នាយកប្រតិបត្តិថ្មីរបស់គណៈកម្មការទន្លេមេគង្គ (MRC) ប្ដេជ្ញាសម្របសម្រួលបញ្ហាប្រឈមនានានៅអាងទន្លេមេគង្គ ខណៈគណៈកម្មការនេះរកឃើញថា ទន្លេមេគង្គកំពុងមានរបបទឹកមិនទៀងទាត់ និងរីងរាក់មិនធ្លាប់មានពីមុនមក។
លោក អានុឡាក់ គិធិឃួន (Anoulak Kittikhoun) ជាជនជាតិឡាវ ដែលទើបចូលកាន់តំណែងបន្តវេនពីកម្ពុជាជានាយកប្រតិបត្តិរបស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី១៧ ខែមករា បញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិការងាររបស់លោកនេះ លោកនឹងសម្របសម្រួលប្រតិបត្តិការក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ លើបញ្ហាប្រឈមសំខាន់ៗរបស់អាងទន្លេ និងឱកាស ផ្សេងៗ។
ការចូលកាន់តំណែងរបស់នាយកថ្មីនៃគណៈកម្មការទន្លេមេគង្គនេះ កើតមានឡើងចំពេលដែលតំបន់ទន្លេមេគង្គទាំងមូលកំពុងប្រឈមនូវបញ្ហាចាក់ស្រេសជាច្រើនមិនធ្លាប់មានពីមុនមក ជាពិសេសការចុះរាក់នៃទឹកទន្លេបណ្តាលមកពីវិបត្តិប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃការសាងសង់ទំនប់វារីអគ្គិសនីនៅតាមប្រទេសខ្សែទឹកខាងលើ ជាពិសេសប្រទេសចិន ស្របពេលដែលប្រទេសនេះកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនលើគ្រប់វិស័យនៅតំបន់ទន្លេមេគង្គនេះ។
គណៈកម្មការទន្លេមេគង្គថ្មីៗនេះ អំពាវនាវឱ្យបណ្ដាប្រទេសចំនួន ៦ នៅជាប់ដងទន្លេមេគង្គចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកទន្លេរីងរាក់ ការប្រែប្រួលលំហូរទឹក និងគ្រោះរាំងស្ងួត ដែលបានបន្តអូសបន្លាយអស់រយៈពេល ៣ ឆ្នាំមកហើយ។ គណៈកម្មការនេះពិនិត្យឃើញថា បញ្ហាទាំងនោះនឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពលរដ្ឋ ដែលពឹងផ្អែកលើការនេសាទ និងរបបរកសិកម្ម ព្រមទាំងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គគឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញការងារដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រងតំបន់អាងទន្លេមេគង្គប្រកបដោយចីរភាព។ គណៈកម្មការនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ដោយមានប្រទេសចំនួន ៤ ជាសមាជិកក្នុងនោះរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។