មន្ត្រីសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ យកសត្វខ្ទីងមួយក្បាល ដែលអាជ្ញាធរស្ទាក់ចាប់បាន កាលពីថ្ងៃទី៣១ ខែមីនា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ យកទៅអភិរក្ស នៅឧទ្យានជាតិណាមួយក្នុងប្រទេសកម្ពុជា ដើម្បីធានាថា សត្វព្រៃកម្រប្រភេទនេះ ត្រូវបានថែទាំ និង អភិរក្សនៅកន្លែងមានសុវត្ថិភាពច្បាស់លាស់។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ដែលត្រូវជាសាច់ញាតិជនរងគ្រោះម្នាក់ ប្រាប់វិទ្យុអាស៊ីសេរីថា សត្វខ្ទីងមួយក្បាលនេះ ទំនងបោលពីប្រទេសថៃឆ្លងដែនចូលទឹកដីប្រទេសកម្ពុជា ហើយត្រូវអាជ្ញាធរចាប់បាន ដោយការបាញ់ថ្នាំសន្លប់។ លោកថាសត្វព្រៃកម្រប្រភេទនេះ កំពុងជិតផុតពូជ ហើយមកទល់ពេលនេះ លោកមិនទាន់ដឹងថា អាជ្ញាធរបញ្ជូនវាទៅទីណានោះទេ។
លោកអំពាវនាវឱ្យអាជ្ញាធរ គួរតែយកសត្វខ្ទីងនេះ ទៅអភិរក្សនៅទីកន្លែងណាមួយ ដើម្បីជាប្រយោជន៍ជាតិ៖ « ជលទាំងបីរនាក់ របួសបុគ្គលទី០១ គាត់ជាយុវជន ទៅដកដំឡូងទៅ បានជល់គាត់សន្លប់ បន្ទាប់ពីជល់សន្លប់ហើយ គាត់តាមថតជល់គាត់ម្តងទៀតដោយជល់របួសជើងផ្នែកខាងឆ្វេង។ ពីរនាក់ទៀត គឺប្តីប្រពន្ធ ដកដំឡូង គាត់អត់ចាប់អារម្មរណ៍ ឮឆ្កែព្រុសស្មានតែគោក្របី គាត់ងែកទៅ មកដល់គាត់បាត់ ។ ជល់គាត់តែម្តង ។ សូមណូមពរឱ្យយកចិត្តទុកដាក់ ហើយយកសត្វខ្ទីង នៅកន្លែងណា មានសុវត្ថិភាព អាចទុកនៅកន្លែងណា ក្នុងប្រទេសកម្ពុជាយើង» ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការអធិប្បាយរឿងនេះ ពីអភិបាលខេត្តឧត្តរមានជ័យលោក ប៉ែន កុសល្យ បាននៅឡើយទេ នៅថ្ងៃទី៣១ ខែមីនា។
អ្នកភូមិឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែមីនា សត្វខ្ទីងមួយក្បាលទម្ងន់ប្រហែលជិត ១តោន បាន ដេញជល់ (វ័ធ)ពលរដ្ឋទាំងបីនាក់បណ្តាលឱ្យរងរបួស ឋិតក្នុងចម្ការដំឡូងមី ក្នុងភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។