ក្រសួង​បរិស្ថាន​គ្រោង​ចាត់​វិធានការ​រោងចក្រ​ដែល​សង់​សំណង់​បំពុល​ប្រភព​ទឹក

ដោយ អ៊ុំ រង្សី
2016.07.07
Share on WhatsApp
Share on WhatsApp
សាយ សំអាល់ ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី​២ ស្ដីពី​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

ក្រសួង​បរិស្ថាន នឹង​ធ្វើ​ច្បាប់​មួយ​ដើម្បី​ចាត់​វិធានការ​ចំពោះ​រោងចក្រ​ណា​ដែល​សាងសង់​សំណង់​ក្បែរ​ប្រភព​ទឹក និង​បង្ហូរ​កាក​សំណល់​កខ្វក់​ចូល​ប្រភព​ទឹក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ និង​សុខភាព​ប្រជាពលរដ្ឋ។ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បរិស្ថាន បង្ហាញ​ការ​គាំទ្រ ប៉ុន្តែ​ចង់​ឃើញ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព

ក្រសួង​បរិស្ថាន ចាត់​ទុក​ការ​សាងសង់​សំណង់​រោងចក្រ​ក្បែរ​ប្រភព​ទឹក រួច​បង្ហូរ​ទឹក​ស្អុយ ព្រម​ទាំង​កាក​សំណល់​កខ្វក់​ចូល​ទៅ​ក្នុង​ប្រភព​ទឹក ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភណភាព បរិស្ថាន​ក្នុង​ទឹក និង​សុខភាព​មនុស្ស។

ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី​២ ស្ដីពី​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ មាន​ប្រសាសន៍​ថា ក្រសួង​គ្រោង​ចាត់​វិធានការ​ចំពោះ​រោងចក្រ​ណា​ដែល​សាងសង់​សំណង់​រោងចក្រ​ក្បែរ​ប្រភព​ទឹក រួច​បង្ហូរ​ទឹក​ស្អុយ ព្រម​ទាំង​កាក​សំណល់​ចូល​ទៅ​ក្នុង​ប្រភព​ទឹក ដោយ​មិន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​បាន​ត្រឹមត្រូវ និង​បំពាន​ច្បាប់។

បន្ថែម​ពី​នេះ ទីប្រឹក្សា​ក្រសួង​បរិស្ថាន លោក ឯ វុឌ្ឍី ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ឲ្យ​វិធានការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព ជា​ជំហាន​ដំបូង ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់​ទីតាំង​រោងចក្រ​ផ្ទាល់ រួច​អប់រំ​ម្ចាស់​រោងចក្រ ប៉ុន្តែ​ករណី​មិន​អនុវត្ត​តាម ក្រសួង​នឹង​ធ្វើ​ការ​ពិន័យ ឬ​ឈាន​ទៅ​បញ្ឈប់​ការ​សាងសង់«កាល​ណា​យើង​មាន​ករណី​ចឹង ជាពិសេស​ក្រសួង​បរិស្ថាន នៅ​ពេល​ដែល​មាន​បញ្ហា​នេះ យើង​តែងតែ​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង។ តើ​មក​ពី​មូលហេតុ​អ្វី? ហេតុ​អ្វី​បាន​ជា​មាន​ជាតិ​ពុល ហើយ​យើង​នឹង​ណែនាំ​ទៅ​គាត់​ឲ្យ​យល់​ពី​បញ្ហា​នេះ ឲ្យ​គាត់​កែលំអ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​ឡើង​វិញ។ នេះ​វិធានការ​ដែល​យើង​ត្រូវ​ធ្វើ»

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​នៅ​កម្ពុជា (WWF Cambodia) លោក ឈិត សំអាត សង្កេត​ឃើញ​ថា កាក​សំណល់​សំរាម និង​ទឹក​ស្អុយ​កខ្វក់ ត្រូវ​បាន​រោងចក្រ ម្ចាស់​សណ្ឋាគារ កាស៊ីណូ ផ្ទះ​សំណាក់ និង​អាហារដ្ឋាន​ភាគ​ច្រើន​ដែល​មាន​ទីតាំង​នៅ​ជាប់​ប្រភព​ទឹក លួច​បង្ហូរ​ចូល​ទន្លេ បឹង និង​សមុទ្រ​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​នោះ​ទេ«កន្លង​មក​យើង​ឃើញ​ថា រោងចក្រ​ភាគ​ច្រើន​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​កខ្វក់​ចេញ​ពី​ទីតាំង​នីមួយៗ​តាម​លូ ហើយ​មាន​ក្លិន​ស្អុយ បាន​ធ្វើ​ឲ្យ​ត្រី​រាប់​តោន​ងាប់​អស់​រាប់​ម៉ឺន​តោន។ ក្រសួង​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​បញ្ហា​បរិស្ថាន​វា​សំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស និង​សត្វ»

សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី​២ ស្ដីពី​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ក៏​អះអាង​ថា ក្នុង​អាណត្តិ​របស់​លោក លោក​នឹង​ធ្វើ​ច្បាប់​មួយ​មាន​ឈ្មោះ​ថា "ក្រម​បរិស្ថាន" នឹង​ធ្វើ​ឲ្យ​ចេញ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ឲ្យ​កិច្ច​ការពារ​រាល់​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព ហើយ​លោក​នឹង​ធ្វើ​ឲ្យ "ក្រម​បរិស្ថាន" នេះ ក្លាយ​ជា​មគ្គុទ្ទេសក៍​សម្រាប់​ស្ថាបនា និង​គ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា ឲ្យ​មាន​និរន្តរភាព។

ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មក​ពី​អង្គការ​សហប្រជាជាតិ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា (UNDP) ដែល​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​បរិស្ថាន ពង្រឹង​ច្បាប់​បរិស្ថាន​ដែល​មាន​ស្រាប់​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។