សហគមន៍​អូរយ៉ាដាវ​ចោទ​មន្ត្រី​ព្រំដែន​ថា បើកដៃ​ឱ្យ​ឈ្មួញ​កាប់​ឈើ​ដឹក​យក​ទៅ​វៀតណាម​រាល់ថ្ងៃ

ដោយ សុជីវី
2023.09.07
សហគមន៍​អូរយ៉ាដាវ​ចោទ​មន្ត្រី​ព្រំដែន​ថា បើកដៃ​ឱ្យ​ឈ្មួញ​កាប់​ឈើ​ដឹក​យក​ទៅ​វៀតណាម​រាល់ថ្ងៃ ប្រធានក្រុមប្រឹក្សាស្រុក​អូរយ៉ាដាវ លោក មុី សុីវុធធឿន (ឆ្វេង) និងលោក ហេង ប៑ុន្នី អភិបាលស្រុក​អូរយ់ាដាវ ចូលរួមវេទិកា កាលពីថ្ងៃទី២៥ សីហា ២០២៣។
រូប៖ ហ្វេសប៊ុករដ្ឋបាលស្រុក​អូរយ៉ាដាវ

ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​អះអាង​ថា ព្រៃ​សហគមន៍​ឡុំ ស្ថិតនៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​រង​ការ​កាប់ និង​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​សេរី​ជា​រៀងរាល់​ថ្ងៃ ដោយ​មិន​ខ្លាច​ញញើត​អាជ្ញាធរ​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ​អះអាង​ថា ចាប់​តាំង​ពី​បោះឆ្នោត​រួចមក ការ​កាប់​និង​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មាន​ទាំងយប់​ទាំង​ថ្ងៃ។ ក្រុម​ឈ្មួញ​បាន​សម្រុក​ចូល​ទៅ​កាប់​ប្រភេទ​ឈើ​កម្រ​ដូចជា សុក្រំ ស្រឡៅ គគីរ​និង​ផ្ចឹក ស្ថិតនៅ​ក្នុង​ព្រៃ​សហគមន៍​ឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដែល​មាន​ផ្ទៃដី​ជាង ៨​ពាន់​ហិកតារ បច្ចុប្បន្ន​ព្រៃ​នេះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារាយ​តែងតែ​ចូល​ទៅ​រក​អនុផល​នៅ​ទីនោះ​តាំង​ឆ្នាំ​២០១១​មក។

ប្រជា​សហគមន៍​រស់នៅ​ភូមិ​ឡុំ លោក រម៉ាស់ ស្រេន អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ថា ក្រោយ​ការ​បោះឆ្នោត​រួច​មក សកម្មភាព កាប់​និង​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាន់តែ​ខ្លាំង​ឡើង ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​នោះ​ទេ។ លោក​បន្ត​ថា សហគមន៍​ពិបាក​ក្នុង​ទប់ស្កាត់ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ មិន​សហការ​ដើម្បី​ចុះ​ល្បាត​ព្រោះ​ក្រុម​ជនល្មើស​ខ្លះ​មាន​អាវុធ​កែច្នៃ​ដាក់​តាម​ខ្លួន។

លោក រម៉ាស់ ស្រេន៖ «គេ​ដឹក​មកពី​ខាងគេ ក៏ដូចជា​ព្រៃ​ភូមិ​ឡុំ និង​ព្រៃ​ការពារ​ហ្នឹង​គេ​ចូល​លួចៗ​ដល់​ភូមិ​ខ្លួនឯង លួច​កាប់ គេ​ការពារ​ហើយ​ដូចជា​ខាង​គណៈកម្មការ​គេ​ការពារ​ព្រៃឈើ​ហ្នឹង គេ​ទប់​ខាង​នេះ​វា​លួច​ទៅ​ខាង​នោះ ទប់​ខាង​នោះ វា​លួច​ទៅ​ខាង​នេះ​អ៊ីចឹង​ណា៎»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ឃុំ​ប៉ក់ញ៉ៃ លោក សល់ ម៉ាស់ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការ​ដឹក​ជញ្ជូន​ឈើ ទៅ​លក់​នៅ​ប្រទេស​វៀតណាម កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ មាន​ទាំង​តាម​ម៉ូតូ គោយន្ត និង​រថយន្ត​។ លោក​បន្ត​ថា ឈ្មួញ​ទាំងនោះ​ត្រូវ​ចំណាយ​លុយ​២០​ម៉ឺន​រៀល​ដើម្បី​បង់​ឲ្យ​អាជ្ញាធរ​គ្រប់​ភាគី​ទាំងអស់​ដែល​ឈរជើង​នៅ​តំបន់​នោះ។

លោក សល់ ម៉ាស់៖ «វា​កាប់​អស់រលីង​ហើយ​មាន​អ្វី​ទៀត មាន​អ្វី​យើង​ទៅ​ពឹង​ជំនាន់​ក្រោយ កូនចៅ​យើង​អត់​មាន ឥឡូវ​វា​អស់​ហើយ​ចប់​អស់​ហើយ»

ក្រៅពី​ឈ្មួញ​លួច​កាប់​យក​ឈើ​មាន​តម្លៃ​ហើយ ក៏​មាន​ពលរដ្ឋ​ចំណាកស្រុក តែងតែ​លួច​ចូល​ទៅ​ឈូស​ឆាយ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ថែម​ទៀត។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​រតនគីរី លោក ញ៉ែម សំអឿន និង​អភិបាលស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​៦ ខែ​កញ្ញា​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

សហគមន៍​ជន​ដើម​ភាគតិច​ចារាយ​ធ្លាប់​ដាក់​ស្នើសុំ​ចុះបញ្ជី​ព្រៃ​សហគមន៍​ឡុំ​នេះ ជា​តំបន់​អភិរក្ស​តាំងពី​ឆ្នាំ​២០១១​មក ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​នោះ​ទេ។

អ្នកស្រាវជ្រាវ​និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង សង្កេត​ឃើញ​ថា ការ​ដឹកឈើ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ រវាង​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ឈរជើង​នៅ​តំបន់​នោះ ។ លោក​បន្ត​ថា ដឹកឈើ​យក​ទៅ​វៀតណាម តាមរយៈ​ម៉ូតូ និង​គោយន្ត កើត​ឡើងជា​រៀងរាល់ថ្ងៃ រីឯ​រថយន្ត​ធំៗ ប្រហែល ៣​ថ្ងៃ​ទើប​ដឹក​ចេញ​ម្ដង។

លោក សេង សុខហេង៖ «បើសិនជា​សមត្ថកិច្ច​ពាក់ព័ន្ធ​គាត់​មិន​អនុញ្ញាត គាត់​មិន​គប់គិត គ្មាន​អំពើពុករលួយ​ទទួលផល​ប្រយោជន៍​ពី​សកម្មភាព​ហ្នឹង​ទេ ឈើ​មិនអាច​ចេញរួច ដូចជា​ឈើ​ហ្នឹង​វា​អត់​មាន​អ្វី​ត្រូវ​អាថ៌កំបាំង​ពិបាក​លាក់​មើល​ឃើញនឹងភ្នែក ដូច​ថ្នាំញៀន នេះ​ឈើ​ដឹក​ទាំង​ឡាន ខ្ញុំ​គិតថា​វា​មាន​អ្វី​ពិបាក​ក្នុង​ការ​ឆែកឆេរ ក្នុង​ការ​បង្ក្រាប ក្នុង​ការ​ទប់ស្កាត់​ទេ»

សហគមន៍​និង​អ្នកឃ្លាំមើល ទទូច​ទៅ​រដ្ឋាភិបាល​ថ្មី ត្រូវ​ចាត់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ទប់ស្កាត់ និង​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​ថា​ព្រៃឈើ​ដែល​នៅ​ជាប់​ព្រំប្រទល់ កម្ពុជា​-​វៀតណាម​នឹង​រង​វិនាស​ហិនហោច​ជាក់​ជា​មិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។