ក្រសួងធនធានទឹកប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់នៅចុងខែមិថុនា
2016.06.26

ក្រសួងធនធានទឹក បានជូនដំណឹងឲ្យពលរដ្ឋប្រុងប្រយ័ត្នស្ថានភាពអាកាសធាតុដែលអាចមានភ្លៀងលាយផ្គររន្ទះ និងខ្យល់កន្ទ្រាក់នៅចុងខែមិថុនា និងដើមខែកក្កដា។ សេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ជ្រលងសម្ពាធទាបកំពុងគ្របដណ្ដប់លើកម្ពុជា បង្កើតឲ្យមានសម្ពាធទាបនៅភាគកណ្ដាលសមុទ្រចិនខាងត្បូង ហើយសម្ពាធនេះអាចបង្កើតបានកូនព្យុះ (TS)។ នៅខេត្តភាគឦសាន ក៏នឹងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតី អាកាសធាតុប្រែប្រួលរយៈពេល ៥ថ្ងៃដែរ។
ពលរដ្ឋរស់នៅតាមដងទន្លេខេត្តភាគឦសាន ព្រួយបារម្ភពីឥទ្ធិពលបាតុភូតធម្មជាតិនោះដែរ បន្ទាប់ពីផ្ទះពលរដ្ឋរាប់រយគ្រួសារត្រូវបំផ្លាញដោយខ្យល់កន្ទ្រាក់។ ពួកគាត់ចាត់ទុកគ្រោះមហន្តរាយនោះ អាចបណ្ដាលមកពីកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធ ហើយពួកគាត់ក៏អំពាវនាវឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ដើម្បីសុំការពន្យល់បន្ថែមករណីនេះបានទេ នៅថ្ងៃទី២៥ មិថុនា ព្រោះទូរស័ព្ទលោកហៅចូលច្រើនដងពុំមានអ្នកទទួល។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក រ័ត្ន ម៉ូនីដា ឲ្យដឹងថា មន្ត្រីជំនាញបានយកចិត្តទុកដាក់ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួង តាមវិទ្យុ និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីឲ្យពលរដ្ឋជ្រាប ហើយបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាក់ទិនការបម្រែបម្រួលអាកាសធាតុ។ លោកកត់សម្គាល់ថា នៅទូទាំងពិភពលោកក៏ជួបគ្រោះមហន្តរាយបាតុភូតធម្មជាតិនេះដែរ។ លោកថា ពលរដ្ឋមួយចំនួនមិនសូវចាប់អារម្មណ៍សេចក្តីជូនដំណឹងរបស់ក្រសួងទេ បណ្ដាលឲ្យធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន៖ «គ្រោះមហន្តរាយធម្មជាតិដែលកើតមកហើយ ចំពោះអ្នកមានការយល់ដឹងច្រើន អាចចៀសផុតបាន។ តែចំពោះអ្នកដែលមិនសូវយល់ដឹងមានជីវភាពក្រកម្សត់ទៅ គាត់អាចជួបគ្រោះមហន្តរាយច្រើន»។
នៅខេត្តភាគឦសាន មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមបង្ហាញថា កម្ពុជា ទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតី អាកាសធាតុប្រែប្រួលរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ មិថុនា ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿន ២-៦ម៉ែត្រក្នុងមួយវិនាទី និងមានភ្លៀងផ្គររន្ទះនៅផ្នែកខ្លះនៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
ពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ លោក ពៅ សាវាន កត់សម្គាល់ថា រយៈពេល ២ឆ្នាំហើយដែលអ្នកភូមិជាង ១០០គ្រួសារ ខូចខាតផ្ទះសម្បែងដោយសារខ្យល់កន្ទ្រាក់ និងមានពលរដ្ឋមួយចំនួនរងរបួស។ លោកថា អ្នកភូមិចាត់ទុកបាតុភូតខ្យល់កន្ទ្រាក់ គឺជាបាតុភូតដ៏សាហាវ និងបានបំផ្លាញផ្ទះពលរដ្ឋជាង ៧០ខ្នង កាលពីឆ្នាំ២០១៥ ហើយបំផ្លាញផ្ទះជាង ៩០ខ្នង ក្នុងនោះ ២៧ខ្នងរលំទាំងស្រុង និងបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់រងរបួសកាលពីខែឧសភា ឆ្នាំ២០១៦។ លោក ពៅ សាវាន ព្រួយបារម្ភថា ការបាត់បង់ព្រៃឈើជាមូលដ្ឋានចម្បងដែលកម្ពុជា ប្រឈមនឹងបាតុភូតធម្មជាតិដ៏អាក្រក់នៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត ស្របពេលដែលឃុំឃ្សឹម របស់លោក ត្រូវរងគ្រោះជាលើកទី២ នូវបាតុភូតខ្យល់កន្ទ្រាក់នោះ៖ «ខ្ញុំបារម្ភវាកើនឡើងឆ្នាំ២០១៦ និយាយរួមទៅវាកើតឡើងគ្រប់បណ្ដាខេត្តនូវខ្យល់ខ្លាំងចឹង ព្រោះឥឡូវកាប់បំផ្លាញព្រៃឈើរៀងរាល់ថ្ងៃ មានខ្យល់ចឹងទៅ»។
នៅខេត្តស្ទឹងត្រែង បាតុភូតគ្រោះធម្មជាតិនៅស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ចាប់ពីខែមេសា ឆ្នាំ២០១៦ រហូតមក ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋជាង ៦០ខ្នង ក្នុងនោះជាង ១០ខ្នងដួលរលំទាំងស្រុង (ស្រុកសៀមប៉ាង ខូចខាតផ្ទះ ២៤ខ្នង) ហើយមានពលរដ្ឋ ២នាក់ស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់ដោយសាររន្ទះបាញ់កាលពីខែឧសភា។
ដោយឡែកនៅស្រុកស្នួល ខេត្តក្រចេះ គ្រោះមហន្តរាយខ្យល់កន្ទ្រាក់បានបំផ្លាញផ្ទះពលរដ្ឋ ៥៧ខ្នង ក្នុងនោះ ១២ខ្នងដួលរលំដល់ដី។ ក្រៅពីនេះ បំផ្លាញសាលារៀនមួយខ្នង កុដិមួយខ្នង និងជន្លង់ម្រេចជិត ២ពាន់ជន្លង់ (១.៩៥០ជន្លង់) ហើយកាលពីចុងខែមេសា ពលរដ្ឋរស់នៅស្រុកស្នួល និងស្រុកសំបូរ ២នាក់ បានស្លាប់ដោយសាររន្ទះបាញ់ ក្នុងនោះពលរដ្ឋរស់នៅស្រុកស្នួល ម្នាក់ក្នុងចំណោម ៦នាក់បានស្លាប់ នៅគ្រាទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ហើយសមាជិកគ្រួសារ ៥នាក់ទៀតបានសន្លប់ដោយសាររន្ទះបាញ់នោះដែរ។
អ្នកជំនាញផ្នែកអាកាសធាតុពន្យល់ថា បាតុភូតគ្រោះធម្មជាតិបណ្ដាលមកពីសកម្មភាពមនុស្សជាឧបសគ្គចម្បងធ្វើឲ្យប្រែប្រួលស្រទាប់បរិយាកាស ដូចជាការដុតឥន្ធនៈ ផូស៊ីល ការកាប់បំផ្លាញព្រៃឈើ ការដុតព្រៃរានដីធ្វើកសិកម្ម និងការសាងសង់ពង្រីកក្រុង។ លើសពីនេះ អាចបណ្ដាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិ ឬបណ្ដាលមកពីការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស និងការប្រើប្រាស់ដី ជាដើម៕