ផ្សោតញី ១ក្បាល ទម្ងន់ជិត ២រយ (២០០) គីឡូក្រាម ត្រូវបានអ្នកភូមិប្រទះឃើញងាប់អណ្ដែតទឹក នៅដងទន្លេមេគង្គ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមិថុនា។ ប្រជាសហគមន៍នេសាទសង្ស័យថា មូលហេតុសត្វផ្សោតនេះងាប់ ដោយសារបទល្មើសនេសាទ។
នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបីលោក លាង ប៊ុនលាភ មានប្រសាសន៍ថា មន្ត្រីជំនាញសន្និដ្ឋានថា ផ្សោតញីដែលងាប់នោះ មានវ័យចំណាស់ ដោយសារ អត់ធ្មេញ ហើយវារស់នៅក្នុងអន្លង់អភិរក្សទន្លេមេគង្គ ក្នុងឃុំព្រះរំកិល ខេត្តស្ទឹងត្រែង។ លោកសង្កេតឃើញថា សត្វផ្សោតដ៏កម្រនេះ នៅតែបន្តបាត់បង់ ជារៀងរាល់ឆ្នាំ ដោយសារនេសាទខុសច្បាប់ និងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់ឡាវ បណ្តាលឱ្យទឹកប្រែប្រួល បង្កឱ្យប៉ះពាល់ដល់ការចិញ្ចឹមជីវិតរបស់សត្វផ្សោត នៅដងទន្លេមេគង្គ៖ «ហេតុផលហ្នឹងឯង ទាល់តែទឹកស្អាតបានផ្សោតរស់នៅបាន។ ទំនប់វារីអគ្គិសនីដងសាហុងនៅខាងលើ បណ្តាលឱ្យទឹកមិនស្អាតទេ មានគុណភាពខ្សោយទៅៗ បណ្តាលឱ្យជីវិតផ្សោតពិបាកដែរ។ គុណភាពទឹកម្យ៉ាងដែរ ដែលធ្វើការរស់នៅរបស់វាប៉ះពាល់»។
ប្រជាសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិលធ្លាប់លើកឡើងថា សត្វផ្សោតនៅសល់តែ ៣ ក្បាល កំពុងប្រឈមបាត់បង់ទាំងស្រុង ដោយសារបទល្មើសនេសាទ ការសាងសង់ទំនប់វារីអគ្គិសនីនៅឡាវនៅខ្សែទឹកខាងលើ បណ្តាលឱ្យទឹកទន្លេកខ្វក់។ លើសពីនេះ ការបាត់បង់ផ្សោតញីមួយក្បាលនេះ នឹងធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍ ដែលជាប្រភពចំណូលយ៉ាងសំខាន់របស់ពលរដ្ឋមូលដ្ឋាន ព្រោះផ្សោតទាំងនោះ អាចរកប្រាក់ចំណូលបាន ជាច្រើនម៉ឺនដុល្លារក្នុងមួយឆ្នាំៗ តាមរយៈបម្រើ វិស័យទេសចរណ៍រួមមាន សេវាកម្មស្នាក់នៅ សេវាកម្មដឹកជញ្ជូន និង ម្ហូបអាហារជាដើម។
កាលពីដើមឆ្នាំ ២០២១ កូនផ្សោតមួយក្បាលងាប់ នៅឃុំព្រះរំកិលដោយសារជាប់មងអ្នកនេសាទ ហើយនៅកំឡុងខែមេសា ឆ្នាំ២០២១ សត្វផ្សោតទម្ងន់ ២០០គីឡូ ក្រាម ងាប់នៅដងទន្លេមេគង្គ ឋិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មកទល់ពេលនេះ សត្វផ្សោតមានវត្តមាននៅអន្លង់ផ្សោតព្រះរំកិល នៅសល់តែ ២ ក្បាលប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។