ពលរដ្ឋ​ជិត ១ពាន់​នាក់​ផ្ដិត​មេដៃ​ស្នើសុំ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ទប់​ស្កាត់​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ

0:00 / 0:00

ពលរដ្ឋ​ជិត ១ពាន់​នាក់​នៅ​ថ្ងៃ​ទី២០ កក្កដា​នេះ បាន​ផ្តិត​មេដៃ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ស្នើសុំ​អាជ្ញាធរ​ខេត្ត​នេះ ឱ្យ​ទប់​ស្កាត់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​នៅ​តំបន់​បឹង​ទន្លេសាប។ អ្នកភូមិ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង ​អាជ្ញាធរ​មួយ​ចំនួន ​និង ​ក្រុម​ឈ្មួញ ដើម្បី​ច្បាម​យក​ដី​រដ្ឋ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន។

ពលរដ្ឋ​ជិត ១ពាន់​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន ១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ បារម្ភ​ថា ដី​ព្រៃ​លិច​ទឹក ឋិត​នៅ​តំបន់​បី ​ជាប់​បឹង​តង្កៀប​ក្ដាម បឹង​ស្វាយចេក និង​បឹង​អារ​របង មាន​ប្រវែង​ខ្ទង់​ ៥គីឡូម៉ែត្រ ទទឹង​ចន្លោះ ២ទៅ ៣គីឡូ​ម៉ែត្រ កំពុង​ទទួល​រង​ឈូស​ឆាយ ដុត និង​កាប់​រុករាន​ទន្ទ្រាន អស់​ជាង ២ពាន់​ហិកតារ នៅ​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ ពី​សំណាក់​បុគ្គល​មាន​លុយ​មាន​អំណាច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ អ្នក​ភូមិ​ថា បច្ចុប្បន្ន​មាន​គ្រឿងចក្រ​យ៉ាង​ហោច​ណាស់ ៨គ្រឿង កំពុង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ដោយ​គ្មាន​ការ​រារាំង​នោះ​ទេ។

លោក ណែវ មករា ជា​តំណាង​ពលរដ្ឋ​ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ទទួល​ញត្តិ​របស់​ពួកគាត់​រួច​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​ទៅ​ទប់ស្កាត់​គ្រឿង​ចក្រ ដែល​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ឡើយ​ទេ។ លោក​ថា ក្រុម​ពលរដ្ឋ​គ្រោង​លើក​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ ​ប៉ុន្តែ​ ដោយសារ​ខ្លាច​ខុស​បម្រាម​ក្រសួង​សុខាភិបាល ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ទើប​អ្នកភូមិ​ចាត់​ឱ្យ​តំណាង ៥នាក់ មក​សាលាខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២០ កក្កដា ឆ្នាំ២០២១។ លោក​បន្ថែម​ថា ជំហរ​រួម​របស់​អ្នក​ភូមិ ទាមទារ​ឱ្យ​អាជ្ញាធរ​រឹបអូស​ដី​ព្រៃ​លិច​ទឹក​មក​ជា​សម្បត្តិ​រដ្ឋ និង​ត្រូវ​ចាប់​អ្នក​ពាក់ព័ន្ធ​ ជាពិសេស អាជ្ញាធរ​ខិលខូច៖ «ពលរដ្ឋ​គាត់​មិន​ពេញ​ចិត្ត​ គាត់​ចង់​ទាមទារ​យូរ​ហើយ ​ប៉ុន្តែ​ខ្លាច​គេ ​កុំ​តែ​ស្ថានភាព​កូវីដ គាត់​ប្រុង​តែ​ទៅ​សាលា​ខេត្ត​ទាំងអស់​គ្នា​តើ​ព្រឹក​មិញ។ កំពុង​ឈូស​ឆាយ មាន​ឃុំ ​ស្មៀន មាន​មន្ត្រី​នៅ​អធិការ​ស្រុក និង​មាន​យោធា​ផង »

Protest_against_Land_grab_in_Tambon_3_Banteay_Meanchey_in_June_2021_6.jpg
ពលរដ្ឋ​ជិត ១ពាន់​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន ១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​មិថុនា ឆ្នាំ២០២១ នាំ​គ្នា​តវ៉ា​ការ​​កាប់​រាន​ និង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក ​នៃ​បឹង​ទន្លសាប ​នៅ​តំបន់៣ ជាប់​បឹង​តង្កៀប​ក្ដាម បឹង​ស្វាយចេក និង​បឹង​អារ​របង ​រាប់​គីឡូម៉ែត្រ។ រូប៖ ពលរដ្ឋផ្ដល់​ឱ្យ

ខ្លឹមសារ ​ញត្តិ២ ​ទំព័រ​មាន​ស្នាម​មេដៃ ​តំណាង​ពលរដ្ឋ ៥នាក់ ស្នើ​ឱ្យ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ លោក​ អ៊ុំ រាត្រី ​ដោះស្រាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់៣ ដែល​កំពុង​រង​ការ​ឈូស​ឆាយ​ ដុត​បំផ្លាញ​ស្ទើរ​ទាំងស្រុង ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​បុគ្គល​។​ លើស​ពី​នេះ​ទៀត​ ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ ​បាន​កើត​មាន​ជា​ហូរហែ ​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៩ រហូត​មក​ទល់​ពេល​នេះ ​គ្មាន​អាជ្ញាធរ​ណា​អើ​ពើ​ទប់​ស្កាត់​នោះ​ទេ​។

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ឆេត ដៀម សង្កេត​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន បាន​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​នោះ​ទេ។ លោក​ថា នៅ​ពេល​ឈូស​ឆាយ​រួចរាល់ ​គេ​ដុត​បំផ្លាញ​សំណល់​ឈើ​ឱ្យ​អស់ រួច​កាយ​ក្រវាត់​ព្រំ​ដី ហាម​ប្រាម​មិន​ឱ្យ​អ្នកភូមិ​ចេញ​ចូល​តំបន់​នោះ​ទៀត​ទេ។ លោក​បន្ថែម​ថា តំបន់​ខ្លះ គេ​ប្រើ​គ្រឿង​ចក្រ​ភ្ជួរ​ដី ​ដើម្បី​ធ្វើ​កសិកម្ម​ ហើយ​ពលរដ្ឋ​រាប់​រយ​នាក់ ​ធ្លាប់​លើក​គ្នា​តវ៉ា​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ថែទាំ​ព្រៃ​លិច​ទឹក​នោះ​ តែ​គ្មាន​ដំណោះ​ស្រាយ​ឡើយ៖ «មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន គឺ​គាត់​បាន​ដៃ​បណ្ដោយ គាត់​អត់​មាន​ខ្លាច​ញញើត​ច្បាប់​អី​ទេ សូម្បី​តែ​នៅ​ពេល​ដែល​គេ​ឈូស​បាន​ បឹង​ធំៗ ដែល​ប្រជាជន​ធ្លាប់​នេសាទ​ត្រី អាស្រ័យ​ផល ​តែ​គេ​ឈប់​ឱ្យ​ចូល​រក​ត្រី ​ហើយ​គេ​ឈូស​បាន​ គេ​បូម​ដាក់​ក្រវាត់​ ហើយ​គេ​ចាប់​ត្រី​អស់។ វា​មាន​ផល​ប៉ះពាល់​ច្រើន »

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ និង​អភិបាលខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ តែ​គ្មាន​អ្នក​លើក។

តែ​ទោះ​យ៉ាង​ណា ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រាប់​អាស៊ី​សេរី កាល​ពី​ចុង​ខែ​ឧសភា​ថា ពុំ​មាន​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ធំធេង​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា ក្រុម​ការងារ​លោក​តែងតែ​ចុះ​ល្បាត​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ មិន​ទទួល​បាន​ព័ត៌មាន​ករណី​នេះ​ទេ៖ «ការងារ​អី​គេ​ប្រាប់​មក​មន្ទីរ​ហើយ ហើយ​ខាង​ខ្ញុំ​ចុះ​រាល់​ថ្ងៃ​ ប្រជាពលរដ្ឋ​នឹង​តាម​លំហ​អាកាស​មិន​ដឹង​មួយ​ណា​ត្រឹមត្រូវ​។ ​យក​តាម​ហ្វេសប៊ុក និង​រូបភាព​ហ្នឹង​យក​មក។ គ្រាន់​តែ​ប្រាប់​ថា អត់​មាន​ការងារ​ហ្នឹង​ទេ »

មន្ត្រី​សង្គម​ស៊ីវិល​សោក​ស្ដាយ​ព្រៃ​លិច​ទឹក​ទី​នោះ ជា​តំបន់​អភិរក្ស​ការពារ​ដោយ​អនុក្រឹត្យ ឋិត​ក្នុង​ចំណោម​ផ្ទៃ​ដី​ជាង ៦សែន​ហិកតារ ដែល​រដ្ឋាភិបាល​កំណត់​ជា​តំបន់​អភិរក្ស នៅ​ជុំ​វិញ​បឹង​ទន្លេសាប ឋិត​ក្នុង​ខេត្ត​ចំនួន៦។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ស៊ុំ ច័ន្ទគា រំពឹង​ថា ញត្តិ​របស់​ពលរដ្ឋ ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នឹង​ដោះ​ស្រាយ​ឱ្យ​បាន​លឿន ដើម្បី​សង្គ្រោះ​ព្រៃ​លិច​ទឹក។ លោក​ថា ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ជនល្មើស​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ដ៏​ធំ​សម្បើម​នេះ ឆ្លុះ​បញ្ចាំង​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​ មិន​បាន​បំពេញ​តួនាទី​ស្របតាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​នោះ​ទេ៖ «យើង​ឃើញ​ថា ​តួនាទី​របស់​រដ្ឋ​ស្ពឹង​ស្រពន់​ ហាក់​ដូចជា​បណ្ដែតបណ្ដោយ​ឱ្យ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​ នៅតែ​ប្រព្រឹត្ត​ចាំ​មើល ​ចាត់​គ្នា​ទៅ​ចេះ​ចុះ ​បណ្ដែត​បណ្ដោយ​ ឱ្យ​ជន​ប្រព្រឹត្ត​ធ្វើ​ចេះតែ​បាន​រហូត »។

អ្នកភូមិ​ថា​ អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ ​និង ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ ធ្លាប់​សន្យា​នៅ​ចំពោះ​មុខ​ពលរដ្ឋ​កាល​ពី​ខែ​មុន​ថា ​ នឹង​វាស់វែង​កំណត់​តំបន់​ ៣​ឡើង​វិញ​ ដោយសារ​បង្គោល​ចាស់​បាត់បង់​ដួល​ជិត​អស់ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ពុំ​ឃើញ​អាជ្ញាធរ​ចុះ​អនុវត្ត​ដូច​ការ​សន្យា​នោះ​ទេ​។

មន្ត្រី​សង្គម​ស៊ីវិល​សោក​ស្ដាយ​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ ព្យាយាម​បិទបាំង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ដ៏​ធំធេង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជម្រក​ត្រី​ពង​កូន ​ជីវភាព​ប្រជាជន ជម្រក​សត្វស្លាប និង​ទី​កន្លែង​នេសាទ​ត្រី​យ៉ាង​សំខាន់​របស់​អ្នក​ស្រុក តាំង​ពី​បុរាណ​កាល​មក។ លោក ស៊ុំ ច័ន្ទគា ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​ប្រើ​កណ្ដាប់​ដៃ​ដែក​អនុវត្ត​ច្បាប់​ដល់​មន្ត្រី​ខិលខូច ដែល​ឃុបឃិត​គ្នា​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក ដើម្បី​ប្រយោជន៍​យូរ​អង្វែង​របស់​ពលរដ្ឋ ​និង​បរិស្ថាន​ទន្លេសាប៕

Protest_against_Land_grab_in_Tambon_3_Banteay_Meanchey_in_June_2021_8.jpg
ពលរដ្ឋ​ជិត ១ពាន់​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន ១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​មិថុនា ឆ្នាំ២០២១ នាំ​គ្នា​តវ៉ា​ការ​​កាប់​រាន​ និង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក ​នៃ​បឹង​ទន្លសាប ​នៅ​តំបន់៣ ជាប់​បឹង​តង្កៀប​ក្ដាម បឹង​ស្វាយចេក និង​បឹង​អារ​របង ​រាប់​គីឡូម៉ែត្រ។


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។