ពលរដ្ឋ​វៀតណាម​ចូល​ទៅ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​បណ្ដើរៗ ក្រោម​លេស​ថា ទៅ​យាម​បែ​ចិញ្ចឹម​ត្រី

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​សង្កេត​ឃើញ​ថា យន្តការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ផ្លាស់​ទី​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​រាប់​ពាន់​គ្រួសារ​ឲ្យ​មក​រស់នៅ​លើ​គោក​នោះ កំពុង​តែ​រអាក់រអួល​នៅ​ឡើយ និង​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ បាន​វិល​ទៅ​រស់​នៅ​លើ​ទឹក​វិញ​ដោយ​យក​លេស​ថា យាម​បែ​ចិញ្ចឹម​ត្រី។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពង់ឆ្នាំង​ លោក សំ ច័ន្ទគា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ ​មករា​ថា វិធានការ​ជម្លៀស​ជនជាតិ​វៀតណាម​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​នៅ​ឡើយ​ទេ និង​មាន​ចំណុច​ខ្លះ​ឋិត​ក្នុង​ភាព​មិន​ច្បាស់លាស់។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពី​លោក​ចុះ​ស្រាវជ្រាវ​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​រក​ឃើញ​ថា ជនជាតិ​វៀតណាម​ រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​ក្នុង​ក្រុង​កំពង់ឆ្នាំង​ប្រមាណ ៣០ភាគ​រយ បាន​វិល​ទៅ​រស់​នៅ​លើ​ទឹក​វិញ ដោយ​យក​លេស​ថា ចាំ​យាម​បែ​ចិញ្ចឹម​ត្រី​ក្រោម​ផ្ទះ៖ «»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ច្បាស់លាស់​ទេ មុន​ពេល​ផ្លាស់​ប្ដូរ​ទីតាំង​ថ្មី​នោះ។ លោក​ថា ទីតាំង​ថ្មី​ដែល​ពលរដ្ឋ​វៀតណាម ​កំពុង​រស់នៅ​លើ​គោក​ដែល​អាជ្ញាធរ​ខេត្ត​ផ្ដល់​ឲ្យ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់ គ្មាន​អគ្គិសនី ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ និង​កុមារ​ជា​ច្រើន ត្រូវ​ផ្អាក​ការ​សិក្សា​ជាដើម។ ទន្ទឹម​នឹង​នេះ​ ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ ​បាន​បន្ត​រស់នៅ​តាម​បណ្ដោយ​ ​មាត់​ទន្លេ​ជា​បណ្ដោះអាសន្ន ​និង​​ខ្លះ​ទៀត វិល​ទៅ​រស់នៅ​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​វិញ៖ «»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ មករា។ ចំណែក​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ ទទួល​បន្ទុក​ជម្លៀស​ជនជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេ​សាប ​គឺ​លោក​ ស៊ុន ​សុវណ្ណា​រិន ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ ​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​ទោះ​យ៉ាង​នេះ​ក្ដី លោក​ ស៊ុន ​សុវណ្ណា​រិន ​បាន​ប្រាប់​អាស៊ី​សេរី​ កាល​ពី​ដើម​ខែ​មករា​ថា អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ប្រព័ន្ធ​ទឹក​ភ្លើង​ និង​មណ្ឌល​សុខភាព​ជាដើម ​នៅ​ទីតាំង​ថ្មី​ ​ដែល​បាន​ជម្លៀស​ពលរដ្ឋ​ទាំង​នោះ​ឡើង​គោក​វិញ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​សម្រេច​ពន្យារ​ពេល​រុះរើ​ផ្ទះ​ជនជាតិ​វៀតណាម ចំនួន​ ៧៥០ខ្នង សម្រាប់​ផ្ទះ​ណា​ដែល​មាន​បែ​បណ្ដែត​ទឹក​ក្នុង​ផ្ទះ​ រហូត​ដល់​ខែ​កក្កដា ឆ្នាំ២០១៩ ខាង​មុខ​នេះ ព្រោះ​ខ្លាច​ប៉ះពាល់​របប​ចិញ្ចឹម​ត្រី និង​ទុក​ពេល​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ឡើង​គោក។ លោក​ថា ផ្ទះ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង សរុប​ចំនួន​ជិត ៤ពាន់​គ្រួសារ​ ក្នុង​នោះ​មាន​ផ្ទះ​បណ្ដែត​ទឹក​របស់​ជន​អន្តោប្រវេសន៍​វៀតណាម​ជិត​ ២ពាន់​គ្រួសារ៖ «»។

ចំណែក​ក្រុម​យុវជន ​ដែល​ឃ្លាំមើល​រឿង​នេះ រាយការណ៍​ថា ផ្ទះ​បណ្ដែត​ទឹក​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​មិន​ទាន់​បន្លាស់​ទី​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប​នោះ​ទេ​ ​ព្រោះ​ពួកគេ​មាន​ខ្នង​បង្អែក​ជា​អាជ្ញាធរ​ និង​សមត្ថកិច្ច​មាន​អំណាច​ខ្លះ​កាង​ការពារ​។ លើស​ពី​នេះ​ ជនជាតិ​វៀតណាម​ភាគ​ច្រើន​មាន​មុខ​របប​នេសាទ​ត្រី​ខុស​ច្បាប់ និង​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​ទៀត​ចិញ្ចឹម​ត្រី​ក្នុង​បែ​ក្រោម​ផ្ទៃ​បណ្ដែត​ទឹក​។​

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ លោក​ ​មួង ​សូនី ​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​លើ​ប្រសិទ្ធភាព​ការពារ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ ព្រោះ​អាជ្ញាធរ​ហាក់​គ្មាន​ភាព​ច្បាស់លាស់​អនុវត្ត​កិច្ច​ការងារ​នេះ។ លោក​ថា បើ​អាជ្ញាធរ​មាន​ឆន្ទៈ​អនុវត្ត​វិធានការ​នេះ មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​បែ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នោះ​ទេ ​គួរតែ​រុះរើ​ចេញ​ឲ្យ​អស់​ ស្មើភាព​គ្នា និង​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ពេញលេញ។ លោក​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​ ​គឺ​ជា​ដើមហេតុ​ធ្វើឲ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេ​សាប​កាន់​តែ​ច្រើន​ឡើង​ ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី និង​មាន​ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន​ ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៖ «»។

ទោះ​យ៉ាង​ណា ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ លោក​ លោក​ ស៊ុន ​សុវណ្ណា​រិន ​អះអាង​ថា​ ជន​បរទេស​ណា ​ដែល​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​ ​គឺ​អាជ្ញាធរ​នឹង​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ។ លោក​ថា ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​អាច​តាំង​លំនៅ​លើ​គោក​បាន​ តែ​ជន​អន្តោប្រវេសន៍​ណា​មាន​លិខិតស្នាម​ត្រឹមត្រូវ។

តួលេខ​អាជ្ញាធរ​ខែ​ត្រ​បង្ហាញ​ថា នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ផ្ទះ​បណ្ដែត​ទឹក​ ជិត​ ៤ពាន់​គ្រួសារ​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ ជិត​ ២ពាន់​គ្រួសារ។ បច្ចុប្បន្ន​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់​នៅ​ជាង ១ម៉ឺន​នាក់ (១០.០៨៧) ហើយ​កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាង​គេ គឺ​នៅ​ផ្សារ​ក្រោម ​សង្កាត់​កំពង់ឆ្នាំង តំបន់​ឆ្នុក​ទ្រូ ​ស្ថិត​ក្នុង​ឃុំ​ឆ្នុក​ទ្រូ ​ស្រុក​បរិបូណ៌ ហើយ​ក្រៅ​ពី​នោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។