ប្រជាពលរដ្ឋជាង ៥០គ្រួសាររស់នៅតាមបណ្ដោយស្ទឹងភាស ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងកំពុងខ្វះទីជម្រក និងស្បៀងអាហារ ខណៈទឹកជំនន់កំពុងពន្លិចផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគាត់។ មន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋបាលស្រុក និងស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានជម្លៀសទៅរស់នៅលើទីទួលសុវត្ថិភាពហើយនោះ និងធ្វើរបាយការណ៍ជុំវិញផលប៉ះពាល់បណ្ដាលមកពីទឹកជំនន់ឱ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋចំនួនជាង ៥០គ្រួសារ ក្នុងចំណោម ៧៥គ្រួសារ រស់នៅតាមបណ្ដោយស្ទឹងភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ បានផ្លាស់ទីចេញពីលំនៅឋាន នាំគ្នាមកសង់ខ្ទម ស្នាក់នៅបណ្ដោះអាសន្នខាងលើខ្នងអាងស្ទឹងភាសផ្នែកខាងលិច បន្ទាប់ពីទឹកជំនន់ពន្លិចលំនៅឋានរបស់ពួកគាត់។
ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងភាស ក្នុងភូមិគោកដូង ឃុំពាមឯក លោក ស៊ុត ថន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ តុលា ថា ទឹកក្នុងអាងភាសបានហក់ឡើងខ្ពស់ធ្វើឱ្យជន់លិចផ្ទះពលរដ្ឋ ដែលនៅតាមបណ្ដោយស្ទឹង។ លោកថា ទឹកជំនន់បានពន្លិចផ្ទះលោកជិតកន្លះខែមកហើយ ដែលបង្ខំឱ្យលោករកទីទួលសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់កៅស៊ូ នៅលើចិញ្ចើមផ្លូវ។ លោកបន្តថា គ្រួសារលោក និងពលរដ្ឋឯទៀតកំពុង ខ្វះខាតម្ហូបអាហារ និងថ្នាំសង្កូវ ហើយមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរ ឬកាកបាទក្រហមចុះមកជួយឡើយ ក្រៅពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមកបើកអង្ករ ១៥គីឡូក្រាម និងសំពត់កៅស៊ូមួយចំនួនប៉ុណ្ណោះ៖ « ពិបាកណាស់ ! ដឹកជញ្ជូនសម្ភារៈមក គ្រែអីហ្នឹង យកមកធ្វើកន្លែងនៅ បាំងសំពត់កៅស៊ូនៅ ក្ដៅវេទនាណាស់។ លិចទឹកបានប្រហែល ៦៧ថ្ងៃ បានគេចាប់ផ្ដើមជួយយើងជួយជាអង្ករ។ អត់មានជួយអីធំដុំទេ ដូចជា សំពត់កៅស៊ូអីហ្នឹង ក៏គាត់អត់មានជួយយើងដែរ » ។
ពលរដ្ឋម្នាក់ទៀត លោកស្រី ឃុត ឃឿត ឱ្យដឹងថា រដ្ឋបាលឃុំ និងសប្បុរសជនមួយចំនួន បានផ្ដល់ស្បៀងឧបត្ថម្ភ មុង ភួយ និងថ្នាំសង្កូវបន្តិចបន្តួចទៅដល់ពួកគាត់។ តែយ៉ាងណាក្ដី ជំនួយទាំងនេះមិនអាចផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ និងតម្រូវការប្រើប្រាស់ចាំបាច់ក្នុងអំឡុងពេលទឹកលិចបាននោះឡើយ។ លោកស្រីបន្តថា អាជ្ញាធរហាក់មានភាពយឺតយ៉ាវ និងខ្វះការទទួលខុសត្រូវក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ក្នុងនោះមានប្រជាពលរដ្ឋខ្លះធ្លាក់ខ្លួនឈឺ ដោយសារខ្វះទឹកស្អាតទទួលទាន និងរបបអាហារមិនគ្រប់គ្រាន់ ហើយមានពលរដ្ឋមួយចំនួនទៀត បានចាប់កណ្ដុរ និងដើររើសខ្យង ដើម្បីលក់ដោះស្រាយក្រពះ៖ « ខ្វះខាតជីវភាពក្រណាស់។ ណាមួយឈឺ មិនសូវធូរធារប៉ុន្មានទេ។ ក្ដៅផង រងាផង។ ពេលយប់រងាពេលក្ដៅ ក្ដៅខ្លាំង ពិបាករស់នៅដែរ » ។
ទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋនៅស្ទឹងភាសបានអូសបន្លាយជិតកន្លះខែមកហើយ។ ពលរដ្ឋដែលបាត់បង់ទីជម្រក បានមករស់នៅលើចិញ្ចើមថ្នល់ផ្ទាល់ដី ហើយពួកគាត់កំពុងប្រឈមនឹងបញ្ហាសុខភាព និងការដាច់ស្បៀងអាហារ។

ជុំវិញបញ្ហានេះ អនុភូមិគោកដូង លោក ឈិន សៅថា ឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះបណ្ដាលមកពីមានភ្លៀងច្រើន នៅប៉ែកខាងលិចនៃខេត្ត ដែលធ្វើឱ្យទឹកអាងកំពីងពួយ និងស្ទឹងអូរតាគីកើនឡើង ហើយហូរចាក់មកកាន់អាងភាសទាំងស្រុង។ លោកអះអាងថា ពលរដ្ឋទាំងនោះមានកន្លែងស្នាក់នៅបណ្ដោះអាសន្នត្រឹមត្រូវ និងទទួលបានការផ្ដល់ថ្នាំសង្កូវ អង្ករ មី ពីក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនមួយចំនួន៖ « ខាងអាជ្ញាធរបានរៀបចំឱ្យហើយអស់ហើយ មានទាំងពីថ្នាំពេទ្យអី បានរៀបចំឱ្យស្រេច និងកំពុងចែកដល់គាត់រាល់ថ្ងៃនេះ។ ចំណែកសំពត់កៅស៊ូវិញអត់អីទេ មានគ្រប់គ្រាន់អស់ហើយ។ បានរៀបចំឱ្យពួកគាត់រួចស្រេចអស់ហើយ អត់មានខ្វះទេខាងនេះ » ។
ចំណែក អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត គាំទ្រចំពោះការផ្ដល់ជំនួយឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ប៉ុន្តែលោកជំរុញឱ្យអភិបាលស្រុកឯកភ្នំ ត្រូវបញ្ជូនរបាយការណ៍ជុំវិញផលប៉ះពាល់ និងការរងគ្រោះរបស់ពលរដ្ឋទៅកាន់រដ្ឋបាលខេត្តបានឱ្យលឿន ដើម្បីពន្លឿនការដោះស្រាយបញ្ហានេះ។ លោកបន្ថែមថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា គួរផ្ដល់ការឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះជាស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីធានាដល់ការរស់នៅរបស់ពួកគាត់ទម្រាំទឹកស្រកទៅវិញ៖ « មន្ទីរធនធានទឹកខេត្តហ្នឹង ក៏លោកត្រូវមានការពិនិត្យឱ្យបានដិតដល់ទៅលើការពន្លឿនបើកទ្វារទឹក ដើម្បីឱ្យទឹកបានស្រកស្រុតលឿន ដើម្បីឱ្យពួកគាត់បានត្រឡប់ទៅធ្វើស្រែឡើងវិញ ព្រោះពួកគាត់មានការខ្វះខាត » ។
ក្នុងរយៈពេលមួយខែមកនេះ ខេត្តបាត់ដំបងប្រឈមនឹងបញ្ហាទឹកជំនន់បណ្ដាលមកពីកំណើនទឹកភ្លៀង និងការបើកទំនប់ទឹក ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាប និងតំបន់ក្បែរបឹងទន្លេសាប។ ពលរដ្ឋភាគច្រើនបង្ខំចិត្តផ្លាស់ទីរកកន្លែងសុវត្ថិភាព ឬចងក្បូនបណ្ដែតនៅលើទឹក និងជួបបញ្ហាខ្វះខាតស្បៀងអាហារ បន្ថែមពីលើជីវភាពកំពុងខ្វះខាតស្រាប់។ ទន្ទឹមគ្នានេះពួកគាត់ត្រូវប្រឈមនឹងហានិភ័យដល់អាយុជីវិត ដែលបណ្ដាលមកពីការលង់ទឹក ជំងឺដង្កាត់ និងសត្វអាសិរពិសផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។