សង្គម​ស៊ីវិល​និង​សហគមន៍​មិន​ពេញ​ចិត្ត​សំណើ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​រុក្ខាវ័ន​ជិត ៥​ពាន់​ហិកតារ

ដោយ ជី វិតា
2023.01.12
សង្គម​ស៊ីវិល​និង​សហគមន៍​មិន​ពេញ​ចិត្ត​សំណើ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​រុក្ខាវ័ន​ជិត ៥​ពាន់​ហិកតារ ព្រះសង្ឃចូលរួម​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវ័ន កាលពីឆ្នាំ​២០១៩។
រូប៖ ហ្វេសប៊ុក លោក ប៊ុន សាលួត

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ខេត្ត​ឧត្តរមានជ័យ មិន​ពេញ​ចិត្ត​ចំពោះ ​សំណើ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន​ជិត ៥ ពាន់​ហិកតារ ដើម្បី​បែងចែក​ជូន​ពលរដ្ឋ​នោះ​ឡើយ។ ពួកគាត់​ចាត់​ទុក​សំណើ​នេះ ថា ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត ងាយ​នឹង​បាត់បង់​ព្រៃឈើ និង​ជម្រក​សត្វព្រៃ ដែល​ព្រះសង្ឃ​ផ្តួច​ផ្តើម​ថែទាំ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខាវ័ន ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ និង​រដ្ឋាភិបាល​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​សំណើ​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ដ៏​សម្បើម​នេះ បង្ក​គ្រោះថ្នាក់​ដល់​ព្រៃឈើ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ។

ពួកគាត់​បារម្ភ​ថា បញ្ហា​ប្រឈម​ទាក់ទិន​ការ​បំផ្លាញ​ព្រៃឈើ​នឹង​កើត​មាន​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ នៅពេល​គម្រោង​នេះ​លេច​ជា​រូបរាង ពិបាក​នឹង​ដោះស្រាយ។

ប្រធាន​បណ្ដាញ​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវ័ន និង​ជា​អតីត​ប្រធាន​សហគមន៍​សង្ឃ​រុក្ខាវ័ន លោក ប៊ុន សាលួត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១១ មករា ថា បើ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ដ៏​ធំធេង​នេះ ពលរដ្ឋ​ជាច្រើន​គ្រួសារ នឹង​នាំគ្នា​ធ្វើ​កសិកម្ម នៅ​ជាប់​ព្រៃ​អភិរក្ស​នេះ​ ងាយ​នឹង​កើត​មាន​បទល្មើស​ព្រៃឈើ និង​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ធ្វើ​កសិកម្ម​ជា​បន្ត​បន្ទាន់។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ទុក្ខ​ព្រៃ​នេះ​ឱ្យ​គង់វង្ស និង​រក​មធ្យោបាយ​អភិរក្ស​ឱ្យ​ល្អ ព្រោះ​ដែន​អភិរក្ស​នេះ​ សំបូរ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ និង​បឹង​ធម្មជាតិ​ធំធេង អំណោយ​ផល​ល្អ​ប្រសើរ ដល់​សត្វ​ព្រៃ ត្រី​ និង​ជីវចម្រុះ។

លោក ប៊ុន សាលួត«ព្រៃ​ហ្នឹង​បើ​តាម​ខ្ញុំ​គិត មិន​គួរ​នាំ​គ្នា​ប៉ះពាល់​វា​ទេ ​ព្រោះ​ព្រៃ​នេះ​តំណាង​ឱ្យ​ពិភពលោក​ទាំង​មូល។ យើង​បាន​សេចក្តី​សម្រេច តំបន់​អាស៊ី​ប៉ាស៊ី​ព្រៃ​នេះ​បាន​លេខ​មួយ​ នៅ​លើ​ពិភពលោក។ ខ្ញុំ​តាំង​ចិត្ត​ខ្ពស់ មិន​ឱ្យ​ព្រៃ​នេះ​បាត់បង់​ទៅ​វិញ​ទេ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គនាយក​ដ្ឋាន​តំបន់​ការពារ​ធម្មជាតិ ​នៃ​ក្រសួង​បរិស្ថាន លោក គឹម ណុង បាន​ផ្ញើ​លិខិត ស្នើ​ឱ្យ​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ែន កុសល ចូល​ពិនិត្យ​ទីតាំង​កាត់​ឆ្វៀល​ដី​ទំហំ ៤ ពាន់ ៥រយ ហិកតារ (៤៥០០ចេញ​ពី​ព្រៃ​សហគមន៍​រតនរុក្ខា​ ដែល​ជាផ្នែក​មួយ​នៃ​ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ស្របច្បាប់​ជាង​ ៤រយ​គ្រួសារ (៤៣៦)ដែល​កំពុង​រស់​នៅ និង​អាស្រ័យផល​ជាក់​ស្តែង ឋិត​ក្នុង​ភូមិ​កូន​ដំរី សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

ការ​ចុះ​ពិនិត្យ​ទីតាំង​ដី ដែល​គ្រោង​កាត់​ឆ្វៀល ដឹក​នាំ​ដោយ លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ ឆ្នាំ២០២២ ។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ឧត្តរមានជ័យ លោក ភួង លីណា បដិសេធ​ថា ពុំ​មាន​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន ជិត ៥ ពាន់​ហិកតារ នោះ​ទេ ក៏​ប៉ុន្តែ​អាជ្ញាធរ បាន​កំណត់​ផ្នែក​ខ្លះ នៃ​តំបន់​អភិរក្ស​នេះ ជា​តំបន់​សហគមន៍​ ស្រប​តាម​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ។ លោក​បញ្ជាក់​ថា តំបន់​សហគមន៍ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃរុក្ខាវ័ន​ ជា​កន្លែង​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យផល​ជាក់​ស្តែង ឬ​ធ្វើ​កសិកម្ម​ដាំដុះ។

លោក ភួង លីណា«អត់​មាន​ការ​កាត់​ឆ្វៀល​ទេ មាន​តែ​ដាក់​ជា​តំបន់​សហគមន៍។ យោង​តាម​ច្បាប់​បរិស្ថាន តំបន់​ការពារ​បែង​ចែក​ជា ៤​តំបន់។ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ចិរភាព​ និង​តំបន់​សហគមន៍។ រដ្ឋាភិបាល​បាន​ដាក់​តំបន់​ការពារ​ទាំង​អស់​មួយ​ផ្នែក​ជា​ តំបន់​សហគមន៍​មិន​មាន​ការ​កាត់​ឆ្វៀល​ទេ»

ព្រៃ​សង្ឃ​រុក្ខាវ័ន មាន​ផ្ទៃដី ៣​ម៉ឺន ហិកតារ (៣០.២៥៤​ហិកតារ​) ស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ ព្រៃ​អភិរក្ស​នេះ​មាន​បឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ ​ដែល​មាន​ទំហំ ៦​ពាន់​ហិកតារ​ ​សំបូរ​ត្រី​ ​ក្រពើ ជីវចម្រុះ​ ​ផ្តល់​ប្រភព​ទឹក​យ៉ាង​សំខាន់ ដល់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​ ​ដូចជា​សត្វ​ខ្ទីង ទន្សោង ស្វា ប្រើស ខ្លារខិន ត្រដក់​ធំ ពង្រូល ខ្លាឃ្មុំ​តូច​ ​ឆ្កែព្រៃ ទោច​  ​និង​សត្វ​ក្ងោក​ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់​ថា រដ្ឋាភិបាល និង​ក្រសួង​សាមី គួរតែ​បញ្ជាក់​ពី​ភាព​ចាំបាច់ ហេតុអ្វី​បាន​ជា មាន​សំណើ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​ដ៏​ធំធេង​នេះ?

លោក​បញ្ជាក់​ថា ក្រសួង​បរិស្ថាន ត្រូវ​បង្ហាញ​របាយការណ៍​វិនិច្ឆ័យ​ និង​លទ្ធផល​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​នៅ​តំបន់​នោះ មុន​ពេល​សម្រេច​ចិត្ត​កាត់​ឆ្វៀល។

លោក ហេង គឹមហុង «រដ្ឋ​គួរតែ​ពិចារណា កន្លែង​ខ្លះ​វា​មិន​មាន​ការ​ខូចខាត​ គួរតែ​ដាក់​ជា​តំបន់​ស្ដារ​ឡើង​វិញ ទើប​មាន​ការ​ល្អ​ប្រសើរ»

ចំណែក សកម្មជន​ការពារ​បរិស្ថាន លោក ហេង ស្រស់ បារម្ភ​ថា​ ប្រសិនបើ​សំណើ​កាត់​ឆ្វៀល នោះ ​លេច​ជា​រូបរាង​នោះ ភាព​មិន​ប្រក្រតី​ជាច្រើន​នឹង​ផុស​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​ ដែល​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ព្រៃឈើ និង​សត្វ​ព្រៃ ដែល​ព្រះសង្ឃ​ខិត​ខំ​ថែទាំ។ ​លោក​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ សកម្មជន​បរិស្ថាន​ និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​សម្រេច​ចិត្ត​លើ​បញ្ហា​នេះ។

លោក ហេង ស្រស់ «មុន​នឹង​ការ​កាត់​ឆ្វៀល​ដី ឱ្យ​សហគមន៍ និង​ជន​ណា​មួយ គួរតែ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ ដើម្បី​ធ្វើការ​កំណត់​កុំ​ឱ្យ​មាន​ការ​បាត់បង់​គម្រប​ព្រៃឈើ​បន្ត​ទៀត»

កាលពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន បាន​ដាក់​បញ្ចូល​ព្រៃ​សហគមន៍​នេះ​ជា​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវ័ន ដោយ​ច្របាច់​បញ្ចូល​ព្រៃ​សហគមន៍​ចំនួន ២ ចូលគ្នា គឺ​ព្រៃ​សហគមន៍​រតនរុក្ខា និង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន ហើយ​ប្ដេជ្ញា​ថែ​រក្សា និង​ការពារ​ព្រៃ​នេះ ជា​ដែន​អភិរក្ស​គំរូ​មួយ​នៅ​កម្ពុជា។

ប្រជា​សហគមន៍​ឱ្យ​ដឹង​ថា  ​បច្ចុប្បន្ន​មាន​មន្ត្រី​បរិស្ថាន​ជាង ២០​នាក់​បាន​ពង្រាយ​កម្លាំង​ឈរ​ជើង​ព័ទ្ធជុំវិញ​ព្រៃ  ប្រជា​សហគមន៍​ជិត ១​រយ​នាក់​ មន្ត្រី​យោធា​ជាង ១​០​នាក់ ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ភូមិ​ឃុំ​រួម​ទាំងព្រះសង្ឃ បានសហការ​គ្នា​ផ្តល់​ព័ត៌មាន ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់រូបភាព។

លើស​ពី​នេះ​ប្រជា​សហគមន៍ ​និង​អាជ្ញាធរ​បាន​ជីក​ប្រឡាយ​ហ៊ុមព័ទ្ធជុំវិញ​ព្រៃ​សម្រេច​បាន​ជាង ៨០​ភាគរយ ដើម្បី​បិទ​ខ្ទប់​មិន​ឱ្យ​ដឹក​ឈើ​ចេញពី​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។