គណៈកម្មការ​ទី​១០​សភា​គ្រោង​ហៅ​លោក ស៊ុយ សែម មក​បំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ

0:00 / 0:00

ប្រធាន​គណៈកម្មការ​ទី​១០ ទទួល​បន្ទុក​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា គ្រោង​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម មក​បំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី។ ការ​ថ្លែង​បែប​នេះ ព្រោះ​ប្រធាន​គណៈកម្មការ​ទី​១០ និង​សមាជិក​សភា​បក្ស​ប្រឆាំង​ផ្សេង​ទៀត​យល់​ថា ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល រឿង​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​មិន​អាច​ទទួល​​បាន​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ធ្នូ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ឃី វណ្ណដេត ដែល​ចូលរួម​ជជែក​សួ​ដេញដោល​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​និយាយ​ថា ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ លោក ស៊ុយ សែម មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ព្រោះ​លោក​រដ្ឋមន្ត្រី​និយាយ​ដដែលៗ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​ទី​១០ ទទួល​បន្ទុក​ប្រឆាំង​អំពើ​ពុករលួយ លោក ហូរ វ៉ាន់ នៅ​តែ​ដាក់​ការ​សង្ស័យ​លើ​តួលេខ​នៃ​បរិមាណ​នាំ​ខ្សាច់​ចេញ​របស់​កម្ពុជា។

លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​នោះ ភាគី​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ថា ក្រសួង​គ្មាន​សិទ្ធិ​លក់​ខ្សាច់​ទេ គឺ​បាន​ត្រឹម​ប្រមូល​សួយសារ​ពី​អាជីវកម្ម​រ៉ែ​ខ្សាច់ ក្នុង​ពេល​នេះ ០,៨៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប និង​ប្រាប់​ថា ពេល​នេះ​មាន​ក្រុមហ៊ុន​ខ្សាច់​ចំនួន ៤៨ ធ្វើ​អាជីវកម្ម និង ២៦​ក្រុមហ៊ុន​កំពុង​ដំណើរ​ការ។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក ហូរ វ៉ាន់ ប្រាប់​ថា ការ​បង្ហាញ​តួលេខ​នាំ​ខ្សាច់​ចេញ​ដែល​ក្រសួង​ផ្ដល់​ឲ្យ ខុស​គ្នា​ពី​តួលេខ​ប្រទេស​សិង្ហបុរី ដែល​លោក​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​តួលេខ​នៅ​ជិត​គ្នា៖ «គាត់ (រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល) ឲ្យ​មក​តែ​ប៉ុណ្ណឹង ប៉ុន្តែ​តួលេខ​ខ្សាច់ និង​តួលេខ​តម្លៃ​នៅ​មាន​គម្លាត​ខុស​ឆ្ងាយ​ដែល​យើង​ទាមទារ ហើយ​យើង​ទទួល​យក​មិន​ទាន់​បាន​ដែល​ទាមទារ​តម្រូវ​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​យ៉ាង​ណា​ធ្វើ​ម៉េច​ថ្ងៃ​ក្រោយ​ទៅ​កុំ​អោយ​គម្លាត​ដូច​នេះ»

ក្រោយ​ការ​សួរ​ដេញដោល​ជាង ៣​ម៉ោង កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បដិសេធ​មិន​ធ្វើ​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​ទេ ដោយ​លោក​បញ្ជាក់​ថា ក្រសួង​មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​រសៀល​ក្នុង​ថ្ងៃ​ដដែល៖ «ទៅ​ក្រសួង ក្រសួង​គេ​បាន​ឆ្លើយឆ្លង​គ្នា​ហើយ»

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្កធារ៉ា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា បញ្ហា​តួលេខ​ខ្សាច់​ខុស​គ្នា​រវាង​កម្ពុជា និង​សិង្ហបុរី ព្រោះ​បច្ចេកទេស​នៃ​ការ​កត់ត្រា។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក​អះអាង​ថា បញ្ហា​តួលេខ​ខុស​គ្នា​មិន​មែន​តែ​កម្ពុជា​ទេ សូម្បី​ប្រទេស​ក៏​មាន​បញ្ហា​រឿង​តួលេខ​នេះ​ដែរ៖ «ក្រោយ​ពី​យើង​សិក្សា​ស៊ើប​អង្កេត​បញ្ហា​តួលេខ​នេះ​មក គឺ​យើង​សន្និដ្ឋាន​បាន​ថា គឺ​បញ្ហា​បច្ចេកទេស​នៃ​ការ​កត់ត្រា ប៉ុន្តែ​ក្រសួង​អត់​យក​រឿង​នេះ ដើម្បី​ជា​លេស​ដោះសា​ទេ អ្វី​ដែល​យើង​បាន​រៀន​សូត្រ​ពី​បញ្ហា​តួលេខ​នេះ យើង​ត្រូវ​មាន​ការ​កែទម្រង់​មួយ​ដែរ ដើម្បី​កុំ​កើត​មាន​បញ្ហា​ដដែលៗ»

ភ្លាមៗ​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​នេះ​ដែរ ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​បន្ថែម​ពី​ការងារ​របស់​ខ្លួន​ថា ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​មិនមែន​សមត្ថកិច្ច​ផ្ដាច់​មុខ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ទេ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ឲ្យ​ទៀត​ថា ក្នុង​រយៈពេល ៨​ឆ្នាំ​នៃ​ការ​នាំ​ខ្សាច់​ចេញ​ពី​កម្ពុជា ទៅ​សិង្ហបុរី ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ជាង ១៦​លាន​តោន។ តួលេខ​នេះ​បញ្ជាក់​ដោយ​វិក្កយបត្រ​នាំ​ចេញ ចំនួន​ជើង​កប៉ាល់​នាំ​ចេញ ឈ្មោះ​កប៉ាល់ និង​ឈ្មោះ​ក្រុមហ៊ុន ប៉ុន្តែ​ទោះ​បី​មាន​ការ​អះអាង​បែប​នេះ​ក្ដី ក្រសួង​មិន​បាន​បង្ហាញ​ទំហំ​ទឹក​ប្រាក់​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ជិត ៣​លាន​តោន (២.៧៧៤.៦១៣) គិត​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ដែល​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​វិញ មាន​រហូត​ដល់​ទៅ​ជាង ៧៣​លាន​តោន​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨)។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់​ថា ក្រសួង​គួរ​សិក្សា​ជាមួយ​ប្រទេស​សិង្ហបុរី ទាក់ទង​របាយការណ៍​នាំ​ខ្សាច់​ខុស​គ្នា​នេះ៖ «ក្រសួង​គួរតែ​ធ្វើ​ដំណើរ​មួយ​ជំហាន​ទៀត​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី ដើម្បី​វែកញែក ឬ​ក៏​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កុំ​អោយ​បញ្ហា​ខុស​តួលេខ​គ្នា​នេះ​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​សាច​ទឹក​ដាក់​គ្នា ឬ​ក៏​រុញ​គ្នា​ទម្លាក់​ទឹក»

ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​សង្គម​ស៊ីវិល​រូប​នេះ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្កធារ៉ា និយាយ​ថា ប្រសិន​មាន​ការ​ជជែក​ជាមួយ​សិង្ហបុរី រឿង​តួលេខ​នេះ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច៖ «អ៊ីចឹង​ហើយ​បើ​យើង​ទៅ​សួរ​សិង្ហបុរី ថា​អា​ម៉េច​បាន​ជា​ខុស​គ្នា​ជាមួយ​ខ្ញុំ? គេ​សើច​ខ្ញុំ​វិញ​តើ! គេ​ថា អា​ហ្នឹង​រឿង​ធម្មតា ព្រះអាទិត្យ​រះ​ពី​ទិស​ខាង​កើត​មក​លោក​ឯង​មិន​ឃើញ​ទេ? ហេតុ​អី​ខុស​តែ​ប្រទេស​អ្នក​ឯង​មួយ ចុះ​ប្រទេស​ខ្ញុំ​ខុស​ជាមួយ​អាមេរិក ខុស​ជាមួយ​អាល្លឺម៉ង់ បារាំង​ទៀត មួយ​គំនរ»

​ទោះ​មាន​ការ​ពន្យល់​យ៉ាង​ក្ដី ប្រធាន​គណៈកម្មការ​ទី​១០ ទទួល​បន្ទុក​ប្រឆាំង​អំពើ​ពុករលួយ លោក ហូរ វ៉ាន់ ថ្លែង​ឲ្យ​អាស៊ីសេរី ដឹង​បន្ថែម​ក្រោយ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​សន្និសីទ​កាសែត​ចប់​ថា លោក​នឹង​ជជែក​ជាមួយ​ក្រុម​តំណាងរាស្ត្រ និង​ប្រធាន​ក្រុម​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដើម្បី​កោះ​ហៅ លោក ស៊ុយ សែម មក​បំភ្លឺ​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ពេញ​អង្គ​តែម្ដង ព្រោះ​ការ​ពន្យល់​ដល់​គណៈកម្មការ​ទី​១០ នៅ​ពេល​នេះ មិន​អាច​ធ្វើ​ឲ្យ​លោក​ទទួល​យក​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។