សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្វាគមន៍ការស៊ើបអង្កេតរបស់មន្ត្រីស្ថាប័នអយ្យការតុលាការ ទាក់ទិនពាក្យប្ដឹងមន្ត្រីមូលដ្ឋានបីនាក់ពីបទចេញលិខិតកាប់ឈើខុសប្រក្រតី ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើសហគមន៍។
សមាជិកសហគមន៍ឃុំប៊ូស្រា ចំនួនបីនាក់ នឹងត្រូវចូលខ្លួនទៅបំភ្លឺចំពោះមុខមន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី ក្នុងនាមជាដើមបណ្ដឹង ចោទមន្ត្រីមូលដ្ឋានបីនាក់ពីបទឃុបឃិតចេញលិខិតអនុញ្ញាតកាប់ឈើខុសច្បាប់។
កាលពីថ្ងៃទី១២ ខែមីនា ព្រះរាជអាជ្ញារងអមតុលាការខេត្តមណ្ឌលគិរី លោក សូ សុវិជ្ជា បានចេញដីកាកោះអញ្ជើញអ្នកភូមិឈ្មោះ ក្លាង ភូរ និង រយ សូត រស់នៅភូមិពូលុ រួមទាំងឈ្មោះ លី ដាំ រស់នៅភូមិឡាមេះ ឲ្យចូលខ្លួនទៅបំភ្លឺនៅស្ថាប័នអយ្យការនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីអ្នកទាំងបីតំណាងឲ្យសហគមន៍ប៊ូស្រា ដាក់ពាក្យប្ដឹងមេឃុំប៊ូស្រា លោក យើង សារីន អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន និងប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោក រ័ត្ន សុវណ្ណ ពីបទឃុបឃិតចេញលិខិតអនុញ្ញាតកាប់ឈើរាប់ពាន់ម៉ែត្រគូប។
តំណាងសហគមន៍ លោក ក្លាង ភូរ ហៅដីកាកោះរបស់មន្ត្រីអយ្យការ ថាជាជំហានមួយឆ្ពោះទៅរកចំណាត់ការផ្លូវច្បាប់ ចំពោះបណ្ដឹងពលរដ្ឋសហគមន៍អ្នកការពារព្រៃឈើ។ លោកអះអាងថា នឹងចូលខ្លួនទៅបំភ្លឺនៅមុខមន្ត្រីតុលាការដោយភាពរីករាយ និងជឿទុកចិត្តថា ការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើងដោយតម្លាភាព ដើម្បីរកឲ្យឃើញពីភាពមិនប្រក្រតីក្នុងការចេញលិខិតកាប់ឈើដ៏ច្រើនរបស់មន្ត្រីមូលដ្ឋាន៖ «សប្បាយចិត្តឲ្យគេដោះស្រាយព្រៃឈើស្អីៗអស់រលីង ដោយសារក្រដាសមួយសន្លឹកហ្នឹង។ ២០១៤ ចូល ២០១៥ ហ្នឹង ឈើផែរអស់ប៉ុន្មានភ្នំ ឈើធំៗគេយកក្រដាសហ្នឹងបង្ហាញថាសាងសង់។ ខ្ញុំសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់»។
សមាជិកសហគមន៍ភូមិពូលុ មួយក្រុម កាលពីថ្ងៃទី៣ ខែមីនា បានល្បាតព្រៃ និងប្រទះឃើញកម្មករប្រដាប់ដោយម៉ាស៊ីនកាត់ឈើ កំពុងអាររំលំយកឈើមានតម្លៃក្នុងព្រៃអភិរក្សចំណុចអូររេត។ ក្នុងហេតុការណ៍នេះ សហគមន៍បានឃាត់ខ្លួនកម្មករបានម្នាក់ និងម៉ាស៊ីនកាត់ឈើបីគ្រឿង ក៏ប៉ុន្តែកម្មករអារឈើដែលសហគមន៍ឃាត់ខ្លួន បានបង្ហាញលិខិតមួយច្បាប់របស់នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ គឺលោក រ័ត្ន សុវណ្ណ ដែលបានស្នើសុំអភិបាលស្រុកពេជ្រាដា អារឈើជាង ៤ពាន់ម៉ែត្រគូប សង់ទីស្នាក់ការចំនួនពីរនៅតំបន់វារយោង និងអូរពោត។ លិខិតស្នើសុំនេះ ចុះកាលបរិច្ឆេទថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ តាមរយៈចំណារពីមេភូមិពូលុ និងមេឃុំប៊ូស្រា សុំការសម្រេចពីអភិបាលស្រុកពេជ្រាដា។ លិខិតនោះឃើញមានហត្ថលេខា និងបោះត្រាដោយអភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ចុះកាលបរិច្ឆេទថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ បានចារលើលិខិតសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួល។
ព្រះរាជអាជ្ញារងអមតុលាការខេត្តមណ្ឌលគិរី លោក សូ សុវិជ្ជា ទទួលស្គាល់ថា នេះគឺជាការស៊ើបអង្កេតបឋមរបស់ស្ថាប័នអយ្យការ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងសហគមន៍។ លោកបន្តថា ការកោះហៅដើមបណ្ដឹងមកពេលនេះ គឺដើម្បីសាកសួរពីអង្គហេតុផ្សេងៗដែលសហគមន៍បានប្ដឹងចោទមន្ត្រីទាំងបីនាក់ ជាពិសេសពាក់ព័ន្ធលិខិតអនុញ្ញាតជាវត្ថុតាងដែលសហគមន៍បានភ្ជាប់មកជាមួយពាក្យប្ដឹងនោះ៖ «លិខិតហ្នឹងគាត់ដាក់ប្រើប្រាស់ឈើជាប្រយោជន៍សាធារណៈទេ ហើយឈើហ្នឹងតែបីបួនម៉ែត្រគូបទេ។ ខ្ញុំក៏មិនដឹងម៉េចដែរ គាត់មិនមែនជួញដូរ ឬលក់ ឬធ្វើជាសម្បត្តិឯកជនទេ។ ខ្ញុំមិនដឹងម៉េចទេ ខ្ញុំពិនិត្យមើលហើយឲ្យកោះហៅភ្លាម»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែមីនា មិនអាចទាក់ទងមេឃុំប៊ូស្រា និងប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរ សុំអធិប្បាយជុំវិញពាក្យប្ដឹងរបស់អ្នកភូមិបានទេ ក៏ប៉ុន្តែអភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ធ្លាប់បានទទួលស្គាល់ថា មន្ត្រីដែនជម្រកសត្វព្រៃបានស្នើសុំកាប់ឈើធ្វើស្នាក់ការមែន ហើយឈើដែលស្នើសុំនោះមានប្រមាណ ១០ម៉ែត្រគូប តម្រូវការធ្វើស្នាក់ការការពារដែនជម្រកសត្វព្រៃតែប៉ុណ្ណោះ។
កាលពីដើមខែមីនា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល សម្ដែងការភ្ញាក់ផ្អើលទាក់ទិនលិខិតអនុញ្ញាតឲ្យកាប់ឈើមានតួលេខរាប់ពាន់ម៉ែត្រគូប ដើម្បីធ្វើស្នាក់ការបរិស្ថាន។ លោកទទួលស្គាល់ថា ពិតជាមានតម្រូវការសង់ស្នាក់ការនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ប៉ុន្តែលោកមិនឃើញរបាយការណ៍របស់មន្ត្រីដែនជម្រកសត្វព្រៃភ្នំណាមលៀរ ពីបរិមាណឈើស្នើសុំមកមន្ទីរបរិស្ថាននោះឡើយ។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា សម្ដែងសុទិដ្ឋិនិយមថា ការបើកការស៊ើបអង្កេតពាក្យប្ដឹងរបស់សហគមន៍របស់ស្ថាប័នអយ្យការ គឺជាការរួមចំណែកលុបបំបាត់សកម្មភាពកាប់ឈើអនាធិបតេយ្យនៅក្នុងព្រៃអភិរក្ស។ ជាងនេះទៅទៀត លោកអំពាវនាវឲ្យមន្ត្រីអយ្យការ បើកការស៊ើបអង្កេតប្រកបដោយយុត្តិធម៌ ដើម្បីរកឲ្យឃើញថា មន្ត្រីមូលដ្ឋានពិតជាបានពាក់ព័ន្ធចេញលិខិតឲ្យកាប់ឈើខុសច្បាប់នោះ ឬយ៉ាងណា?៖ «បើគ្រាន់តែធ្វើស្នាក់ការពីរសោះ ត្រូវការឈើដល់ទៅជាង ៤ពាន់ម៉ែត្រគូប បើសិនជាលិខិតពិតជាចេញដោយមន្ត្រីទាំងបី ហើយតុលាការស្រាវជ្រាវពិតជា ៤ពាន់ម៉ែត្រគូបមែន អាហ្នឹងជាអំពើខុសច្បាប់»។
សហគមន៍ប៊ូស្រា អភិរក្សព្រៃឈើជាង ១ពាន់ហិកតារ លាតសន្ធឹងពីឃុំប៊ូស្រា រហូតដល់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីរក្សាទុកជាព្រៃបម្រុងចុះបញ្ជីសហគមន៍ ក៏ប៉ុន្តែចាប់ពីចុងឆ្នាំ២០១៣ រហូតបច្ចុប្បន្ន ឈើមានតម្លៃនៅតំបន់នោះ ត្រូវគេកាប់អារច្រៀកនាំចេញទៅទីផ្សារ។ ដោយឡែកព្រៃឈើនៅតំបន់នោះប្រមាណ ៥០ភាគរយ ក៏ត្រូវគេកាប់រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
តំណាងសហគមន៍ លោក ក្លាង ភូរ ឲ្យដឹងថា បច្ចុប្បន្នព្រៃដែលនៅសេសសល់កំពុងរងការកាប់បំផ្លាញថែមទៀត ដើម្បីយកឈើធ្វើជន្លង់ម្រេច។ លោកថា សហគមន៍កំពុងរៀបចំពាក្យបណ្ដឹងដាក់ជូនតុលាការពីសកម្មភាពលួចកាប់ឈើជន្លង់ម្រេចមួយករណី បន្ទាប់ពីសហគមន៍ចាប់បានរណារយន្តកាត់ឈើ ៤គ្រឿង និងរថយន្តផ្ទុកឈើមួយគ្រឿងកាលពីថ្ងៃទី២៤ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។