ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រួយបារម្ភអំពីការកើនឡើងនៃការប្រើអំពើហិង្សា ការគំរាមកំហែង និងការចោទប្រកាន់សកម្មជនការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។
ការព្រួយបារម្ភអំពីការប្រើអំពើហិង្សា ការគំរាមកំហែង និងការចោទប្រកាន់សកម្មជនការពារធនធានធម្មជាតិ ត្រូវបានតំណាងជនជាតិដើមភាគតិចព្នងចំនួន ៩រូប បង្ហាញក្នុងសន្និសីទសារព័ត៌មានមួយដែលសម្របសម្រួលដោយសមាគមការពារសិទ្ធិមនុស្ស អាហុក (ADHOC) នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ កក្កដា។
តំណាងជនជាតិដើមភាគតិចព្នងមួយរូប លោកស្រី ខ្វើង ទុំ ថ្លែងថា អ្នកភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងតែព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតពីក្រុមឈ្មួញ និងអ្នកមានអំណាចនៅក្នុងខេត្តនេះ៖ «សហគមន៍ប្រមូលផ្ដុំគ្នាទៅល្បាត។ ទៅលើកទីមួយអត់អីទេ ទីបីអត់អីទេ។ លើកទីបួនហ្នឹង បានធ្វើសកម្មភាពគំរាមកំហែងពួកខ្ញុំ។ ជារឿយៗ ពេលល្បាត ប្រាប់មេភូមិមេឃុំ គេថា មិនបាច់ទៅល្បាតទេ ប្រយ័ត្នគេសម្លាប់ចោល មានរឿងរ៉ាវប្រឈមគ្រោះថ្នាក់»។
មន្ត្រីស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក ឱ្យដឹងថា ជនជាតិដើមភាគតិចព្នង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានទំនាស់ជាមួយក្រុមហ៊ុន វីឡេក ឌីវឺឡប់ម៉ែន (Village Development) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។
អ្នកភូមិមួយរូបទៀត គឺលោកស្រី មអារ ងំ មានប្រសាសន៍ថា ពួកអ្នកឡៅកា ចាប់មានបញ្ហាមិនអាចប្រកបរបបរកអនុផលក្នុងព្រៃឈើបានចាប់តាំងពីឆ្នាំ២០១០ មក គឺនៅពេលក្រុមហ៊ុនឈូសឆាយដី និងកាប់ឈើប្រណិតនៅព្រៃសហគមន៍របស់ពួកគាត់៖ «ពួកខ្ញុំមិនអាចរកស៊ីបាន។ ឥឡូវហ្នឹងមិនអាចដើរព្រៃម្នាក់ឯងបានទេ។ ពីមុនដើរសេរី ខ្លាចតែខ្មោចទេ។ ឥឡូវខ្លាចមនុស្ស។ គេគំរាមកំហែង ខ្លាចមែនទែន។ បើដើរបួនដប់នាក់ម្ភៃនាក់។ ពីមុនតែពីរក៏បានដែរដើរព្រៃ តែឥឡូវយ៉ាប់»។
ក្នុងរយៈពេលដើមឆ្នាំ២០១៤ នេះ អ្នកភូមិឡៅកា បានល្បាតការពារព្រៃសហគមន៍ចំនួន ៤ លើករួចមកហើយ ហើយចាប់បញ្ជូនសម្ភារៈមួយចំនួនបញ្ជូនទៅអាជ្ញាធរ ប៉ុន្តែរាល់លើកអាជ្ញាធរប្រគល់សម្ភារៈទាំងនោះទៅឱ្យក្រុមហ៊ុនវិញ។ ពួកអ្នកភូមិឡៅកា នាំគ្នាមករកអន្តរាគមន៍ពីសមាគមសិទ្ធិអាដហុក នៅរាជធានីភ្នំពេញ គឺដើម្បីផ្សព្វផ្សាយព័ត៌មាននៅពេលដែលគាត់អស់ជំនឿលើអាជ្ញាធរនៅមូលដ្ឋាន។ ពួកគាត់ថ្លែងថា ពួកគាត់នឹងបន្តសកម្មភាពការពារព្រៃសហគមន៍នោះតទៀត។
ប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ថ្លែងថា ក្នុងអំឡុងដើមឆ្នាំ២០១៤ មានសកម្មជនការពារធនធានធម្មជាតិជាជនជាតិដើមភាគតិចយ៉ាងហោចណាស់ ១១០នាក់ រងអំពើហិង្សា ការគំរាមកំហែង ការចោទប្រកាន់ និងការចាប់ខ្លួនដាក់ពន្ធនាគារ។
លោក នី ចរិយា បង្ហាញពីការព្រួយបារម្ភ និងកត់សម្គាល់ចំពោះឥរិយាបថរបស់អាជ្ញាធរមូលដ្ឋាន ដែលមិនសូវអើពើទទួលស្គាល់ និងគាំទ្រសកម្មភាពរបស់អ្នកការពារធនធានធម្មជាតិទាំងនោះទេ ហើយចាត់ទុកសកម្មជនការពារព្រៃឈើទាំងនោះថា ជាអ្នករារាំងការអភិវឌ្ឍន៍ទៅវិញ៖ «ចំពោះខ្ញុំមួយ បើសិនជានៅបន្តអ៊ីចឹងទៀត ម្ដងហ្នឹងប្រហែលជាដូចជាឡានហ្នឹង ពួកខ្ញុំដើរល្បាតលើកក្រោយដុតហើយ អត់ទុកទេ។ ផ្ញើសារទុកប្រាប់អ៊ីចឹង។ មិនយក ឬលីទៅរួចទេ។ បើសិនជាឡានជួបទៀត ខ្ញុំសុំដុតមែនទែនហើយ ខ្ញុំសុំប្រាប់អ៊ីចឹង។ បើថាត្រង់ហ្សើនើរ អាចយកមកផ្ទះបាន។ ហេតុអីបានជាពួកខ្ញុំមិនចង់ឱ្យទៅគេ ត្រង់ហ្សើនើរ? គ្រាន់តែយកឡានជូនទៅគេ គេពន្លែងអស់រលីង ហើយមិនបានកាត់ទោសពីតុលាការ អត់បានសម្រេចពីតុលាការផងហ្នឹង។ គេលែងចេញ»។
លោក នី ចរិយា ឱ្យដឹងថា បន្ទាប់ពីសន្និសីទសារព័ត៌មានអំពីបញ្ហាព្រៃឈើ និងជនជាតិដើមភាគតិចនៅភូមិឡៅកា ខេត្តមណ្ឌលគិរី លោកនឹងផ្ញើសារទាំងនេះដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដើម្បីឱ្យយកចិត្តទុកដាក់ឡើងវិញ ក្នុងការធានាសុវត្ថិភាពតំណាងសហគមន៍ និងជនជាតិដើមភាគតិចដែលខំការពារធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។