សហគមន៍​ខេត្ត​មណ្ឌលគិរី គ្រោង​ប្ដឹង​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​រ៉ែ​មាស ក្រោយ​គោ​អ្នក​ភូមិ​ងាប់ ២០​ក្បាល​ថ្មី​ទៀត

ដោយ យន់ សាមៀន
2018.05.27
Share on WhatsApp
Share on WhatsApp

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវស៊ីម៉ា ខេត្ត​មណ្ឌលគិរី គ្រោង​ប្ដឹង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ឲ្យ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​ឃុបឃិត​គ្នា ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បើក​អាជីវកម្ម​រុករក​រ៉ែ​មាស​ខុស​ច្បាប់ បែប​អនាធិបតេយ្យ បណ្ដាល​ឲ្យ​សត្វ​ពាហនៈ​អ្នក​ភូមិ​ងាប់ ២០​ក្បាល កាល​ពី​ពេល​ថ្មីៗ នេះ។ ការ​រុក​រក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​នេះ ក៏​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹក​ប្រើប្រាស់​របស់​ជន​ជាតិ​ដើម​ផង​ដែរ។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ចំនួន ៣ ក្នុង​ស្រុក​កែវស៊ីម៉ា ខេត្ត​មណ្ឌលគិរី ខ្វល់​ពី​ទំហំ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម កាន់​តែ​រីក​ធំ​ឡើង ដោយសារ​ឥទ្ធិពល​អាជីវកម្ម​រុក​រក​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន បាន​ប្រើ​សារធាតុ​គីមី​ចូល​ទឹក​អូរ​ធម្មជាតិ បណ្ដាល​ឲ្យ​អ្នក​ភូមិ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​រស់​នៅ និង​លំបាក​ចិញ្ចឹម​សត្វ​ពាហនៈ​ជា​ដើម។

ជនជាតិដើមភាគតិចរស់នៅភូមិ​ចក់ចារ ឃុំ​ស្រែ​ឈូក​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ ឧសភា​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កំពុង​ពិភាក្សា​គ្នា​ ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​អង្គការ​​សង្គម​ស៊ីវិល បំណង​សង្គ្រោះ​ទឹក​អូរ​ធម្មជាតិ និង​បរិស្ថាន។ លោក​បារម្ភ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល គំរាមកំហែង និង​រឹតត្បិត​ពួក​គាត់​មិន​ឲ្យ​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​រឿង​នេះ ព្រោះ​កន្លង​ទៅ​នគរបាល​ធ្លាប់​គំរាម​ពួក​គាត់​មិន​ឲ្យ​តវ៉ា៖ «»

បុរស​ដដែល​បន្ថែម​ថា កាល​ពី​ពេល​ថ្មីៗ នេះ សត្វ​ពាហនៈ​អ្នក​ភូមិ​ងាប់ ២០ក្បាល​ជា​ថ្មី​ទៀត នៅ​ពេល​ដែល​អ្នក​ភូមិ​ប្រលែង​ចូល​ព្រៃ​ផឹក​ទឹក​អូរ​មាន​ជាតិពុល ក្បែរ​អាជីវកម្ម​រ៉ែ​មាស។ លោក​បញ្ជាក់​ថា ក្រោយ​ពី​គោ​ក្របី​ពលរដ្ឋ​ផឹក​អូរ​នៅ​តំបន់​នោះ កើត​មាន​អាការៈ​ខុស​ធម្មតា មិន​ស៊ី​ស្មៅ បែក​ពពុះ​មាត់ និង​ប្រកាច់​ស្លាប់​ភ្លាមៗ តែ​ម្ដង។ លោក​បន្ថែម​ថា អ្នក​ភូមិ​រស់​នៅ​តំបន់​នោះ កំពុង​នាំ​គ្នា​ប្រមូល​គោ​ក្របី​ទុក​នៅ​ផ្ទះ និង​ត្រៀម​លក់​ចេញ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​ក៏​មាន​អ្នក​ភូមិ​ខ្លះ​នៅ​សុខៗ ប្រកាច់​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែង ដោយ​មិន​ដឹង​មូលហេតុ ហើយ​បាតុភាព​នេះ​កើត​ឡើង​ជា​រឿយៗ ៖ «»

មេឃុំ​ស្រែក​ឈូក លោក តិ ឃិត ទទួល​ស្គាល់​ថា ពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន ៣ នៃ​ឃុំ​ស្រែ​ឈូក ងាប់​គោ​ក្របី​អស់ ២០ក្បាល​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ លោក​ថា ក្រោយ​ពី​កើត​មាន​បាតុភាព​នេះ លោក​បាន​ផ្ដល់​ដំណឹង​ទៅ​ថ្នាក់​លើ។ ចំណែក​មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ ដែល​គោ​ងាប់។ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ៖ «»

អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ចាន់ ថា ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី២២ ឧសភា ថា ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅឡើយ​ទេ។ លោក​ថា ប្រសិនបើ​សហគមន៍​ប្រទះឃើញ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម ហួស​ពី​អាជ្ញាប័ណ្ណ សហគមន៍​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​ច្បាប់

សហគមន៍​ដែល​បាន​ទៅ​ដល់​ទីតាំង​អាជីវកម្ម​នោះ បាន​ប្រទះ​ឃើញ​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​រ៉ែ​ត្បូង​ច្រើន​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ​ទៀត ក្រសួង​បរិស្ថាន​បាន​សាងសង់​ទីស្នាក់ការ​ប្រចាំ​ការ​នៅ​តំបន់​នោះ​ដែរ និង​បាន​ដាក់​ឆ្មាំ​អភិរក្ស​ឈរ​ជើង​នៅ​ទីនោះ ក៏​ប៉ុន្តែ​ពួក​គេ​មិន​ដែល​ឃើញ​មន្ត្រី​ទាំង​នោះ​ជួយ​មើល​ការ​ខុស​ត្រូវ ទប់​ស្កាត់​បទ​ល្មើស​រ៉ែ​មាស​ខុស​ច្បាប់​ទាំង​នោះ​ទេ។

ចំណែក​អាជ្ញាធរ​តូច​តាច មិន​ហ៊ាន​ក្អក​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​តំបន់​នោះ​ដែរ ហើយ​ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​ណា​ហាន​ងើប​តវ៉ា នឹង​ប្រឈម​ការ​ដក​ដំណែង។

ស្ថាបនិកអង្គការ​មាតា​ធម្មជាតិ លោក អាឡិកហន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) រក​ឃើញ​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ធំធេង បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​បរិស្ថាន និង​សង្គម ព្រោះ​បណ្ដាញ​ទឹក​អូរ​ធម្មជាតិ​នៅ​តំបន់​នោះ ប្រទាក់​ក្រឡា​គ្នា​ខ្វាត់ខ្វែង បាន​ហូរ​ឆ្ពោះ​មក​កាន់​អាង​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ។ លោក​ថា ជាតិ​ពុល​ដែល​ក្រុមហ៊ុន​បង្ហូរ​ចូល​ទឹក​អូរ វា​នឹង​ហូរ​បន្ត សំដៅ​មក​ទន្លេ​មេគង្គ បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ ដែល​អាស្រ័យ​ផល​ទឹក​ទន្លេ​មេគង្គ និង​ជីវចម្រុះ៖ «»

លោក​បន្ថែម​ថា រដ្ឋមន្ត្រី​មួយ​ចំនួន​មិន​ហ៊ាន​ជាមួយ​អំណាច​របស់​ក្រុមហ៊ុន​ចិន​នោះ​ទេ ព្រោះ​តែ​ក្រុមហ៊ុន​នោះ បាន​ជួល​អ្នក​មាន​អំណាច​មួយ​ចំនួន ធ្វើ​ជា​អ្នក​កាង​អាជីវកម្ម​ឲ្យ​ខ្លួន។ លោក​ថា រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ ដែល​ហ៊ាន​លាត​ត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​មាន​វិធានការ​ដោះ​ស្រាយ​តាម​ច្បាប់ បែរ​ជា​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​ទៅ​វិញ ដែល​លោក​ចាត់​ទុក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​របស់​ខ្លួន ធ្វើ​ការ​ងារ​ត្រឹម​ត្រូវ​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី២៥ ឧសភា លោក ហ៊ុន សែន ខឹង​សម្បារ​នឹង​លោក ចម ប្រសិទ្ធិ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ពី​រឿង​អាស្រូវ​របស់​របប​លោក ដែល​មិន​អាច​គ្រប់គ្រង​កាក​សំណល់​រ៉ែ​របស់​ក្រុមហ៊ុន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ពុល​ស្លាប់ និង​ឈឺ​ជា​ច្រើន​រយ​នាក់​ថែម​ទៀត។

លោក (Alejandro Gonzalez Davidson) បន្ត​ថា នៅ​គ្រា​ដែល​មាន​អំពើ​ពុក​រលួយ​កើត​មាន​ជា​ប្រព័ន្ធ ក្នុង​វិស័យ​រ៉ែ​មាស របប​ក្រុង​ភ្នំពេញ អាច​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ ហើយ​ពលរដ្ឋ​នៅ​តែ​ទទួល​រង​គ្រោះ​ដដែល។ ហេតុ​នេះ​ការ​ស៊ើប​អង្កេត​បាតុភាព​នេះ ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ឯករាជ្យ និង​ភាគី​ពាក់ព័ន្ធ​ទើប​មាន​សង្ឃឹម​ខ្លះ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ៖ «»

កាលពីដើម​ខែ​ឧសភា ឆ្នាំ ២០១៨ ពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ស្លាប់ ១៨​នាក់ និង​ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ ក្រោយពី​ប្រើ​ទឹក​ព្រែក​ទេរ ដែល​មាន​ប្រភព​ពី​ខេត្ត​មណ្ឌលគិរី មាន​សារធាតុពុល។ រីឯ​ពលរដ្ឋ​នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​អាការៈ​ខុស​ប្រក្រតី​ជាង ៨០​នាក់​ដែរ ក្រោយ​ពី​ប្រើប្រាស់​ទឹក​ព្រែក ឬ​អូរ ដែល​មាន​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នៅ​ក្បែរ​នោះ។ សហគមន៍​រស់​នៅ​តំបន់​រ៉ែ​មាស បាន​ទម្លាក់​កំហុស​លើ​ក្រុមហ៊ុន​នេះ​ប្រើ​សារធាតុ ស្យានីដ (Cyanide) ចម្រាញ់​មាស​បង្ហូរ​កាក​សំណល់​ចូល​ទឹក បង្ក​ឲ្យ​កម្រិត​ទឹក​មាន​ជាតិ​ពុល​ខ្ពស់​បំផុត អាច​សម្លាប់​ជីវិត​មនុស្ស​ភ្លាមៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។