ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន​នៅ​ក្នុង​ខេត្ត​កោះ​កុង​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ចប់​ជម្លោះ​នៅ​ដំណាច់​ឆ្នាំ ​២០២០

ហេង រស្មី
2020.12.30
ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន​នៅ​ក្នុង​ខេត្ត​កោះ​កុង​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ចប់​ជម្លោះ​នៅ​ដំណាច់​ឆ្នាំ ​២០២០ រូបថត​មើល​ពី​ផ្កាយរណបបង្ហាញ​ឲ្យ​ឃើញ​​ពី​ផ្លូវ​រត់​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​តារាសាគរ ​​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន UDG កាល​ពី​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
រូបថត៖ Planet Labs, Inc.

ពលរដ្ឋ​ប្រមាណ​ជាង​១៦០​ គ្រួសារ​ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​​ គឺ​ស្រុក​ បុទុមសាគរ​ ស្រុក​គីរីសាគរ​ ខេត្ត​កោះ​កុង​ មាន​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ជាមួយ​ក្រុម​ហ៊ុន​ ចិន​ យូ ឌី ជី​​(UDG) ​មាន​រយះ​ពេល​ជាង​១២ឆ្នាំ​មក​ហើយ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។​​​

តំណាង​សហគមន៍​ឃុំ​តានួន​លោក​ សំ ធី​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ទាំង​អស់​សង្ឃឹម​ថា​ នៅ​ដំណាច់​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ រដ្ឋាភិបាល​ នឹង​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដ៏​រាំ​រៃ​ មួយនេះ​។​លោក​ ថា​ ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​សំណង​តាម​តម្លៃ​ទី​ផ្សារ​ ហើយ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ជា​អាជ្ញាកណ្ដាល​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ឱ្យ​បាន​យុត្តិធម៌​ រវាង​ពលរដ្ឋ​រង​គ្រោះ​ជា​មួយ​ក្រុម​ហ៊ុន

​ចិន​។៖«បាទ​ខ្ញុំ​សំណូម​ពរ​ថា​ ឱ្យ​គាត់​ដោះ​ស្រាយ​បញ្ចប់​ទៅ​កុំ​ឱ្យ​នៅ​ចេះ​តែ​លាប​ពណ៌​ថា​ប្រជាពលរដ្ឋ​ចេះ​តែ​ដោះ​ស្រាយ​ចឹង។​ប្រជា​ពលរដ្ឋ​ទៅ​តវ៉ា​នៅ​ថ្នាក់​ខេត្ត​ក៏​ដូច​ជា​ ថ្នាក់​ជាតិ​ចេះ​តែ​ឆ្លើយ​ថា​ ក្រុម​សហគមន៍​ក្រុម​តាម​នួន​ ដោះ​ស្រាយ​រួច​មិន​ មែន​ចឹង​ទេ​។​ ចង់​ឱ្យ​ដោះ​ស្រាយ​រួច បាន​រួច​ឆាប់​ៗ​មក​ ពី​ព្រោះ​ប្រជាពលរដ្ឋ​លោក​អត់​ឃ្លាន​ណាស់​មិន​មែន​អាជ្ញាធរ​និយាយ​ថា​ ប្រជាពលរដ្ឋ​ដោះ​ស្រាយ​រួច​ចឹង​ទេ។»

រដ្ឋាភិបាល ​បាន​ប្រគល់​​ដី​២​កន្លែង​នៅ​ខេត្ត​កោះកុង​ ​​ទំហំ​​៣​ម៉ឺន ​៦​ពាន់​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន យូ​ញៀន​ឌី​វីឡុប​មិន​គ្រុប​(Union Development Group) កាល​ពី​ឆ្នាំ​២០០៨ ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​​​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដែល​រួមមាន​ការ​សាងសង់​​ព្រលាន​យន្ត​ហោះ និង​ទីលាន​វាយកូនគោល ​ដែល​មាន​តម្លៃ​សរុប​ចំនួន​ប្រមាណ​៥​ពាន់​​លាន​ដុល្លារ​​អាមេរិក​។

ទីតាំង​ដី​ទាំង​២​កន្លែង​នោះ នៅ​ជាប់​មាត់​សមុទ្រ ក្នុង​ភូមិ​សាស្ត្រ​​ចំនួន​​៥​ឃុំ​ នៃ​ស្រុក​​​បទុម​សាគរ និង​គិរី​សាគរ។ កាល​ពី​​ឆ្នាំ​​២០១១ ​​រដ្ឋាភិបាល បាន​សម្រេច​ជួល​ដី​នៅ​តំបន់​​នោះ ឲ្យ​ក្រុមហ៊ុន​ចិន​យូញៀន បន្ថែម​ជាង​​​៦ ពាន់​ហិកតារ​ថែមទៀត​។ ការ​ផ្ដល់​ដី សម្បទាន​​ទាំង​អស់​នេះ ​បាន​ប៉ះពាល់​លើ​ដី​​​ពលរដ្ឋ​​ច្រើន​រយ​​គ្រួសារ ទាំង​អ្នក​មាន​ប្លង់​កម្មសិទ្ធិ និង​អ្នក​ពុំ​ទាន់​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​។​ ក្នុង​រយៈ​ពេល​​​ជាង​១២​ឆ្នាំ​មក​នេះ ពល​រដ្ឋ​ទាំង​នោះ ​មិន​ទាន់​ទទួល​បាន​សំណង ឬ​ដំណោះស្រាយ​ ពី​ផល​ប៉ះពាល់​នេះ​​​ នៅ​ឡើយ​ទេ​​។

តំណាង​ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​កោះ​ស្តេច​ លោក​ស្រី​ សាំង ពុយ​​ បញ្ជាក់​ថា​ អាជ្ញាធរ​ក្នុង​ឆ្នាំ​២០២០​​នេះ​ មិន​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លីទេ​​​ ហើយ​មួយ​រយៈ​នេះ​ទុក​ឱ្យ​នៅ​​ជាប់​គាំង​ដដែល។​ ប៉ុន្តែ​​ប្រជា​ពលរដ្ឋ​មិន​សុខ​ចិត្ត​ទេ​ គឺ​ពួកគេនៅ​តែ​បន្ត​សកម្មភាព​តវ៉ា​ រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​។​

លោក​ស្រី​បន្ត​ថា​ ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​អស់​នៅ​តែ​បារម្ភ​ ដោយ​សារ​តែ​ជិត​ដាច់​ឆ្នាំ​២០២០​ នេះ​ហើយ​ ខាង​អាជ្ញាធរ​ហាក់​បី​ដូច​ជា​ព្រងើយ​កន្តើយ​ នៅ​មិន​ដោះ​ស្រាយ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​តាម​តម្លៃ​ទីផ្សារ​​៖​«ត្រូវ​តែ​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​។​ បើ​សិន​គាត់​ដោះ​ស្រាយ​មិន​បាន​គាត់​និយាយ​ថា​ ក្រុម​ហ៊ុន​អត់​មាន​លុយ​ អត់​មាន​សំណង​ឱ្យ​ប្រជាពលរដ្ឋ​ ដោះ​ស្រាយ​មិន​បាន​សោះ​ត្រូវ​តែ​កាត់​ឆ្វៀល​ដី​កន្លែង​ហ្នឹង​ឱ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ ដូច​ពី​មុន​ទៅ​ ឱ្យ​គាត់​មាន​សិទ្ធិ​ដាំ​ដុះ​ ដាំ​ចម្ការ​ មើល​ថែ​ដូច​ពី​មុន​ទៅ។​ ពី​ព្រោះ​ឥឡូវ​ហ្នឹង​គឺ​ គេ​ហាម​ឃាត់​អត់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ដី​ខ្លួន​ឯង​ទេ។​ចឹង​កន្លង​មក​ជាង​១០​ ឆ្នាំ​ហ្នឹង​ គឺ​ប្រជាពលរដ្ឋ​អត់​មាន​បាន​ថែ​ដំណាំ​របស់​ពួក​គាត់​ទាំង​អស់។»

ទាក់​ទិន​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ខេត្ត​កោះកុង លោក ហួរ អ៊ីន បាន​ប្រសាសន៍​ថា​ ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ យូ ឌី ជី​(UDG)​ នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឱ្យ​មាន​ចប់​ទាំង​អស់​ឱ្យ​បាន​ ១០០​%​ នោះ​ទេ​ គឺ​នៅ​ស្រុក​បុទុមសាគរ​ មាន​ពីរ​ ឃុំ​ គឺ​ឃុំ​ តានួន​និង​ ឃុំ​ថ្មស​ និង​ស្រុក​គីរីសាគរ​មាន​ ៣​ ឃុំ​គឺ​ឃុំ​ កោះ​ស្តេច​ ឃុំ​ព្រែក​ខ្សាច់​ និង​ឃុំ​ភ្ញីមាស​។​

លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​ការ​ស្ងប់ស្ងាត់​ ក្នុង​ការ​បង្ហាញ​ជំហរ​ដោះ​ស្រាយ​ឈាន​ដល់​កម្រិត​ណា​ ហើយ​បញ្ចប់​នៅ​ពេល​ណា​ មិន​ទាន់មាន​អ្វី​ច្បាស់​លាស់​ទេ។​ ចំណែក​ឯ​ប្រជាពលរដ្ឋ​ក៏​កំពុង​រង់​ចាំ​ការ​ដោះ​ស្រាយ​ដោយ​មិន​បញ្ឈប់​​សកម្មភាព​តវ៉ា​ របស់​ពួក​គេ​នៅ​ឡើយ

​ដែរ​​៖​«អញ្ចឹង​នៅ​ក្នុង​ដំណាច់​ឆ្នាំ​នាពេល​ខាង​មុខ​នេះ​ដែរ​អាជ្ញាធរ​ខេត្ត​ក្រសួង​ដែន​ដី​ និង​ក្រសួង​ការពារ​ជាតិ​ ក៏​ដូច​ជា​ក្រសួង​បរិស្ថាន​ដែន​ពាក់​ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​ យូ ឌី ជី​ ហ្នឹង​សូម​ ធ្វើ​ការ​ដោះ​ស្រាយ​បញ្ចប់​ទៅ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បាន​រស់​នៅ​ឱ្យ​បាន​ភាព​ស្ងប់​ចិត្ត​ បន្ទាប់​ពី​បាន​រង់​ចាំ​ អស់​រយៈ​ពេល​ជាង​ ១០​ ឆ្នាំ​ ហើយ​ការ​តវ៉ា​កន្លង​មក​ មាន​ការ​រើស​អើង​ ការ​គំរាម​កំហែង​គ្រប់​សព្វ​បែប​យ៉ាង​ ជា​ពិសេស​ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់​ធ្ងន់​ធ្ងរ​មែន​ទែន។»​​​

ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ ប្រមាណ​ជាង ២០០​គ្រួសារ​ កាល​ពី​ខែ​កញ្ញា​ បាន​ឡើង​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​ និង​ទី​រួម​ខេត្ត​កោះកុង ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​សមរម្យ ទៅ​តាម​តម្លៃ​ទី​ផ្សារ​ដែល​ពួក​គេ​ចង់​បាន​។​​

​ក្រសួង​រៀបចំ​ដែន​ដី​ ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ​ថា គណៈកម្មការ​អន្តរក្រសួង​បាន​ដោះស្រាយ​ ដោយ ១គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ​៥០ម៉ែត្រ​ គុណ ១០០ម៉ែត្រ ផ្ទះ​ឈើ​មួយ​ខ្នង និង​ថវិកា​ពី ៣៥០ដុល្លារ ទៅ ១ម៉ឺន​ដុល្លារ​ រួម​ទាំង​ដី​ចម្ការ​ទំហំ​ចាប់​ពី ១ហិកតារ ទៅ ៦ហិកតារ​ ទៅតាម​ទំហំ​ដី​តូច ឬ​ធំ​ដែល​ពួកគេ​ធ្លាប់​កាន់​កាប់។

​​​​​លោក​ ជា​ សុផារ៉ារដ្ឋមន្ត្រី​ក្រសួង​ដែន​ដី​ ប្រាប់​អាស៊ីសេរីកាល​ពី​ថ្ងៃទី​ ២៥​ ធ្នូ​ថា​ ពលរដ្ឋ​បង្ក​ភាព​ស្មុគស្មាញ​ដល់​អាជ្ញាធរ​ ទោះ​បី​ជា​ប្រឹង​ជួយ​ ដោះ​ស្រាយ​យ៉ាង​ណា​​ក៏​ មិន​អាច​ផ្គាប់​ចិត្ត​ពលរដ្ឋ​បាន​ដែរ​ ដោយ​សារ​តែ​ដី​នៅ​តំបន់​នោះ​លក់​តៗ​គ្នា​ គ្មាន​ប្លង់​កម្ម​សិទ្ធិ​ច្បាស់​លាស់។

លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ផល​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​ រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​ដូរ​ដី​ជួន​ពួកគាត់ ដោយ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ នឹង​ទីតាំង​ថ្មី ដើម្បី​ឱ្យ​ផុត​ពី​គម្រោង​អភិវឌ្ឍន៍​ ចំណែក​អ្នក​ដែល​ទទួល​យក​គោល​នយោបាយ​ពី​​រដ្ឋាភិបាល​ហើយ​ អាជ្ញាធរ​នឹង​មិន​ដោះ​ស្រាយ​ជូន​ពួក​គាត់​ទៀត​ទេ៖​«ប្រជាពលរដ្ឋ​មាន​ការ​ទិញ​ដូរ​នៅ​ក្នុង​កន្លែង​ហ្នឹង​គឺ​យើង បែង​ចែក​ឱ្យ​ច្បាស់​គឺ​ការ​ដោះ​ស្រាយ​នេះ​គឺ​ដោះ​ស្រាយ​ជា​មួយ​ប្រជាពលរដ្ឋ​រស់​នៅ​អាស្រ័យ​ផល​នៅ​ក្នុង​ទី​តាំង​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ផ្ដល់​នូវ​គោល​ការ​វិនិយោគ​ឱ្យ​គេ​។​ចឹង​យើង​រៀប​ចំឱ្យ​មុខ​សញ្ញា​ហ្នឹង​ជា​មុខ​សញ្ញា​អាទិភាព។​មុខ​សញ្ញា​ផ្សេងៗ​ទៀត​គឺ​ជា​មុខ​សញ្ញា​ដែល​ត្រូវ​ពិចារណា​ទេ​។​ គោលការណ៍​មាន​តែ​ប៉ុណ្ណឹង។»

សហរដ្ឋ​អាមេរិក​ បាន​ចេញ​​របាយការណ៍​កាល​ពី​ខែ​កញ្ញា​​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​UDG ​បាន​ចុះ​បញ្ជី​ក្លែង​បន្លំ​បោកប្រាស់​ថា​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​កម្ពុជា ដើម្បី​ទទួល​បាន​ដី​សម្បទាន​ដល់ទៅ ៣៦.០០០​ហិកតារ ក្នុង​នោះ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​ពួកគេ​ដោយ​បង្ខំ។ ក្រុមហ៊ុន​នេះ ក៏​បំផ្លាញ​បរិស្ថាន និង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន​ផង​ដែរ​៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។