អ្នក​ជំនាញ​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​ប្រើ​ជី​ធម្មជាតិ

ដោយ ប្រាជ្ញ ចេវ
2017-04-22
Share
បន្លែ​ធម្មជាតិ ២០១៧ ៨៥៥ សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​ការ​លើក​កម្ពស់​ពី​សុវត្ថិភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​កម្ពុជា ថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

ក្រុម​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​ប្រើ​ជីធម្មជាតិ ឬ​ជីសរីរាង្គ ជៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព។ យ៉ាងណា​ក៏​ដោយ​ចុះ កសិករ​លើក​ឡើង​ថា ពួកគេ​អាច​ដាំ​បន្ថែ​មិន​ប្រើ​ជីគីមី​បាន ប៉ុន្តែ​ក្រសួង​មាន​សមត្ថកិច្ច​គួរ​ជួយ​រក​ទីផ្សារ​ឲ្យ​បន្លែ​របស់​ពួកគេ​ផង។

ការ​លើក​កម្ពស់​ពី​សុវត្ថិភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​កម្ពុជា ត្រូវ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម លើក​មក​ជជែក​គ្នា នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ថ្ងៃ​ទី​២១ ខែ​មេសា ដើម្បី​ជំរុញ​ការ ដាំ​ដុះ​តាម​គោល​ការអនុវត្ត​កសិកម្ម​ល្អ ឬ​ហៅថា​(GAP)។ ការ​ជំរុញ​នេះ ស្រប​ពេល​ដែល​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ការ​អភិវឌ្ឍ(អ៊ីកូ) កាល​ពី​ពេល​ថ្មីៗ​នេះ រក​ឃើញ​ថា ៩៥​ភាគរយ​នៃ​អ្នក​បរិភោគ​បន្ថែ មានការ​ព្រួយបារម្ភ​អំពី​កម្រិត​ជាតិគីមី​នៅ​កន្លែង។

ប្រធាន​អង្គការ​ជីវិត​ថ្លៃថ្នូរ លោក មិន ស សង្កេត​ឃើញ​ថា នៅ​ពេល​នេះ​ពលរដ្ឋ​ចាប់​ផ្ដើម​បារម្ភ​ពី​បន្លែ​ដែល​មាន​គីមី។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​ដឹង​ថា អង្គការ​របស់​លោក បាន​បណ្ដុះបណ្ដាល​កសិករ​ប្រាំ​ខេត្ត ដើម្បី​ដាំ​បន្លែ​ដោយ​ប្រើ​ជីសរីរាង្គ ឬ​ជីធម្មជាតិ ដែល​ក្នុង​មួយ​ខែៗ ទទួល​បាន​ទិន្នផល​ជាង​មួយ​តោន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ប៉ុន្តែ​លោក​ថា ចំនួន​នេះ​តិចតួច​ណាស់​បើ​ធៀប​តម្រូវការ​ទីផ្សារ៖ «ភាគច្រើន​អតិថិជន​ច្រើនតែ​សួរ​ថា បន្លែ​នឹង​ដាក់​គីមី​អត់ កន្លែង​នឹង​មួយ​ធ្វើ​ឲ្យ​ពួកគាត់​អ្នក​ដាំ​បន្លែ​យល់​ដឹង»

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ បង្ហាញ​ថា បរិមាណ​បន្លែ​ដែល​ផ្គត់ផ្គង់​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ចំនួន​ជិត​១​លាន (,៩៣​លាន)តោន ក្នុង​នោះ​បរិមាណ​បន្លែ​ក្នុងស្រុក​៤៤% ចំណែក​បន្លែ​នាំចូល​ពី​ក្រៅ​ប្រទេស​៥៦%។ ការសិក្សា​ដោយឡែក​មួយ​បង្ហាញ​ដែរ​ថា បរិមាណ​បន្លែ​របស់​ប្រទេសជិតខាង​ដែល​នាំ​ចូល​មក​ក្រុងភ្នំពេញ ប្រមាណ​២០០​តោន ទៅ​៣០០​តោន ក្នុង​មួយថ្ងៃ។

តំណាង​ក្រុម​កសិករ​ដាំ​បន្លែ​មិន​ប្រើ​ជីគីមី មកពី​ខេត្ត​កំពង់ឆ្នាំង លោក ស្រី ហឹម ផល្លី ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ ជីវិត​ថ្លៃថ្នូរ ដែល​ពីមុន​ធ្លាប់​ប្រើ​ជីគីមី បែរ​មក​ប្រើ​ជីសរីរាង្គ​វិញ ឲ្យ​អាស៊ីសេរី​ដឹង​ថា បន្លែ​ប្រើ​ជីសរីរាង្គ​ល្អ​ទាំង​គុណភាព​បន្លែ និង​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​បរិភោគ។ ប៉ុន្តែ លោកស្រី លើក​ឡើង​ថា​កសិករ ជួប​លំបាក​ព្រោះ ការ​ដាំដុះ​បន្លែ​នេះ ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន បន្លែ​ពិបាក​ថែទាំ​នៅ​ពេល​រង​ការ​វាយ​ប្រហារ​ពី​សត្វល្អិត កសិករ​ពិបាក​រក​ទីផ្សារ និង ការ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ជាដើម៖ «ពេល​ដែល​យើង​ផលិត​បាន​ច្រើន លើស​ពី​តម្រូវការ យើង​យក​ទៅ​លក់​នៅ​ទីផ្សារ​ឯកជន​គេ​ទម្លាក់​តម្លៃ»

តាម​ការ​បញ្ជាក់ របស់​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម គ្រប់​បន្លែ​សុទ្ធតែ​ជីជាតិ​អាច​ទ្រ​ទ្រ​រាងកាយ​ដូច​របស់​មនុស្ស​ដូចគ្នា ប៉ុន្តែ បន្លែ​ដែល​ប្រើប្រាស់​ជី​គីមី​មិន​ត្រឹមត្រូវ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម លោក បណ្ឌិត ហ៊ាន វណ្ណហ៊ន ឲ្យ​ដឹង​ថា ក្រសួង​បាន​ជំរុញ​កសិករ ផលិត​បន្លែ​គ្រប់មុខ​ដោយ​មានការ​ចងក្រង​សហគមន៍ ក្នុង​ការផលិត​បន្លែ ហើយ​ថែមទាំង​កែច្នៃ​បន្លែ​នៅ​រដូវ​សំបូរ​បន្លែ។ លោក​យល់ថា នៅ​ពេល​កសិករ​ខ្មែរ​ផលិត​បន្លែ​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់ នោះ​បន្លែ​នាំចូល​ពី​ក្រៅ​ក៏​មិន​អាច​នាំចូល​បាន​ទៀត​ទេ៖ «យើង​បាន​រៀបចំ​ចងក្រង​ជា​សហគមន៍​ជំរុញ​គាត់ បង្រៀន​គាត់​ឲ្យ​ចេះ​ផលិត​បន្លែ»

យ៉ាងណា​ក៏ដោយ​ចុះ អ្វី​ដែល​កសិករ​ជួបប្រទះ គឺ​កសិករ​ប្រមូល​ផល ប៉ុន្តែ​បន្លែ​របស់​ពួកគេ​បែរ​ចុះថោក។ ចំណុច​នេះ មន្ត្រី​ជំនាញ​កសិកម្ម លោក បណ្ឌិត ហ៊ាន វណ្ណហ៊ន ថា ព្រោះ​បន្លែ​របស់​កសិកម្ម​មិនបាន​ហូរ​ចូល​ទីផ្សារ ដែល​លោក​ទាមទារ​ឲ្យ​កសិករ​ផលិត​បន្លែ​ណា​ទីផ្សារ​ត្រូវការ។

ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​ប្រជាកសិករ និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​យល់ថា ទាល់តែ​រដ្ឋាភិបាល​ចេញមុខ​បង្កើត​គោលដៅ​ជាក់លាក់ និង​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​កសិករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល