ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យទឹកជន់លិចតាមដងផ្លូវធ្វើដំណើរមិនបានផង និងលិចផ្ទះសម្បែងបាត់បង់ទ្រព្យសម្បត្តិផង។ ពួកគេថា បញ្ហានេះកើតឡើងស្ទើររាល់ឆ្នាំ ក្រោយពេលរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលុបបឹងធម្មជាតិជាច្រើនកន្លែង ដែលបឹងទាំងនោះធ្លាប់ជាកន្លែងស្តុកទឹកនាពេលកន្លងមក។
ប្រជាពលរដ្ឋមួយចំនួន លើកឡើងថា ជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ តែងតែកើតឡើងដដែលៗ ទោះបីអាជ្ញាធរលើកឡើងពីផែនការទប់ស្កាត់យ៉ាងណាក្តី។ ជាក់ស្តែងដើមរដូវវស្សាឆ្នាំនេះ មិនខុសពីឆ្នាំមុននោះទេ ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យកំណាត់ផ្លូវតូចធំជាច្រើនត្រូវលិចលង់ ហើយកន្លែងខ្លះទៀត ទឹកភ្លៀងលាយឡំនឹងទឹកលូស្អុយ បានហូរចូលផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដល់ជីវភាព និងបង្កផលលំបាកដល់ពួកគាត់ជាខ្លាំង។
ប្រជាពលរដ្ឋមួយរូបនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោក វិចិត្រ រតន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែមិថុនាថា ពេលភ្លៀងធ្លាក់ម្តងៗទឹកជន់លិចផ្លូវហូរចូលផ្ទះ និងទឹកផុសចេញពីលូ បណ្តាលឱ្យខូចទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សុខភាព។ លោកឱ្យដឹងថា កន្លែងខ្លះទឹកលិចកម្ពស់ត្រឹមជង្គង់ ហើយកន្លងខ្លះទៀតលិចលើជង្គង់ ហើយទឹកនោះលាយឡំដោយកាកសំណល់ធុំក្លិនស្អុយចេញពីលូ៖ «ឱ្យតែមេឃភ្លៀងម្តងៗ គឺប្រុងប្រយ័ត្ន ហើយអ្វីដែលលំបាកបំផុត គឺលូចេញកាកសំណល់ ទឹកឡើងខ្មៅពេលយើងលូកជើងចូលរមាស់តែម្តង អ៊ីចឹងពេលភ្លៀងម្តងៗបើអាចមិនឱ្យប៉ះពាល់ទឹកហ្នឹងទេ។ ចំពោះផ្លូវខ្លះមួយសប្តាហ៍ក៏នៅដក់ទឹកដែរ ព្រោះវាអត់ដឹងហូរទៅណា អ៊ីចឹងមានតែជិះកាត់ទៅកាត់មកប្រឡាក់ឡានម៉ូតូ ជួនកាលឡានបើកជះលើខោអាវក៏មានដែរ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ កញ្ញា បឿង សុម៉ាលី ឱ្យដឹងថា នៅរាជធានីភ្នំពេញពេលមានភ្លៀងធ្លាក់ម្ដងៗ ពលរដ្ឋតែងត្អូញត្អែររឿងទឹកលិចតាមផ្លូវរយៈពេលយូរ ដែលមិនអាចធ្វើដំណើរបាន ដូចជាកាលពីថ្ងៃទី១០ ខែមិថុនា ទឹកភ្លៀងបានជន់លិចផ្លូវ២០០៤ ផ្លូវ២០០២ និងផ្លូវម្តុំផ្សារទឹកថ្លាជាដើម។ យុវតីរូបនេះ បារម្ភថាទឹកស្អុយដែលហូរចេញពីលូនោះ នឹងអាចបណ្តាលឱ្យពលរដ្ឋឆ្លងមេរោគ និងរមាស់ស្បែក ខណៈខ្សែភ្លើងខ្វាត់ខ្វែងនៅតាមដងផ្លូវ អាចប្រឈមនឹងឆក់ជាដើម៖ «ទឹកឡើងត្រឹមជង្គង់របស់របរអីហ្នឹងរាយប៉ាយពេញហ្នឹង ហើយសំរាមអណ្ដែតរាយពេញហ្នឹង ហើយសំបូរអ្នកដែលបណ្តើរម៉ូតូ ចំណែកអ្នកដែលកម្លាំងតិចអី គាត់អត់ហ៊ានបើកប្រឈមនឹងទឹកទេ ព្រោះខ្លាចដួលអីចឹងទៅ។ អ្នកមានប្រតិកម្មស្បែកត្រូវទឹកហ្នឹងភ្លាម គឺរោលពេញជើងដៃនៅអត់សុខតែម្តង ដោយសារទឹកហ្នឹងវាកង្វក់ខ្លាំង វាពោពេញដោយសំរាមនិងកាកសំណល់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែមិថុនា។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា សង្កេតឃើញថា ជំនន់ទឹកភ្លៀងនៅទីក្រុងភ្នំពេញកើតឡើងប៉ុន្មានឆ្នាំមកនេះ ដោយសាររដ្ឋាភិបាលខ្វះការយកចិត្តទុកដាក់លើប្រព័ន្ធលូ ការទុកដាក់សំរាម ជាពិសេសការលុបបឹងធម្មជាតិមួយចំនួននៅរាជធានីភ្នំពេញដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកភ្លៀង។ លោកថាបញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋយ៉ាងខ្លាំង ហើយរដ្ឋាភិបាលត្រូវទប់ស្កាត់ និងដោះស្រាយជំនន់ទឹកភ្លៀងឱ្យមានប្រសិទ្ធភាព៖ «យើងទាមទារឱ្យរដ្ឋាភិបាលធ្វើការពិចារណាធ្វើម៉េចស្តារបឹងដែលកំពុងទទួលរងការខូចខាត ឬក៏លុបចោលអនុក្រឹត្យទាំងឡាយណាដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ឬបុគ្គលឯកជនដែលគ្រប់គ្រងផ្ទៃបឹង ជាក់ស្តែងដូចជាបឹងតាមោកជាដើម ព្រោះបឹងមានសារៈសំខាន់ក្នុងការផ្តល់ប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅជុំវិញផង និងអាចស្តុកទឹកពីការជន់លិចទឹកភ្លៀងជាដើម»។
របាយការណ៍ ២៥ទំព័រ របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ បានលាតត្រដាងពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ បណ្ដាលមកពីការអភិវឌ្ឍទីក្រុងរណប និងបុរីជាច្រើន។ គម្រោងទាំងនោះបានចាប់ផ្ដើមចាក់ដីខ្សាច់លុបបឹងធម្មជាតិ និងតំបន់ដីសើមក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៣ រហូតមក។
សមាគមធាងត្នោតរកឃើញថា បឹងធម្មជាតិចំនួន១៦ ត្រូវបានគេលុបទាំងស្រុង ហើយបឹងចំនួន១០ ទៀត កំពុងត្រូវបានគេចាក់លុបផ្នែកខ្លះ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩០ មក។ ក្នុងនោះមានបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ កំពុងប្រឈមការចាក់លុបដូចគ្នាដែរ។ របាយការណ៍បន្ថែមថា បឹងធម្មជាតិ និងតំបន់ដីសើមនៅរាជធានីភ្នំពេញ អាចប្រឈមនឹងការបាត់ទាំងស្រុង ហើយប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត រាជធានីភ្នំពេញ និងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ បាត់បង់ត្រី និងបាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ ហើយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។