សកម្មជនចលនាមាតាធម្មជាតិ បានបង្ហាញទីតាំងលូ ទឹកស្អុយជាច្រើនកន្លែង ហូរចូលព្រែកកំពត ដែលសកម្មជនបរិស្ថានសង្ស័យថា បណ្ដាលឲ្យប៉ះពាល់គុណភាពទឹកសមុទ្រ ជះក្លិនស្អុយ និងសោភ័ណភាពបរិស្ថាន។ ពួកគេរកឃើញថា ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មធំៗ និងអាជីវករលក់ដូរតាមដងព្រែកកំពត ក្នុងក្រុងកំពត បានបង្ហូរកាកសំណល់ ទឹកលូបង្គន់ និងសំរាម ចូលព្រែកដោយផ្ទាល់ជារៀងរាល់ថ្ងៃ។
ក្នុងវីដេអូមានរយៈពេល ២នាទី របស់សកម្មជននៃចលនាមាតាធម្មជាតិ ដែលចេញផ្សាយថ្ងៃទី១៣ មករា បង្ហាញថា អាជ្ញាធរក្រុងកំពតមិនទាន់មានលទ្ធភាពចម្រុះទឹកស្អុយ ដែលជាហេតុនាំឱ្យទឹកលូ ឬទឹកកង្វក់ហូរចូលព្រែកកំពត ជាច្រើនឆ្នាំមកហើយ។
សកម្មជនចលនាមាតាធម្មជាតិ ដែលចុះស៊ើបអង្កេតករណីនេះថ្លែងក្នុងវីដេអូ ដោយមិនបង្ហាញអត្តសញ្ញាណថា លោកប្រទះឃើញលូធំៗ ២កន្លែង និងប្រព័ន្ធលូតូចៗ តាមដៃព្រែករាប់មិនអស់ ដែលពលរដ្ឋបង្ហូរទឹកស្អុយចូលព្រែកកំពត ទាំងមិនបានឆ្លងកាត់ប្រព័ន្ធចម្រោះនោះទេ។ លោកថា អាជ្ញាធរមិនទាន់មានសមត្ថភាពដោះស្រាយបញ្ហានេះនៅឡើយទេ ជាយូរមកហើយ៖ « អាជ្ញាធរក្រុងកំពតនៅតែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចម្រោះទឹកស្អុយ ដែលជាហេតុមានការបង្ហូរទឹកស្អុយ ចូលព្រែកដោយផ្ទាល់ជារៀងរាល់ថ្ងៃ » ។
ជាមួយគ្នានេះដែរ លោកស្រី ស្រ៊ុន ផល្លា វ័យ ៥២ឆ្នាំអាជីវករលក់ដូរមាត់ព្រែកកំពត លោកស្រីត្អូញថា ទឹកព្រែកកំពតមានក្លិនស្អុយជាច្រើនឆ្នាំមកហើយ ដោយសារខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរពាក់ព័ន្ធ។ លោកស្រីថា តំបន់ខ្លះទឹកព្រែកកំពតប្រែពណ៌ខ្មៅ មិនអាចប្រើប្រាស់បានជាង ១០ឆ្នាំមកហើយ៖ «គេខំតែសរសើរថា ខេត្តកំពតល្អ ទាស់តែទឹកលូស្អុយនៅមាត់ព្រែកហ្នឹងទេ។ មិនមែនស្អុយតិចៗ ណា នេះស្អុយខ្លាំងហ្មង។ លក់ដូរវាពិបាកលក់ដែរ អង្គុយលេងមិនបាន គេឡើងចេញ។ ខ្ញុំលក់ដូរមិនដាច់ គេឡើងចេញភ្ញៀវចេញបាត់ៗ » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លោកជំរុញឱ្យអាស៊ីសេរីគួរទាក់ទងអាជ្ញាធរខេត្តកំពត ព្រោះអាជ្ញាធរមានគម្រោងរៀបចំគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់នេះហើយ។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីអភិបាលខេត្តកំពត លោក ជាវ តាយ បាននៅឡើយទេ នៅថ្ងៃទី១៣ មករា ប៉ុន្តែ រដ្ឋបាលខេត្តកំពតបានបង្ហោះសារតាមទំព័រហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១១ មករាថា រដ្ឋបាលខេត្តនេះ កំពុងពិភាក្សាអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង ក្រុងរបៀង២។ អភិបាលខេត្តកំពត លោក ជាវ តាយ ថ្លែងថា មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យគម្រោងនេះហើយ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាល ត្រូវតែស្ថាបនាប្រព័ន្ធចម្រោះទឹក គ្រប់ទីកន្លែង ដែលហូរចូលស្ទឹង ទន្លេ និងសមុទ្រជាដើម។ លោកបញ្ជាក់ថា រដ្ឋាភិបាលមានផែនការកសាងប្រព័ន្ធចម្រោះទឹកស្អុយ នៅតំបន់ណាដែលជាអាទិភាព។ រីឯខេត្តកំពត លោកមិនទាន់ដឹងច្បាស់ថា នឹងសង់ពេលណានៅឡើយទេ៖ « ជាគោលនយោបាយរបស់រដ្ឋាភិបាល យើងត្រូវតែធ្វើកន្លែងសំអាតនៃទឹកដែលយើងបង្ហូរចេញ។ បានសេចក្ដីថា បង្ហូរចូលស្ទឹង និងចូលទន្លេ យើងរៀបចំធ្វើអាហ្នឹងឯង » ។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzales Davidson) ថ្លែងថា ទីក្រុងកំពតទាំងមូលអត់មានកន្លែងច្រោះទឹកស្អុយ ហើយទឹកលូទាំងអស់ ត្រូវហូរចូលព្រែកកំពតដោយផ្ទាល់។ បញ្ហានេះលោកថា ជាសញ្ញាអសមត្ថភាពរបស់អាជ្ញាធរខេត្តកំពត និងរដ្ឋាភិបាល៖ «អ្នកឯង ( រដ្ឋាភិបាល ) គួរតែបង្ហាញជាសាធារណៈ តើមានគម្រោងអ្វីខ្លះ ? ដល់ស្រាយបញ្ហាទឹកកង្វក់ បង្ហូរនៅកំពត មានពលរដ្ឋកាន់តែច្រើនទៅ ក្រោយពីបង្ហាញផែនការធ្វើទៅ។ បើសិនជាអ្នកឯងសុំទោស ក៏មិនហ៊ានផង ហើយផែនការក៏មិនមាន ឬក៏អ្នកឯងនិយាយថា ផែនការអ៊ីចេះអ៊ីចុះ តែផែនការមិនធ្វើអ្នកឯងលាលែងទៅ ! ទុកឱ្យបក្សផ្សេងជាអ្នកធ្វើទៅ » ។
សកម្មជនបរិស្ថានរំឭកថា កាលពីឆ្នាំ ២០១៤ អាជ្ញាធរខេត្តកំពត សន្យាថា នឹងមានគម្រោងសាងសង់ អាងចម្រោះទឹកស្អុយមួយចំនួនតាមមាត់ព្រែក ដោយចំណាយថវិកាប្រមាណ ៣០ម៉ឺនដុល្លារ ក៏ប៉ុន្តែមកទល់ពេលនេះ គម្រោងនេះ នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។