យុវជន​ចលនា​មាតា​ធម្មជាតិ​ប្រកាន់​ជំហរ​រឹងមាំ​ការពារ​ធនធាន​ធម្មជាតិ ទោះ​រង​ការ​គំរាម​តាម​ច្បាប់

ដោយ សេក បណ្ឌិត
2023.05.25
Share on WhatsApp
Share on WhatsApp
យុវជន​ចលនា​មាតា​ធម្មជាតិ​ប្រកាន់​ជំហរ​រឹងមាំ​ការពារ​ធនធាន​ធម្មជាតិ ទោះ​រង​ការ​គំរាម​តាម​ច្បាប់ យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ថ្លែងកាលពីថ្ងៃទី៩ ខែ​មេសា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

យុវជន​ចលនា​មាតា​ធម្មជាតិ នៅតែ​មាន​ជំហរ​រឹងមាំ ក្នុង​ការ​ចូល​រួម​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ បើ​ទោះបី​ជា​យុវជន​ទាំងនោះ ទទួល​រង​ការ​គំរាម​ចាត់​វិធានការ​ច្បាប់ ពី​សំណាក់​ក្រសួង​បរិស្ថាន។ ប្រតិកម្ម​នេះ កើតមានឡើង​បន្ទាប់ពី​ក្រសួងបរិស្ថាន បាន​ចេញ​សេចក្ដីប្រកាស ចោទ​ថា ក្រុម​យុវជន​ទាំងនោះ​ធ្វើ​សកម្មភាព​ប្រាសចាក​ឧត្តម​ប្រយោជន៍​ជាតិ ផ្ទុយ​នឹង​ច្បាប់ និង​គំរាម​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នកចូលរួម​ជាមួយ​ពួកគេ។

យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​ការចោទប្រកាន់​ពី​ក្រសួង​បរិស្ថាន និង​គំរាម​ប្រើប្រាស់​វិធានការ​ច្បាប់ មិន​តក់ស្លុត​ចំពោះ​គំរាម​ទាំង​នោះ​ទេ ហើយ​ថែម​ទាំង​បង្ហាញ​ឆន្ទៈ​ក្លាហាន ក្នុង​ការ​ចូលរួម​ការ​ពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត យុវជន​ទាំងនោះ ប្ដេជ្ញាចិត្ត​ថែរក្សា​មរតក​ធម្មជាតិ ដែល​បុព្វ​រស​ខ្មែរ​បាន​បន្សល់ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ឧសភា​ថា កញ្ញា​មិន​ភ្ញាក់ផ្អើល​ចំពោះ​សេចក្ដីប្រកាស​របស់​ក្រសួងបរិស្ថាន ដែល​គំរាម​មក​លើ​ក្រុម​យុវជន​ការពារ​បរិស្ថាន​មួយ​នេះ​ទេ ព្រោះ​ការ​គំរាម​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​។ កញ្ញា ចាត់ទុក​ការ​គំរាម​នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​យុវជន ដែល​ហ៊ាន​លើកយក​បញ្ហា​ពិត​មក​លាតត្រដាង។

កញ្ញា មាន នីសា៖ «ទី​១​ខ្ញុំ​សុំ​លើកទឹកចិត្ត​យុវជន ឥឡូវ​ខ្ញុំ​កំពុងតែ​បារម្ភ​ពី​ទឹកចិត្ត ក៏ដូចជា​ផ្លូវ​អារម្មណ៍​របស់​យុវជន ដូច្នេះ​សុំ​កុំ​មានការ​ភ័យខ្លាច​អ៊ី នេះ​គឺជា​រូបភាព​គំរាមកំហែង តែ​អ្នក​ទាំងអស់គ្នា​បាន​ធ្វើ​ការ​ដើម្បី​ប្រទេសជាតិ ការចូលរួម​ក្នុង​យុទ្ធនាការ​សាធារណៈ​ក្ដី​នឹង គឺ​អ្នក​ទាំងអស់គ្នា​ត្រូវ​មាន​មោទនភាព ដែល​អ្នក​ទាំងអស់គ្នា​ជា​ចំណែក​នៃ​ការចូលរួម​ដើម្បី​សំឡេង​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​បរិស្ថាន ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា ការដែល​យើង​និយាយ​ពី​បរិស្ថាន វា​មិនមែន​ជា​បទល្មើស​ទេ បើ​យើង​និយាយ​ការពិត យើង​លាតត្រដាង​ពី​ការពិត វា​មិនមែន​ជា​បទល្មើស​ទេ​ចា៎ស»

កញ្ញា មាន លីសា អះអាង​ថា សកម្មភាព ដែល​យុវជន​ចលនា​មាតា​ធម្មជាតិ​ធ្វើ ឡើង​ក្រោម​ឆន្ទៈ​ស្រឡាញ់​បរិស្ថាន​ពិតប្រាកដ ក្នុង​ការ​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ។ កញ្ញា​ចង់​ឃើញ យុវជន​ដទៃទៀត​ក្លាហាន​និយាយ​ការពិត​អំពី​បរិស្ថាន ព្រោះ​ការ​និយាយ​ការពិត ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ជាតិ មិនមែន​ជា​រឿង​ខុសច្បាប់​នោះ​ទេ។

ការ​បង្ហាញ​ជំហរ​របស់​យុវជន​នេះ គឺ​បន្ទាប់ពី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​២៤ ឧសភា បាន​ចេញ​សេចក្ដី​ប្រកាស​ថា រាល់​សកម្មភាព ដែល​ក្រុម​យុវជន​មាតា​ធម្មជាតិ​ធ្វើ គឺ​ប្រាសចាក​ពី​ឧត្តម​ប្រយោជន៍​ជាតិ និង​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល។ សេចក្ដីប្រកាស​ដដែល​នេះ គំរាម​ចាត់វិធានការ​ច្បាប់ ចំពោះ​អ្នកចូលរួម​សកម្មភាព​ជាមួយ​យុវជន​ទាំងនោះ។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់ និង​គំរាម​លើ​យុវជន​បរិស្ថាន​បាន​ទេ នៅ​ថ្ងៃទី​២៤ ឧសភា។

ទោះជា​យ៉ាងណា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ក្នុង​ការ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ គឺ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ លោក​ចង់​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច បែងចែក​ឲ្យ​ច្បាស់​រវាង​សកម្មភាព​របស់​អង្គការ ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ដក​ចេញ​ពី​បញ្ជី និង​សកម្មភាព​របស់​យុវជន ឬ​ប្រជាពលរដ្ឋ ដែល​ការពារ​បរិស្ថាន។

លោក នី សុខា បន្ថែម​ថា រដ្ឋ​គួរតែ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ណា ដែល​លះបង់​សេចក្ដីសុខ​ខ្លួនឯង ការពារ​សម្បត្តិ​ធនធាន​ជាតិ ជាពិសេស​នោះ គឺ​សកម្មជន​បរិស្ថាន។

លោក នី សុខា៖ «ប្រសិនជា​សកម្មភាព​នោះ​ធ្វើ​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ អា​និង​វា​ជា​រឿង​មួយ​ដែល​ខុស ដោយសារតែ​អង្គការ​នោះ​ត្រូវ​បាន​បិទ​ហើយ ប៉ុន្តែ​បើសិន​ជា​ធ្វើ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប ក្នុង​ការ​ការពារ​ធនធាន​សម្បត្តិ​ធម្មជាតិ ខ្ញុំ​ថា​អា​រឿង​នឹង​មិនមែន​ជា​រឿង​មួយ ដែល​ខុស​ទេ ផ្ទុយទៅវិញ​ប្រសិនជា​គេ​ធ្វើ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​ធនធានធម្មជាតិ ចូលរួម​សកម្ម ក្នុង​ការ​ការពារ​រឿង​នឹង​មិន​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ មិន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទេ ដូច្នេះ​ការ​ព្រមាន​ទាំងអស់​នោះ​ជា​ការ​ដាក់​សម្ពាធ វា​ជា​ការ​មួយ​បំភិតបំភ័យ​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​គេ​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ចំណែក ក្នុង​ការ​ចូលរួម​សកម្ម​ការងារ​សង្គម​បាទ»

ថ្មីៗ​នេះ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ តែងតែ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​រួមមាន ការ​ដាក់​ញត្តិ​ស្នើ​ឲ្យ​ក្រសួងបរិស្ថាន​បញ្ឈប់​កាត់​ឆ្វៀល​ដី​តំបន់​ឧទ្យាន​ជាតិ​ឲ្យ​ក្រុមហ៊ុន​ឯកជន ការ​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ឲ្យ​ដកហូត​កោះកុង​ក្រៅ​មក​ជា​ទ្រព្យសម្បត្តិ​រដ្ឋ និង​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ជាដើម។

យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​កម្ពុជា ជាជាង​ការ​លាប​ពណ៌​ថា ធ្វើការ​បម្រើ​ឲ្យ​បរទេស ធ្វើការ​ប្រឆាំង​ក្នុង​គោលបំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។