ជនជាតិ​ដើម​ភាគតិច​ជាង ២០០​នាក់​ខេត្ត​មណ្ឌលគិរី​ធ្វើ​ពិធី​សែនព្រេន បន់ស្រន់​ឱ្យ​អារក្សអ្នកតា​ការពារ​ភ្នំ​រ៉ាដាង

ជនជាតិ​ដើម​ភាគតិច​ព្នង និង​ជនជាតិ​ដើម​ក្រោល​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ជាង ២០០​នាក់ នៅ​ព្រឹក​ថ្ងៃទី៣០ វិច្ឆិកា ធ្វើ​ពិធីសែន​ព្រេន ដើម្បី​បួងសួង​ឱ្យ​អារក្សអ្នកតា ជួយ​ការពារ​ភូមិ​រ៉ាដាង ដែល​ទទួលរង​ការ​រំលោភ​យក​ទាំងមូល ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ពី​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច។

ជនជាតិ​ដើម​ភាគតិច​ព្នង និង​ជនជាតិ​ដើម​ក្រោល​ដែល​ចូលរួម​ពិធីសែនព្រេន​ទាំងនោះ មកពី​ស្រុក​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ចាត់​ទុក ពិធី​សែនព្រេន ជា​ជម្រើស​ចុងក្រោយ ដើម្បី​ពឹង​ឲ្យ​អារក្ស​អ្នកតា​ភ្នំ​រ៉ាដាង ជួយ​ថែរក្សា​ភ្នំ​នេះ ពី​ជន​ខិលខូច ដែល​ប៉ង​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​បំពាន​ច្បាប់។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី រឿន ហែង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តំបន់​ភ្នំ​រ៉ាដាង​គឺជា​បណ្ដុំ​ប្រតិបត្តិ​ជំនឿ និង​ទី​សក្ការបូជា របស់​ប្រជា​សហគមន៍​តាំងពី​បុរាណកាល​មក ក៏ប៉ុន្តែ​បែរ​ជា​មានការ​ទិញ​លក់​ដី​ភ្នំ​នេះ​ទាំងមូល​ដោយ​ខុសច្បាប់ កាល​ពី​ឆ្នាំ​២០១៩ ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ដោះស្រាយ​ចប់​រួចរាល់​នៅឡើយ​ទេ។

លោកស្រី​អស់សង្ឃឹម ពី​ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​តុលាការ​ថា មិន​បាន​ការពារ​ភ្នំ​អារក្ស ហេតុនេះ​ទើប​ពួកគាត់​ប្រារព្ធ​ពិធី​នេះ។

លោកស្រី រឿន ហែង៖ «យើង​សំណូមពរ​សូម​ឱ្យ​ពួកគាត់(រដ្ឋាភិបាល​)យក​ភ្នំ​មកវិញ​ទុកជា​សម្បត្តិ​រដ្ឋ រួម​ដើម្បី​ប្រើប្រាស់​សែនព្រេន បើ​យើង​មិន​ជួយ​ទេ យើង​នឹង​បាត់បង់​អត្តសញ្ញាណ​របស់​យើង»។

ក្នុង​ពិធីសែនព្រេន អ្នកភូមិ​បាន​យក​ដង្វាយ​រួមមាន ក្របី​មួយ​ក្បាល​ស្រា​ពាង មាន់ ជ្រូក និង​នំចំណី​រៀបចំ​នៅមុខ​ខ្ទម​អ្នកតា​។ រីឯ​សមាជិក​សហគមន៍​បាន​រៀបចំ​ដុត​ធូប​បន់ស្រន់ សុំ​សេចក្តី​សុខ ពី​អារក្សអ្នកតា​ភ្នំ​រ៉ាដាង និង​ដាំ​ដើម​រកាដែក លើ​ខ្នងភ្នំ​នេះ ដើម្បី​កំណត់​សម្គាល់​តំបន់​នេះ ជា​កន្លែង​ភូមិ​បុរាណ និង​ជា​តំបន់​រៀប​អាពាហ៍ពិពាហ៍ របស់​ដូនតា​ពួកគាត់ កាលពី​សម័យ​បុរាណ។

រីឯ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចូលរួម​ពិធី​នេះ​ដែរ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ។

អភិបាលរង​ខេត្តមណ្ឌលគិរី លោក ចាន់ រតនា បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ជនជាតិ​ដើម​ភាគតិច​ខ្លួនឯង ត្រូវ​រួមគ្នា ថែរក្សា​ការពារ នូវ​ទំនៀមទម្លាប់​ប្រពៃណី ដែល​ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច និង​ការពារ​តំបន់​អារក្សអ្នកតា រួម​ទាំង​ព្រៃ​តំណម​ជាដើម​។ លោក​បន្ថែម​ថា ប្រសិនបើ​ជនជាតិ​ដើម​ភាគតិច​ខ្លះ មិន​ជាប់​ពាក់ព័ន្ធ ការ​លក់ដូរ​ភ្នំ​នេះ​ទេ ដំណោះស្រាយ​ជម្លោះដីធ្លី​នេះ ងាយ​នឹង​ដោះស្រាយ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន ឡូរ៉ង់ យល់​ថា ពិធី​នេះ​ឆ្លុះ​បញ្ចាំង ពី​ការ​សាមគ្គីភាព​គ្នា របស់​ជនជាតិ​ដើម​ភាគតិច ដើម្បី​ការពារ​តំបន់​ភ្នំ​ជំនឿ ដែល​រង​ការ​រំលោភបំពាន​ជា​បន្តបន្ទាប់ មិន​ទាន់​ដោះស្រាយ​រួចរាល់។

លោក យន់ ឡូរ៉ង់៖ «ដោយសារ​តំបន់​ជំនឿ​ទាំង​ប៉ុន្មាន​របស់​ជនជាតិ​ដើម​ភាគតិច ក្នុង​ខេត្ត​មណ្ឌលគិរី រង​ការ​រំលោភបំពាន​ពី​អ្នក​ខាងក្រៅ ទាំង​ស្របច្បាប់ និង​ខុសច្បាប់​។ វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​អស់សង្ឃឹម របស់​ជនជាតិ​ដើម​ភាគតិច ស្វែងរក​អន្តរាគមន៍ ក្នុង​ការ​ស្វែងរក​ភាព​យុត្តិធម៌ របស់​ខ្លួនឯង តាមរយៈ​ប្រព័ន្ធ​របស់​រដ្ឋាភិបាល»។

ភ្នំ​រ៉ាដាង​មាន​ទំហំ​ជាង ៦​ហិកតារ ឋិត​ក្នុងភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ មាន​ខ្ទម​អ្នកតា​ពីរ​កន្លែង ផ្នូរ​កប់​សព ថ្ម ទឹកអូរ​ធម្មជាតិ ព្រៃឈើ និង​អណ្ដូងទឹក​បុរាណ ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​របស់​អ្នកស្រុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ រីឯ​ប្រភព​ទឹកអូរ ដែល​ហូរ​ចេញពី​អណ្តូង​ទឹក​លើ​ខ្នងភ្នំ​នេះ ហូរ​ឆ្ពោះទៅ​ស្រុក​កោះញែក​មិន​ចេះ​រីង​ស្ងួត មាន​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ប្រើប្រាស់ និង​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ។

ប្រជា​សហគមន៍​បន្ថែម​ថា មរកត​ធម្មជាតិ​ដ៏​មានតម្លៃ​ទាំង​នេះ កំពុង​ប្រឈម​ការ​រំលោភ​បំពាន​យក ជា​សម្បត្តិ​ឯកជន ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។