ក្រសួងរ៉ែ និងថាមពល បានហៅការលួចធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ ថាជាសកម្មភាពល្មើសច្បាប់ ដែលនឹងត្រូវផ្ដន្ទាទោសតាមច្បាប់គ្រប់គ្រងធនធានរ៉ែ ព្រោះការបូមខ្សាច់អាចបណ្ដាលឲ្យបាក់ច្រាំងទន្លេ បើគ្មានការសិក្សាថ្មីពីផលប៉ះពាល់ និងលទ្ធភាពដែលអាចធ្វើអាជីវកម្មបាន មិនទាន់បានបញ្ចប់នៅឡើយនោះ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា អំពាវនាវឲ្យក្រុមហ៊ុន និងអាជីវករនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ បញ្ឈប់ធ្វើអាជីវកម្មខ្សាច់ខុសច្បាប់រយៈពេល ៣ខែ ទៅ ៦ខែ ដោយរង់ចាំការសិក្សាផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ចប់សិន។
ការសិក្សាពីផលប៉ះពាល់ថ្មីនេះ នឹងពិនិត្យឡើងវិញទីតាំងដែលអាចអនុញ្ញាតឲ្យបូមខ្សាច់បាន ដែលមិនធ្វើឲ្យបាក់ដីច្រាំងទន្លេ ការបិទផ្លាកកាណូត សាឡង់ ដែលធ្វើអាជីវកម្មខ្សាច់ស្របច្បាប់ ការផ្គត់ផ្គង់ខ្សាច់ទៅទីផ្សារ ការផ្តល់អាជ្ញាប័ណ្ណដោយដាក់ឲ្យដេញថ្លៃជាដើម ឲ្យអាជីវករ និងអាជ្ញាធរមូលដ្ឋានសម្រេច។
លោកបន្តថា ការសិក្សាផលប៉ះពាល់ថ្មីនេះត្រូវធ្វើមួយឆ្នាំម្តង ព្រោះទន្លេអាចប្ដូររបត់ទឹកហូរ អាចកន្លែងខ្លះខ្សាច់ដុះច្រើនចាំបាច់ត្រូវបូមចេញ ឯកន្លែងខ្លះមិនអាចបូមបានជាដើម៖ «នៅពេលដែលយើងបានស្នើសុំឲ្យអាជីវករដែលអត់ទាន់មានអាជ្ញាប័ណ្ណ កុំធ្វើអ្វីដែលខុសច្បាប់ គឺជាការតម្រូវនៃច្បាប់ ហើយដែលយើងនឹងអនុវត្តដោយម៉ឺងម៉ាត់ក្នុងរយៈពេលដែលអាជ្ញាប័ណ្ណគាត់មិនទាន់មាន ចាំរង់ចាំការសិក្សាឲ្យច្បាស់លាស់របស់យើង យើងបានជម្រាបជូនគាត់ អាចមានរយៈពេលពី ៣ខែទៅ ៦ខែ ទៅតាមការដែលសិក្សាជាក់ស្តែង ពីព្រោះអីចំណុចនេះយើងត្រូវការឲ្យច្បាស់លាស់ ដើម្បីការផ្តល់អាជ្ញាប័ណ្ណចេញទៅមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាបាក់ច្រាំងទន្លេ។ អ៊ីចឹងហើយបានជាយើងបានពិនិត្យជាមួយគ្នាឲ្យឯកភាពជាមួយគ្នា ហើយបើសិនជាការសិក្សាចេញទៅ ស្រាប់តែអាចមានកន្លែងមួយចំនួនដែលធ្លាប់មានអាជ្ញាប័ណ្ណទៅជាកន្លែង ពេលដែលទន្លេវាមានការប្រែប្រួលទៅ គឺលែងអាចផ្តល់អាជ្ញាប័ណ្ណបាន គឺចំណុចនេះគាត់នឹងត្រូវបាត់បង់កន្លែងដែលគាត់ធ្វើពីមុននោះហើយ ព្រោះអីយើងត្រូវអនុវត្តយ៉ាងណាឲ្យបានត្រឹមត្រូវទៅតាមការសិក្សាជាក់ស្តែង ហើយចៀសវាងផលប៉ះពាល់ទៅលើប្រជាជនយើង»។
ការអំពាវនាវរបស់ក្រសួងរ៉ែ និងថាមពល ធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ នៅក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការខ្សាច់រវាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្តកណ្តាល មន្ត្រីរាជធានីភ្នំពេញ មន្ត្រីតុលាការ និងអាជីវករប្រមាណ ៥០នាក់នៅសណ្ឋាគារសាន់វ៉េ (Sunway Hotel)។
លោក ឌិត ទីណា បន្តថា ការផ្អាកអាជីវកម្មខ្សាច់នេះ គឺផ្ដោតតែចំពោះក្រុមហ៊ុនដែលអត់ច្បាប់ ឬអស់សុពលភាពអាជ្ញាប័ណ្ណ ហើយនៅលួចលាក់ធ្វើអាជីវកម្មខ្សាច់ទៀតនោះ។ បើនៅតែលួចបូម ឬជីកខ្សាច់ ក្រសួងរ៉ែ និងថាមពល នឹងអនុវត្តទោសទៅតាមមាត្រា៣៥ នៃច្បាប់គ្រប់គ្រងធនធានរ៉ែ និងពិន័យជាប្រាក់ច្រើនលានរៀល។ លោកបន្តថា ចំពោះក្រុមហ៊ុនដែលអាជ្ញាប័ណ្ណនៅសុពលភាពអាចបន្តអាជីវកម្មបាន។ លោកឲ្យដឹងថា ការបូមខ្សាច់ទន្លេ គឺមានតែក្រុមហ៊ុន សុខ ទៀង មួយគត់ដែលអាជ្ញាប័ណ្ណនៅមានសុពលភាព ហើយកំពុងបូមខ្សាច់ទន្លេនៅកោះអន្លង់ចិន ខេត្តកណ្ដាល។ លោកថា ករណីកាណូតបូមខ្សាច់នៅម្តុំមុខព្រះបរមរាជវាំង ជ្រោយចង្វារ ស្រុកល្វាឯម ស្រុកស្អាង ស្រុកមុខកំពូល ជាដើម គឺគ្មានច្បាប់អនុញ្ញាតទេ។ លោកបន្តថា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ មន្ត្រីអធិការកិច្ចក្រសួងរ៉ែ និងថាមពល ចាប់បានទូក ២គ្រឿង ដែលលួចបូមខ្សាច់ក្នុងទន្លេពេលយប់នៅខេត្តកណ្ដាល។ មន្ត្រីអធិការកិច្ចក្រសួងនេះបានហៅអប់រំ ណែនាំឲ្យផ្អាកបូមខ្សាច់រួចស្រេចហើយ។
នៅក្នុងការពិភាក្សាពីអាជីវកម្មខ្សាច់នោះ តំណាងក្រុមហ៊ុនផលខ្មែរអភិវឌ្ឍន៍ លោក មួង សៅខន ថ្លែងថា ក្រុមហ៊ុនបានផ្អាកអាជីវកម្មបូមខ្សាច់ទន្លេនៅព្រែកទន្លាប់ ព្រំប្រទល់ខេត្តកណ្ដាល និងខេត្តព្រៃវែង ៥ឆ្នាំហើយ ដោយសារក្រុមហ៊ុននេះសុំអាជ្ញាប័ណ្ណនាំចេញខ្សាច់ តែគេបិទ។ ឥឡូវក្រសួងរ៉ែ និងថាមពល ឲ្យរង់ចាំពី ៣ ទៅ ៦ខែ គឺក្រោយពីសិក្សាផលប៉ះពាល់រួចរាល់ ការហាមនោះ គឺវាប៉ះពាល់ដល់របររកស៊ី និងការបើកប្រាក់ខែជូនកម្មករ និងបង់ថ្លៃជួលម៉ាស៊ីន គ្រឿងចក្រជាដើម។ លោកមិនបង្ហាញការខាតបង់ពីប្រាក់ចំណូលប្រចាំខែទេ៖ «បើបានធ្វើទៅទើបបានចំណេញ បើអត់បានធ្វើ វាអត់បានចំណេញ។ សួរថាបានចំណេញប៉ុន្មានខាតប៉ុន្មាន? ខ្ញុំឆ្លើយម៉េចរួច ព្រោះអាហ្នឹងសំខាន់ ថាពេលដែលយើងបើក វាមានអ្នកទិញប៉ុន្មាន? ដល់ពេលយើងបិទវាអស់ប៉ុន្មាន? រួចអ្នកទិញវាអត់ទៀត ថ្ងៃនេះ និងថ្ងៃស្អែកក៏ខុសគ្នាដែរ»។
ដូចគ្នាដែរ តំណាងក្រុមហ៊ុនប្រទេសកូរ៉េ ផ្នែកលក់បេតុង ខាំបូស៊ីយ៉ាណា លោក ឯក រង្ស៊ី ឲ្យដឹងថា ចាប់ពីខែមីនា មកបច្ចុប្បន្ន ខ្សាច់បានឡើងថ្លៃ ៥០% ពីតម្លៃមួយម៉ែត្រគូបជាង ១០ដុល្លារ ទៅជាង ២០ដុល្លារ ខ្សាច់គ្រើម។ បើក្រសួងរ៉ែ និងថាមពល នៅតែពន្យារការបូមខ្សាច់ទន្លេ និងជីកខ្សាច់ចាប់ពី ៣ខែទៅ ៦ខែ រាប់ពីខែមេសា នេះទៅ វាអាចប៉ះពាល់ការចែកចាយបេតុងរបស់ក្រុមហ៊ុនសំណង់នេះដែរ៖ «សង្ឃឹមថាទិញខ្សាច់បក ប៉ុន្តែខ្សាច់បកវាថ្លៃ ១៣ដុល្លារក្នុង១គូប ឬ ១៥ដុល្លារ»។
ទោះជាមានការត្អូញត្អែរពីក្រុមអាជីវករដូច្នេះក្តី រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅតែប្រកាសឲ្យរង់ចាំពី ៣ខែទៅ ៦ខែ ក្រោយការចុះសិក្សាផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម រួចរាល់សិន ទើបចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាប័ណ្ណចាស់ឲ្យទៅអាជីវករ និងក្រុមហ៊ុនទាំងអស់បាន។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា ដើម្បីឲ្យមហាជនចូលរួមផ្តល់ដំណឹងពីការលួចបូមខ្សាច់ខុសច្បាប់នេះ គឺសូមទាក់ទងទូរស័ព្ទលេខ ៧២៧ និងលេខ ០៩៥ ៧២៧ ៧២៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។