ក្រុមអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន និងប្រជាសហគមន៍ជនជាតិដើមភាគតិចជាង ២០ ស្ថាប័ន (២២) បានដាក់ញត្តិជាថ្មីទៀត បង្ហាញការព្រួយបារម្ភ ពីការរឹតត្បិតសិទ្ធិសេរីភាព ពលរដ្ឋ សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដែលរកឃើញ បទល្មើសព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ។ ពួកគេទទូចឱ្យក្រសួងពាក់ព័ន្ធ ត្រូវបើកលំហរសិទ្ធិសេរីភាពចុះល្បាតព្រៃ ក្នុងតំបន់ការពារធម្មជាតិឡើងវិញ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះរួមមាន សមាគមបណ្តាញយុវជនកម្ពុជា(CYN) អង្គការពន្លកខ្មែរ(PKH) អង្គការស្ពានសន្តិភាព (PBO) ,បណ្តាញព្រៃព្រះរកា អង្គការជនជាតិដើមភាគតិច (CIPO) និងបណ្តាញសហគមន៍ការពារព្រៃឡង់ (PLCN) ជាដើម។
ការដាក់ញត្តិនេះក្រោយពី ក្រសួងរឹតត្បិតពួកគេមិនឱ្យល្បាតព្រៃជិត ៣ ឆ្នាំកន្លងទៅ ធ្វើឱ្យបទល្មើសព្រៃឈើ កើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងដែនជម្រកសត្វព្រៃឡង់ និងតំបន់ការពារធម្មជាតិផ្សេងទៀត។ រីឯក្រសួងកសិកម្មបន្តអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនបើកទីតាំងប្រមូលឈើខ្នាតធំនៅកៀក ដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្នុងខេត្តព្រះវិហារ និង ខេត្តក្រចេះ។
ញត្តិនេះសំណូមពរ ៣ទំព័រ ដែលក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិទាំងនេះ ដាក់ជូនរដ្ឋមន្ត្រី ក្រសួងបរិស្ថានលោក សាយ សំអាល់ និងរដ្ឋមន្ត្រី ក្រសួងកសិកម្ម លោក វេង សាខុន នៅទីស្ដីការក្រសួងទាំងនេះ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា។
មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ គម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនាថា មន្ត្រីខុន្ទកាល័យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម បានទទួលញត្តិពួកគេរួចហើយ និងផ្តល់លទ្ធផលតាមក្រោយ ប្រសិនបើរដ្ឋមន្ត្រីសម្រេចបែបណានោះ។ លោកបញ្ជាក់ថា គោលបំណងសំខាន់ នៃញត្តិនេះ ចង់ឱ្យអន្តរក្រសួងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិរក្សព្រៃឈើ និងត្រូវធានាពីសិទ្ធិសេរីភាព ចូលរួមល្បាតព្រៃ ដោយគ្មានការរារាំង និងគំរាមកំហែង។
លោកសង្កេតឃើញថា បទល្មើសព្រៃឈើនៅតែកើតមានច្រើន បើទោះបីជាមានការរិះគន់ តាមបណ្តាញសង្គម និង ស្ថាប័នអន្តរជាតិយ៉ាងណាក្តី។ ប្រការនេះ លោក ចាត់ទុកថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ពុំមានចេតនាពិតប្រាកដ ដើម្បីថែរក្សា និងការពារព្រៃឱ្យគង់វង្ស តាមការប្តេជ្ញាចិត្តរបស់ខ្លួននោះទេ៖ «ក្រសួងត្រូវតែពិនិត្យឡើងវិញ ទៅលើក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ដើម្បីធានាថា ក្រុមហ៊ុនត្រូវអនុវត្តតាមច្បាប់ ដោយមិនមាន ការលួចកាប់ឈើ ពីតំបន់ការពារ។ ចុងក្រោយត្រូវធ្វើការស៊ើបអង្កេត ហើយផ្សាយជាចំហ នូវលទ្ធផល ការរត់ពន្ធឈើខុសច្បាប់ ២១១ តោន ដែលចាប់បាន ដោយអាជ្ញាធរហុងកុង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និង រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បាននៅឡើយទេ នៅថ្ងៃទី២៩ ខែមីនា ដោយទូរសព្ទហៅចូល តែគ្មានអ្នកលើក។
ខ្លឹមសារញត្តិនោះ បង្ហាញនូវចំណុចស្នូល ៤ សំខាន់ៗ ស្នើឱ្យក្រសួងពាក់ព័ន្ធ អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនដូចមានចែងនៅក្នុងកម្មវិធីព្រៃឈើជាតិសម្រាប់ដាក់ឱ្យអនុវត្ត ឆ្នាំ២០១០ ដល់ ២០២៩ និងការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងសន្និសីទក្របខ័ណ្ឌអង្គការសហជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសកាលពីឆ្នាំ ២០១៥ ដែលក្រសួងសន្យាថា នឹងថែរក្សាគម្របព្រៃឈើឲ្យបាន៦០ភាគរយ ត្រឹមឆ្នាំ២០៣០។ ទី២ ក្រសួងត្រូវយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិដោយត្រូវផ្តន្ទាទោសដល់អ្នកទិញនិងអ្នកលក់ឈើខុសច្បាប់ ជាពិសេសស៊ើបអង្កេតរកអ្នកពាក់ព័ន្ធដែលប្រព្រឹត្តអំពើពុករលួយ។ ទី៣ ត្រួតពិនិត្យតាមដានការអនុវត្តកិច្ចសន្យានិងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដើម្បីធានានូវតម្លាភាពជៀសវាងការឃុបឃិតគ្នាជាប្រព័ន្ធ និងទី៤ ក្រសួងត្រូវបើកទូលាយចំពោះសហគមន៍មូលដ្ឋានចូលរួមល្បាតព្រៃ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ប្រធានបណ្តាញសហគមន៍ការពារព្រៃឡង់ ខេត្តព្រះវិហារលោក ស្រី ថី សង្កេតឃើញថា នេះ ពុំមែនជាលើកទី០១ ទេ ដែលពួកលោកធ្វើដំណើរមកក្រសួង ដាក់ញត្តិ ដើម្បីការពារប្រយោជន៍ជាតិ ប៉ុន្តែក្រសួងមិនដែលឆ្លើយតបនោះឡើយ។ លោកបន្តថា គោលបំណងសំខាន់ ទាមទារឱ្យក្រសួងពាក់ព័ន្ធ ត្រូវដោះស្រាយវិបត្តិបរិស្ថានឱ្យមានប្រសិទ្ធភាព ស្របពេលដែលព្រៃឈើបន្តបាត់បង់កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ។
លោកសង្កត់ធ្ងន់ថា ក្នុងពេលដែលពួកលោក លបចូលល្បាតព្រៃឡង់ម្តងៗ ប្រទះឃើញ សកម្មភាពកាប់ឈើយ៉ាងច្រើនសន្ធឹងសន្ធាប់ ដែលប្រព្រឹត្តឡើង ដោយក្រុមហ៊ុនវៀតណាមភីអ៊ិនធី ភីអ៊ិនធី (PNT Co., Ltd.) បញ្ជូនកម្លាំងកម្មករកាប់ឈើក្នុងដែនជម្រកសត្វព្រៃឡង់ ទាំងបួនខេត្តកំពុងកើតមានច្រើន រហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់ទប់ស្កាត់នៅឡើយទេ៖ «រលាយព្រៃយើងដោយសារអី ? ដោយសារមន្ត្រីមួយចំនួន មិនមែនទាំងអស់ទេ ដែលនៅតាមបណ្តោយព្រៃ វាច្រើនតែឃុបឃិតគ្នា ធ្វើឱ្យបាត់បង់ព្រៃ។ ទាល់តែរដ្ឋាភិបាល ចេញញត្តិណាមួយដាក់គំនាប ដូចនៅតំបន់បឹងទន្លេសាប។ មន្ត្រីដែលនៅជុំវិញបឹងទន្លេសាប ក៏ការពារអត់បានដែរ។ ដូចគ្នាដែរ មន្ត្រីនៅជុំវិញតំបន់ព្រៃឡង់ ត្រូវតែអនុវត្តតាមគោលការណ៍ច្បាប់»។
រីឯតំណាងក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា នឹងមិនផ្តល់បទសម្ភាសតាមទូរសព្ទនោះទេ។
ខ្លឹមសារញត្តិបន្ថែមថា នៅរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅកម្ពុជា ធ្លាក់ចុះយ៉ាងឆាប់រហ័សពី ៦១,១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨។ ប្រទេសកម្ពុជាខកខានមិនបានបំពេញ តាមសូចនាករណ៍ តាមគោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា លុបបំបាត់ ភាពក្រីក្រ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។