យុវជនអង្គការមាតាធម្មជាតិលើកឡើងថា តំបន់ស្ទឹងអារ៉ែងខេត្តកោះកុង ដែលជាទីសម្បូរទៅដោយក្រពើភ្នំនោះ ពេលនេះបែរជាស្ទើរតែគ្មានវត្តមានសត្វកម្រនេះទៅវិញ។ យុវជនអង្គការមាតាធម្មជាតិស្នើទៅក្រសួងបរិស្ថាន និងអង្គការពាក់ព័ន្ធយកក្រពើភ្នំមកលែងឲ្យរស់នៅតំបន់អារ៉ែងឡើងវិញ ដោយសារជនជាតិដើមភាគតិចជងមានជំនឿថា បើក្រពើភ្នំត្រូវបាត់បង់ពួកគេក៏រស់នៅមិនបានសុខដែរ។
យុវជនអង្គការមាតាធម្មជាតិលើកឡើងថា មូលហេតុដែលក្រពើភ្នំស្ទើរបាត់បង់ពីតំបន់ស្ទឹងអារ៉ែងនេះ ដោយសារមានការដាក់អន្ទាក់ និងការចាប់ក្រពើភ្នំចេញតំបន់នេះ កាលពីអំឡុងឆ្នាំ២០១៣ កន្លងទៅ។ យុវជនមាតាធម្មជាតិបន្តថា ការចាប់ជម្លៀសក្រពើភ្នំចេញពីតំបន់ស្ទឹងអារ៉ែងកាលពីពេលនោះជាការរៀបចំរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិហៅកាត់ថា FFI បន្ទាប់ពីលេចឮព័ត៌មានថា នឹងមានការសាងសង់ទំនប់ វារីអគ្គិសនីនៅក្នុងតំបន់នោះ។ យុវជនមាតាធម្មជាតិគ្រោងបង្ហោះវីដេអូអំពីក្រពើភ្នំពេញនៅពេលឆាប់ៗ ខាងមុខ ដើម្បីស្នើអ្នកពាក់ព័ន្ធយកក្រពើភ្នំមកលែងនៅទីនេះវិញ ព្រោះរបបក្រុងភ្នំពេញបានប្រកាសរួចហើយថា នឹងគ្មានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងនោះឡើយ៖ «»។
យុវជននៃអង្គការមាតាធម្មជាតិ កញ្ញា វណ្ណ ដាណេ ដែលស្រាវជ្រាវករណីនេះឲ្យអាស៊ីសេរីដឹងថា មួយរយៈចុងក្រោយនេះអ្នកភូមិមិនបានឃើញវត្តមានក្រពើភ្នំទៀតទេ។ កញ្ញបន្តថា ពលរដ្ឋរស់នៅតំបន់អារ៉ែង កំពុងព្រួយបារម្ភខ្លាចបាត់បង់ពូជក្រពើភ្នំនៅក្នុងតំបន់នេះ។ កញ្ញារំពឹងថា ការធ្វើវីដេអូនេះនឹងជំរុញទៅក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិហៅកាត់ថា FFI នាំ យកក្រពើភ្នំមកលែងនៅតំបន់នេះឡើងវិញ ដើម្បីឲ្យមានវត្តមានសត្វកម្រនេះនៅក្នុងស្ទឹងអារ៉ែងតទៅទៀត៖ «»។
កាលពីអាណត្តិទី៥ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានប្រាប់លោកថា រដ្ឋាភិបាលមិនអនុវត្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីតំបន់អារ៉ែងទេ។ ក្រោយមកលោក ហ៊ុន សែន បានសរសេរលិខិតទៅរដ្ឋសភាដោយបញ្ជាក់ថា រដ្ឋាភិបាលនឹងថ្លឹងថ្លែងមុនពេលសម្រេចអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតំបន់អារ៉ែង។អង្គការមាតាធម្មជាតិលើកឡើងថា ក្នុងអំឡុងពេលនោះហើយ ដែលអង្គការសត្វព្រៃ និងរុក្ខជាតិ ហៅកាត់ថា FFI ដើរចាប់ និងដាក់អន្ទាក់ប្រមូលយកក្រពើភ្នំចេញពីតំបន់នេះ ហើយក្នុងគ្រាដដែលនេះក៏បានធ្វើឲ្យក្រពើញីមួយក្បាលងាប់ ដោយសារជាប់អន្ទាក់ផងដែរ។
អាស៊ីសេរីមិនអាចទាក់ទងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ហៅកាត់ថា FFI(FAUNA&FLORA INTERNATIONAL) ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបានទេនៅថ្ងៃទី០៦ តុលា។ ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា វិញ ក៏មិនអាចទាក់ទងបានដូចគ្នា នៅថ្ងៃដដែលនេះ ដោយលោកមិនលើកទូរស័ព្ទ។
ជនជាតិដើមភាគតិចជងថ្លែងក្នុងវីដេអូរបស់អង្គការមាតាធម្មជាតិថា ពួកលោកគោរពបូជា ក្រពើភ្នំដោយសារមានជំនឿថា ក្រពើភ្នំជាសត្វពូកែស័ក្ដិសិទ្ធិ ហើយសត្វកម្រនេះ តាំងពីដើមមកមិនដែលធ្វើបាបពលរដ្ឋនោះទេ។ ពលរដ្ឋម្នាក់នេះលើកឡើងទៀតថា ក្រពើនេះបានទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានៅតំបន់អារ៉ែង ប៉ុន្តែនៅពេលមិនឃើញមានវត្តមានក្រពើភ្នំភ្ញៀវទេសចរក៏មិនសូវមកលេងតំបន់នេះដូចមុនទៀតដែរ៖ «»
អង្គការមាតាធម្មជាតិលើកឡើងថា នៅក្នុងពិភពលោកសព្វថ្ងៃមានក្រពើភ្នំប្រមាណ ២៥០ក្បាលប៉ុណ្ណោះ ដោយក្នុងនោះ មានច្រើនជាងគេនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ និងតំបន់ អារ៉ែង ដែលជាកន្លែងមានក្រពើភ្នំច្រើនលំដាប់ទី២ បន្ទាប់ពីតំបន់អូរសោម ខេត្តពោធិ៍សាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។