គណៈកម្មការទន្លេមេគង្គ (MRC) អំពាវនាវឱ្យប្រទេសពាក់ព័ន្ធផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុងកិច្ចការទំនាក់ទំនងការទូតរបស់ខ្លួនជាបន្ទាន់ដើម្បីការពារធនធានទន្លេដ៏ធំជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ការអំពាវនាវនេះ កើតមានឡើងស្របពេលដែលប្រទេសក្នុងតំបន់មេគង្គកំពុងប្រឈមនឹងបញ្ហាភាពមិនប្រក្រតីនៃរំហូរទឹកទន្លេដោយសារតែមានការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅតាមប្រទេសខ្សែទឹកខាងលើ ជាពិសេសប្រទេសចិន។
កិច្ចការទំនាក់ទំនងការទូតដោយផ្តោតលើបញ្ហាសន្តិសុខទឹក គឺជាកិច្ចការដ៏សំខាន់កាន់តែខ្លាំងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីដែលចេះតែកើនឡើង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក ព្រមទាំងសកម្មភាពអភិវឌ្ឍដទៃទៀត។ នេះគឺជាការគូសបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) និងជាឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង់សុវណ្ណ (Prawit Wongsuwon) ក្នុង សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី១៥ ខែមីនា ជុំវិញការចេញផ្សា យរបាយការណ៍ថ្មីមួយស្តីពីសមិទ្ធផលរបស់គណៈកម្មការនេះ។
ក្រៅពីបញ្ហាទំនប់វារីអគ្គិសនី ប្រធានក្រុមប្រឹក្សា MRC រូបនេះ ក៏បានបញ្ជាក់ដែរថា នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក៏កំពុងបង្កើតឱ្យមានជាផលវិបាកជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។
រីឯអតីតប្រធានគណៈកម្មការទន្លេមេគង្គបណ្ឌិត អាន ពេជ្រហត្ថដា កត់សម្គាល់ក្នុងសេចក្តីប្រកាសព័ត៌មានដដែលអំពីសារសំខាន់នៃការបង្កើនភាពជាដៃគូសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងទន្លេមេគង្គនេះ។ លោកមានប្រសាសន៍ថា យើងបានរក្សាឱ្យមាននូវទំនាក់ទំនងភាពជាដៃគូជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការមេគង្គ-ឡានឆាងជាមួយភាគីចិន និងបានបង្កើនភាពជាដៃគូជាមួយតំបន់អាស៊ាន។ លោកថា កិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវផលប្រយោជន៍នានា។ ជាក់ស្តែង ដូចជា កាលពីឆ្នាំកន្លងទៅ គណៈកម្មការទន្លេមេគង្គ និងអាស៊ាន បានរៀបចំឱ្យមានកិច្ចប្រជុំជាលើកដំបូងនៃ «កិច្ចសន្ទនាអំពីបញ្ហាសន្តិសុខទឹក» ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងតែកើតមានឡើងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទឹក។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៅសាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) នៃសហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល យល់ថា កិច្ចការការទូតផ្តោតលើបញ្ហាសន្តិសុខទឹក គឺជារឿងសំខាន់។ ក៏ប៉ុន្តែ លោកចោទជាសំណួរថាតើ កិច្ចការការទូតផ្តោតលើបញ្ហាសន្តិសុខទឹកបែបនេះ អាចបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសដែលមិនមែនជាសមាជិករបស់គណៈកម្មការទន្លេមេគង្គបានដែរឬទេ។ លោកពន្យល់ថា មិនខុសពីទន្លេដទៃទៀត ទន្លេមេគង្គគឺជាធនធានរួម ដូច្នេះហើយលោកថា ទើបបានជាមានការកេងប្រវ័ញ្ចលើធនធានទន្លេនេះដល់កម្រិតប្រកបដោយសោកនាដកម្មមួយពីសំណាក់ប្រទេសនៅតាមខ្សែទឹកខាងលើ។ បណ្ឌិត អៀ សុផល កត់សម្គាល់ថា ផលវិបាកបង្កដោយសកម្មភាពរបស់ប្រទេសនៅខ្សែទឹកខាងលើទន្លេមេគង្គ ដែលកេងប្រវ័ញ្ចពីទន្លេនេះ តែងតែគ្មានការទទួលខុសត្រូវ។
រីឯអ្នកវិភាគនយោបាយ លោក គឹម សុខ ដែលបច្ចុប្បន្នកំពុងភៀសខ្លួនរស់នៅប្រទេសហ្វាំងឡង់ (Finland) មើលឃើញថា បញ្ហាទន្លេមេគង្គនេះ ក្រៅតែពីក្លាយជាវិបត្តិទឹកដោយសារតែចិនជាអ្នកគ្រប់គ្រងបិទបើករំហូរទឹកទន្លេតាមអំពើចិត្តតាមរយៈវារីអគ្គិសនីដ៏សម្បើមរបស់ខ្លួននោះ បញ្ហាទឹកនេះ ក៏បានប្រែក្លាយទៅជាបញ្ហាវិបត្តិធំក្នុងតំបន់មេគង្គ៖ « អត់មាននយោបាយស្របគ្នាក្នុងការការពារទឹកទន្លេមេគង្គទេ។ ប្រទេសមួយចំនួនផ្អែកទៅលើនយោបាយចិនដើម្បីការពារអំណាចផ្ទាល់ខ្លួន ដូចជាកម្ពុជា ដូចជាឡាវ ជាដើម។ ប្រទេសមួយចំនួនទៀត ដូចជាវៀតណាមគឺមានជំហររឹងមាំដែរក្នុងការទប់ទល់ជាមួយប្រទេសចិន។ ដូច្នេះ ប្រទេសដែលនៅទន្លេមេគង្គក្រោមនេះអត់មានជំហរស្របគ្នាក្នុងការការពារទឹកទន្លេមេគង្គទេ។ ដូច្នេះ វាទៅជាវិបត្តិនយោបាយនៃប្រទេសដែលស្ថិតនៅទន្លេមេគង្គក្រោមទៅទៀត »។
វេទិកាសាកលអំពីទឹក (Global Water Forum) នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) ដែលផ្តោតលើបញ្ហាសន្តិសុខពន្យល់ថា កិច្ចការការទូតអំពីបញ្ហាសន្តិសុខទឹក គឺជាការប្រើប្រាស់យន្តការការទូតដើម្បីដោះស្រាយបញ្ហាភាពមិនចុះសម្រុងគ្នា និងជម្លោះបណ្តាលមកពីការចែករំលែកធនធានទឹកមិនស្មើគ្នា ហើយមានគោលដៅដើម្បីដោះស្រាយ ឬកាត់បន្ថយបញ្ហាជម្លោះទាំងនេះដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងសន្តិភាពក្នុងតំបន់។
កន្លងទៅ សហគមន៍ប្រជានេសាទនៅតាមតំបន់បឹងទន្លេសាប ដែលទទួលឥទ្ធិពលដោយផ្ទាល់ពីទន្លេមេគង្គ បានលើកឡើងពីកង្វល់របស់ពួកគេប្រាប់ វិទ្យុអាស៊ីសេរី ជុំវិញស្ថានភាពប្រែប្រួលនៃរំហូរទឹកទន្លេខុសប្រក្រតីនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថា បញ្ហានេះកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្លាក់ចុះនៃទិន្នផលត្រី។ ពួកគេថា ប្រជានេសាទអាចនឹងបោះបង់ចោលមុខរបរនេសាទរបស់ពួកគេនាពេលអនាគត រួចនាំគ្នាធ្វើចំណាកស្រុក ប្រសិនបើស្ថានភាពប្រែប្រួលទឹកទន្លេនេះនៅតែបន្តកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។