ និង ជីវភាពរស់នៅរបស់ពួកគាត់ ពាក់ព័ន្ធនឹងការរុករករ៉ែមាសនៅតំបន់នោះ។ សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែប្រកាសជំហរមិនអនុញ្ញាតឱ្យមានវត្តមានក្រុមហ៊ុន អង្គរហ្គោល ( Angkor Gold ) ស្រាវជ្រាវរករ៉ែមាស នៅតំបន់ពួកគាត់រស់នៅ។ ការលើកឡើងនេះ ក្រោយពីតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ នៅតែព្យាយាមពន្យល់ តំណាងសហគមន៍ ពីលក្ខណៈបច្ចេកទេសស្តង់ដារ និងធានាមិនធ្វើឱ្យប៉ះពាល់ប្រជាជនក្នុងគម្រោងសិក្សារ៉ែនេះ។
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ឱ្យដឹងនៅថ្ងៃទី២៦ មករា ថា អាជ្ញាធរស្រុក បានថ្លែងប្រាប់តំណាងពលរដ្ឋ កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនស្រាវជ្រាវរ៉ែមាស នឹងសិក្សាផលប៉ះពាល់សង្គម និង បរិស្ថានផ្អែកតាមអាជ្ញាប័ណ្ណ ដែលក្រសួងអនុញ្ញាត បើទោះបីជាសហគមន៍បដិសេធក្ដី។ លោកថា អ្នកភូមិបានមូលមតិគ្នារួចហើយ ដោយជំទាស់មិនឱ្យក្រុមហ៊ុន អង្គរហ្គោល សិក្សាស្រាវជ្រាវនោះទេ។
តំណាងសហគមន៍រស់នៅភូមិគងធំ ឃុំប៉ាតេ លោក រចំ ហេងវី បារម្ភថា ទីតាំងដែលក្រុមហ៊ុនគ្រោងសិក្សា និងវាយតម្លៃផលប៉ះពាល់ ឋិតនៅចំណុចស្នូល នៃតំបន់ដែលជាដង្ហើមសេដ្ឋកិច្ច ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចចារ៉ាយ។ តំបន់នោះ មានព្រៃអារក្ស ព្រៃបម្រុងទុក ដីស្រែចម្ការ និងព្រៃសហគមន៍ជាដើម ហើយប្រសិនបើក្រុមហ៊ុននេះ ចូលទៅស្រាវជ្រាវ គឺចៀសមិនផុត ពីបាត់បង់ព្រៃឈើ ដីធ្លី និងផលប៉ះពាល់ផ្នែកបរិស្ថានផ្សេងៗជាដើមនោះឡើយ៖ «បាទអ្នកភូមិមិនចង់ឲ្យមានវត្តមានក្រុមហ៊ុនតែម្ដង គាត់បដិសេធ ព្រោះជនជាតិដើមភាគតិច ធ្វើស្រែចម្ការមិនពឹងទឹកសុទ្ធអីណា។ គាត់ពឹងទឹកអូរធម្មជាតិ តែដល់ពេលធ្វើរ៉ែបង្ហូរចូលអាង ធ្វើឲ្យពលរដ្ឋកើតជំងឺមហារីក តើនណាទទួលខុសត្រូវ ?»។
លោក រចំ ហេងវី បន្ថែមថា អ្នកភូមិចំនួន ៥ភូមិ នឹងតវ៉ាជំទាស់ វត្តមានក្រុមហ៊ុនស្រាវជ្រាវរ៉ែមាសនេះ ដើម្បីទប់ស្កាត់ហានិភ័យនានា នៅថ្ងៃខាងមុខ។ លោកថា បើទោះបីជាក្រុមហ៊ុន និងអាជ្ញាធរ ធានាដោះស្រាយ ផលប៉ះពាល់បរិស្ថាន បែបណាក្តី ក៏ពួកគាត់គ្មានជំនឿចិត្តនោះដែរ៖ « តាមដែលខ្ញុំមើល គឺគេនៅតែសិក្សាដែរ គេថា អាជ្ញាប័ណ្ណគេមានទោះបីយើងមិនឲ្យក៏គេធ្វើដែរ ព្រោះអាជ្ញាប័ណ្ណគេមាន»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងតំណាង ក្រុមហ៊ុនអង្គរហ្គោល ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី២៦ មករា។
អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បដិសេធផ្ដល់បទសម្ភាសន៍ ដល់អាស៊ីសេរីទេ នៅថ្ងៃដដែលនេះ ព្រោះលោកប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ។
ចំណែកមេឃុំប៉ាតេ លោក ឆាយ ធី ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុនដែលចុះស្រាវជ្រាវនោះ ពុំមែនជាក្រុមហ៊ុនអង្គរហ្គោលទេ គឺជាក្រុមហ៊ុនផ្សេងទៀត ដែលលោកពុំស្គាល់ឈ្មោះ មានបេសកកម្មស្រាវជ្រាវផលប៉ះពាល់បរិស្ថាន និងសង្គមចំនួន ៦ឃុំ នៅខេត្តរតនគិរី។ លោកថា ក្រុមហ៊ុននេះ គ្រាន់តែសិក្សា និងពិភាក្សាជាមួយសហគមន៍ ដើម្បីធ្វើរបាយការណ៍ជូនក្រសួងពាក់ព័ន្ធតែប៉ុណ្ណោះ៖ «គេមកសិក្សា គឺគេសួរនាំប្រជាពលរដ្ឋទេ។ ប៉ះអីមិនប៉ះអី ពលរដ្ឋព្រមមិនព្រម គេយករបាយការណ៍ហ្នឹងទៅ ក្រសួងបរិស្ថាន។ អាហ្នឹងក្រុមហ៊ុនឯកជន សិក្សាផលប៉ះពាល់ គេមិនអនុវត្តទេ»។
កាលពីចុងឆ្នាំ២០១៧ ជនជាតិដើមភាគតិចចារ៉ាយ ចំនួន ៤ភូមិ ក្នុងឃុំប៉ាតេ ប្រមាណជាង៧០០ នាក់ បានលើកគ្នាតវ៉ា នៅមុខសាលាឃុំប៉ាតេ ដោយបង្ហាញជំហរ ប្រឆាំងគម្រោងសិក្សាស្រាវជ្រាវរ៉ែនេះ ដែលពួកគាត់ចាត់ទុកថា ប៉ះពាល់ធនធានធម្មជាតិ និងសិទ្ធិរស់នៅជាមូលដ្ឋាន របស់ជនជាតិដើមភាគតិចចារ៉ាយ។
ក្រោយពីការតវ៉ារួច តំណាងពលរដ្ឋមួយចំនួន ត្រូវបានអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចកោះហៅមកសួរនាំ ពាក់ព័ន្ធការញុះញង់ ប្រមូលផ្តុំតវ៉ាឱ្យប្រព្រឹត្តបទល្មើស។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ការវិនិយោគវិស័យរ៉ែ បង្កហានិភ័យខ្ពស់ ដល់សុវត្ថិភាពបរិស្ថាន និងសង្គម ព្រមទាំងប៉ះពាល់ ដល់ជីវភាពរស់នៅរបស់សហគមន៍ជាដើម ព្រោះបទពិសោធន៍កន្លងទៅ មានក្រុមហ៊ុនរុករករ៉ែមាសមួយចំនួន នៅខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ បានធ្វើឱ្យពលរដ្ឋ ជួបការលំបាកសព្វបែបយ៉ាង។ ហេតុនេះហើយ ទើបធ្វើឱ្យសហគមន៍ខ្លាចរអា។
លោកបញ្ជាក់ថា បទពិសោធន៍ដ៏អាក្រក់នេះ គឺជាហេតុផល ធ្វើឱ្យសហគមន៍ បដិសេធ មិនឱ្យមានការសិក្សា និងវាយតម្លៃផលប៉ះពាល់បរិស្ថាន៖ «រឿងដែរពួកគេការពារខ្លួន វាជាអ្វីមួយដែរហៅថា បទពិសោធន៍អាក្រក់ខ្លះ នៃការវិនិយោគផ្នែករ៉ែហ្នឹង ធ្វើឲ្យពលរដ្ឋភ័យខ្លាចកាន់តែខ្ពស់។ ការបារម្ភពីផលប៉ះពាល់ វាជាសិទ្ធិផ្ទាល់របស់សហគមន៍ ដើម្បីឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់សិទ្ធិជនជាដើមភាគតិចដែរ»។
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ អំពាវនាវឱ្យក្រសួងសាមី ពិចារណាឡើងវិញ ពាក់ព័ន្ធការអនុញ្ញាតឱ្យក្រុមហ៊ុនស្រាវជ្រាវរ៉ែ ចូលក្នុងតំបន់ពួកគាត់រស់នៅ ដើម្បីផ្ដល់លទ្ធភាព ឱ្យអ្នកភូមិរស់ដោយសុខសាន្ត ពឹងផ្អែកលើធនធានធម្មជាតិ និងព្រៃឈើ ព្រោះការរុករករ៉ែកន្លងទៅ បង្កផលប៉ះពាល់បរិស្ថាន រួមមាន ការបំពុលទឹកអូរធម្មជាតិ បាត់បង់ធនធានធម្មជាតិ និងមានពលរដ្ឋខ្លះ ស្លាប់ដោយសារពុលទឹកអូរ ដែលក្រុមហ៊ុនបង្ហូរសារធាតុគីមីចូលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។