អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ពិចារណា​ផ្អាក​ការ​សិក្សា ឬ​រៀន​តាម​អន​ឡាញ ក្នុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង

0:00 / 0:00

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ពិចារណា​ផ្អាក​ការ​សិក្សា ឬ​ងាក​មក​រៀន​តាម​អនឡាញ​វិញ មួយ​រយៈ​សិន ក្នុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ដើម្បី​កាត់បន្ថយ​បញ្ហា​នានា ដែល​អាច​កើតឡើង​ដោយសារ​កម្ដៅ​ខ្លាំង។

សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​កាត់បន្ថយ​ម៉ោង​រៀន ដោយ​ត្រូវ​ផ្លាស់ប្ដូរ​ម៉ោង​ពេល​ចូល និង​ចេញ​ពី​រៀន នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង នៅ​រដូវប្រាំង​ឆ្នាំ​នេះ។

ក្នុង​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង ដោយ​សីតុណ្ហភាព​ប្រចាំថ្ងៃ​អាច​ឡើង​ដល់ ៤៣​អង្សា​សេ សមាគម​ផ្នែក​អប់រំ​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ពិចារណា​ផ្អាក​ការ​សិក្សា​នៅ​តាម​សាលា​រដ្ឋ ឬ​ងាក​មក​រៀន​តាម​អនឡាញ​វិញ ជា​បណ្ដោះអាសន្ន ចៀសវាង​ឱ្យ​សិស្ស​ទៅ​សាលារៀន​នៅ​ពេល​រសៀល​ដែល​ជា​ពេល​កម្ដៅ​ឡើង​ខ្លាំង និង​មាន​រយៈពេល​យូរ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃទី​៣០ ខែ​មេសា ថា លោកស្រី​គាំទ្រ​គោលការណ៍​កាត់បន្ថយ​ម៉ោង​រៀន​នៅ​តាម​សាលា​របស់​ក្រសួង​អប់រំ ប៉ុន្តែ​អ្នកស្រី​ថា វេន​រៀន​នៅពេល​រសៀល​នៅតែ​ជា​បញ្ហា​ចោទ​ព្រោះ​រយៈពេល​នោះ​កម្ដៅ​មិន​បាន​ថមថយ​នៅ​ឡើយ​ទេ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ពេលខ្លះ​យើង​អាច​រៀន​អនឡាញ​អី​ខ្លះ នៅពេល​ល្ងាច​អី​ខ្ញុំ​គិតថា ប្រសើរ​ជាង​ទៅ​សាលា​ព្រោះ​ម៉ោង ២ ក៏​កំពុងតែ​ក្ដៅ​ខ្លាំង​ដែរ​។ បើ​យើង​មើលទៅ​ថ្នល់​វិញ​វា​ហាក់ដូចជា បាយ​ពុះ​អ៊ីចឹង​ព្រោះ​អី​ជិះ​កាត់​ថ្នល់ជាតិ​គឺ​ក្ដៅ​ខ្លាំង​ហ្មង​គឺ​សឹងតែ​ចង់​ស្រក់ឈាម នេះ​ខ្ញុំ​ខ្លួនឯង​ពេល​ធ្វើ​ដំណើរ​តាម​ថ្នល់ជាតិ​។ គួរតែ​អ្នករៀន​ល្ងាច​ហ្នឹង​រៀន​តាម​អនឡាញ​អី​ទៅ​អាច​វា​កាត់បន្ថយ​បន្តិច​ព្រោះ​នៅផ្ទះ​អាច​មាន​កង្ហារ​ដាក់​ជុំវិញ​ខ្លួន​រៀន​បាន»។

អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ថែម​ថា ចំពោះ​កុមារ​តូច ដែល​រៀន​នៅ​ថ្នាក់​ថែទាំ​កុមារ​តូច និង​ថ្នាក់​មត្តេយ្យ ក្រសួង​គួរតែ​ផ្អាក​សិន ដើម្បី​ឱ្យ​កុមារ​បាន​នៅផ្ទះ​គេច​ចេញ​ពី​កន្លែង​ដែល​មាន​កម្ដៅ​ខ្លាំង និង​ប្រមូលផ្ដុំ​មនុស្ស​ច្រើន។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «កុមារ​តូច​ថ្នាក់​គាត់​មួយ​ថ្នាក់​៦០​នាក់ ៧០​នាក់​អី អ៊ីចឹង​ពេលខ្លះ​ថ្នាក់​គាត់​ហ្នឹង​គឺ​អត់​មាន​កង្ហារ​ទេ បើសិនជា​គាត់​មាន​កង្ហារ​គឺ​អាច​វា​គ្រាន់បើ​បន្តិច​។ គ្មាន​កង្ហារ​ហើយ​ដំបូល​ទាប ដំបូល​ស័ង្កសី​ទៀត អ៊ីចឹង​វា​ធ្វើ​ឱ្យ​គាត់​ក្ដៅ​ខ្លាំង​ណាស់»។

ការ​បញ្ចេញ​ទស្សនៈ​នេះ​ធ្វើឡើង​នៅ​ក្រោយ​ពេល ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី​៣០ ខែ​មេសា ណែនាំ​បណ្ដា​គ្រឹះស្ថានសិក្សា​ទាំងអស់​ចាត់ចែង​ប្ដូរ​ម៉ោង​រៀន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​ពេល​មាន​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង​។ ក្នុង​នោះ​ក្រសួង​ណែនាំ​ថា ពេលព្រឹក​ចូលរៀន​នៅ​ម៉ោង ៧:០០ ចេញ​នៅ​ម៉ោង ១០:០០ ពេល​រសៀល​ចូល​ម៉ោង ២:០០ ចេញ​ម៉ោង ៥:០០​។ ជាមួយ​គ្នា​នេះ​ក្នុង​ម៉ោង​សិក្សា​គ្រូបង្រៀន​ត្រូវ​ឱ្យ​សិស្ស​ឈប់សម្រាក ឬ​ចេញលេង​រយៈពេល​១៥​នាទី ត្រៀម​ទឹក​សម្រាប់​ប្រើប្រាស់ និង​ណែនាំ​ឱ្យ​សិស្ស​យក​ទឹក​ឆ្អិន​ពី​ផ្ទះ​ទុក​ផឹក។

ក្រសួង​បញ្ជាក់​ថា គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​គោលការណ៍​នេះ​រហូត​ផុត​រដូវក្ដៅ និង​មាន​សិទ្ធិ​សម្រេច​តាម​ស្ថានភាព​ជាក់ស្ដែង​រៀងៗ​ខ្លួន។

វិធានការ​បន្ទាន់​របស់​ក្រសួង​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​រដូវប្រាំង​ឆ្នាំ​២០២៤​នេះ អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង ដែល​សីតុណ្ហភាព​ឡើង​ក្ដៅ​ដល់​ជាង ៤០ អង្សា​សេ។

ទាក់ទង​នឹង​រឿង​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ គឺ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី​ក៏​ជួបប្រទះ​រឿង​នេះ​ដូចគ្នា ហើយ​តាម​ប្រទេស​ខ្លះ​បាន​ផ្អាក​ការសិក្សា​របស់​សិស្ស​ដែរ​។ លោក​ថា ក្នុងករណី​ដែល​សិស្ស​នៅតែ​ត្រូវ​ទៅ​សាលា លោក​ណែនាំ​ឱ្យ​ទាំងអស់គ្នា​បង្កើន​ការ​យកចិត្តទុកដាក់​កាត់បន្ថយ​កម្ដៅ​ខ្លាំង និង​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់។

វេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «កូនចៅ​យើង​ដែល​ចេញទៅ​សាលារៀន​ហ្នឹង​ឱ្យ​គាត់​មាន​ទឹក​មានអី​តាម​ខ្លួន​ឱ្យ​បាន​គ្រប់គ្រាន់ ពិសេស​ទឹក​ត្រជាក់​ចេញពី​ទូរ​ទឹកកក ឱ្យ​គាត់​ញ៉ាំ​ទឹក​ត្រជាក់​ហ្នឹង​តាម​ខ្លួន​។ វា​អាច​កាត់បន្ថយ​ច្រើន​ដែរ​។ បើសិនជា​ក្ដៅ​ខ្លាំង​ឱ្យ​មាន​កន្សែង​ត្រជាក់​ជ្រលក់​ទឹក ដើម្បី​រុំ​ក ឬ​ទទូរ​នៅ​លើ​ក្បាល ពេល​រសៀល​ម៉ោង​២ ម៉ោង​៣ ហ្នឹង​វា​ក្ដៅ​ខ្លាំង​។ យើង​គួរណា​តែ​មាន​ទុយោ​ទឹក​បាញ់​ទីធ្លា​សាលា​ឱ្យ​បាន​ជោកជាំ ដើម្បី​ឱ្យ​មាន​សំណើម ពេល​ហ្នឹងហើយ​វា​អាច​ជួយ​ច្រើន​ទៅដល់​ក្មេង​ដែល​កំពុង​សិក្សា»។

កម្ដៅ​ខ្លាំង​ហួតហែង និង​ហប់​ខ្យល់​ធ្វើ​ឱ្យ​មនុស្ស​មាន​សីតុណ្ហភាព​ក្នុង​ខ្លួន​លើស​ពី​៣៩​អង្សា​សេ មុខ​ឡើង​ក្រហម ជីពចរ​ដើរ​ញាប់ ឈឺក្បាល វិលមុខ ចង់​ក្អួត បែក​ញើស​ខ្លាំង និង​មាន​អារម្មណ៍​ច្របូកច្របល់ ករណី​ធ្ងន់ធ្ងរ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ជំងឺ​ផ្សេងៗ​ទៀត ដែល​អាច​ឱ្យ​សន្លប់​ភ្លាមៗ និង​ស្លាប់​បាន។

ជុំវិញ​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ប្រាប់​សារព័ត៌មាន AP​ថា ក្នុង​សប្ដាហ៍​នេះ តំបន់​ខ្លះ​អាច​មាន​សីតុណ្ហភាព​ឡើង​ដល់ ៤៣ អង្សា​សេ ដែល​កម្ដៅ​ខ្លាំង​បែបនេះ​មិន​ធ្លាប់​មាន​ទេ​នៅក្នុង​រយៈពេល ១៧០​ឆ្នាំ​មកនេះ​។ មន្ត្រី​ដដែល​អះអាង​ថា សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ដល់ ជាង ៤២ អង្សា​សេ​ធ្លាប់​កើតមាន​នៅ​ក្នុង​ឆ្នាំ​២០១០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។