ព្រះសង្ឃ​ និង​ពលរដ្ឋ​រក​ឃើញ​ទីតាំង​ថ្មី​ជនល្មើស​លួច​កាប់​ព្រៃ​យក​ដី​ជា​ច្រើន​ហិកតារ​​ក្នុង​សហគមន៍​សង្ឃ​រុក្ខវ័ន​នៅ​ខេត្ត​ឧត្ដរមានជ័យ

0:00 / 0:00

ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ព្រៃឈើ​​​នៅ​ខេត្ត​ឧត្ដរមានជ័យ ចុះ​ល្បាត​ព្រៃ​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​ជនល្មើស​កាប់​ឈើ​យក​ដី​​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន នៅ​ក្នុង​ខេត្ត​នេះ​ហិនហោច​ព្រៃ​ជា​ច្រើន​ហិកតារ​បន្ថែម​ទៀត​ បន្ទាប់​ពី​​ព្រៃ​ប្រមាណ​ ៣០០ហិកតារ​ដែល​បាន​កាប់​ទន្ទ្រាន​កាល​ពី​ពេល​ថ្មីៗ ​នេះ​។ ពួកគាត់​ត្រៀម​ប្ដឹង​​ទៅ​តុលាការ​ដើម្បី​ចាប់​ជនល្មើស​ផ្ដន្ទាទោស​ច្បាប់​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ។

ប្រធាន​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន​ខេត្ត​ឧត្ដរមានជ័យ​ព្រះតេជព្រះគុណ ប៊ុន សាលួត​ មាន​ថេរ​ដីកា​កាល​ពី​​ថ្ងៃ​ទី​២៧​ មីនា​ថា​ ព្រះ​អង្គ​ចុះ​ល្បាត​ព្រៃ​ជា​មួយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​សង្ឃ​រុក្ខវ័ន​ ចំនួន​ ៥​កន្លែង​ផ្សេង​ទៀត​ ដែល​មាន​ផ្ទៃ​ដី​ប្រហែល​ ៤០​ហិកតារ​ ស្ថិតនៅ​ក្នុង​ភូមិ​បាក់​នឹម​ និង​ភូមិ​កូន​ដំរី​ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ ព្រះអង្គ​បន្ត​ថា ព្រៃ​នេះ​​​នៅ​ក្បែរ​ទីតាំង​ចាស់ ​ដែល​ជនល្មើស​លួច​ទន្ទ្រាន​ព្រៃ​យក​ដី​ប្រមាណ ​៣០០​ហិកតារ​​កាល​ពី​កុម្ភៈ​កន្លង​​ទៅ៖ «គោល​បំណង​អាត្មា​ធ្វើ ដើម្បី​ឱ្យ​ព្រៃ​ឈើ​នេះ​នៅ​បាន​យូរ​អង្វែង​ទៅ​មុខ​ និង​ដើម្បី​ប្រទេស​ជាតិ​សម្រាប់​បង្ហាញ​គេ​ក្នុង​ពិភពលោក​ ហើយ​អាត្មា​ធ្វើ​មិន​ឱ្យ​ខុស​បំណង​រដ្ឋាភិបាល​ ដែល​បាន​ឱ្យ​យើង​មើល​ការ​ខុស​ត្រូវ ហើយ​អាត្មា​តាំង​ចិត្ត​ហើយ​ថា​ អាត្មា​មាន​ដាវ​អាជ្ញាសឹក​ពេញ​លេញ​ហើយ អាត្មា​អត់​ចេះ​បន្ធូរ​ដៃ​ទេ ព្រោះ​យើង​មាន​អនុក្រឹត្យ​មិន​មែន​យើង​ធ្វើ​ខុស​ច្បាប់​ទេ ហើយ​បើ​ទោះ​បី​អាត្មា​នឿយ​ព្រះ​កាយ​មែន ប៉ុន្តែ​ការងារ​អាត្មា​មិន​នឿយ​ទេ »

ព្រះអង្គ​បន្ត​ថា​ សព្វ​ថ្ងៃ​មាន​សង្ឃ​ជាង​ ​១០​អង្គ ​សហការ​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ប្រមាណ ​១០​នាក់​ តែង​ប្ដូរ​វេន​គ្នា​​ចុះ​ល្បាត​ព្រៃ​ស្ទើរ​រៀងរាល់​ថ្ងៃ ដើម្បី​រួម​គ្នា​ការពារ​ព្រៃ​ក្នុង​សហគមន៍​ឲ្យ​បាន​គង់វង្ស។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់​ គឺ​លោក​ ព្រាប សំអុល​ លើក​ឡើង​ថា ជា​ទូទៅ​ជនល្មើស​តែងតែ​ឆ្លៀត​ឱកាស​ដែល​ពួកគាត់​មិន​បាន​ចុះ​ល្បាត​ព្រៃ គេ​ក៏​​​នាំ​គ្នា​លួច​កាប់​ព្រៃ​ផ្ដួល​ចោល​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ពួកគាត់​បាន​រក​ឃើញ​មុខ​សញ្ញា​ជនល្មើស​ខ្លះៗ ហើយ ដោយ​ត្រៀម​រៀបចំ​ឯកសារ​ដាក់​ប្ដឹង​ទៅ​តុលាការ​ ដើម្បី​ឲ្យ​ចាត់​វិធានការ​ទៅ​ពួកគេ​ក្នុង​ពេល​ឆាប់ៗ ខាងមុខ៖ «គឺ​បាន​គិត​ថា ​ប្រសិន​យើង​មិន​រារាំង​ទេ​ ការ​រាលដាល​ទន្ទ្រាន​នឹង​វា​ចេះ​តែ​មាន​អត់​ឈប់​ ហើយ​យើង​ចេះ​តែ​បារម្ភ​។ យើង​ចង់​ធ្វើ​យ៉ាង​ណា​សហការ​ជា​មួយ​អាជ្ញាធរ​ឲ្យ​គាត់​ជួយ​ដុតដៃដុតជើង​ឲ្យ​ក្ដៅ​បន្តិច​បន្ទច់បង្អាក់​ដំណើរ​​ទន្ទ្រាន​យក​ដី​សហគមន៍​ហ្នឹង​ យើង​ចង់​ឈប់​ឲ្យ​វា​មាន​ យើង​ព្រួយបារម្ភ​ថា​ប្រសិន​អាជ្ញាធរ​គាត់​មិន​ជួយ​អើពើ​ឲ្យ​លឿន​ ទាន់​​អ្នក​ទន្ទ្រាន​ព្រៃ​វា​ចេះ​តែ​មាន​មហិច្ឆតា​ថែម​ទៀត ហើយ​បាត់បង់​ដី​សហគមន៍ »

លោក​បន្ត​ថា ពួក​គាត់​រួម​ជា​មួយ​ព្រះសង្ឃ​បាន​រៃអង្គាស​ថវិកា​ជីក​ប្រឡាយ​ធ្វើ​ព្រំប្រទល់​ព្រៃ​សហគមន៍ ដើម្បី​ការពារ​កុំ​ឲ្យ​ជន​ខិលខូច​លួច​ចូល​ទៅ​ទន្ទ្រាន​ព្រៃ​បន្ត​ទៀត ព្រោះ​​បើ​មិន​ធ្វើ​ដូច្នេះ​ទេ ​មិន​អាច​ការពារ​ព្រៃ​បាន​ឡើយ​ ព្រោះ​ព្រៃ​សហគមន៍​​មាន​ទំហំ​ធំធេង​ ខណៈ​ពួក​គាត់​មាន​គ្នា​តិច​​មិន​អាច​ចុះ​ល្បាត​ព្រៃ​បាន​រាល់​ថ្ងៃ​នោះ​ទេ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ​លោក ភួង លីណា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ព្រៃ​ដែល​ទើប​ទន្ទ្រាន​ថ្មី​នេះ​លោក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ព្រៃ​ដែល​ជន​ល្មើស​លួច​ទន្ទ្រាន​យក​នោះ មាន​ចន្លោះ​ពី ៧០ ទៅ ១០០ហិកតារ គឺ​មិន​មែន ៣០០ហិកតារ​ដូច​ការ​លើក​ឡើង​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​​រឹបអូស​យក​ដី​នោះ​ឲ្យ​ស្ថិត​នៅ​ក្នុង​​ព្រៃ​ការពារ​ដូច​ដើម​វិញ៖ «ប៉ុន្តែ​ខ្ញុំ​បាន​លើក​ហើយ​ក្នុង​គ្រប់គ្រង​ការ​ប្រើប្រាស់​ដី​នៅ​ក្នុង​តំបន់​នោះ​ វា​កើត​មាន​បញ្ហា​តាំង​ពី​មុន​ដាក់​ជា​ជម្រក​សត្វ​ព្រៃ។ ដូច្នេះ​បាន​ជា​មន្ទីរ​ ក៏​ដូច​សហគមន៍​បាន​ព្យាយាម​រាល់​ថ្ងៃ​នេះ​ គឺ​សិក្សា​អំពី​សាវតារ​ដី សិក្សា​អំពី​ការ​គ្រប់គ្រង​ដី​ថា​ តើ​ដី​ដែល​មាន​ការ​កាន់កាប់​អាស្រ័យ​ផល​នៅ​ក្នុង​តំបន់​នោះ​ តើ​គេ​កាន់កាប់​គេ​អាស្រ័យ​ផល​តាំង​ពី​ពេល​ណា​មក ? ។ ប៉ុន្តែ​សម្រាប់​ការ​រុក​រាន​ថ្មី​មិន​អនុញ្ញាត​ជា​ដាច់​ខាត។ បើ​មាន ​គឺ​ជំរុញ​ទៅ​ការ​អនុវត្ត​ច្បាប់​ហើយ »

លោក​បន្ត​ថា កន្លង​មក​មាន​ការ​អប់រំ​ផ្សព្វផ្សាយ និង​ពង្រឹង​លើ​ការ​អនុវត្តន៍​ច្បាប់​ ដោយ​បាន​ចាប់​ជន​ល្មើស​បញ្ជូន​ទៅ​តុលាការ​ជា​ច្រើន​ករណី​រួច​មក​ហើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ ​លោក ស្រី ណារ៉េន លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ទៅ​លើ​អ្នក​ប្រព្រឹត្ត និង​ឱ្យ​បាន​ឆាប់ ដោយ​មិន​មាន​ការ​លើក​លែង​ឲ្យ​ពួក​គេ​រួច​ខ្លួន​ជា​ដាច់​ខាត​ ពីព្រោះ​​បើ​​បណ្ដែតបណ្ដោយ​នាំ​ឲ្យ​ជន​ល្មើស​មិន​ខ្លាច​ច្បាប់​ ហើយ​នាំ​គ្នា​លួច​ទន្ទ្រាន​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តំបន់​ផ្សេង​ទៀត ​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ៖ «ខ្ញុំ​សូម​ថា ចាត់​វិធានការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ជា​បន្ទាន់​​ទៅ​ យើង​អត់​ពិបាក​រក​ទេ​អ្នក​ដែល​កាប់​ព្រៃ​នោះ​ ពីព្រោះ​ជនល្មើស​មិន​មែន​អ្នក​ឆ្ងាយ​ទេ។ ដូច្នេះ​យើង​អាច​ស្រាវជ្រាវ​ ហើយ​ដាក់​បណ្ដឹង​ហ្នឹង​ទៅ​មិន​បាច់​រង់ចាំ​អី​ទេ​ ដើម្បី​ឲ្យ​មាន​វិធានការ​ទាន់​​ពេល​វេលា​ បើ​ចាំ​ដល់​គេ​កាប់​អស់​ព្រៃ​ ហើយ​បាន​ដាក់​បណ្ដឹង​ក្រោយ​ខ្ញុំ​ថា រឿង​នេះ​ គឺ​យឺត​ហើយ​ ពីព្រោះ​បទ​ល្មើស​វា​កើត​ហើយ​យើង​នៅ​តែ​រង់ចាំ គឺ​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​បាន​ទេ »

ព្រៃ​សង្ឃ​រុក្ខវ័ន​មាន​ផ្ទៃ​ដី​ជាង ៣ម៉ឺន​ហិកតារ ស្ថិតក្នុង​ស្រុក​​អន្លង់វែង ស្រុក​សំរោង និង​ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរមានជ័យ។ របប​ក្រុង​ភ្នំពេញ​បាន​ដាក់​បញ្ចូល​ព្រៃ​មួយ​នេះ​ជា​ដែន​ជម្រក​សត្វ​ព្រៃ កាល​ពី​ខែ​មេសា​ ឆ្នាំ២០១៨។ ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា ផល​វិបាក​របស់​សហគមន៍​ គឺ​អ្នក​ការពារ​មាន​គ្នា​តិច​មិន​គ្រប់គ្រាន់​សម្រាប់​ការពារ​ព្រៃ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ឆក​ល្វែង​មិន​អាច​ចុះ​ល្បាត​ឲ្យ​បាន​គ្រប់​កន្លែង និង​ខ្វះ​ការ​ចូល​រួម​​សហការ​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន។ ព្រះអង្គ​ឲ្យ​ដឹង​ថា​ ព្រៃ​មួយ​នេះ​មាន​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​រស់​នៅ​យ៉ាង​ច្រើន​កុះករ​ ដូច​ជា​ទន្សោង ឈ្លូស ជ្រូក​ព្រៃ និង​សត្វ​ផ្សេងៗ ជា​ច្រើន​ទៀត។ របប​ក្រុង​ភ្នំពេញ​ដាក់​បញ្ចូល​ព្រៃ​ឈើ​មួយ​នេះ​ជា​ដែន​ជម្រក​សត្វ​ព្រៃ កាល​ពី​ខែ​មេសា ឆ្នាំ២០១៨។

លោក ស្រី ណារ៉េន កត់​សំគាល់​ថា ព្រៃ​សង្ឃ​រុក្ខវ័ន គឺ​ជា​ព្រៃ​ឈើ​ដែល​ជា​ជម្រក​សត្វ​ព្រៃ​សំបូរ​ឈើ​ច្រើន​ជាង​គេ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ។ លោក​ថា ព្រៃ​សហគមន៍​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ ត្រូវ​បាន​ជន​ល្មើស​លួច​កាប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ស្ទើរ​ក្លាយ​ទៅ​ជា​ទីវាល​អស់​ទៅ​ហើយ ដោយសារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង ដែល​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​មិន​ខ្លាច​ច្បាប់​ ហើយ​ចេះ​តែ​នាំ​គ្នា​ទន្ទ្រាន​ព្រៃ​យក​ដី​ជា​បន្ត​បន្ទាប់។ ដូច្នេះ​បញ្ហា​ព្រៃ​សង្ឃ​រុក្ខវ័ន ក៏​អាច​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដែរ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​មិន​អើពើ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជន​ល្មើស​ដូច​ពេល​មុនៗ នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។