ព្រះតេជព្រះគុណ ថូ ធូរស់ ចំណាយពេលជិត ១០ឆ្នាំដើម្បីការពារធនធានធម្មជាតិ នៅព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។ ព្រះអង្គធ្វើកិច្ចការការងារអភិរក្សព្រៃនេះ ដោយស្ម័គ្រចិត្ត ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។ ទោះបីជា ធ្លាប់រង់ការគំរាមកំហែង និងចោទប្រកាន់ពីសំណាកអាជ្ញាធរពាក់ព័ន្ធថា ព្រះអង្គជាក្រុមប្រឆាំង ដោយសារតែការពារព្រៃឈើប៉ះពាល់ប្រយោជន៍អ្នកមានលុយ មានអំណាចចំនួនក៏ដោយ ក៏ប៉ុន្តែ ព្រះអង្គប្ដេជ្ញាថា នឹងបន្តការពារព្រៃសហគមន៍មួយនេះឱ្យបានគង់វង្ស។
ព្រះតេជព្រះគុណ ថូ ធូរស់ គឺជាព្រះសង្ឃ មួយអង្គក្នុងចំណោមព្រះសង្ឃបួនអង្គផ្សេងទៀត ដែលចូលរួមយ៉ាងសកម្មក្នុងការអភិរក្សព្រៃសហគមន៍សង្ឃរុក្ខាវ័ន។ មានពេលខ្លះព្រះអង្គទ្រាំក្រាបលូនទាំងកណ្ដាលយប់អធ្រាត្រ ដើម្បីស្ទាក់ចាប់ក្រុមជនល្មើសលួចអារឈើ ហើយក៏ធ្លាប់រងការជេរប្រមាថមើលងាយពីសំណាកជនល្មើសជាហូរហែដែរ ប៉ុន្តែព្រះអង្គមិនដែលគិតថា បោះបង់ឆន្ទៈនោះទេ។ ព្រះអង្គ ថូ ធូរស់ មានថេរដីកាថា ការការពារព្រៃសហគមន៍នេះ កើតចេញពីឆន្ទៈ និងការស្រឡាញ់ធនធានធម្មជាតិ ព្រោះព្រះអង្គ មិនចង់ឃើញធនធានធម្មជាតិនៅកម្ពុជារង់ការកាប់បំផ្លាញតាមតែអំពើចិត្ត។
ព្រះអង្គ ថូ ធូរស់៖ «នៅកម្ពុជាយើងឃើញមានការកាប់ព្រៃឈើ ឬក៏រុករានកាប់បំផ្លាញព្រៃឈើធ្វើឱ្យវិនាសសកម្មដើម្បីយកដី នឹងមកធ្វើជាកសិកម្មនេះជាចំណុចមួយដែរ អាត្មាភាព ក៏ដូចជាក្រុមការងារបានខិតខំធ្វើការងារថែរក្សាព្រៃនៅទីនេះឱ្យបានគង់វង្សសម្រាប់កូនចៅបន្តទៅទៀត។ មួយទៀតដែលសំខាន់បំផុត អាចកាត់បន្ថយការកើតឡើងនូវគ្រោះមហន្តរាយ។ នៅប៉ុន្មានខែដើមឆ្នាំ២០២៣នេះ យើងឃើញមានខ្យល់កន្ត្រាក់ ធ្វើឱ្យមានប្រជាពលរដ្ឋនៅតាមស្រុកផ្សេងៗជួបនូវគ្រោះមហន្តរាយដោយសារតែខ្យល់ព្យុះ រន្ទះនេះជាបញ្ហាចម្បងដែលកើតពីការបាត់បង់ធនធានធម្មជាតិ»។
ព្រះអង្គ ថូ ធូរស់ ជាប្រធានសមាគមន៍ព្រៃសង្ឃរុក្ខាវ័ន និងជាព្រះចៅអធិការវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងក្រុងសំរោង។ ព្រះអង្គមានស្រុកកំណើតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសាងព្រះផ្នួស ក្នុងព្រះពុទ្ធសាសនា ២០ព្រះវស្សា តាំងពីឆ្នាំ២០០៣ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង កាលពីឆ្នាំ២០១៤ នៅខេត្តបាត់ដំបង។ បច្ចុប្បន្នព្រះអង្គ កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ។
គិតមកទល់ពេលនេះ ព្រះអង្គ ថូ ធូរស់ សម្រេចចូលរួមការព្រៃសង្ឃរុក្ខាវ័ន ជាមួយនឹងអតីតព្រះសង្ឃ ប៊ុន សាលួត ជាង ១០ឆ្នាំមកហើយ ស្របពេលដែលកាលនោះ ធនធានធម្មជាតិ ភាគច្រើនរងការកាប់បំផ្លាញ រំលោភយកដីព្រៃធ្វើជាកម្មសិទ្ធិ ឯកជន ពីសំណាកពលរដ្ឋ និងអ្នកមានលុយ មានអំណាច ។ ក្រៅពីកិច្ចការងារវត្ត និងសាសនា ព្រះអង្គតែងតែចុះល្បាតព្រៃ និងមកគង់នៅទីស្នាក់ការជាប្រចាំក្នុងព្រៃសង្ឃរុក្ខាវ័ន ជាមួយប្រជាសហគមន៍ ៤ ទៅ ៥នាក់ ដើម្បីចុះល្បាត ទប់ស្កាត់បទល្មើសអារឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ នៅក្នុងព្រៃអភិរក្សមួយនេះ។
ព្រះអង្គ ថូ ធូរស់៖ «បញ្ហាប្រឈមមួយទៀតដែលមានជាមួយបទល្មើសនៅទីនេះ គឺប្រភេទបទល្មើសសត្វព្រៃ មានការដាក់អន្ទាក់ ហើយដាក់លួសឆាក់សត្វ ហើយសត្វនៅទីនេះ មានរហូតដល់សត្វទន្សោង។ មួយទៀត ជាមួយនឹងការនេសាទត្រីខុសច្បាប់ បានន័យថា គាត់លួចឆាក់ លួចចូលទៅតំបន់អភិរក្សត្រីពូជពងកូន។ អ៊ីចឹងបទល្មើសនៅទីនេះ មានប្រភេទឈើប្រណិតធ្មង់ ហើយនឹងដាក់អន្ទាក់សត្វ»។
ព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីជាង ៣ម៉ឺនហិកតារ (៣០.២៥៤ហិកតារ) ស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ព្រៃសហគមន៍នេះ មានបឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទំហំ ៦ពាន់ហិកតារ សំបូរត្រី ជីវចម្រុះ និងមានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ ដូចជាសត្វខ្ទីង ទន្សោង ស្វា ប្រើស ខ្លារខិន ត្រដក់ធំ ពង្រូល ខ្លាឃ្មុំតូច ឆ្កែព្រៃ ទោច និងសត្វក្ងោកជាដើម។ ទោះយ៉ាងណា រយៈពេល២ឆ្នាំចុងក្រោយនេះ បទល្មើសបរបាញ់សត្វបន្តកើតមានឡើង ធ្វើឱ្យសត្វព្រៃមួយចំនួនប្រឈមបាត់បង់។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើលើកឡើងថា ការចូលរួមការពារព្រៃសហគមន៍រុក្ខាវ័ន របស់ព្រះសង្ឃជាង២០ឆ្នាំមកនេះ ធ្វើឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកមានលុយមានអំណាចមួយចំនួន មិនសប្បាយចិត្តនោះទេ ព្រោះប៉ះពាល់ផលប្រយោជន៍ពួកគេ។ ជាក់ស្ដែង រាល់ពេលមានការបញ្ចេញមតិ ផ្សព្វផ្សាយរបស់ព្រះសង្ឃលើបណ្ដាញសង្គម និងសារព័ត៌មាន ជុំវិញបទល្មើសអារឈើ និងការបរបាញ់សត្វព្រៃ តែងទទួលការគំរាមកំហែង និងសួរនាំសំណាកអាជ្ញាធរពាក់ព័ន្ធ ដែលធ្វើព្រះសង្ឃមួយចំនួនហាក់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ពលរដ្ឋម្នាក់ដែលរស់នៅព្រៃសហគមន៍សង្ឃរុក្ខាវ័ន និងជាគណៈកម្មការធ្វើការងារដោយផ្ទាល់ជាមួយនឹងព្រះតេជព្រះគុណ ថូ ធូរស់ លោក សារ ថ្លៃ ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានស្ម័គ្រចិត្តចូលរួមកិច្ចការការពារព្រៃសង្ឃរុក្ខាវ័ននេះជិត ១០ឆ្នាំហើយ។ លោកសង្កេតឃើញថា ព្រះអង្គបានចូលរួមចំណែកច្រើន ជាពិសេសការកសាងទីស្នាក់ការស្វែងរកជំនួសពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងការចូលរួមទប់ស្កាត់បទល្មើសជាដើម។
លោកបន្តថា មកដល់ពេលនេះ ជិត៦ខែហើយ ពុំទាន់ឃើញមានបទល្មើសលួចអារឈើប្រណិតៗ ដូចមុខទៀតនោះទេ បន្ទាប់ពីព្រះសង្ឃ និងសហគមន៍ឃាត់ខ្លួនជនល្មើស ហើយបញ្ជូនសំណុំរឿងមួយចំនួនទៅតុលាការដើម្បីដោះស្រាយ។ ទោះជាបែបនេះក្ដី លោកនៅតែបារម្ភថា ព្រៃសហគមន៍នេះ នៅតែមានបទល្មើសលួចអារឈើបន្តទៀត ដែលកើតចេញពីក្រុមអ្នកមានអំណាចមួយចំនួន ហើយរាល់ការឃាត់ខ្លួនអ្នកទាំងនោះ ពុំដែលឃើញអាជ្ញាធរពាក់ព័ន្ធណាចេញមុខដោះស្រាយតាមផ្លូវច្បាប់នោះឡើយ។
ព្រះអង្គ ថូ ធូរស់៖ «និយាយរួមទៅគឺព្រះអង្គមានជំហររឹងមាំក្នុងការអភិរក្ស ទោះបីថា យើងមានរឿងបន្តិចបន្តូចមែន ដោយសារយើងអត់ទាន់ចុះសម្រុងគ្នា យើងមិនទាន់យល់ពីអារម្មណ៍គ្នាទៅវិញ ទៅមក។ កាលមុនព្រះអង្គធ្វើស្ថាប័នតែម្នាក់ឯងទេ ឥឡូវធ្វើស្ថាប័នពីរ(ជាមួយមន្ទីរបរិស្ថាន)ដែលយើងដាក់រួមគ្នា។ ដូច្នេះហើយមានការមិនយល់ពីអារម្មណ៍គ្នាទៅវិញទៅមក។ ប៉ុន្តែខ្ញុំគិតថាថ្ងៃក្រោយយើងនឹងសហការ និងធ្វើការយ៉ាងម៉េចឱ្យបានល្អ ដូចជាមន្ត្រីបរិស្ថាន ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន ដែលតែងតែនាំយុវជនចុះកម្មសិក្សានៅតំបន់ព្រៃសង្ឃរុក្ខាវ័នលើកឡើងថា ការខិតខំប្រឹងប្រែងរបស់ព្រះតេជព្រះគុណ ថូ ធូរស់ និងប្រជាសហគមន៍ក្នុងការការពារធនធានធម្មជាតិនេះគឺជាគំរូដ៏ល្អ ហើយគួរតែទទួលបានការលើកទឹកចិត្តខ្ពស់ពីសំណាកអាជ្ញាធរពាក់ព័ន្ធ ជាពិសេសកិច្ចសហការល្អជាមួយនឹងមន្ត្រីបរិស្ថានក្នុងការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែជាក់ស្ដែង លោកថា អាជ្ញាធរទាំងនោះបែរជាមិនអើពើ ដែលជាហេតុធ្វើ ឱ្យបទល្មើសអារឈើកន្លង ទៅ កើតមានជាហូរហែ។
លោក អូត ឡាទីន៖ «សម្រាប់អាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមជាមួយព្រះសង្ឃ ចូលរួមក្នុងន័យកិច្ចសហប្រតិបត្តិការគាំទ្ររាល់គ្រប់សកម្មភាព ជាពិសេសក្នុងការអនុវត្តច្បាប់ សកម្មភាពក្នុងការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសក្នុងព្រៃសង្ឃរុក្ខាវ័ន។ ក្រៅពីនោះទៀត ការគាំទ្រផ្នែកស្មារតី ផ្នែកធនធានចំណេះដឹង ហើយនឹងផ្នែកហិរញ្ញវត្ថុក៏ជារឿងសំខាន់សម្រាប់នៅទីនេះដែរ។ អ៊ីចឹងស្នើទៅរាជរដ្ឋាភិបាលគួរតែពិចារណា ហើយផ្ដល់កញ្ចប់ថវិកាគាំទ្រដល់សកម្មភាពព្រះសង្ឃក្នុងការការពារធនធានធម្មជាតិ»។
ព្រៃសហគមន៍សង្ឃរុក្ខាវ័ន គឺជាគំនិតផ្ដួចផ្ដើមអភិរក្សដំបូងរបស់ព្រះសង្ឃសុទ្ធសាធ គឺអតីតព្រះសង្ឃ ប៊ុន សាលួត ជាស្ថាបនិក ដែលបង្កើតឡើងនៅឆ្នាំ២០០១ ហើយមានគោលបំណងការពារព្រៃឈើ និងអភិរក្សជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ បច្ចុប្បន្ន ព្រៃសហគមន៍នេះ ក្រោមការគ្រប់របស់ព្រះសង្ឃ និងមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែ រាល់សកម្មភាពចុះល្បាត និងការចំណាយផ្សេងៗ ពុំដែលទទួលបានការឧបត្ថម្ភពីមន្ទីរបរិស្ថាននោះឡើយ គឺជាការទទួលខុសត្រូវរបស់ព្រះសង្ឃទាំងស្រុង។
ប្រធានសហគមន៍ព្រៃសង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ ថូ ធូរស់ ឯណេះវិញ ព្រះអង្គចង់ឃើញព្រៃសហគមន៍មួយនេះ ក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយលុបបំបាត់បទល្មើសអារឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់។ ព្រះអង្គមានថេរដីកាថា ករណីទប់ស្កាត់បទល្មើសនេះ មិនពិបាកដោះស្រាយនោះឡើយ បើសិនជាអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឱ្យតឹងរ៉ឹងលើជនល្មើស ហើយសហការល្អជាមួយព្រះសង្ឃ និងប្រជាសហគមន៍ ប្រកបដោយឆន្ទៈពិតប្រាកដ។
ព្រះតេជព្រះគុណ ថូ ធូរស់៖ «ក្នុងការថែរក្សា ក្នុងការចូលរួមអភិរក្សនេះ វាមិនពិបាកទេ បើចង់ឱ្យព្រៃនេះថែរក្សាបាន ភូមិនៅជុំវិញព្រៃហ្នឹង យើងមានបញ្ជាការពារភូមិតើឱ្យគាត់ឆ្លងឆ្លើយ។ បានន័យថា ក្រុមប្រតិកម្មរហ័សនៅពេលដែលឃើញអ្នកណាមួយប្រព្រឹត្តបទល្មើសរាយការណ៍ ទៅមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យគាត់ ហៅទៅសួរណែនាំបើសិនជាមានការចូលរួមអ៊ីចឹង វាហាក់ដូចជាភ្លៀងរលឹម អត់ដាច់ព័ត៌មានទំនាក់ទំនងជាមួយគ្នាទេ។ អ៊ីចឹងព្រៃនេះវាឋិតថេរបាន អ្នកណាក៏ដោយមិនអាចប្រព្រឹត្តបទល្មើសបានទេ មិនអាចគេចផុតពីភ្នែកប្រជាពលរដ្ឋរស់នៅជុំវិញព្រៃហ្នឹងបានទេ បើសិនជាគាត់មានការចូលរួមជាពិសេសគឺអាជ្ញាធរថ្នាក់ខេត្ត»។
ព្រះតេជព្រះគុណ ថូ ធូរស់ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនាំគ្នាការពារព្រៃអភិរក្សមួយនេះឱ្យបានប្រសិទ្ធភាព តាមរយៈការលុបបំបាត់ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរវាងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ហើយហ៊ានសម្ដែងមតិប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរឈើខុសច្បាប់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។