ពលរដ្ឋនៅខេត្តក្រចេះ ប្រទះឃើញសត្វផ្សោតងាប់មួយក្បាលមានទម្ងន់ជាង ១០០គីឡូក្រាម អណ្ដែតតាមច្រាំងទន្លេនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ មេសា។
ប្រធានឆ្មាំទន្លេ និងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លឺ ឲ្យដឹងថា មន្ត្រីជំនាញនៅមិនទាន់រកឃើញមូលហេតុនៃការងាប់របស់សត្វផ្សោតនោះទេ ប៉ុន្តែគេអាចសន្និដ្ឋានថា ត្រីផ្សោតនោះមានអាយុជាង ២០ឆ្នាំ។ លោកថា ដងខ្លួនរបស់សត្វផ្សោតនោះពុំមានស្លាកស្នាមឡើយ។ លោកសន្និដ្ឋានថា មូលហេតុអាចបណ្ដាលឲ្យសត្វផ្សោតនោះងាប់ អាចមកពីអាយុកាល ឬក៏ការប្រែប្រួលស្ថានភាពទឹក៖ « ការស្លាប់របស់វាយើងមិនទាន់សន្និដ្ឋាន បើជាប់មង យើងឃើញស្លាកស្នាម តែមិនឃើញស្លាកស្នាមគួរឲ្យកត់សម្គាល់ទេ។ យើងសន្និដ្ឋានថា បណ្ដាលមកពីវ័យចាស់។ ទីពីរ អាចបណ្ដាលពីស្ថានភាពទឹក»។
លោក ម៉ុក ពន្លឺ បន្ថែមថា សត្វផ្សោតនៅតាមដងទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បច្ចុប្បន្ន នៅសល់ប្រមាណ ៨០ក្បាល ក្នុងនោះ ៦៥ក្បាលនៅខេត្តក្រចេះ។
កាលពីឆ្នាំ២០១៥ ផ្សោតនៅខេត្តក្រចេះ ងាប់ ៤ក្បាល បណ្ដាលមកពីជាប់មងអ្នកនេសាទ និងអាយុកាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។