សកម្មជនមាតាធម្មជាតិ ប្តេជ្ញាបន្តសកម្មភាពការពារបរិស្ថាន និងលាតត្រដាងពីអំពើពុករលួយពាក់ព័ន្ធនឹងរបបលោក ហ៊ុន សែន ដោយមិនខ្លាចការចាប់ចងនោះឡើយ។ ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីរបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនមាតាធម្មជាតិជាច្រើននាក់ដាក់ពន្ធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មន្ត្រីរដ្ឋាភិបាលបកស្រាយថា វិធានការទាំងឡាយលើសកម្មជនមាតាធម្មជាតិ គឺជាការអនុវត្តច្បាប់។
ចលនាមាតាធម្មជាតិ គឺជាក្រុមយុវជន ដែលបានចេញមុខយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងបរិស្ថាន ប៉ុន្តែអាជ្ញាធរហាក់មិនស្វាគមន៍សកម្មភាពរបស់ពួកគេនោះទេ។ អាជ្ញាធរបានចាប់ខ្លួនពួកគេដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារតែសកម្មភាពការពារបរិស្ថានរបស់ពួកគេ។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) យល់ឃើញថា អាជ្ញាធររបបលោក ហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញលើសកម្មជនមាតាធម្មជាតិ ដោយសារហេតុផលពីរយ៉ាង។ ទីមួយរបបនេះ គុំគួនពួកលោកដែលធ្លាប់បានលាតត្រដាងពីការបំផ្លាញធនធានធម្មជាតិ ជំនួញទុច្ចរិត និងអំពើពុករលួយពាក់ព័ន្ធនឹងមន្ត្រីគ្រាក់ៗ។ ទីពីរលោកថា របបក្រុងភ្នំពេញចង់បំបាក់ស្មារតីយុវជនដទៃទៀត កុំឱ្យហ៊ានចេញមុខការពារធនធានធម្មជាតិ និងឈឺឆ្អាលបញ្ហាជាតិ។
ទោះជាយ៉ាងណា សកម្មជនបរិស្ថានកូនកាត់អេស្ប៉ាញ-អង់គ្លេសរូបនេះ គូសបញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញទាំងនេះមិនអាចបញ្ឈប់យុវជនខ្មែរពីការចូលរួមជាមួយចលនាធម្មជាតិបាននោះឡើយ៖« លោក ហ៊ុន សែន ចាប់យុវជនអាយុ ១៩ឆ្នាំ ២០ឆ្នាំ ដាក់គុកអាហ្នឹងបំផ្លាញកិត្តិយសរបស់របបលោកខ្លួនឯងហ្នឹង។ អ៊ីចឹង ខ្ញុំឆ្លើយសំណួរដោយខ្លីហ្នឹង គឺអត់ជាឧបសគ្គទេ។ ផ្ទុយទៅវិញ វាជាឱកាសសម្រាប់ឱ្យគេហ្នឹងចូលរួមជាមួយយើងកាន់តែច្រើន ហើយគោរពយើងកាន់តែច្រើន ហើយក៏ជាមោទនភាពរបស់យើងដែរ ទោះបីជាយើងឈឺចាប់មែន។ ពេលដែលឃើញសកម្មជន មិត្តភក្តិយើងជាប់គុក យើងឈឺចាប់ណាស់ ប៉ុន្តែយើងទ្រាំបាន ហើយមនុស្សចូលរួមជាមួយយើងកាន់តែច្រើន » ។
ចាប់តាំងពីឆ្នាំ២០១៥ មក អាជ្ញាធរបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិចំនួន ៨នាក់ ដាក់ពន្ធនាគារ ហើយខ្លះត្រូវបានតុលាការផ្តន្ទាទោសទៀតផង ទោះបីជាសកម្មភាពរបស់ពួកគេបានជួយបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាលយ៉ាងណាក្ដី។
អ្នកទាំងនោះ រួមមាន យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ឹម សំណាង។ ពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងការបូមខ្សាច់បែបអនាធិបតេយ្យនៅខេត្តកោះកុង កាលពីឆ្នាំ២០១៥។ តុលាការគ្រប់ជាន់ថ្នាក់បានផ្ដន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ និងបង្គាប់ឱ្យបង់សំណងជាង ២ម៉ឺនដុល្លារ។
ក្រោយមក នៅខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិពីរនាក់ទៀត គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ពេលពួកគេកំពុងជិះទូកថតរូបកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រនៅខេត្តកោះកុង។ តុលាការបានកាត់ទោសសកម្មជនទាំងពីរនាក់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបង់សំណងឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ ឈ្មោះកោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) ដែលជាដើមបណ្តឹង ម្នាក់មួយលានរៀល។ សំណុំរឿងនេះកំពុងស្ថិតក្នុងដៃសាលាឧទ្ធរណ៍ ដោយសារតុលាការកំពូលបង្វិលសំណុំរឿងឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ។
ករណីថ្មីចុងក្រោយនេះវិញ អាជ្ញាធរបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិបីនាក់ទៀត រួមមាន យុវជន ថុន រដ្ឋា ឡុង គន្ធា និង ភួន កែវរស្មី។ អាជ្ញាធរបានចោទប្រកាន់ពួកគេពីបទញុះញង់ បន្ទាប់ពីពួកគេធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងធម្មជាតិនៅជាយក្រុងភ្នំពេញ។ យុវជនទាំងបីនាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រង់ចាំសវនាការជំនុំជម្រះ។
ជុំវិញរឿងនេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កត្តា អ៊ន បកស្រាយថា វិធានការរបស់អាជ្ញាធរលើសកម្មជនមាតាធម្មជាតិ និងសកម្មជនដទៃទៀតនាពេលកន្លងទៅ គឺជាការអនុវត្តច្បាប់។ លោកថា អាជ្ញាធរមិនបានគុំគួនសកម្មជន ឬក្រុមណាមួយនោះទេ ហើយក៏មិនបានបំបិទសិទ្ធិពលរដ្ឋនោះដែរ ប្រសិនបើការអនុវត្តសិទ្ធិនោះស្ថិតក្នុងក្របខ័ណ្ឌច្បាប់៖ « មិនត្រឹមតែក្រុមមាតាធម្មជាតិទេ ក្រុមផ្សេងៗ ទៀតក៏ដោយ ឱ្យតែប្រើប្រាស់សេរីភាពដោយខុសច្បាប់ ដោយការរំលោភបំពានទៅលើបម្រាមរបស់អាជ្ញាធរ យើងអាជ្ញាធរតែងតែមានវិធានការទប់ស្កាត់។ ទីមួយការអប់រំណែនាំ ទីពីរបើមានធាតុផ្សំនៃបទល្មើស គឺអាជ្ញាធរត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ » ។
ទោះជាយ៉ាងណាក្ដី អ្នកច្បាប់ និងអង្គការសង្គមស៊ីវិល អះអាងថា សកម្មភាពរបស់ក្រុមសកម្មជនមាតាធម្មជាតិ មិនមែនជាបទល្មើសនោះទេ។ មេធាវី សំ ចំរើន ដែលជួយការពារក្តីឱ្យសកម្មជនមាតាធម្មជាតិ មានប្រសាសន៍ថា កូនក្តីរបស់លោកទាំងអស់គ្នា គ្មានគំនិតទុច្ចរិតណាមួយឡើយ ប៉ុន្តែពួកគេចង់ការពារបរិស្ថានទៅវិញទេ៖ « បើនិយាយពីគោលបំណងរបស់គាត់ហ្នឹង គឺជាគោលបំណងដែលត្រឹមត្រូវ ហើយបើគោលបំណងដែលត្រឹមត្រូវ អំពើទាំងហ្នឹងគួរតែមិនត្រូវបានផ្តន្ទាទោសទេ » ។
ស្រដៀងគ្នានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពិនិត្យឃើញថា ក្រុមសកម្មជនមាតាធម្មជាតិមានចេតនាល្អក្នុងការការពារធនធានធម្មជាតិ។ លោកថា អាជ្ញាធររដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងបើកលំហឱ្យពួកគេធ្វើសកម្មភាពបានដោយទូលំទូលាយ មិនមែនចាប់ខ្លួន និងចោទប្រកាន់ពួកគេតាមផ្លូវតុលាការបែបនេះទេ៖ « គួរតែមានការទម្លាក់ចោលរាល់បទចោទប្រកាន់ ហើយនិងធ្វើឱ្យពួកគាត់មានសេរីភាពនៅក្នុងការបន្តកិច្ចការងាររបស់ខ្លួន ដើម្បីជួយការពារធនធានធម្មជាតិ និងបរិស្ថានរបស់កម្ពុជា ដែលកំពុងរងការបំផ្លិចបំផ្លាញ » ។
អាជ្ញាធរកម្ពុជាបានបណ្ដេញស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥ មុននឹងលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការសង្គមស៊ីវិល នៅឆ្នាំ២០១៧។ លោក អាឡិច រងបណ្ដឹងពីរករណីក្នុងតុលាការកម្ពុជា ហើយលោកធ្លាប់បានស្នើសុំជាច្រើនលើក ដើម្បីវិលត្រឡប់មកកម្ពុជាវិញ ដើម្បីតតាំងក្ដីនេះ។ ប៉ុន្តែ អាជ្ញាធរកម្ពុជាមិនអនុញ្ញាតឱ្យ លោក អាឡិច ចូលមកកម្ពុជាវិញនោះទេ ដោយខ្លាចក្រែងប៉ះពាល់ដល់សន្តិសុខជាតិ។
ទោះជាមានការធ្វើទុក្ខបុកម្នេញឥតឈប់ឈរបែបនេះក្តី សកម្មជនមាតាធម្មជាតិមិនបានបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ។ ពួកគេនៅតែបន្តបង្ហោះវីដេអូលើបណ្តាញសង្គមអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបំពុលបរិស្ថាន និងអំពើពុករលួយជាដើម។
យុវជនមាតាធម្មជាតិមួយរូបដែលហៅខ្លួនឯងថា ប៊ុន រ៉ានី ប្រាប់អាស៊ីសេរីថា ការភ័យខ្លាចមិនអាចគ្រប់សង្កត់លោកឱ្យបោះបង់សកម្មភាពជាមួយចលនាមាតាធម្មជាតិឡើយ។ លោកបញ្ជាក់ថា លោកចង់ថែរក្សាធនធានធម្មជាតិឱ្យនៅគង់វង្ស ដូច្នេះ ការលះបង់សម្រាប់សកម្មភាពទាំងនេះពិតជាមានតម្លៃសម្រាប់លោក៖« សង្គមយើងបង្កើតកាលៈទេសៈមួយឱ្យយើងប្រឈមនឹងគ្រោះថ្នាក់ បើយើងធ្វើការងារទាំងអស់ហ្នឹង។ ទីពីរ យុវជនមួយចំនួនដែលគាត់ចេះដឹងហ្នឹង គាត់ជាប់ទៅនឹងសម្ភារៈនិយម។ គាត់កើតមក ឪពុកម្តាយគាត់បង្រៀនឱ្យតែគាត់ខំប្រឹងរកតែលុយទៅ មានតែផ្ទះ មានតែគ្រួសារ ផឹកស៊ីរាល់ថ្ងៃទៅ គឺចប់ហើយ ជីវិតគាត់មានតែប៉ុណ្ណឹងទេ។ ប៉ុន្តែ បើខ្ញុំទៅគិតអ៊ីចឹងដែរ ហើយអ្នកទាំងអស់គ្នាគិតថា បើគេមិនចាប់ផ្តើមផង យើងចាប់ផ្តើមធ្វើអ្វី ? យើងនាំគ្នាគិតតែអ៊ីចឹង គឺអត់មានអ្នកចាប់ផ្តើមទេ ហើយក៏អត់មានអ្នកណាធ្វើសកម្មភាព ដើម្បីការពារធនធានធម្មជាតិដែរ » ។
ចាប់តាំងពីចុងឆ្នាំ២០១៧ រហូតដល់ដើមឆ្នាំ២០២១ នេះ ចលនាមាតាធម្មជាតិបានបង្ហោះវីដេអូជាច្រើនលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា មាតាធម្មជាតិកម្ពុជា (Mother Nature Cambodia)។ វីដេអូទាំងនោះ មានចំនួនចូលទស្សនាយ៉ាងតិច ២០លានដង និងចែករំលែកតគ្នារាប់សែនដង។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ឱ្យដឹងថា ពួកលោកនឹងមិនបោះបង់ចោលសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិជាដាច់ខាត ដរាបណាច្បាប់ជាតិ និងអន្តរជាតិនៅតែបើកសិទ្ធិឱ្យពួកលោកធ្វើសកម្មភាពបាន។ ផ្ទុយទៅវិញ បេសកកម្មរបស់មាតាធម្មជាតិនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ នៅពេលកម្ពុជាមានរដ្ឋាភិបាលដែលគិតគូរពីការថែរក្សាបរិស្ថាន និងធនធានធម្មជាតិពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។