រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសមិនទទួលស្គាល់លិខិតកាន់កាប់ដីធ្លីទំហំជាង ៩៩០ហិកតារ (៩៩០ហិកតារ ២៤២អា) ឋិតក្នុងឃុំអរបួនលើ ស្រុកកោះញែកពីបុគ្គលឈ្មោះ សេង សុវណ្ណារ៉ា មានងារជា មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌។ ក្រុមសហគមន៍ជនជាតិដើមភាគតិច អះអាងថា ដីព្រៃអភិរក្ស ២ទីតាំងផ្សេងទៀត មានទំហំជាង ៧រយហិកតារ អាជ្ញាធរខេត្តនៅមិនទាន់ស៊ើបអង្កេត និងអនុវត្តច្បាប់នៅឡើយទេ។
ក្រុមជនជាតិដើមភាគតិចរស់នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី អំពាវនាវជាថ្មីទៀត ឲ្យរដ្ឋបាលខេត្តនេះ ស៊ើបអង្កេត ការលួចធ្វើប្លង់កម្មសិទ្ធិដីធ្លី ក្នុងព្រៃអភិរក្សដែលជនជាតិដើមភាគតិចថែរក្សា និងអាស្រ័យផលតាំងពីដើមមក ឋិតក្នុងភូមិពូរាំង និងភូមិពូហ្យាម នៃឃុំសែនមនោរម្យ ស្រុកអូររាំង។ ព្រៃអភិរក្សទាំងនេះ មានទំហំ ៧៦៤ហិកតារ ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ការអំពាវនាវនេះធ្វើឡើង ក្រោយពីអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ថ្មីៗ នេះ បានចុះហត្ថលេខាមិនទទួលស្គាល់ លិខិតកាន់កាប់ដីធ្លី ពីបុគ្គលឈ្មោះ សេង សុវណ្ណារ៉ាទំហំដីជិត ១ពាន់ហិកតារ (៩៩០,២៤២) ឋិតក្នុងភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ដោយលើកហេតុផលថា ប៉ះពាល់ដែនជម្រកសត្វព្រៃភ្នំព្រេច គ្រប់គ្រងដោយក្រសួងបរិស្ថាន។
សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង ស្រុកអូររាំង លោក បូ រ៉េតកាំពី ឲ្យដឹងនៅថ្ងៃទី១៦ សីហាថា ដីសហគមន៍ពីរទីតាំងផ្សេងទៀត មានទំហំសរុបជាង ៧០០រយ (៧៦៤ហិកតារ ៣៧៩អា) ឋិតនៅភូមិពូហ្យាម និងភូមិពូរាំង ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ត្រូវបានបុគ្គលឈ្មោះ សេង សុវណ្ណារ៉ា រំលោភបំពានយកជាកម្មសិទ្ធិឯកជន។ រីឯអ្នកភូមិជាង ៥០គ្រួសារ បានផ្ដិតមេដៃប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយមកទល់ពេលនេះគ្មានលទ្ធផល។ លោកថា ដីព្រៃសហគមន៍ទាំងនេះ ជាតំបន់ដែលជនជាតិដើមភាគតិចរកអនុផលព្រៃឈើបែបប្រពៃណី និងជាទីតាំងកេរដំណែលវប្បធម៌សល់ចុងក្រោយ៖ «គាត់កាន់កាប់ហ្នឹងខ្ញុំថា គាត់រំលោភច្បាប់ភូមិបាលឆ្នាំ ២០០១ បុគ្គលម្នាក់មិនអាចកាន់កាប់ដីរាប់រយហិកតារអ៊ីចឹងទេ។ បុគ្គលម្នាក់មិនអាចកាន់កាប់ដីរាប់រយហិកតារទេ។ គាត់អត់បានបំពេញតាមលក្ខខណ្ឌស្របច្បាប់ផង គាត់ទៅមានលិខិតស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី។ គាត់ ( លោក សេង សុវណ្ណារ៉ា ) បង្កបញ្ហាប៉ះពាល់សហគមន៍ជនជាតិដើមភាគតិច អាស្រ័យផលជាក់ស្តែង។ ទី១ បាត់បង់ដីចម្ការដែលគាត់អាស្រ័យផល និងដីបម្រុងទុកសម្រាប់ប្ដូរវេនដំណាំសម្រាប់សហគមន៍ » ។
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ដើម្បីសុំការបំភ្លឺបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី១៦ សីហា។
ចំណែកលោក សេង សុវណ្ណារ៉ា ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌និងជាភាគីពាក់ព័ន្ធក្នុងរឿងនេះ ធ្លាប់អះអាងថា មិនផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ។
សមាជិកសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា ថា ចាត់ទុកការធ្វើពាក្យស្នើសុំកាប់កាប់ដីធ្លីនេះ ជាអំពើពុករលួយជាប្រព័ន្ធ ដែលអាជ្ញាធរពាក់ព័ន្ធ បានឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនមានឥទ្ធិពលបំផ្លាញធនធានធម្មជាតិ។ លោកថា ទំហំដីដែលបុគ្គលឈ្មោះ សេង សុវណ្ណារ៉ា រំលោភជាសម្បត្តិបុគ្គល សុទ្ធសឹងជាដីព្រៃអភិរក្សដែលការពារដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ៖ «ហេតុអីបានពុំមានទោសទណ្ឌ នៅពេលរំលោភដីដែនជម្រក និងព្រៃសាធារណៈរបស់រដ្ឋផង ។ ចំណុចហ្នឹងហើយ ដែលសម្ដេច ( ហ៊ុន សែន ) តែងលើកថា មន្ត្រីមិនគួរអនុវត្តតាមបទបញ្ជាទេ។ យើងមានច្បាប់ភូមិបាលចែងហើយ យើងយកមកអនុវត្តទៅ » ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា សេចក្តីសម្រេចមោឃៈភាព ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅមិនទាន់គ្រប់គ្រាន់ទេ។ លោកថា រដ្ឋបាលខេត្តគួរតែ អនុវត្តច្បាប់ករណីនេះ ដល់ជនល្មើស និងអ្នកពាក់ព័ន្ធ ដែលបំពានដីព្រៃអភិរក្សខុសច្បាប់៖ «អត់មាននរណាមួយអាចផ្ដល់ដីសាធារណៈរបស់រដ្ឋ ទៅឲ្យបុគ្គល ឬសម្បទានសេដ្ឋកិច្ចបានទេ។ ទាល់មានអនុក្រឹត្យ និងអនុប្បយោគពីនាយករដ្ឋមន្ត្រីសិន។ បើយើងនិយាយតាមផ្លូវច្បាប់ ជាការរំលោភធ្ងន់ធ្ងរតាមច្បាប់ » ។
ក្រោយពីមានរឿងអាស្រូវរំលោភដីព្រៃអភិរក្ស ជាង ១ពាន់ហិកតារក្នុងខេត្តមណ្ឌលគិរីក្រសួងមហាផ្ទៃថ្មីៗ នេះ បានសម្រេចផ្ទេរភារកិច្ច លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរីដាក់លោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរីមកជំនួសវិញ។
ច្បាប់ភូមិបាលមាត្រា ២៦២ និង ២៦៣ ចែងថា អាជ្ញាធរមានសមត្ថកិច្ច ដែលរំលោភយកដីរបស់រដ្ឋត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៣០លានរៀល និងដាក់ពន្ធនាគារ ចាប់ពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។ អាជ្ញាធរមានសមត្ថកិច្ច ដែលព្រងើយកន្តើយបណ្ដោយឱ្យមានការរំលោភយកដីធ្លីរបស់រដ្ឋ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ១០លានរៀល និងត្រូវទទួលទោសរដ្ឋបាលមួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។