ទោះបីរបងនៅឆ្នេរអូរឈើទាលក្នុងខេត្តព្រះសីហនុ ត្រូវបានវាយកម្ទេចចោលបន្ទាប់ពីមានប្រតិកម្មពីមហាជនហើយក៏ដោយ ក៏គេនៅមិនទាន់ដឹងពីសមាសភាពបុគ្គលដែលទទួលបានសិទ្ធិស្របច្បាប់លើដីទំហំជាង៨ពាន់ម៉ែត្រការ៉េនោះនៅឡើយ។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវបណ្ដោយឱ្យក្រុមហ៊ុនឯកជន ឬបុគ្គលមានលុយមានអំណាច រំលោភយកដីចំណីឆ្នេរសមុទ្រជាបន្តបន្ទាប់នោះទេ។
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានមើលឃើញថា ការកាត់ដីឆ្នេរសមុទ្ររបស់រដ្ឋឱ្យទៅឯកជន អាចជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ នៅតែបន្តសកម្មភាពបំពានច្បាប់ និងបន្តបើកដៃឱ្យបុគ្គលអ្នកមានអំណាចធ្វើតាមទំនងចិត្តនោះ ការរំលោភដីដែលបម្រើឱ្យប្រយោជន៍សាធារណៈ នៅតែកើតមានបន្តទៀត។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មើលឃើញមូលហេតុដែលបណ្ដាលឱ្យមានការផ្ទេរកម្មសិទ្ធដីរបស់រដ្ឋ ឱ្យទៅឯកជននេះ ពីព្រោះមានការបំពានលើគោលការណ៍ច្បាប់ភូមិបាលឬលិខិតនានា និងការធ្វេសប្រហែសរបស់អាជ្ញាធរមូលដ្ឋានដែលមិនសូវយកចិត្តទុកដាក់ទៅលើបញ្ហាទាំងនេះ។ លោកបន្ថែមថា ភាគច្រើនអ្នកទទួលបានសិទ្ធិកាន់កាប់ដីទាំងនោះ គឺជាអ្នកមានលុយ មានអំណាច បណ្ដាលឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិមិនហ៊ានអនុវត្តច្បាប់ និងរង់ចាំតែបញ្ជាពីលោក ហ៊ុន សែន ឱ្យអន្តរាគមន៍។
លោក មាស នី៖ «មានបញ្ហាគេរិះគន់ទៅ។ តែកាលណាគេដោះស្រាយតែម្ដង ឬពីរដងវាមានឥទ្ធិពលហើយ។ ប៉ុន្តែ តែកាលណាដោះស្រាយច្រើនដងពេក វានឹងអាចក្លាយជារឿងមួយផ្សេង។ អ៊ីចឹងរឿងនឹងវាត្រូវការម៉ត់ចត់ពីខាងក្រោមទៅ វានឹងអាចកាត់បន្ថយបញ្ហាផ្នែកខាងលើហើយ។ កុំឱ្យចេះតែបញ្ជូនទៅ អាហ្នឹងសម្ដេចឱ្យ ក៏ឱ្យទៅ ហើយចាំថ្ងៃក្រោយបើគេថាឱ្យ សម្ដេចឱ្យរើ ក៏រើទៅ។ អ៊ីចឹងធ្វើឱ្យខូចឈ្មោះទាំងអស់គ្នា ហើយខូចឈ្មោះទាំងរដ្ឋាភិបាលទៀត»។
ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុ សម្របសម្រួលឱ្យម្ចាស់កម្មសិទ្ធិដែលមានដីនៅលើដីឆ្នេរអូរឈើទាល បានវាយកម្ទេចរបងបេតុងចេញវិញ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ តាមបញ្ជាលោក ហ៊ុន សែន ដោយសារតែមានការរិះគន់ច្រើនពីមហាជន នៅលើបណ្ដាញសង្គម។
សកម្មជនបរិស្ថានចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ យល់ឃើញថា ករណីសង់របងនៅលើឆ្នេរអូរឈើទាល អាចមានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ដែលបណ្ដាលមកពីការបើកដៃពីសំណាក់អាជ្ញាធរឱ្យអ្នកមានអំណាចធ្វើតាមអំពើចិត្ត។ លោកបន្តថា ត្រឹមតែការវាយរបងដែលសង់នៅលើឆ្នេរអូរឈើទាលចោលនោះ គឺពុំទាន់គ្រប់គ្រាន់នោះឡើយ ពីព្រោះអាជ្ញាធរត្រូវស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវតាមផ្លូវច្បាប់។
លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំយល់ថា ការធ្វើអនុប្រយោគ ឬសម្បទានដីកន្លងមកហ្នឹង វាត្រូវការតែអំណាចរបស់រដ្ឋាភិបាលមួយ ធ្វើឱ្យអ្នកកាន់អំណាចនឹងជិះសេះលែងដៃ ផ្ដល់ដីសម្បទានឱ្យនរណាក៏បាន។ ជាពិសេសបក្សពួកខ្លួន អ្នកដែលមានលុយមានអំណាចរកស៊ី កេងប្រវ័ញ្ចពីធនធានធម្មជាតិអីហ្នឹង»។
សារាចរណែនាំ ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន កាលឆ្នាំ២០១២ ចែងថា ដីឆ្នេរជម្រាលត្រូវកំណត់យ៉ាងតិច៣០ម៉ែត្រ ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតទៅដីគោក។ ដីឆ្នេរសមុទ្រនេះត្រូវបានចាត់ទុកជាដីសាធារណៈរបស់រដ្ឋ និងប្រើប្រាស់សម្រាប់ជាប្រយោជន៍សាធារណៈ លើកលែងតែចំពោះដីចំណីឆ្នេរសមុទ្រដែលមានម្ចាស់កម្មសិទ្ធិកាន់កាប់រួចហើយ។ ក៏ប៉ុន្តែ ដីឆ្នេរសមុទ្រ៣០ម៉ែត្រនោះ មិនអនុញ្ញាតឱ្យសាងសង់សំណង់រឹងមាំនោះឡើយ ទោះបីជាដីចំណីឆ្នេរនោះត្រូវបានគ្រប់គ្រងដោយបុគ្គលឯកជនស្រាប់ហើយក៏ដោយក្ដី។
ទោះបីចេញសារាចរណែនាំនេះក្ដី ក៏មន្ត្រីរដ្ឋាភិបាលមួយចំនួននៅតែបំពាន និងលើកហេតុផងផ្សេងៗដើម្បីការពារម្ចាស់ក្រុមហ៊ុនឯកជន ដោយអះអាងថាមានប្លង់កម្មសិទ្ធិស្របច្បាប់។ ជាមួយគ្នានេះ សកម្មជនបរិស្ថាន និងសង្គមស៊ីវិល មើលឃើញថា កត្តាដែលនាំឱ្យបុគ្គលឯកជនហ៊ានរំលោភយកដីឆ្នេរ ដោយសារមានអ្នកមានអំណាចធ្វើជាខ្នងបង្អែក និងចរចាបែងចែកប្រយោជន៍គ្នា។ ពួកគេសង្កេតឃើញថា ច្បាប់ចុះហត្ថលេខាដោយដៃ លោក ហ៊ុន សែន នៅលើក្រដាសនេះគ្មានន័យអ្វីឡើយចំពោះការអនុវត្តជាក់ស្ដែង។ ពីព្រោះតែការអន្តរាគមន៍រឿងលុបឆ្នេរ ឬវាយរបងដែលបំពានឆ្នេរកន្លងមកនោះ ទាល់តែមានបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន ទើបមន្ត្រីថ្នាក់ក្រោមហ៊ានចុះទៅដោះស្រាយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យ លោក ឡុង ឌីម៉ង់ ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១០ កុម្ភៈ ដោយសារលោកជាប់រវល់ប្រជុំ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើលឃើញថា ការប្រគល់ដីរដ្ឋទៅឱ្យឯកជនគ្រប់គ្រង រដ្ឋាភិបាលហាក់មានចន្លោះប្រហោងផ្នែកច្បាប់ សាធារណៈប្រយោជន៍ និងលើការសិក្សាលម្អិតពីផលប៉ះពាល់។ លោកបន្តថា ការផ្ដល់កម្មសិទ្ធិទៅឱ្យក្រុមហ៊ុន ឬបុគ្គលឯកជននេះ រដ្ឋាភិបាលតែងតែផ្ដោតសំខាន់លើប្រយោជន៍បុគ្គលឯកជន ធំជាងប្រយោជន៍សាធារណៈ និងខ្វះតម្លាភាព ដែលបណ្ដាលឱ្យមានភាពមិនប្រក្រតី និងបង្កើតឱ្យមានជាអំពើពុករលួយ។
លោក ស៊ឹង សែនករុណា៖ «ដើម្បីចៀសវាងផលប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល បញ្ហាទាំងអស់ហ្នឹងគប្បីមានការត្រួតពិនិត្យ ទប់ស្កាត់ជាមុន។ ជាជាងមានបញ្ហាហើយ បែរជាធ្វើកិច្ចអន្តរាគមន៍។ ចំណុចនេះមិនមែនចំណេញមុខមាត់រដ្ឋាភិបាលទេ។ វាជាខាតបង់ទៅវិញទេ ដោយសារគេមើលឃើញថា ប្រព័ន្ធដឹកនាំគ្រប់គ្រងរដ្ឋយើងហ្នឹង គឺវាមានបញ្ហា មិនបានធ្វើកិច្ចការជាមួយគ្នានឹងជាប្រព័ន្ធទេ ទើបធ្វើឱ្យបញ្ហារំលោភច្បាប់ រំលោភទៅដល់ផលប្រយោជន៍សាធារណៈហ្នឹង កើតឡើងទៅបានបាទ»។
ករណីរំលោភយកដីឆ្នេរនេះ មិនមែនជារឿងថ្មីឡើយសម្រាប់ខេត្តដែលជាប់មាត់ឆ្នេរសមុទ្រ រួមមានដូចជាខេត្តព្រះសីហនុ និងខេត្តកែប។ ករណីរំលោភឆ្នេរសមុទ្រនេះ កើតមានក្នុងទម្រង់ជាការចាក់ដីនិងថ្មចូលទៅក្នុងសមុទ្រ និងការធ្វើរបងវាទីដើម្បីសាងសង់អាគារធំៗបង្កើតជាទីក្រុងរណប និងអគារបនល្បែងកាស៊ីណូជាដើម។
អង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ស្នើឱ្យរដ្ឋាភិបាលបើកការស៊ើបទ្រង់ទ្រាយធំ ទៅលើករណីបំពានឆ្នេរសមុទ្រនេះ ដើម្បីបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកដឹកនាំប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។