ក្រុមអង្គការសង្គមស៊ីវិលប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាអភិរក្សព្រៃឈើ ដើម្បីសុខុមាលភាពសាធារណៈ។ កម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីស្ថានភាពព្រៃឈើ និងស្វែងយល់ពីដំណោះស្រាយដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ យុវជនដែលបានចូលរួមកម្មវិធីលើកឡើងថា ពួកគេមិនត្រឹមតែបានដឹងពីផលប្រយោជន៍នៃព្រៃឈើតែប៉ុណ្ណោះទេ ក៏បណ្ដុះគំនិតឱ្យពួកគេចង់ទៅស្វែងយល់ព្រៃឈើនៅតាមសហគមន៍ដែរ។
អង្គការសង្គមស៊ីវិលចំនួន៩ស្ថាប័ន បានសហការគ្នាប្រារព្ធទិវាព្រៃឈើអន្តរជាតិ នៅថ្ងៃទី២៦ ខែមីនា នៅការិយាល័យអង្គការ YRDP។ អង្គការទាំងនោះរួមមានដូចជា អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន ហៅកាត់ថា YRDP បណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN រួមជាមួយអង្គការដែលជាម្ចាស់ជំនួយចំនួន៧ផ្សេងទៀត។ កម្មវិធីនេះ ធ្វើឡើងនៅក្នុងរយៈពេលមួយព្រឹកដោយមានការចូលរួមពីសមាជិកសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមនិងនិស្សិតកំពុងសិក្សានៅតាមសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ ជាង៧០នាក់ (៧៤នាក់)។
វាគ្មិនមួយរូបដែលបានចូលរួមចែករំលែក នៅក្នុងទិវាព្រៃឈើ គឺលោក ម៉េត រូពី បានថ្លែងថា ព្រៃឈើគឺជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយក៏ជាទ្រព្យសម្បត្តិរបស់មនុស្សជាតិទូទាំងសកលលោកទាំងមូល។ លោកបន្តថា ក្រៅពីមានតួនាទីបំប្លែងឧស្ម័នកាបូនិក ទៅជាឧស្ម័នអុកស៊ីសែនដើម្បីទប់ស្កាត់ការឡើងកម្ដៅផែនដី ព្រៃឈើក៏អាចជួយកាត់បន្ថយគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ និងបម្រែបម្រួលធាតុអាកាសធាតុផងដែរ។ លោក ម៉េត រូពី បន្ថែមថា ការចូលរួមការពារព្រៃឈើ គឺជាតួនាទីរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាតួនាទីតែក្រសួងពាក់ព័ន្ធ និងអាជ្ញាធរនោះឡើយ។
លោក ម៉េត រូពី៖ «ផែនដីជារបស់យើងទាំងអស់គ្នា អ៊ីចឹងហើយការការពារព្រៃឈើ អភិរក្សព្រៃឈើទាំងអស់នេះក៏ជាតួនាទីអ្នកផ្សេងទៀត ដែលមិនមែនជាពលរដ្ឋនៃប្រទេសយើង អ៊ីចឹងបានយើងឃើញមានអង្គការអន្តរជាតិនានា គាត់ធ្វើការងារផ្នែកអភិរក្ស ហើយនិងការពារធនធានធម្មជាតិព្រៃឈើនៅកម្ពុជាយើង អ៊ីចឹងក្នុងចំណោមប្រជាពលរដ្ឋ មានតួនាទីសំខាន់ណាស់ក្នុងការចូលរួម»។
គម្របព្រៃឈើនៅកម្ពុជាបានថយចុះយ៉ាងឆាប់រហ័សក្រោមការដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ មូលហេតុដ៏សំខាន់ដែលបណ្ដាលឱ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជា គឺបណ្ដាលមកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតារ ទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគ។ របាយការណ៍របស់សកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃប្រទេសដាណាម៉ាក (Denmark) រួមជាមួយបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) ចេញកាលពីខែមករា ឆ្នាំ២០២២ រកឃើញថា កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២លាន ៥សែន ហិកតារ ក្នុងចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២០ ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុបគិតចាប់តាំងពីឆ្នាំ២០០០មក។
តំណាងអ្នករៀបចំកម្មវិធី និងជាមន្ត្រីសម្របសម្រួលគម្រោង លោក អូត ឡាទីន ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងចំនួន ៣សំខាន់ ទី១.គឺលើកកម្ពស់កិច្ចការពារ អភិរក្សធនធានធម្មជាតិ សម្រាប់សុខុមាលភាពមនុស្សជាតិបច្ចុប្បន្ន និងទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ទី២.ជំរុញឱ្យមានការគោរពសិទ្ធិពលរដ្ឋចូលរួមក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិឱ្យបានឋិតថេរ ស្របតាមច្បាប់ និងគោលនយោបាយរបស់ប្រទេសកម្ពុជា និងទី៣ ដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងការរួមចំណែកការពារ និងអភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ លោក អូត ឡាទីន បន្ថែមថា ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលគួរផ្ដល់ឱកាសឱ្យប្រជាសហគមន៍មានសេរីភាពពេញលេញ ចុះល្បាតព្រៃឈើវិញ ជាជាងធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលចុះល្បាតការពារព្រៃឈើ។
លោក អូត ឡាទីន៖ «នៅពេលដែលមានការប្រព្រឹត្តិអំពើពុករលួយ រដ្ឋាភិបាល មន្ត្រីអនុវត្តច្បាប់ហ្នឹង មិនព្រមចាត់វិធានការទេ បែរជាដាក់គំនាបទៅលើក្រុមដែលគាត់តែងតែធ្វើការបង្ហាញ អំពីបញ្ហានៅក្នុងសហគមន៍ នេះគឺវាផ្ទុយគ្នា បានន័យថាអ្នកដែលប្រព្រឹត្តិបទល្មើសមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ បែរទៅជាមកទប់ស្កាត់តែលើក្រុមដែលធ្វើការរាយការណ៍អំពីបញ្ហាបទល្មើសទៅវិញ អ៊ីចឹងបើសិនជារដ្ឋាភិបាល នៅតែបន្តសកម្មភាពរបៀបនេះ បញ្ហាធនធានធម្មជាតិនៅកម្ពុជារបស់យើង ប្រាកដណាស់វានឹងនៅតែបន្តបាត់បង់ជាបន្តបន្ទាប់ ដែលយើងពិបាកក្នុងការស្រោចស្រង់មកវិញ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភត្រា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែមីនា ដោយទូរស័ព្ទចូល ប៉ុន្តែមិនមានអ្នកលើក។
អង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) នៅក្នុងខែកញ្ញា ២០២២ កន្លងទៅ បានរកឃើញថា ប្រព័ន្ធការពារគ្នាទៅវិញទៅមកដែលបង្កើតឡើងដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមឧកញ៉ា និងកងកម្លាំងប្រដាប់អាវុធ គឺជាកត្តាចម្បងធ្វើឱ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជានៅតែបន្តកើតមាន។ របាយការណ៍ស្រាវជ្រាវដែលមានកម្រាស់៥៣ទំព័រនោះ ក៏បានបង្ហាញដែរថា ការបង់ពន្ធក្រៅផ្លូវការ (Unofficial Taxation) ទៅកាន់កងកម្លាំងខេមរភូមិន្ទ កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី គឺជាខែលការពារដ៏មានប្រសិទ្ធភាពដល់ស្ថិរភាពអាជីវកម្ម និងសុវត្ថិភាពរបស់ឈ្មួញរកស៊ីឈើខុសច្បាប់ ព្រោះការបង់ពន្ធក្រៅផ្លូវការនេះ ធ្វើឱ្យអ្នករកស៊ីទាំងនោះមានវិន័យត្រឹមត្រូវក្នុងការប្រព្រឹត្តិបទល្មើស ហើយក៏កាត់បន្ថយជម្លោះហិង្សារវាងអ្នកជំនួញឈើខុសច្បាប់ផងដែរ។
ទោះបីជាមានរបាយការណ៍ពីអង្គការអន្តរជាតិជាច្រើនបង្ហាញថា អំពើពុករលួយជាប្រព័ន្ធ គឺជាហេតុផលធ្វើឱ្យមានបទល្មើសព្រៃឈើក្ដី ក៏រដ្ឋាភិបាលតែងតែច្រានចោលលទ្ធផលរបាយការណ៍ទាំងនេះ។ ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈថា អង្គការអន្តរជាតិទាំងនោះ ធ្វើរបាយការណ៍បន្លំបំភ្លៃ ដោយមានចេតនាបំផ្លាញកិត្តិយសគ្រួសាររបស់លោកជាដើម។ ទោះបីជាបែបនេះក្ដី លោក ហ៊ុន សែន ធ្លាប់បានប្ដេជ្ញាចិត្តថា បើលោកការពារព្រៃឈើនៅកម្ពុជាមិនបានទេ លោកនឹងកាត់កលោកចោល ប៉ុន្តែ មកដល់ពេលនេះបទល្មើសព្រៃឈើនៅតែបន្តកើតមានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។