​ក្រុម​​យុវជន​​ស្រឡាញ់​​ធម្មជាតិ​​ប្រារព្ធ​ទិវា​​បរិស្ថាន​​ពិភព​លោក​​បង្ហាញ​​ពី​​ការ​​បំផ្លាញ​​​បរិស្ថាន​

0:00 / 0:00

ក្នុង​​ទិវា​​បរិស្ថាន​​ពិភពលោក​ឆ្នាំ២០២២ សមាគម​​​បណ្ដាញ​យុវជន​កម្ពុជា (CNY) បាន​​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ ចំពោះ​​ផល​ប៉ះពាល់​​ផ្សេងៗ​ដល់​ធនធាន​ធម្មជាតិ ដូចជា ការ​បូម​យក​ខ្សាច់​ពី​ទន្លេ ការ​លុប​បឹង​​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាប់​សត្វ​កម្រ​ក្នុង​ទឹក​មក​ដោះដូរជាមួយ​​មន្ត្រី​អភិរក្ស​ជលផល​ជាដើម។ ក្រុម​យុវជន​ និង​សង្គម​ស៊ីវិល​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​បរិស្ថាន​ឲ្យ​ជួយ​ពង្រឹង​ថែម​ទៀត​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ ឱ្យ​បាន​គង់វង្ស។

ក្នុង​វេទិកា​​បរិស្ថាន​ពិភពលោក ក្រោម​ប្រធានបទ «លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ និង​សុខុមាលភាព​មនុស្ស​ជាតិ» ដែល​មាន​មនុស្ស​ចូល​រួម​ជិត១០០នាក់ (៩៥នាក់) ធ្វើ​ឡើង​​នៅ​​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា។ វេទិកា​នេះ​ក្រុម​យុវជន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​​បម្រែបម្រួល​​អាកាសធាតុ ការ​រេចរឹល​ព្រៃ​ស្រោង​ក្រាស់ ការ​បាក់​ដី​ពី​ជ្រាំង​ទន្លេ​ដោយ​កត្តា​មនុស្សជាដើម។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គីម​ហុង​ លើកឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​សេរី​កំពុង​កើត​មាន​ពាសពេញ​ប្រទេស​ ​ដោយសារ​មានអំពើ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ និង​ជន​ល្មើស កាន់តែ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ឧទ្យាន​នុរក្ស​មាន​ភាព​កម្សោយ​ក្នុង​ការ​អនុវត្ត​ច្បាប់​។ លោក បន្ថែម​ថា រដ្ឋាភិបាល​មិន​គួរ​ផ្ដល់​ដី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ធនធាន​ធម្មជាតិ​នោះ​ឡើយ៖ « មិន​មែន​ជា​រឿង​មួយ​ធម្មតា​ទេ​នៅ​ពេល​ដែល​មនុស្ស​ចូល​ទៅ​រស់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ហើយ​ឥឡូវ​សម័យ​រណារ​យន្ត​ទៀត គឺ​សំឡេង​អឺងកង​ពេញ​ព្រៃប៉ុន្តែ​អាជ្ញាធរ​ពុំ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​អនុវត្ត ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​បន្ត​។ ហើយ​បញ្ហា​នេះ​ណា៎​ហ៊ាន​តែ​បណ្ដែតបណ្ដោយ ហ៊ាន​តែ​អនុញ្ញាត ឧទាហរណ៍​ដូច​ករណី​តំបន់​ដែល​មាន​ការ​រស់​នៅ​ដោយ​ខុស​ច្បាប់​អញ្ចឹង ហ៊ាន​តែ​បន្ត​បណ្ដែត​បណ្ដោយ​ គឺ​ហាក់​បី​ដូចជា​ដំណើរ​ឈាន​ទៅ​រក​ការ​វិវឌ្ឍ​បន្ថែម​ទៀត​នៃ​ការ​​ទន្ទ្រាន​ដី​លក់ »

ក្រុម​យុវជន​មើល​ឃើញ​ការ​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា​មាន​ទ្រង់ទ្រាយ​ផ្សេងៗ​គ្នា ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្លះ​ដើរ​រក​​ពង​កន្ធាយ​​យក​មក​ដូរ​នឹង​ពង​ទា​ជា​មួយ​មន្ត្រី​​រក្សា​​បរិស្ថាន​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អនុរដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាន​អ្នកស្រី ព្រំ សុ​ភី ដើម្បី​សុំ​ការ​បភ្លឺ​រឿង​នេះ​បានទេនៅថ្ងៃទី២៩ឧសភា ដោយ​ទូរស័ព្ទ​ ហៅ​ចូល​មិន​មាន​អ្នក​ទទួល។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរលោក​ កើត សា​រ៉ាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​រសៀល​ថ្ងៃទី២៩ ខែឧសភា​ថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន​នេះ គឺ​ដើម្បី​បញ្ជ្រាប​នូវ​ចំណេះ​ដឹង​​អំពី​ការ​ស្រឡាញ់​បរិស្ថាន​​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ លើក​ទឹកចិត្ត​គេ​ឲ្យ​ចូលរួម​ថែរក្សា​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​ ឲ្យ​គង់វង្ស​យូរ​អង្វែង​ ដើម្បី​បម្រើ​​ផល​​ប្រយោជន៍​ដល់​មនុស្សជាតិ។

លោក​បញ្ជាក់​ថា​ បើ​ទោះបី​ជា​ការ​ចូលរួម​របស់​ពួក​លោក​នៅ​ថ្ងៃ​នេះ​តិច​ក្ដី​ច្រើន​ក្ដី ក៏​អាច​​នឹង​ជួយ​ជំរុញ​ដល់​យុវជន​ដទៃ​ទៀត​ឱ្យ​ចេះ​ស្រឡាញ់​ធនធាន​ធម្មជាតិ​៖ « ជា​ពិសេស​ក្រសួង​បរិស្ថាន​តែ​ម្ដង​​ សូម​ឲ្យ​ពិចារណា​​ហើយ​ ពិចារណា​ទៀត​ ដើម្បី​បើក​លំហូរ​សេរីភាព​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ឲ្យ​សហគមន៍​ និង​ប្រជាពលរដ្ឋ ​សកម្មជន​​សង្គម​ហ្នឹង​គាត់​មាន​ឱកាស ហើយ​យើង​សហការ​គ្នា​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ ជាជាង​តែ​ព្យាយាម​លាភ​ពណ៌​ ដូច​កន្លង​មក​ដូច​យើង​ឃើញ​ហើយ មន្ត្រី​នៅ​ក្នុង​ក្រសួង​បរិស្ថាន​មួយ​ចំនួន​ហ្នឹង​ បន្ត​លាភ​ពណ៌​អង្គការ​សង្គម​ស៊ីវិល សហគមន៍ សកម្មជន​សង្គម​ ថា​ធ្វើ​នេះ​ធ្វើ​នោះ​សុទ្ធ​តែ​មាន​វារៈ​នយោបាយ​មាន​ស្អី​អញ្ចឹង​ ខ្ញុំ​គិត​ថា វា​អត់​ចំណេញ​ដល់​ជាតិ​សាស្ត្រ​យើង » ​​

ជា​ឧទាហរណ៍​ជាក់ស្ដែង ព្រៃ​មេត្តា​ធម្មជាតិ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន​។ ព្រៃ​សហគមន៍​មួយ​នេះ​មាន​ផ្ទៃដី​ប្រមាណ​ពីរ​ម៉ឺន​(២.០០០) ហិកតា ដែល​មាន​សត្វ​កម្រ​រស់​នៅ​ជាច្រើន​ប្រភេទ ប៉ុន្តែ​បច្ចុប្បន្ន​កាន់តែ​រួម​តូច​នៅ​សល់​តែ​ជាង ៨០០​ហិកតារ​ប៉ុណ្ណោះ ដោយសារ​កំពុង​រង​ការ​រំលោភ​បំពាន​ទន្ទ្រាន​យក​ដី​ជា​បន្ត​បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​ខិលខូច​មួយ​ចំនួន ដោយ​គ្មាន​ការ​ទប់ស្កាត់។

រីឯ​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិលោក​ អាឡេចហាន់ដ្រូ ​ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ​ប្រាប់​អាស៊ី​សេរី​​​នៅ​ថ្ងៃ​ដដែល​ថា​ បើ​មើល​ពី​សំបក​ក្រៅ រដ្ឋាភិបាល​ហាក់​ដូចជា​យកចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​ព្រៃឈើ​ តែ​ធាតុ​ពិត​មិន​ដូច្នោះ​ទេ។ លោក​ថា ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​កាន់​តែ​រីក​ដុះដាល​​ធំ​ទៅ​ៗ ដោយ​ជន​ល្មើស​គ្មាន​ការ​ខ្លាច​ញញើត​ពី​ច្បាប់​សោះឡើយ។

លោក​បន្ថែម​ថា លោក​មាន​របាយការណ៍​ និង​ភស្តុតាង​ជាច្រើន​​​ពាក់ព័ន្ធ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ ធនធាន​ធម្មជាតិ ការ​បូម​យក​ខ្សាច់ ទាំង​ការ​​ឃើញ​ផ្ទាល់​ និង​រូប​ភាព​ពី​ផ្កាយ​រណប ដែល​ក្រុម​អ្នក​ជំនាញ​ថត​បាន៖ « ខ្ញុំ​មាន​ក្ដី​បារម្ភ​មួយ​ដែល​ថា​ ដរាប​ណា​ទេសចរណ៍​បរទេស​​មិន​សូវ​មក​ខ្មែរ ​ដរាប​ណា​មាន​ទណ្ឌកម្ម​អន្តរជាតិ ដរាប​ណា​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស​មិន​សូវ​មក​​កម្ពុជា គឺ​បារម្ភ​ថា​គេ​ហ្នឹង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​តទៅ​មុខ​ទៀត។ ព្រោះ​អា​ហ្នឹង​ជា​ចំណូល​សម្រាប់​រដ្ឋ​ណា បាទ​ជា​ចំណូល​រដ្ឋ​ជា​ចំណូល​សម្រាប់​គណបក្ស​ប្រជាជន​ហើយ​ក៏​ជា​ចំណូល​សម្រាប់​បុគ្គល​អ្នក​មាន​អំណាច ការ​បូម​ខ្សាច់​ការ​លុប​បឹង ​ការ​ជួញ​ដូរ​ឈើ​យក​ទៅ​វៀតណាម​អី​ហ្នឹង ជា​ចំណូល​ដែល​គេ​មាន​ណា​បាទ »

ថ្លែង​ក្នុង​វេទិកា​​ទិវា​បរិស្ថាន​ពិភពលោក ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជាលោក ហេង គីម​ហុង​ បញ្ជាក់​ថា ​ការស្រាវជ្រាវ​របស់​អ្នក​ជំនាញ​បរិស្ថាន​បង្ហាញ​ថា ​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​បញ្ហា​នេះ​​អាច​កើត​មាន​ទៅ​បាន​ដោយ​សារ​មាន​ការ​រួម​ចំណែក​ពី​អាជ្ញាធរ​តាម​រយៈ​អំពើ​ពុក​រលួយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។