ព្រៃ​លិច​ទឹក​ជិត​៥០០​ហិកតារ​នៅ​កំពង់ឆ្នាំង​ត្រូវ​បាន​ភ្លើង​ឆេះ

ដោយ ជិន ជេដ្ឋា
2016.04.22
សាលា​ស្រុក​បរិបូរណ៍ កំពង់ឆ្នាំង ៨៥៥ ២០១៦ សាលា​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង
Photo: RFA

ព្រៃ​លិច​ទឹក​នៅ​តាម​ឃុំ​មួយ​ចំនួន នៃ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ​ត្រូវ​ភ្លើង​ឆាបឆេះ​ដោយ​អន្លើរ។ មក​ដល់​ពេល​នេះ ព្រៃ​លិច​ទឹក​ជិត ៥០០​ហិកតារ​នៅ​ក្នុង​ស្រុក​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​អគ្គីភ័យ។ មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​អគ្គីភ័យ​អះអាង​ថា ត្បិត​គេ​មិន​អាច​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​បាន​ទាំង​ស្រុង ប៉ុន្តែ​សមត្ថកិច្ច​នឹង​ឈូស​ផ្ដាច់​ព្រៃ​ធ្វើ​ផ្លូវ​ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​ឆ្លង។

អាជ្ញាធរ​ស្រុក​បរិបូរណ៍ និង​ជំនាញ​រដ្ឋបាល​ជលផល បាន​បង្ហាញ​របាយការណ៍​ខូចខាត​ព្រៃ​លិច​ទឹក​បណ្ដាល​មក​ពី​ជនល្មើស​លួច​ដុត និង​ពលរដ្ឋ​ដើរ​រក​សត្វ​បង្កឲ្យ​ភ្លើង​ឆេះ ដើម្បី​ការពារ​ទុក​ដាំ​ដើម​ឈើ​ឡើង​វិញ នៅ​រដូវ​ធ្លាក់​ភ្លៀង។ លទ្ធផល​នៃ​ការ​ខូចខាត​ព្រៃ​ទំហំ ៤៩៥​ហិកតារ ដោយសារ​ភ្លើង​ឆេះ​នេះ ជំនាញ​គិត​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ស្រប​ពេល​ដែល​អាកាស​ធាតុ​ឡើង​កម្ដៅ​ខ្លាំង។

អភិបាល​ស្រុក​បរិបូរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​នេសាទ​ថ្នាក់​ស្រុក លោក ឃួន សៅរុំ ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា បច្ចុប្បន្ន​ភ្លើង​នៅ​បន្ត​ឆេះ​ព្រៃ​ដោយ​អន្លើរ​ក្នុង​ភូមិ​សេះ​ស្លាប់ កំពង់ព្រះ និង​ភូមិ​ឆ្នុកទ្រូ នៅ​ឡើយ។

លោក​ថា ករណី​ភ្លើង​ឆេះ​រាល​ដាល​នេះ គេ​មិន​អាច​ពន្លត់​ឲ្យ​រលត់​ទាំង​ស្រុង​បាន​ទេ គឺ​គ្រាន់​តែ​បង្ការ​ក្រែង​ឆេះ​ដល់​កន្លែង​លក់ដូរ ឬ​ផ្ទះ​សម្បែង​ពលរដ្ឋ​ប៉ុណ្ណោះ៖ «ពីរ​ឆ្នាំ​មក​នេះ​ហួត​ដី​ហ្មង អ៊ីចឹង​បាន​វា​ឆាប​ឆេះ​រាល​ណាស់! បើ​ប្រៀបធៀប​ពី​ឆ្នាំ​១៩៧៩ មក ដែល​ច្បាប់​ជលផល​មិន​ទាន់​មាន​គ្រប់គ្រាន់ គឺ​បងប្អូន​យើង​កាប់​បង្គើ​ច្រើន​ជាង​ហ្នឹង ហើយ​ដុត​ច្រើន​ជាង​ហ្នឹង​ទៀត វា​អត់​ឆេះ​ព្រោះ​ដី​វា​មាន​សំណើម​ឆេះ​អត់​រាល។ ការងារ​នេះ​យើង​ការពារ​ផ្ទៃ​ដី​ដែល​ឆេះ ដើម្បី​សុំ​ទៅ​ថ្នាក់​លើ​ដាំ​កូន​ឈើ​ឡើង​វិញ ចំពោះ​ត្រង់​ណា​ដែល​ខូច​ខ្លាំង»

ទាក់ទង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក យឹម សូភាស់ ឲ្យ​ដឹង​ថា ក្រុម​ជំនាញ​ពន្លត់​អគ្គីភ័យ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ពិភាក្សា​គ្នា និង​សម្រេច​ធ្វើ​សំណើ​សុំ​ឈូស​ព្រៃ​ធ្វើ​ផ្លូវ​ប្រវែង​ប្រហែល ៥០​ម៉ែត្រ នៅ​អែប​ផ្សារ​ឆ្នុកទ្រូ ដើម្បី​បង្ការ​ភ្លើង​ឆេះ​រាល​ដល់​ផ្សារ​ទៅ​ថ្នាក់​លើ៖ «ក្រៅ​ពី​ហ្នឹង​យើង​មិន​ដឹង​មាន​វិធានការ​អី​ទៀត​ទេ។ តែ​យើង​ចង់​ឲ្យ​ធ្វើ​ផ្លូវ​បញ្ចៀស​ភ្លើង​មួយ ឬ​ពីរ​កន្លែង ពី​អា​តំបន់​ឆេះ​លើក​មុន​នេះ​ទៅ ព្រោះ​ពេល​ឆេះ​ដាច់ខាត​ចូល​អត់​រួច​ទេ។ ដល់​អីចឹង​យើង​មាន​តែ​ធ្វើ​វិធានការ​បង្ការ​មួយ​ឈូស​បញ្ចៀស​ភ្លើង​កុំ​ឲ្យ​ឆេះ​ដល់​ផ្ទះ​ប្រជាជន»

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) គឺ​លោក អ៊ុក សុផាត ឲ្យ​ដឹង​ថា កំពង់ឆ្នាំង គឺ​ជា​ខេត្ត​មួយ​ជាប់​បឹង​ទន្លេ​សាប ហើយ​មាន​ព្រៃ​លិចទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ច្រើន ប៉ុន្តែ​ព្រៃ​ទាំង​នេះ​កំពុង​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ និង​មនុស្ស​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ។

លោក​ថា ដើម្បី​ការពារ​ព្រៃ​លិចទឹក​ដែល​នៅ​សល់​ឲ្យ​បាន​គង់វង្ស គឺ​ទាល់​តែ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់៖ «ស្ថានភាព​ព្រៃ​លិច​ទឹក​មាន​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ការ​ឈូស​ឆាយ និង​មាន​ការ​រំលោភ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន។ ដូច​នៅ​ច្រណូក​អ៊ីចឹង ថ្ងៃ​ខាង​មុខ​នេះ ខាង​ខ្ញុំ​នឹង​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​បាត់​បង់​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ»

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង មិន​ទាន់​អាច​បង្ហាញ​ពី​តួលេខ​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ និង​ព្រៃ​លិចទឹក​នៅ​ដើម​ឆ្នាំ​២០១៦ នៅ​ឡើយ។ អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ និង​ប្រជា​នេសាទ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គីភ័យ ខណៈ​ដែល​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង និង​ពុំ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​នៅ​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។