រដ្ឋាភិបាល​កាត់​ដី​ព្រៃ​លិច​ទឹក​ជិត​១​ពាន់​ហិកតារ​នៅ​ខេត្តកំពង់ឆ្នាំង​ប្រគល់​ឲ្យ​ឯកជន និង​ស្ថាប័នរដ្ឋ

0:00 / 0:00

រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កាត់​ដី​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ជិត​១​ពាន់​ហិកតារ ប្រគល់​ទៅ​ឱ្យ​ឯកជន និង​ស្ថាប័នរដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ ។ សង្គម​ស៊ីវិល​បង្ហាញ​ការ​ព្រួយ​បារម្ភ ខ្លាច​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​លិច​ទឹក មិន​បាន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ពិតប្រាកដ។

ក្នុង​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី​ទំហំ​ជិត​១​ពាន់ (៧៤១,១៧) ហិកតារ ចេញ​ពី​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៃ​តំបន់​បឹង​ទន្លេសាប បញ្ចូល​មក​ជា​តំបន់ ១ ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ ខណៈ​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​ទំហំ​ជាង ៨​ម៉ឺន (៨៣០៥០) ហិកតារ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ដដែល ត្រូវ​រក្សា​ជា​សម្បត្តិ​របស់​រដ្ឋ។

ផ្ទៃដី​ទំហំ​ជិត ១​ពាន់​ហិកតារ ក្នុង​នោះ​ដី​ជាង​៤​រយ (៤៤៤,៦៣) ហិកតារ ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ហើយ​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​ជាង (២២២,៥៤) ប្រគល់​ឲ្យ​គម្រោង​វារីវប្បកម្ម និង ដី​ទំហំ ៧៥ ហិកតារ​ប្រគល់​ឲ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើជា​កម្មសិទ្ធិ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​អភិបាល​ខេត្ត​កំពង់ឆ្នាំង​លោក ស៊ុន សុវណ្ណារិទ្ធ និង​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក សេង ឡូត នៅ​ថ្ងៃទី​២៩ កក្កដា។

ចំណែក​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ចំពោះ​រឿង​នេះ​នោះ​ទេ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ធ្វើការ​សិក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​សិន មុននឹង​សម្រេច​ធ្វើ​អនុបយោគ ជា​កម្មសិទ្ធិឯកជន​នោះ ជាពិសេស​គឺ​ផល​ប៉ះពាល់ ។ លោក​ស្នើ​ទៅ​អាជ្ញាធរ​បែងចែក​ដី​ព្រៃ​លិច​ទឹក​ទាំងអស់​នោះ ឲ្យ​មាន​តម្លាភាព ជៀសវាង​យក​ដី​នោះ ទៅ​ឲ្យ​អ្នកមាន​ប្រាក់ បុណ្យស័ក្តិ និង​អំណាច ប៉ុន្តែ​យកឈ្មោះ​ប្រជាពលរដ្ឋ​ធ្វើជា​លេស​ទៅវិញ។

លោក ហេង គឹមហុង៖ «បាន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បី​ធ្វើ​ផ្ទះ​ដី​កសិកម្ម​ខ្ញុំ​គិតថា​ល្អ ហើយ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​ប្រយោជន៍ ហើយ​ពលរដ្ឋ​ពលរដ្ឋ​ទទួល​បាន​ប្រយោជន៍​រដ្ឋ​របស់​យើង​ក៏​ទទួល​ដែរ ដោយសារ​ពលរដ្ឋ​ក្រីក្រ​គាត់​លែង​ជា​បន្ទុក​របស់​រដ្ឋ​តែបើ​ការ​អភិវឌ្ឍ នឹង​ផ្ដល់​ឲ្យ​ទៅ​តែ​អ្នកមាន​លុយ​និង​អ្នក​មាន​អំណាច​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ខ្ញុំ​គិតថា​ពលរដ្ឋ​ក្រីក្រ​ត្រូវការ​ដី​នៅតែ​ជា​បន្ទុក​របស់​រដ្ឋ​ដដែល​ហើយ​ផលប្រយោជន៍​ពិតប្រាកដ​បាន​ទៅលើ​អ្នកមាន​លុយ​នឹង​អ្នក​អំណាច»។

ចំណែក​មន្ត្រីជាន់ខ្ពស់ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់​ថា ដី​ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ភាគច្រើន​មិនបាន​ដល់​ប្រជាពលរដ្ឋ​ឡើយ ដោយ​អាជ្ញាធរ​បាន​គប់គិត​គ្នា ដើម្បី​យក​ដី​នោះ​ទៅ​លក់​ឲ្យ​អ្នកមាន​លុយ និង​មាន​អំណាច។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​យ៉ាងណា​កាត់​ដី​នោះ​ប្រគល់​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក និង​មិន​មាន​ដី​ធ្វើស្រែ​ពិតប្រាកដ ជៀសវាង​លួច​កាត់​ដី​ព្រៃ​លិច​ទឹក​ទៅ​ឲ្យ​អ្នកមាន​លុយ មានអំណាច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតែ​មិន​ទទួល​បាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ដដែល។

លោក ប៉ែន ប៊ុណ្ណារ៍៖ «ការ​ផ្ដល់​ដី​រដ្ឋ​ជូន​ប្រជាពលរដ្ឋ​យើង​គាំទ្រ​ហើយ​ព្រោះ​យើង​មិន​ទុក​នរណា​មួយ​ខ្វះខាត​ដី​សម្រាប់​ជីវភាព​រស់នៅ​ទេ ប៉ុន្តែ​អ្វី​វា​មាន​គោលការណ៍​គ្រឹះ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ខ្ញុំ​គិតថា​រដ្ឋាភិបាល​បាន​ដឹង​ហើយ​ថា ការបែងចែក​ដី​ប្រាកដ​ជា​មាន​អំពើពុករលួយ​ផ្ដល់​ដី​ឲ្យ​ទៅ​អ្នក​ដែល​មាន​ដី​គ្រប់គ្រាន់ ឬ​អ្នក​មានអំណាច អ៊ីចឹង​ហើយ​បាន​លោក​ចេញ​សារាចរ​ដើម្បី​កំណត់​មូលដ្ឋានគ្រឹះ​សម្រាប់​ផ្ដល់​ដី​រដ្ឋ នឹង​ទៅ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត ហើយ​យើង​សុំ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​សល់​ដី​ទៅ​យើង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត»។

ក្រោយ​ពី​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃ​លិច​ទឹក​តាម​បណ្ដាល​ខេត្ត​ទាំង​៦ រួចមក នៅ​ដើមឆ្នាំ​២០២២​កន្លងទៅ រដ្ឋាភិបាល​បាន​ដកហូត​ដី​ព្រៃ​លិច​ទឹក​ទំហំ ៦​ម៉ឺន​ហិកតារ​នៅ​ជុំវិញ​បឹង​ទន្លេសាប​មក​ទុកជា​សម្បត្តិ​របស់​រដ្ឋ​វិញ ។ ចំណែក​ផ្ទៃដី​សរុប​ទំហំ​ជាង ២​ម៉ឺន ៤​ពាន់​ហិកតារ រដ្ឋាភិបាល​បាន​សម្រេច​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ជាប់​ខេត្ត​ចំនួន​៥ ដើម្បី​ផ្ដល់​ជា​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​កំណត់ ដែន​ព្រៃ​លិច​ទឹក​ប្រមាណ ៦៥ ម៉ឺន​ហិកតារ ស្ថិត​ក្នុង​ខេត្ត​៦​ជុំវិញ​បឹង​ទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និង​កំពង់ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។