មន្ត្រីក្រុមប្រឹក្សាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី ស៊ើបអង្កេតផ្តល់យុត្តិធម៌ដល់ពលរដ្ឋដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងបទចោទថាធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។ ចំណែកមន្ត្រីជំនាញអះអាងថា មានសាក្សី វត្ថុតាងពិតប្រាកដ ថាប្រជាពលរដ្ឋពិតជាធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ហាមឃាត់។
ការអំពាវនាវនេះ ធ្វើឡើងមួយថ្ងៃក្រោយពេលចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនស្ត្រីពីរនាក់ពីបទធ្វើអាជីវកម្មរ៉ែគ្មានការអនុញ្ញាត។
ស្ត្រីឈ្មោះ ស៊ូ មាណាន ជាម្ចាស់គ្រឿងចក្រកាយដីរបស់ក្រុមហ៊ុនអេស.ភី.អិន.ឌី (SPND) និងស្ត្រីឈ្មោះ សំ យ៉េត ប្រជាពលរដ្ឋភូមិអន្ទ្រងសាមគ្គីមានជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ត្រូវចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃទី១០ ខែមករា។
ជំទប់ទី១ ឃុំពូជ្រៃ លោក អីត កៃ បញ្ជាក់នៅថ្ងៃទី១១ ខែមករា ថា ស្ត្រីទាំងពីរនាក់នេះមិនមានចេតនាធ្វើអាជីវកម្មរ៉ែមាសអ្វីទេ ពីព្រោះស្ត្រីម្នាក់ជាម្ចាស់គ្រឿងចក្រ និងម្នាក់ទៀតជាប្រជាពលរដ្ឋដែលជួលគ្រឿងចក្រមកកាយស្រះ សម្រាប់យកទឹកប្រើប្រាស់ ក៏ប៉ុន្តែដោយសារតែតំបន់នោះមានរ៉ែមាស ពេលគ្រឿងចក្រកាយដល់ជម្រៅ ៤ម៉ែត្រដល់ស្រទាប់រ៉ែ ទើបអ្នកភូមិនាំគ្នាយករ៉ែនោះរែងរកមាសតាមទម្លាប់នៅតំបន់នោះតែប៉ុណ្ណោះ។ លោកបន្តថា ក្រុមសមត្ថកិច្ចមិនបានជូនដំណឹងឲ្យអាជ្ញាធរអប់រំ ឬណែនាំប្រជាពលរដ្ឋយល់ដឹងបញ្ហានេះទេ ប៉ុន្តែបានដាក់កងកម្លាំងរាប់រយនាក់ចុះបង្ក្រាប និងចាប់ខ្លួនស្ត្រីទាំងពីរនាក់ មុនពេលអាជ្ញាធរមូលដ្ឋានទៅដល់កន្លែងកើតហេតុ៖ « ប្រជាពលរដ្ឋគាត់មកច្រើន តំណាង ហើយមេភូមិគាត់សំណូមពរគាត់ថា ហេតុអ្វីបានជាអាជ្ញាធរ និងខាងមន្ទីរមិនបានផ្សព្វផ្សាយដល់ពួកគាត់ »។
ប្រជាពលរដ្ឋភូមិអន្ទ្រងសាមគ្គីមានជ័យ ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមករា សមត្ថកិច្ចចម្រុះប្រមាណ ១០០នាក់ប្រដាប់ដោយអាវុធ បានបើករថយន្តច្រើនគ្រឿងចូលមកដល់វត្តក្នុងភូមិ ហើយចាប់ខ្លួនស្ត្រីពីរនាក់ក្រោយមួយថ្ងៃ ដែលក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថចម្រុះខេត្តក្រចេះ និងអាវុធហត្ថផ្ទៃប្រទេស បានរឹបអូសគ្រឿងចក្រកាយដីពីរគ្រឿង ដែលកំពុងកាយស្រះរបស់ប្រជាពលរដ្ឋ។
ម្ចាស់គ្រឿងចក្រជាប្ដីរបស់ស្ត្រីជាប់ចោទ គឺលោក សុន សុផាន់ បញ្ជាក់ថា ប្រជាពលរដ្ឋ ៣០គ្រួសារ បានជួលគ្រឿងចក្រលោកមកជីកស្រះ ក៏ប៉ុន្តែសមត្ថកិច្ចបានចាប់ភរិយាលោក ដោយចោទប្រកាន់ធ្វើអាជីវកម្មរ៉ែខុសច្បាប់។ លោកអំពាវនាវឲ្យរកយុត្តិធម៌ជូនប្រជាពលរដ្ឋ៖ « សំណូមរាជរដ្ឋាភិបាល ជួយដោះលែងមនុស្សដែលគាត់ជាប្រជាពលរដ្ឋមិនដឹងអ្វីនៅចុងកាត់មាត់ញក ឲ្យគាត់រួចទោសមកវិញ »។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី លោក សាន ដារិទ្ធ ឲ្យដឹងថា គ្រឿងចក្រកាយដីនេះធ្វើសកម្មភាពកាយរណ្ដៅធំៗយករ៉ែប្រមាណ ៣ខែកន្លងទៅនេះ រួមនឹងការប្រើប្រាស់រំសេវបំផ្ទុះទៀតផង។ លោកថា មិនមានចេតនាចាប់ប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចអនុវត្តវិធានការនេះ ដើម្បីស្វែងរកមេខ្លោងឲ្យទទួលខុសត្រូវ ដើម្បីពិន័យតាមច្បាប់រ៉ែកំណត់៖ « កន្លែងហ្នឹងជាតំបន់ស្រាវជ្រាវរ៉ែរបស់ក្រុមហ៊ុនសាននីល។ កាយស្រះឯណាកាយក្រហេងក្រហូង ហើយម៉ាស៊ីនកិនរ៉ែជិត ៣០ម៉ាស៊ីន »។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា តំបន់ដែលកើតមានទំនាស់ គឺជាតំបន់មានរ៉ែ ហើយប្រជាពលរដ្ឋនៅតំបន់នោះមួយផ្នែកជាចំណាកស្រុកមកជីករ៉ែមាសជាមុខរបរ។ លោកថា ចៅក្រមសាលាដំបូងកំពុងស៊ើបអង្កេតករណីនេះ។ ហេតុនេះ ភាគីពាក់ព័ន្ធត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់៖ « គាត់ត្រូវបង្ហាញសក្ខីកម្មដ៏ត្រឹមត្រូវដល់តុលាការទៅ។ អាដហុក កំពុងតាមដានដែរ យើងមិនទាន់និយាយថាអ្នកណាខុស អ្នកណាត្រូវដែរ ?»។
កាលពីរាត្រីថ្ងៃទី៧ ខែមករា ប្រជាពលរដ្ឋភូមិអន្ទ្រងសាមគ្គីមានជ័យ រាប់រយនាក់ បានលើកគ្នាតវ៉ា ខណៈក្រុមសមត្ថកិច្ចចាប់យកគ្រឿងចក្រ និងចាប់ខ្លួនស្ត្រីពីរនាក់។ សមត្ថកិច្ចអះអាងថា ប្រជាពលរដ្ឋប្រើប្រាស់ដបសាំងគប់លើសមត្ថកិច្ច ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់នរណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។