ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​បង្ហាញ​ពី​ផល​ជះ​នៃ​ការ​បំផ្លាញ​បរិស្ថាន

0:00 / 0:00

អង្គការ​សមាគម និង​ក្រុម​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ប្រមាណ ១០​ស្ថាប័ន​នៅ​ថ្ងៃទី៤ មិថុនា ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២៣ លើកឡើង​ពី​ក្ដី​បារម្ភ និង​ផល​ប៉ះពាល់​នៃ​ការ​បំផ្លាញ​បរិស្ថាន រួមមាន ការ​នេសាទ​ខុសច្បាប់​នៅ​រដូវ​ត្រី​ពង ការ​បូម​ខ្សាច់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​កាត់​ដី​ឧទ្យាន​ជាតិ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ជាដើម។ ពួកគេ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​កិច្ច​ការពារ​បរិស្ថាន និង​ការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ។

វេទិកា​បរិស្ថាន​ពិភពលោក ក្រោម​ប្រធានបទ «​រួមគ្នា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​យើង​ទាំងអស់​គ្នា​» ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ជាង ២០០​នាក់។ អ្នកចូលរួម​មួយចំនួន​បាន​សួរ​សំណួរ ដេញដោល​គ្នា​ទាក់ទង​បញ្ហា​បរិស្ថាន​យ៉ាងសកម្ម​។ អង្គការ​១០​ស្ថាប័ន​ទាំងនោះ រួមមាន សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) អង្គការ អង្គការ កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) អង្គការ​សមធម៌​កម្ពុជា (EC) និង​អង្គការ​មួយចំនួន​ទៀត។

ប្រធាន​កម្មវិធី​ផ្នែក​ចងក្រង និង​ពង្រឹង​សិទ្ធិអំណាច​នៃ​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា កត់សំគាល់​ថា ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល​បញ្ហា​ទាំងអស់​នេះ​បណ្ដាល​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​អំពើពុករលួយ​ដែល​អាជ្ញាធរ​គប់គិត​ជាមួយ​ឈ្មួញ​កាប់​ឈើ​។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ពង្រឹង​ការអនុវត្ត និង​សហការ​ជាមួយ​យុវជន និង​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​ដើម្បី​កាត់បន្ថយ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃឈើ។ លោក​បញ្ជាក់​ថា​ការ​ផ្ដល់​ដី​ក្នុង​តំបន់​ការពារ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​នឹង​ធ្វើ​ឱ្យ​ប្រភេទ​សត្វ​កម្រ ដូចជា ស្វា ទោច ក្ងោក និង ជ្រូកព្រៃ ក្ងោក មាន់ព្រៃ ប្រឈម​នឹង​ការបាត់បង់​ជម្រក និង​ផុត​ពូជ។

លោក ម៉ើ ចាន់ដារ៉ា៖ «អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ការ​វែកមុខ​ជន​អ្នក​ប្រព្រឹត្ត​បទល្មើស នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​ធនធានធម្មជាតិ និង​ព្រៃឈើ​ដែល​កើតមាន​រាល់ថ្ងៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ហើយ​ការ​ហាមឃាត់​ការ​សកម្មជន​ហាមឃាត់​យុវជន​មិន​ឱ្យ ទៅ​ដែនជម្រកសត្វព្រៃ​ហ្នឹង​យើង​មិន​គួរ​គប្បី​ធ្វើ​ទេ ពីព្រោះ​យុវជន និង​សមាគម​មូលដ្ឋាន​ខ្ញុំ​មើល​ឃើញ​ថា គាត់​នៅ​ជិត​ស្និត​ហ្នឹង​ធនធាន​បំផុត​បើ​យើង​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ចូលរួម​យើង​សួរ​ថា តើ​អ្នកណា​អ្នកចូលរួម ខណៈ​ចូលរួម​មួយ​ផ្នែក​ហើយ​យើង​នៅតែ​មាន​បទល្មើស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ទៀត»។

ស្រដៀង​គ្នា​នេះ​យុវតី​មួយ​រូប ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី កញ្ញា ថុង ឈីងជាវ ថ្លែង​ថា កិច្ចពិភាក្សា​ពី​បញ្ហា​បរិស្ថាន​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​យុវជន​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការបំផ្លាញ​ធនធានធម្មជាតិ​តាមរយៈ កាប់​ព្រៃឈើ ការ​នេសាទ​ត្រី​កម្រ និង​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ជាដើម​។ កញ្ញា​រំពឹង​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​យុវជន​មានឱកាស​បង្ហាញ​ពី​ក្ដី​កង្វល់​ពី​បញ្ហា​បរិស្ថាន និង​ទទួលយក​ចំណុច​កែលំអ​ពី​យុវជន។

កញ្ញា ថុង ឈីងជាវ៖ «ទាំង​សង្គម​ស៊ីវិល ទាំង​ពលរដ្ឋ ទាំង​យុវជន ក៏ដូចជា​រាជរដ្ឋាភិបាល​ក៏​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ចូលរួម​ដែរ​ប្រសិន​មានតែ​ខិតខំ​ពី​យើង ប៉ុន្តែ​រាជរដ្ឋាភិបាល​អត់​បាន​ចូលរួម ឬក៏​ក្រសួង​នានា​អត់​បាន​ចូលរួម​ទេ​សមិទ្ធផល​វា​ទទួល​បាន​តិចតួចស្ដួចស្ដើង ប៉ុន្តែ​បើសិន​ជា​មាន​ការ​សហការ​ពី​ពួកគាត់​អ៊ីចឹង​យើង​ប្រហែល​អាច​ដំណើរ​បាន​រលូន​ពាក់ព័ន្ធ​ការ​ថែរក្សា​បរិស្ថាន ឬក៏​ចូលរួម​សកម្មភាព​ណាមួយ​ដើម្បី​បរិស្ថាន»។

ក្រៅពី​វេទិកា​ជជែក​ពី​គោលនយោបាយ​ការពារ​បរិស្ថាន នៅ​មាន​កិច្ចពិភាក្សា​ដេញដោល​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ស្ដីពី​ថាមពល​ស្អាត ការប្រើប្រាស់​ថង់​ប្លាស្ទិក ការ​ដើរ​ម៉ូត​រៀបចំ​ដោយ​ក្រុម​យុវជន​ដែល​បង្ហាញ​ពី​ការបំផ្លាញ​បរិស្ថាន និង​មាន​ដាក់​តាំង​ពិព័រណ៍​រូបភាព​ដើមឈើ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​បរិស្ថាន លោក នេត ភក្ត្រា ដើម្បី​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៤ មិថុនា។

ទាក់ទិន​រឿង​នេះ​ក្រុម​ស្នូល​នៃ​បណ្ដាញ​ការពារ​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ខេម សុឃី សោកស្ដាយ​ដែល​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួយ​ចូល​កាប់​ព្រៃ​ដោយ​សេរី ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​អនុផល​ព្រៃឈើ​ការបាត់បង់​ប្រាក់ចំណូល និង​ប្រឈម​នឹង​ជំពាក់​ធនាគារ​វ័ណ្ឌក​។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ចាត់​ទុក​ពលរដ្ឋ និង​យុវជន​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត មិន​ចាត់ទុក​ពួកគាត់​ជា​ក្រុមប្រឆាំង ឬ​លាប​ពណ៌​ជា​ក្រុម​ធ្វើ​បដិវត្តន៍​ពណ៌​ឡើយ។

លោក ខេម សុឃី៖ «អ្នក​ដែល​ពាក់ព័ន្ធ​កាតព្វកិច្ច​នៅក្នុង​ការពារ​នៅ​តំបន់​អភិរក្ស​សូម​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅលើ​ជនល្មើស​ដែល​កាប់​រាន​ដី​នៅក្នុង​តំបន់​អភិរក្ស ឬក៏​កាប់​ដកហូត​ឈើ​ធ្វើ​អាជីវកម្ម​ជាក់ស្ដែង​ក្រុមហ៊ុន​ដែល​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ សូម​ឱ្យ​រដ្ឋាភិបាល​បិទ​ព្រោះ​យើង​គ្មាន​លុយ​ឯណា​ទៅ​ចាំ​ស៊ើបអង្កេត​អា​ពួក​ក្រុមហ៊ុន​ចូល​ទៅ​លួច​ឈើ​នៅក្នុង​តំបន់​ព្រៃ​របស់​យើង​ទៀត​ទេ ពី​មួយឆ្នាំ​ទល់​មួយឆ្នាំ​ពួកគាត់​តែងតែ​ចូល​លួច​នៅក្នុង​តំបន់​អភិរក្ស»។

របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចេញផ្សាយ កាល​ពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១ បង្ហាញ​ថា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​ព្រៃ​ព្រះរកា មាន​ការ​កាប់​បំផ្លាញ​ឈើ​ខុសច្បាប់​ជាង​៦​ពាន់ ហិកតារ (៦.២៧១) ដែល​បង្កើត​ឱ្យ​មាន​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​លុបបំបាត់​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា។

ទោះបី​ជា​មាន​របាយការណ៍​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ និង​បាត់បង់​ធនធានធម្មជាតិ​យ៉ាងណាក្ដី​ក៏​ក្រសួងបរិស្ថាន​តែងតែ​បដិសេធ​ដោយ​មិន​ទទួលយក​ការ​លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ឡើយ។ ផ្ទុយ​វិញ ក្រសួង​បរិស្ថាន​បែរ​ជា ចោទ​ប្រកាន់​ពលរដ្ឋ និង​យុវជន​ស្រឡាញ់​បរិស្ថាន ថា​ជា​ក្រុម​ស៊ីឈ្នួល​ឱ្យ​បរទេស និង​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល​ទៅវិញ។ ការ​ច្រានចោល​របស់​ក្រសួង​បរិស្ថាន​នេះ​ហើយ​ធ្វើ​ឱ្យ​យុវជន និង​អង្គការ​សមាគម​នៅតែ​បន្ត​នាំគ្នា​ធ្វើ​កម្មវិធី​ទាក់ទង​នឹង​ធនធានធម្មជាតិ​ដើម្បី​បង្ហាញ​ឱ្យ​សាធារណជន​បានដឹង។

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវតែ​បញ្ឈប់​ការ​កាប់​ឈើ​ខុសច្បាប់ និង​ទប់ស្កាត់​ជាបន្ទាន់​នូវ​អំពើពុករលួយ ដែល​កំពុង​កើតមានឡើង​យ៉ាង​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។